តុលាការ​ខេត្ត​រតនគិរី​ កោះហៅ​ជនជាតិ​ដើម​ភាគ​តិច​ទំពួន​ម្នាក់​ ក្រោយ​ទទួល​បណ្តឹង​​មេ​ភូមិ​​កែង​សាន់​

ដោយ វ៉ែន សុមេធ
2018.11.19
ជនជាតិទំពួន​រតនគិរី ៦២២ សហគមន៍​ភូមិ​កែងសាន់ បាន​នាំ​គ្នា​ទៅ​បំភ្លឺ​នៅ​មន្ទីរ​បរិស្ថាន ខេត្ត​រតនគិរី កាល​ពី​អំឡុង​ខែ​តុលា ២០១៨ បន្ទាប់​ពី​មេ​ភូមិ​កែង​សាន់​ប្តឹង។
រូបភាព៖ សហគមន៍ភូមិកែងសាន់

ជនជាតិ​ដើម​ភាគ​តិច​ទំពួន​ម្នាក់​ រស់នៅ​ភូមិ​កែង​សាន់ ​ឃុំ​សេដា ​ស្រុក​លំផាត់ ​ខេត្ត​រតនគិរី ​ដែល​សកម្ម​លាតត្រដាង​ពី​បទល្មើស​ព្រៃឈើ​ ​ត្រូវបាន​តំណាង​អយ្យការ​ខេត្ត​នេះ​កោះហៅ​ឲ្យ​បំភ្លឺ​ ​នៅ​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ខាងមុខ​ ​ក្នុង​សំណុំរឿង​ ​កាប់​​រុករាន​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។ ​អ្នកភូមិ​ថា​ ​មេភូមិ​កែង​សាន់ ​លោក​ ញួង​ ​គួត​ ​ដែល​ល្បី​ខាង​លក់​ដី​ព្រៃ​ខុស​ច្បាប់​ជា​របប​អាជីព​ចិញ្ចឹម​ជីវិត ​គឺជា​ដើម​បណ្តឹង​សំណុំរឿង​នេះ។

ជនជាតិ​ដើម​ភាគ​តិច​ទំពួន​ ​លោក​ ​ខាំ ​និន ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ខ្លះ​ៗ ​ដែរ​ ក្រោយពី​មេភូមិ​កែង​សាន់ ​ដែល​ជា​មេខ្លោង​ខាង​លក់​ដី​ព្រៃ​អភិរក្ស​ឲ្យ​ឈ្មួញ​ ​បាន​ប្រើ​អំណាច​ជា​អាជ្ញាធរ​ប្តឹង​រូបលោក​ទៅ​តុលាការ​ ក្នុង​បំណង​ការពារ​ផលប្រយោជន៍​របស់​ខ្លួន។ ​តែ​យ៉ាងណា​ ​លោក​នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ការពិត​ប្រាប់​តុលាការ​ ​និង​សំណូមពរ​ឲ្យ​តុលាការ​ចុះ​ពិនិត្យ​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ ​នៅ​គ្រា​ដែល​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ​ដែល​ជា​កន្លែង​ជនជាតិ​ដើម​ភាគ​តិច​អាស្រ័យ​ផល​ច្រើន​ជា​យូរ​មក​ហើយ​បាន​ទទួលរង​ការ​កាប់​ទន្ទ្រានព្រៃ​យក​ដី​យ៉ាង​ខ្លាំងក្លា ​ដែល​មាន​ជាប់ពាក់ព័ន្ធ​មេភូមិ​កែង​សាន់ ​លោក​ ញួង​ ​គូត​៖​ «មេ​ភូមិ​គាត់​ធ្វើ ដើម្បី​គំរាម​យើង ឲ្យ​យើង​ឈប់​ប្តឹង​គាត់​តុលាការ ព្រោះ​យើង​រាំង​ផ្លូវ​គាត់ អាជីព​គាត់​រក​ស៊ី​អា​ហ្នឹង​ហើយ។ ជីវិត​គាត់រ​ស់​នៅ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ទ្រព្យ​របស់​រដ្ឋ។ គាត់​អាង​តុលាការ»

លោក​ ​ខាំ ​និន ​បន្ថែម​ កន្លងទៅ​តំណាង​ពលរដ្ឋ​ ៤នាក់​ ​បាន​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ ៧នាក់​ ​រួមទាំង​មេភូមិ​កែង​សាន់​ផង​ ពី​បទ​អនុគ្រោះ​នាំឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ​ក៏ប៉ុន្តែ​មក​ទល់​ពេលនេះ​ពាក្យបណ្ដឹង​របស់​លោក​ជាង​ ១​ឆ្នាំ​មក​ហើយ​ ​ពុំ​ឃើញ​តុលាការ​មាន​វិធានការ​ច្បាប់​នៅឡើយ​ទេ ​ក៏ប៉ុន្តែ​បើ​អាជ្ញាធរ​ប្តឹង​ពលរដ្ឋ​វិញ​ ​គឺ​តុលាការ​អនុវត្ត​នីតិវិធី​យ៉ាង​លឿន​។ ​លោក​ថា​ ​នេះ​ពុំ​មែន​ជា​លើក​ទី ១ ទេ ​ដែល​មេភូមិ​កែង​សាន់ ​ប្តឹង​រួប​លោក​ ​ដោយសារតែ​លោក​បាន​លាត​ត្រដាង​​បទល្មើស​ព្រៃឈើ​ ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​ វិទ្យុ​អាស៊ី​សេរី​ ​ក្នុង​បំណង​ការពារ​ធនធាន​ធម្មជាតិ​ ​ដែល​នៅ​សេសសល់​តិចតួច​ចុងក្រោយ​៖​ « វា​បាត់បង់​ច្រើន​តាំង​ពី​គាត់​មក​គ្រប់គ្រង។ គាត់​ខឹង​យើង​អត់​តាម​យើង។ ពលរដ្ឋ​គេ​មិន​ព្រម​ទេ រឿង​លក់​ទ្រព្យ​របស់​រដ្ឋ ដូច​សម្លាប់​យើង​អាណត្តិ​ក្រោយ»​

កាលពី​ថ្ងៃ​ទី​ ១៩ ​តុលា ​តំណាង​អយ្យការ​ខេត្ត​រតនគិរី ​លោក​ រ៉ាន់ ​បូរ៉ាន់​ឌី ​បាន​កោះហៅ​ជនជាតិ​ដើម​ភាគ​តិច​ទំពួន​ម្នាក់​ឈ្មោះ​ ​ខាំ ​មិន​ ​ឲ្យ​ចួល​បំភ្លឺ​ ​នៅ​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ខាងមុខ​នេះ​ ​ក្នុង​សំណុំរឿង​ ​កាប់​រុករាន​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​។ ​ដីកា​នេះ​ ​មិន​បាន​បង្ហាញ​ឈ្មោះ​​​ដើមចោទ​នោះ​ទេ​។​

អ្នកនាំពាក្យ​តំណាង​អយ្យការ​ខេត្ត​រតនគិរី ​លោក​ ​ហាក់​ ហ៊ាន់ ​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ី​សេរី​ទេ​នៅ​ថ្ងៃ​ទី​ ១៩ ​វិច្ឆិកា ​ដោយ​លោក​ប្រាប់​ថា​ ​កំពុង​ជាប់​ប្រជុំ​។​

រីឯ​មេភូមិ​កែង​សាន់ ​លោក​ ញួង​ ​គួត​ បដិសេធ​ថា​ ​លោក​មិន​បាន​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​នោះ​ទេ​ ​តែ​លោក​អះអាង​ថា​ ​ពលរដ្ឋ​នៅ​មូលដ្ឋាន​មួយចំនួន​ ប្ដឹង​បុរស​ឈ្មោះ​ ​ខាំ ​និន ​ទៅ​តុលាការ​ ​រឿង​កាប់​រាន​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់​។ ​ទោះ យ៉ាងណា​ ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​អត្តសញ្ញាណ​ពលរដ្ឋ​ណា​ម្នាក់​ ​ដែល​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ​ទេ​៖​ ​៖​ « ឯងធ្វើអី បើ​គេ​ប្តឹង​ឯង​ថា យ៉ាង​ម៉េច​ពលរដ្ឋ​ជា​អ្នក​ប្តឹង​ខ្ញុំ​អត់​ដឹង​ទេ។ មេ​ភូមិ​មាន​សិទ្ធិ​ប្តឹង​អី​ណា។ ចុះ​អា​ ខាំ និន ប្តឹង​គេ​រាប់​រយ​ដង​មិន​ឈឺ​ក្បាល ទៅ​ឈឺ​ក្បាល​គេ​ប្តឹង​អា ខាំ និន។ វា​មាន​បញ្ហា​បាន​គេ​ប្តឹង»

ជនជាតិ​ដើម​ភាគ​តិច​ទំពួន​ម្នាក់​ទៀត​ ​លោក​ ហាន ​សាន ​ហួសចិត្ត​ ​នៅ​គ្រា​ដែល​ ពលរដ្ឋ​សកម្ម​ការពារ​ព្រៃឈើ​ ​អាជ្ញាធរ​មិន​លើកទឹកចិត្ត​ ​បែរជា​ប្តឹង​ទៅ​តុលាការ​ទៅ​វិញ​។ ​លោក​អះអាង​ថា​ ​លោក​ ​ខាំ ​និន ​មិន​បាន​ប្រព្រឹត្ត​កំហុស​ ​ដូច​ការចោទប្រកាន់​នោះ​ទេ ​ផ្ទុយទៅវិញ​ ​មេភូមិ​កែង​សាន់ ​លោក​ ញួង​ ​គួត ​ទៅ​វិញ​ទេ ​ដែល​ជា​មេខ្លោង​លក់​ដី​ព្រៃ​ការពារ​ធម្មជាតិ​​ឲ្យ​ឈ្មូញ​។​

លោក​ថា​មេភូមិ​រូប​នេះ​ ​តែង​ចុះហត្ថលេខា​ ​ធ្វើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​ឲ្យ​ឈ្មួញ​ទិញ​លក់​ដី​ព្រៃ​បំពាន​ច្បាប់​ ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​និង​កំពុង​រក​លេស​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ ​ដើម្បី​គេច​ពី សំណាញ់​ច្បាប់​៖​ «គេ​កាប់​ឃើញ​គេ​ទន្ទ្រាន​យក​ដី​ហើយ គាត់​មិន​រាយការណ៍​ទៅ​មន្ទីរ​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ទេ។ អា​នេះ​គេ​កាប់​រួច​គេ​ឲ្យ​លុយ​គាត់ ១០ ២០ម៉ឺន ទៅ ៣០ម៉ឺន​គេ​ក៏​រួច​ខ្លួន។ គាត់​មិន​អនុញ្ញាត​មិន​បោះ​ត្រា​ឲ្យ​គេ មិន​ស៊ី​លុយ​គេ គេ​ក៏​មិន​ហ៊ាន​ចូល​កាប់​ឈើ​ដែរ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ​(ADHOC) ​ខេត្ត​រតនគិរី ​លោក​ ឌិន ​ខន្នី ​សំណូមពរ​ឲ្យ​តំណាង​អយ្យការ​ខេត្ត​នេះ​ ​សើរើ​ឡើងវិញ​សំណុំរឿង​ពលរដ្ឋ​នៅ​ភូមិ​កែង​សាន់ ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ពី​បទ​អនុគ្រោះ​ឲ្យ​កើតមាន​បទ​ល្មើស​​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ តែ​មក​ទល់​ពេលនេះ​គឺ​ ​គ្មាន​ចំណាត់ការ​នោះ​ទេ​។ ​ក៏ប៉ុន្តែ​បើ​អាជ្ញាធរ​ប្តឹង​ពលរដ្ឋ​វិញ​ តុលាការ​មាន​ចំណាត់​ការ​យ៉ាង​លឿន​ ​៖ ​«តុលាការមានចំណាត់ការនីតិវិធីនេះបានលឿន ខណៈ​បណ្តឹង​ពលរដ្ឋ​យើង​ឃើញ​ភស្តុតាង​ជាក់​ស្តែង និង​សាក្សី​ជាក់​ស្តែង មិន​ឃើញ​ដំណើរ​ការ​ជាង ១ឆ្នាំ​ហើយ។ ​កោះ​ហៅ ក៏​មិន​កោះ​ហៅ តម្កល់​រឿង​ទុក​ឥត​ចាត់​ការ​ក៏​មិន​ឃើញ​តម្កល់»​។​

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​ នៃ​សមាគម​អាដហុក ​លោក​ ​ប៉ែន ​ប៊ុណ្ណារ៍​ ​សង្កេត​ឃើញ​​ថា​ ​តុលាការ​ខេត្ត​រតនគិរី ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​សហគមន៍​ភូមិ​កែង​សាន់ ​ដែល​បាន​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ ​និង​​មន្ត្រី​ជំនាញ​ ៧ នាក់​ កាលពី​ចុង​ឆ្នាំ​ ២០១៧ មក​ទល់​ពេលនេះ​គ្មាន​ចំណាត់ការ​នៅឡើយ​ទេ​។ ​លោក​ថា​ ​ក្នុង​បណ្តឹង​របស់​សហគមន៍​បាន​បញ្ជាក់​ពី​អាជីវកម្ម​ ​ឈើ​ទ្រង់ទ្រាយ​ធំ​ ​ដែល​ឈ្មួញ​បាន​កាប់​រំលំ​ឈើ​មូល​ធំ​ៗ​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​មាន​ជាប់ពាក់ព័ន្ធ​មេភូមិ​កែង​សាន់ ​មេភូមិ​សមុទ្រ​ក្រោម​ ​និង​មេឃុំ​សេដា​៖​ «ក្រោយពីយើងប្តឹងហើយ ក៏​មាន​ការ​កាប់​ឈើ​រាប់​រយ​ឡាន ចេញ​ពី​ឃុំ​សេដារ។ ឃ្លាំងស្តុកឈើនៅក្បែរប៉ុស្តិ៍នគរបាលឃុំសេដារ។ គេ​ដឹក​ឈើ​ប្រើ​រូប​ភាព គោ​យន្ត បាន​គេ​ដឹក​តាម​យី​ឌុប​ចេញ​ទៅ»

សហគមន៍​ភូមិ​កែង​សាន់​បន្ថែម​ថា​ ​អាជ្ញាធរ​ភូមិ​/​ឃុំ​តែងតែ​ព្យាយាម​បង្ក​បញ្ហា​ ​គំរាមកំហែង​ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​។​ រីឯ​ជនល្មើស​កាប់​ឈើ​ ​និង​ ទន្ទ្រានព្រៃ​យក​ដី​លក់​ខុស​ច្បាប់​ ​មិន​ត្រូវ បាន​អាជ្ញាធរ​ស៊ើបអង្កេត​ ​និង​អនុវត្ត​ច្បាប់​នោះ​ទេ​ ​បើ​ទោះបីជា​ពលរដ្ឋ​បាន​ផ្តល់​ដំណឹង​នច្រើ​សារ​ក្តី​។​
កន្លងទៅ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេដា ​លោក​ ​ធិ ​ចាន់​រិទ្ធិ ​បាន​ទូរស័ព្ទ​មក​លោក​ ​ខាំ ​និន ​ដោយ​គំរាម​ចាប់​លោក​ដាក់​គុក ​បើ​លោក​នៅតែ​មានៈ​ ​ផ្តល់​ដំណឹង​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សមាគម​អាដហុក​ពី​បទល្មើស​ព្រៃឈើ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។