តុលាការ​កោះ​ហៅ​ជនជាតិ​ទំពួន​ម្នាក់​ជា​លើក​ទី​២ ក្រោយ​ទទួល​បណ្ដឹង​ពី​មេភូមិ និង​មេឃុំ​នៅ​រតនគិរី

ដោយ ទីន ហ្សាការីយ៉ា
2019.03.15
ព្រៃ​ឈើ កែងសាន់ សេដា ៦២២ ស្ថានភាព​ព្រៃ​ឈើ ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៩។
Photo Provided

ជនជាតិ​ដើម​ភាគតិច​ទំពួន​ម្នាក់​រស់នៅ​ខេត្ត​រតនគិរី ដែល​សកម្ម​រឿង​លាតត្រដាង​ពី​បទ​ល្មើស​ព្រៃឈើ ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី កោះហៅ​មក​បំភ្លឺ​ជា​លើក​ទី​២ សំណុំរឿង កាប់​រុករាន​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ។ ជនជាតិ​ដើម​ភាគតិច​ថា អាជ្ញាធរ​មូលដ្ឋាន កំពុង​រក​វិធីសាស្ត្រ​ទម្លាក់​កំហុស​លើ​ជនជាតិ​ដើម​ភាគតិច ​ដែល​ឈឺឆ្អាល​រឿង​បទ​ល្មើស​ព្រៃឈើ ព្រោះ​ខ្លាច​ប៉ះពាល់​ប្រយោជន៍​របស់​ខ្លួន។

ជនជាតិ​ដើម​ភាគតិច​ទំពួន រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ លោក ខាំ និន អះអាង​នៅ​ថ្ងៃទី១៤ មីនា ថា ហេតុផល​សំខាន់​ដែល​អាជ្ញាធរ​មូលដ្ឋាន ប្ដឹង​លោក​ទៅ​តុលាការ ព្រោះ​ចង់​បិទមាត់​ពលរដ្ឋ​ណា​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ ខណៈ​អាជ្ញាធរ​ទាំងនោះ​មានរឿង​អាស្រូវ ករណី​លក់​ដី​ព្រៃ​អភិរក្ស​រាប់​រយ​ហិកតារ​ឱ្យ​ឈ្មួញ​ខុសច្បាប់ ដោយ​គ្មាន​ការស៊ើបអង្កេត។ លោក​អះអាង​ថា លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះ​ឡើយ ផ្ទុយទៅវិញ អាជ្ញាធរ​មូលដ្ឋាន​ទៅវិញ​ទេ ដែល​ជា​មេខ្លោង​លក់​ដី​ព្រៃ​អភិរក្ស​ឱ្យ​ឈ្មួញ​៖ «គេ​ប្ដឹង​ចង់​បំបិទមាត់​ខ្ញុំ ឱ្យ​ខ្ញុំ​ខ្លាច និង​ឱ្យ​ខ្ញុំ​ឈប់​អ៊ីចឹង។ ខ្ញុំ​ប្រាប់​ព្រះរាជអាជ្ញា​ថា គាត់​ខឹង​ខ្ញុំ​រឿង​លាតត្រដាង​រឿង​ធនធាន​ធម្មជាតិ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។ ខ្ញុំ​ជា​អ្នកការពារ ពួកគាត់​អ្នក​បំផ្លាញ»

លោក ខាំ និន បាន​សំណូមពរ​ឱ្យ​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ ចុះ​ពិនិត្យ​ស្ថានភាព​ព្រៃឈើ​ជាក់ស្ដែង ព្រោះ​ទំហំ​ព្រៃឈើ​រាប់ពាន់​ហិកតារ​ដែល​ជា​កន្លែង​ដែល​ជនជាតិភាគតិច​អាស្រ័យ​ផល​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា ពុះ​លក់​បែប​អនាធិបតេយ្យ​។ លោក​ចាត់​ទុក​ពាក្យ​ប្ដឹង​នេះ គឺ​ចង់​បង្ខំ​ឱ្យ​លោក​ដក​ខ្លួន​ចេញ ពី​សកម្មភាព​ការពារ​ព្រៃឈើ៖ «ខ្ញុំ​សំណូមពរ​ឱ្យ​ព្រះរាជអាជ្ញា​ឱ្យ​ចុះទៅ​មើល​ផ្ទាល់ ពីព្រោះ​ព្រៃឈើ​វា​បាត់បង់​ច្រើន​ណាស់ ខ្ទេច​អស់ហើយ។ ឱ្យ​ចេះ​មើល​ខ្លួនឯង កុំ​ឱ្យ​ថា ខ្ញុំ​ចេះតែ​និយាយ និង​ផ្ដល់​ព័ត៌មាន​ផ្ដេសផ្ដាស»

ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​រតនគិរី លោក ជា ពេជ្រ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​រឿង​នេះ​ទេ​ដោយ​លោក​ថា ប្រសិនបើ​ចង់​ដឹង​រឿង​នេះ ទាល់តែ​មកដល់​ការិយាល័យ​របស់​លោក៖ «ខ្ញុំ​មិន​អាច​បំភ្លឺ​បានទេ ដោយសារ​សំណុំរឿង​ផ្សេងគ្នា ខ្លាច​និយាយ​ទៅ យើង​ធ្វើ​រឿង​ផ្សេង​ដល់​បំភ្លឺ​រឿង​ផ្សេង​វា​អាច​ចាកប្រធាន​។ អ៊ីចឹង​បាន​ខ្ញុំ​ចង់ ឱ្យ​ខាង​លោក​បញ្ជាក់​ឱ្យ​ច្បាស់​។ ខ្ញុំ​មិន​ខាំ​ទេ រឿង​បំភ្លឺ​តិច​តូច ចៀសវាង​យើង​ធ្វើ​ទៅ​វា​ខុស។ ឱ្យ​តំណាង​លោក​មក​ទំនាក់ទំនង ខ្ញុំ​នឹង​អាច​ប្រាប់»

មេភូមិ​កែងសាន់ លោក ញួង គួត និង មេឃុំ​សេដា លោក អង់ ប៊ុនធៀង ក៏​មិន​បាន​បំភ្លឺ​រឿង​នេះ​ដែរ ដោយ​លោក​លើក​ទូរស័ព្ទ តែ​មិន​និយាយ នៅ​ថ្ងៃទី១៤ មីនា។

កាលពី​ឆ្នាំ ២០១៧ អ្នកភូមិ​កែងសាន់ ៤​នាក់ បាន​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន ៧​នាក់ ដែល​ក្នុង​នោះ​មាន មេភូមិ​កែងសាន់ លោក ញួង គួត និង មេឃុំ​សេដា លោក អង់ ប៊ុនធៀង ពី​បទ​អនុគ្រោះ​នាំ​ឱ្យ​កើតមាន​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ​ពាក្យ​ប្ដឹង​នេះ មិន​ត្រូវ​បាន​តុលាការ និង​អាជ្ញាធរ​ជំនាញ​ស៊ើបអង្កេត​នោះ​ទេ។

ស្ថានភាព​ព្រៃ​ឈើ ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៩។
ស្ថានភាព​ព្រៃ​ឈើ ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៩។
Photo Provided

ប្រធាន​ការិយាល័យ ដែន​ជម្រក​សត្វព្រៃ​លំផាត់ លោក សាន សានី មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន​កំពុង​មាន​វិធានការ​រឿង​នេះ និង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ច្រើន​ករណី ពាក់ព័ន្ធ​ការ​កាប់​រុករាន​ដី​ព្រៃ ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​បាន​ចុះ​ទៅ​ពិនិត្យ​ពី​ស្ថានភាព​ព្រៃឈើ នៅ​តំបន់​នោះ​ដែរ ក៏ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា តើ​មន្ត្រី​បរិស្ថាន​បាន​ឃាត់ខ្លួន​ជនល្មើស​ប៉ុន្មាន​នាក់​ហើយ​ករណី​កាប់​រាន​ដី​ព្រៃ​ខុសច្បាប់​នេះ​៖ «ឯកឧត្ដម​រដ្ឋលេខាធិការ​គាត់​ចុះ​មក​ហើយ ខ្ញុំ​អត់​មាន​សិទ្ធិ​បកស្រាយ​អី​ទេ ខាង​ថ្នាក់​ជាតិ​គាត់​ចុះ​មក​ហើយ ខាង​ខ្ញុំ​កំពុង​ធ្វើ​ការ កំពុង​មាន​ចំណាត់​ការ​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ច្រើន​ហើយ»

អ្នកភូមិ​រស់នៅ​ភូមិ​កែងសាន់ លោក ឆន ផល្លា យល់ថា លោក ខាំ និន មិន​បាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទប្រកាន់​នោះ​ទេ ផ្ទុយទៅវិញ អាជ្ញាធរ​ភូមិ មេ​សហគមន៍ និង​មេឃុំ​ទៅវិញ​ទេ ដែល​នាំ​ឈ្មួញ​ទៅ​ទិញ​/​លក់ និង​ឃុបឃិត​គ្នា​កាប់​រុករាន​ដី​ព្រៃ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​អស់​រាប់​រយ​ហិកតារ។ លោក​ថា បើ​ទោះ​បី​ជា​ទំហំ​ព្រៃឈើ​រាប់ពាន់​ហិកតារ​បាន​ក្លាយ​ជា​វាលរហោឋាន ហើយ​បច្ចុប្បន្ន​មាន​ផ្នែក​ខ្លះ​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន​ក្តី ក៏​ពុំ​ឃើញ​មន្ត្រី​ជំនាញ​ឃាត់ខ្លួន​ជនល្មើស​ណា មក​ផ្ដន្ទាទោស​តាមច្បាប់​នោះ​ទេ បែរជា​មក​ធ្វើទុក្ខបុកម្នេញ​តែ​ពលរដ្ឋ​ដែល​ការពារ​ព្រៃឈើ៖ «ជនល្មើស​វា​នៅតែ​កាប់​បំផ្លាញ ហើយ​វា​នាំ​ឈ្មួញ​ទៅ​ទិញ​ដី នៅ​ដែន​ជម្រក​ចង់​ខ្ទេច​អស់ហើយ រាល់ថ្ងៃ​នៅតែ​ធ្វើ​អ៊ីចឹង គឺ​ក្រុម​បក្សពួក​អាជ្ញាធរ​តែម្ដង គេ​លក់​ឱ្យ​ឈ្មួញ​អា​ខ្លះ​ទៅ​យក​អាប៊ុល អាអិច​រុញ វាល​ដាច់ លើ​កំពូលភ្នំ​អាត​ឡើង​វាល​ធេង»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ ថា អាជ្ញាធរ​ភូមិ/ឃុំ តែង​រក​លេស​ចោទប្រកាន់ និង​គំរាមកំហែង ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​តាម​ប្រព័ន្ធ​តុលាការ។ លោក​ចាត់​ទុក​ការចោទប្រកាន់​ណាមួយ ប្រឌិត​ខុស​ការពិត ដើម្បី​ទម្លាក់កំហុស​លើ​សកម្មជន​ការពារ​ព្រៃឈើ​ជា​ទង្វើ​ល្មើសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។