សហគមន៍​ព្រៃឡង់​រំលឹក​អំពី​លោក ឈុត វុទ្ធី តាម​រយៈ​បទ​ចំរៀង

ពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃឡង់ ទាំង ៤​ខេត្ត រួម​មាន​ខេត្ត​ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កំពង់ធំ បាន​តែង​បទ​ចំរៀង​ជាច្រើន ដែល​មាន​អត្ថន័យ​នឹក​រលឹក​ដល់​សព លោក ឈុត វុទ្ធី ជា​សកម្មជន​ព្រៃ​ឈើ និង​ជា​សារ​មួយ​ដាស់​តឿន​ក្រុម​សហគមន៍​ទាំងអស់ ឲ្យ​បន្ត​ក្រោក​ឈរ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​បន្ត​ទៀត។
ដោយ ទេព សុរ៉ាវី
2013-10-16
Share
ឈុត វុទ្ធី ៣០៥ យុវជន​មួយ​ក្រុម​ដែល​ជា​សមាជិក និង​ជា​សកម្មជន​នៃ​បណ្ដាញ​យុវជន​កម្ពុជា ប្រារព្ធ​ខួប​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ព្រះអង្គ​ដងកើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Uon Chhin

«ចំរៀង»

សហគមន៍​ព្រៃឡង់ បាន​តែង​ចំរៀង​ជាច្រើន​បទ រំលឹក​ដល់​ឈ្មោះ លោក ឈុត វុទ្ធី និង​បេសកកម្ម​របស់​សហគមន៍​ដែល​ដើរ​ល្បាត​ក្នុង​ព្រៃ ឃ្លាំ​មើល​បទ​ល្មើស​ព្រៃ​ឈើ។

«ចំរៀង»

ជិត ២​ឆ្នាំ​ហើយ ដែល លោក ឈុត វុទ្ធី អតីត​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ចំណុច​វាល​បី ភូមិ​កោះប៉ោ ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ខណៈ​លោក​ទៅ​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ទី​នោះ។ កាល​នៅ​រស់ លោក ឈុត វុទ្ធី បាន​ដើរ​តួនាទី​សំខាន់​ទាំង​ការ​ពង្រឹង​សមត្ថភាព និង​ការ​ចុះ​ល្បាត​ក្នុង​ព្រៃ​ជាមួយ​សហគមន៍​ព្រៃឡង់។

ក្រុម​សហគមន៍​ព្រៃឡង់ បាន​ចាត់​ទុក លោក ឈុត វុទ្ធី ជា​វីរបុរស​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង​ចំពោះ​អាជ្ញាធរ ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ឯកជន ដែល​បាន​កាប់​ព្រៃ និង​រាន​ដី​ខុស​ច្បាប់។ នេះ​ជា​លើក​ទី​១​ហើយ ដែល​សហគមន៍​ព្រៃឡង់ រំលឹក លោក ឈុត វុទ្ធី តាម​រយៈ​បទ​ចំរៀង ដែល​និពន្ធ និង​ច្រៀង​ផ្ទាល់ បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កណ្ដាល​ព្រៃ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២។

«ចំរៀង»

អ្នក​សម្រប​សម្រួល​បណ្ដាញ​កសាង​សន្តិភាព​សហគមន៍ លោក សេង សុខហេង ពន្យល់​ថា មូលហេតុ​សំខាន់​ដែល​ជំរុញ​ទឹក​ចិត្ត​ឲ្យ​សហគមន៍​ព្រៃឡង់​តែង​និពន្ធ​ចំរៀង​នេះ​ឡើង ក្នុង​បំណង​រំលឹក​ដល់ លោក ឈុត វុទ្ធី ដែល​សហគមន៍​ចាត់​ទុក​ថា​ជា​វីរបុរស​ម្នាក់ ហ៊ាន​ចេញ​មក​ដោយ​ចំហ​ការពារ​ព្រៃ​ឈើ។

«សំឡេង»

សហគមន៍​ព្រៃឡង់ បាន​ច្រៀង​រំលឹក​ពី លោក ឈុត វុទ្ធី ជា​លើក​ដំបូង​ក្នុង​ថ្ងៃ​ដែល​សហគមន៍​នេះ ប្រកាស​ទទួល​បាន​ពាន​រង្វាន់ និង​លុយ ២​ម៉ឺន ៥​ពាន់​ដុល្លារ ពី​មូលនិធិ អេឡិចសេនឌឺ សូរ៉ូស (Alexander Soros) ដើម្បី​គាំទ្រ​សកម្មភាព​ការពារ​ព្រៃឡង់​បន្ត​ទៀត។ យ៉ាង​ណា ចំរៀង​ទាំង​នោះ សហគមន៍​ព្រៃឡង់​កំពុង​ស្វែង​រក​មូលនិធិ​ដើម្បី​ថត​ជា​ស៊ីឌី (CD) និង​វីស៊ីឌី (VCD) ដោយ​មាន​ទំនុក​ភ្លៀង​ទុក​ជា​ឯកសារ។

បណ្ដាញ​សហគមន៍​ព្រៃឡង់ ប្រចាំ​ខេត្ត​ព្រះវិហារ លោកស្រី ភោគ ហុង មាន​ប្រសាសន៍​ថា ការ​បាត់​បង់ លោក ឈុត វុទ្ធី ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​នូវ​វីរបុរស​ក្លាហាន ដែល​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​សហគមន៍។ យ៉ាង​ណា ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់ នៅ​បន្ត​លំអាន​របស់ លោក ឈុត វុទ្ធី ហើយ​ប្ដេជ្ញា​ថា​នឹង​ការពារ​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស សម្រាប់​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ។

«សំឡេង»

ក្មួយ​ប្រុស លោក ឈុត វុទ្ធី លោក ជួន ភិរម្យ បាន​ស្វាគមន៍​ចំពោះ​ការ​ចងក្រង​ចំរៀង​រំលឹក​ពី លោក ឈុត វុទ្ធី។ លោក​រំលឹក​អនុស្សាវរីយ៍​ខ្លះ​កាល លោក ឈុត វុទ្ធី នៅ​រស់​ធ្លាប់​បាន​ដើរ​ល្បាត​ក្នុង​ព្រៃ​ទាំង​យប់​ទាំង​ថ្ងៃ​ជាមួយ​សហគមន៍ រង​ការ​គំរាម​កំហែង​ចាប់ និង​បាញ់​សម្លាប់​ពី​សំណាក់​អាជ្ញាធរ និង​ក្រុមហ៊ុន។ លោក​យល់​ថា ការ​រំលឹក​ពី លោក ឈុត វុទ្ធី នៅ​ពេល​នេះ អាច​ជា​សារ​មួយ​ដាស់​តឿន ឬ​ក្រើន​រំលឹក​ឲ្យ​សហគមន៍​ឯ​ទៀត បន្ត​ការ​ការពារ​ព្រៃ​ឈើ​បន្ថែម​ទៀត។

«សំឡេង»

តំបន់​ព្រៃឡង់​មាន​ទំហំ ៣.៦០០​គីឡូ​ម៉ែត្រ​ក្រឡា ជា​ព្រៃ​ស្រោង និង​សម្បូរ​ដោយ​ជីវចម្រុះ។ ពលរដ្ឋ​នៅ​តំបន់​នោះ ត្រូវ​បាន​ប៉ាន់ស្មាន​ថា មាន​ចំនួន​ជាង ៧​សែន​នាក់ រស់​នៅ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃឡង់​ជា​រៀង​រាល់​ថ្ងៃ។ កន្លង​មក រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​កំពង់ធំ ឲ្យ​ទៅ​ក្រុមហ៊ុន​ចំនួន ២៩ មាន​ទាំង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​ក្រៅ​ស្រុក ដែល​មាន​ផ្ទៃ​ដី​សរុប​ជាង ១​សែន​ហិកតារ។ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឡង់ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ រាន​យក​ដី​ដាំ​កៅស៊ូ ពិសេស​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគ​តិច ដែល​រស់​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ។

អ្នក​សម្រប​សម្រួល​វេទិកា​សាធារណៈ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បញ្ជាក់​ថា សហគមន៍​ព្រៃឡង់ នៅ​តែ​ឈឺ​ចាប់​ចំពោះ​ការ​បាត់​បង់​ព្រៃ​ឈើ និង​ការ​បាញ់​សម្លាប់​វីរបុរស​របស់​ខ្លួន គឺ​លោក ឈុត វុទ្ធី។

សំណុំ​រឿង​ឃាតកម្ម​លើ លោក ឈុត វុទ្ធី ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង បិទ​សំណុំ​រឿង​នោះ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១២ ដោយ​ហេតុផល​ថា មន្ត្រី​ប៉េអិម​ម្នាក់​ជា​ឃាតក​បាន​ស្លាប់។ ប៉ុន្តែ គ្រួសារ លោក ឈុត វុទ្ធី យល់​ថា មន្ត្រី​ប៉េអិម​នោះ គឺ​ជា​ឃាតក​សិប្បនិមិត្ត។

យ៉ាង​ណា លោក ឈឹម សាវុធ បញ្ជាក់​ថា សម្រាប់​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ តុលាការ​ត្រូវ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​វែក​មុខ​រក​ជន​ល្មើស​ប្រព្រឹត្ត​ផ្ទាល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

«សំឡេង»

តាម​ការ​ស្រាវជ្រាវ​របស់​បណ្ដាញ​សហគមន៍ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​យប់ ឈើ​ប្រណីត​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ធុន​ធំ​ប្រភេទ​យីឌុប​ចំនួន ៦​គ្រឿង ចេញ​ពី​តំបន់​ព្រៃឡង់។ ចំពោះ​សកម្មភាព​កាប់​ព្រៃ​ឈើ​វិញ ក្នុង​មួយ​ថ្ងៃ​មាន​យ៉ាង​តិច ១០០​ហិកតារ​ឡើង​ទៅ ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​ដោយ​ពលរដ្ឋ ពី​មន្ត្រី​អ្នក​មាន​អំណាច និង​ពី​ឈ្មួញ​ដែល​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ មាន​ការ​កើន​ឡើង​យ៉ាង​គំហុក ៣​ដង មុន​ការ​បោះ​ឆ្នោត និង​ក្រោយ​ការ​បោះ​ឆ្នោត។

កូន​ប្រុស លោក ឈុត វុទ្ធី គឺ​លោក ឈើយ ឧត្តមរស្មី ត្រូវ​បាន​បន្ត​វេន​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ពី​ឪពុក។ ប៉ុន្តែ សព្វថ្ងៃ​អង្គការ​ដែល​ធ្លាប់​សកម្ម​មួយ​នេះ បែរ​ជា​អសកម្ម ដោយសារ​តែ​ជំនួយ​ពី​មូលនិធិ​ផ្សេងៗ​ត្រូវ​ផ្តាច់ ក្រោយ​ពី លោក ឈុត វុទ្ធី បាន​ស្លាប់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣ នៃ​រាជ​រដ្ឋាភិបាល​ថ្មី ដោយ​ប្ដេជ្ញា​កែ​ទម្រង់​លើ​វិស័យ​សំខាន់ៗ ក្នុង​នោះ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​ដីធ្លី ព្រៃ​ឈើ ជលផល និង​លើក​កម្ពស់​សមត្ថភាព​ប្រសិទ្ធភាព និង​ពង្រឹង​គុណភាព​សេវា​សាធារណៈ ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ និង​សហគមន៍​ធុរកិច្ច។

យ៉ាង​នេះ​ក្តី លោក ឈឹម សាវុធ ដែល​ឃ្លាំ​មើល​យ៉ាង​សកម្ម​លើ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ បញ្ជាក់​ថា ដើម្បី​ការពារ និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​បាន លុះ​ណា​តែ​រដ្ឋាភិបាល​ថ្មី​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​ទប់ស្កាត់ និង​ដាក់​ទោស​ជន​ប្រព្រឹត្តិ​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ព្រៃ​ឈើ។

សហគមន៍​ព្រៃឡង់ ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ថ្មី​អនុម័ត​ទៅ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃឡង់ ដែល​កំពុង​ជាប់​គាំង​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាំង​ពី​ឆ្នាំ​២០១១។ អនុក្រឹត្យ​នោះ សហគមន៍​ព្រៃឡង់​ជឿ​ថា អាច​ជា​រនាំង​មួយ​ជួយ​ការពារ​ព្រៃឡង់​ឲ្យ​គង់វង្ស​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ។

តាម​អត្ថន័យ​បទ​ចំរៀង​ដែល​រំលឹក លោក ឈុត វុទ្ធី វីរបុរស​ការពារ​ព្រៃ​ឈើ សហគមន៍​ព្រៃឡង់​ក៏​បាន​បួង​សួង​សុំ​ឲ្យ​វិញ្ញាណក្ខន្ឋ​លោក​កើត​ជា​ថ្មី​នៅ​លើ​ទឹក​ដី​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃ​ប្រឹក្សា​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល