អ្នក​ដើរ​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​មាត់​ព្រែក​ខេត្ត​កំពត​ត្អូញត្អែរ​ពី​ក្លិន​ស្អុយ

ដោយ វោហារ ជាតិ
2014.11.14
មាត់​ព្រែក​ក្រុង​កំពត ៦២០ ពលរដ្ឋ​ខេត្ត​កំពត អង្គុយ​យក​ខ្យល់​អាកាស និង​ស្ទូច​ត្រី​នៅ​មាត់​ព្រែក​ក្រុង​កំពត កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Vohar Cheath

ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ​មួយ​ចំនួន រអ៊ូរទាំ​ថា ក្លិន​ទឹក​ស្អុយ​ដែល​បង្ហូរ​ចេញ​ពី​ប្រព័ន្ធ​លូ​ក្នុង​ក្រុង​កំពត ចូល​ទៅ​ក្នុង​ព្រែក​ហូរ​កាត់​ខេត្ត​នេះ បាន​ជះ​ក្លិន​ស្អុយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ភ្ញៀវ​ទេសចរ និង​កុមារ រួម​ទាំង​អ្នក​ដើរ​កម្សាន្ត​នៅ​មាត់​ព្រែក​នេះ​យ៉ាង​ខ្លាំង។

ពួក​គាត់​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា បំបាត់​ក្លិន​ស្អុយ​នេះ​ឲ្យ​បាន ដើម្បី​រក្សា​សោភណភាព​ទីក្រុង​ទេសចរណ៍​នៃ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។

ឆ្នេរ​ព្រែក​កំពត ជា​ឆ្នេរ​ព្រែក​ធម្មជាតិ​មួយ​ដែល​មាន​ទឹក​សាប​អូរ​ធ្លាក់​ពី​ជ្រោះ​ភ្នំ​កំចាយ លាយ​ឡំ​ទឹក​ប្រៃ​ជោរ​មក​ពី​សមុទ្រ លំអ​ទៅ​ដោយ​ទេសភាព​ជួរ​ភ្នំ​ខៀវ​ស្រងាត់ និង​ខ្យល់​បរិសុទ្ធ។

រាល់​ពេល​ល្ងាច អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ នាំ​គ្នា​មក​លំហែ​កាយ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​នៅ​ទីនេះ។ ចំណែក​ឪពុក​ម្ដាយ​ខ្លះ តែង​នាំ​កូន​មក​លេង​សួន​កុមារ​នៅ​មាត់​ព្រែក​នេះ​រាល់​ពេល​ល្ងាច ក្រោយ​ពី​សម្រាក​ការងារ​នៅ​ពេល​ថ្ងៃ។

«សំឡេង​ក្មេង​លេង​អឺងកង​នៅ​សួន​កុមារ»

កុមារា​កុមារី​នាំ​គ្នា​ជិះ​ទោង​លេង ខ្លះ​ប្រលែង​គ្នា​ក្រោម​ពន្លឺ​ភ្លើង​យ៉ាង​សប្បាយ។ ក៏ប៉ុន្តែ ទីតាំង​សួន​កុមារ​នេះ សង់​ឡើង​ក្បែរ​មាត់​លូ​ទឹក​ស្អុយ​តែ​ម្ដង ធ្វើ​ឲ្យ​ជះ​ក្លិន​ស្អុយ​មក​លើ​សួន។

ឪពុក​ម្ដាយ​កុមារា​កុមារី​ដែល​កំពុង​អង្គុយ​ចាំ​កូន​លេង​នៅ​សួន​កុមារ រអ៊ូ​ថា ពួក​គាត់​ពិបាក​ទ្រាំ​នឹង​ក្លិន​ស្អុយ​ណាស់​នៅ​ពេល​នាំ​កូន​មក​លេង​សួន​កុមារ​ម្ដងៗ៖ «ខ្ញុំ​អត់​ចង់​មក​ដែរ តែ​កូន​ចង់​ពេក ព្រោះ​អី​មក​អ៊ីចឹង​អង្គុយ​ហិត​តែ​ក្លិន​ស្អុយ»

ចំណែក​យុវជន​ដែល​ជា​សិស្ស​សាលា​ពេទ្យ​មួយ​ក្រុម កំពុង​អង្គុយ​លេង​ហ្វេសប៊ុក (Facebook) ជុំ​គ្នា​នៅ​មាត់​ច្រាំង​ព្រែក ក៏​អះអាង​ប្រហាក់​ប្រហែល​គ្នា​ដែរ៖ «ស្អុយ​ដោយ​ពេល ពេល​ខ្លះ​អត់​ស្អុយ។ ពេល​ថ្ងៃ​អត់​សូវ​ស្អុយ ពេល​យប់​ត្រជាក់ៗ​បាន​ស្អុយ។ តែ​តាម​ខ្ញុំ​គិត​ទៅ ប្រហែល​ជា​ទឹក​ប្រៃ​ហូរ​ចូល និយាយ​រួម​ធុំ​ហ្នឹង​ធុំ​ទឹក​ប្រៃ​ផង​ទេ ចំហាយ​ក្ដី​អី​ហ្នឹង»

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​មាន​ហាង​ជាច្រើន ទាំង​ហាង​បរទេស និង​ហាង​ខ្មែរ សង់​តាម​សងខាង​មាត់​ព្រែក។ ហាង​នីមួយៗ​សង់​បង្គន់​បង្ហូរ​កាក​សំណល់​ចូល​មាត់​ព្រែក​ទាំងអស់។

ប្រជាពលរដ្ឋ និង​មន្ត្រី​ខ្លះ ឲ្យ​ដឹង​ថា ប្រព័ន្ធ​បង្ហូរ​លូ​ទឹក​ស្អុយ​ចូល​មាត់​ព្រែក​នេះ​មាន​តាំង​ពី​ជំនាន់​អាណានិគម​និយម​បារាំង មក តែ​កាល​នោះ​មិន​មាន​ក្លិន​ស្អុយ​ដូច​សព្វថ្ងៃ​ទេ ដោយសារ​ចំនួន​មនុស្ស​រស់នៅ​ក្នុង​ក្រុង​តិច​ជាង​សព្វថ្ងៃ និង​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​ភ្នំ​លើ​កំចាយ អាច​ហូរ​នាំ​កាក​សំណល់​ក្នុង​ព្រែក​ចាក់​ទៅ​សមុទ្រ។

ក៏ប៉ុន្តែ សព្វថ្ងៃ​នេះ​មនុស្ស​រស់នៅ​ក្នុង​ក្រុង​កាន់​តែ​ច្រើន ចំណែក​ចរន្ត​ទឹក​សាប​ហូរ​ពី​ភ្នំ​កំចាយ ដែល​ធ្លាប់​មាន​ចរន្ត​ហូរ​ខ្លាំង បែរ​ជា​ខ្សោយ ដោយសារ​ក្រុមហ៊ុន​វារីអគ្គិសនី​ចិន នៅ​ខ្សែ​ទឹក​ខាង​លើ​ទប់​ទឹក​មិន​ឲ្យ​ហូរ​ធ្លាក់​មក​ក្រោម​ដូច​ធម្មតា រួម​ផ្សំ​ទឹក​សមុទ្រ​ជោរ​ចូល​ព្រែក​ទៀត​ផង ទើប​ធ្វើ​ឲ្យ​កាក​សំណល់​ដែល​ចេញ​ពី​លូ​ទឹក​ស្អុយ​មិន​ហូរ​ទៅ​ណា​ឆ្ងាយ ដែល​បណ្ដាល​ឲ្យ​មាន​ក្លិន​ស្អុយ​ខ្លាំង​ជាង​មុន។

សំឡេង​បុរស​ដែល​នាំ​កូន​មក​លេង​នៅ​សួន​កុមារ៖ «ខ្ញុំ​ឧស្សាហ៍​នាំ​កូន​មក​លេង​ដែរ ក្លិន​ស្អុយ​ប៉ះពាល់​ដល់​ក្មេង​ដែរ ប៉ះពាល់​ដល់​សុខភាព។ កាល​មុន​ឧស្សាហ៍​មក​លេង​ដែរ ដល់​ពេល​ទឹក​ឡើង​ក្លិន​ស្អុយ​ទៅ យូរៗ​មក​លេង​ម្ដង ក្លិន​ស្អុយ​យូរ​រាប់​ឆ្នាំ​មក​ហើយ គឺ​ថា​ចង់​ឲ្យ​គាត់ (រដ្ឋាភិបាល) ខ្ញុំ​ថា ធ្វើ​ម៉េច​ឲ្យ​ឆ្នេរ​កំពត យើង​ហ្នឹង​បាន​ស្អាត ដើម្បី​ឲ្យ​ទេសចរ​មក​លេង​បាន​ច្រើន ហើយ​ខ្ញុំ​នឹង​នាំ​ក្មេងៗ​កូន​ខ្ញុំ​ក្មួយៗ​មក​លេង​ហ្នឹង​ដែរ»

ទាក់ទង​ទៅ​នឹង​ក្លិន​ស្អុយ​នៃ​កាក​សំណល់​នេះ អាជ្ញាធរ​ខេត្ត​កំពត កំពុង​រៀបចំ​ចាត់​វិធានការ​លុប​បំបាត់​ហើយ ដោយ​សង់​កន្លែង​ចម្រោះ​ទឹក​ស្អុយ​នៅ​តាម​មាត់​លូ​មួយ​ចំនួន​នៅ​តាម​មាត់​ព្រែក មុន​នឹង​បង្ហូរ​ចូល​ព្រែក។

នាយក​ការិយាល័យ​រដ្ឋបាល​ខេត្ត​កំពត លោក ស៊ីម វុទ្ធា ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​សង់​កន្លែង​ចម្រោះ​ទឹក​ស្អុយ​បី​កន្លែង ដែល​គម្រោង​នេះ​នឹង​ចំណាយ​ប្រាក់​ប្រហែល ៣០​ម៉ឺន​ដុល្លារ៖ «យើង​មាន​គម្រោង​ហើយ ក្នុង​នោះ​ក្រសួង​បរិស្ថាន បាន​ឲ្យ​មក​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត ហ្នឹង​តាម​ខ្ញុំ​ដឹង ៣០​ម៉ឺន​ដុល្លារ។ ហើយ​យើង​បាន​សិក្សា​ហើយ​គម្រោង​នៅ​កន្លែង​សួន​កុមារ​ហ្នឹង ជិត​ភោជនដ្ឋាន​តា​ឪ និង​កន្លែង​សួន​កុមារ​ហ្នឹង គឺ​ថា​យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​ប្រហែល ២០១៥ ហ្នឹង​ហើយ គម្រោង​លុយ​ខេត្ត»

ក្រៅ​ពី​នេះ លោក​ថា អាជ្ញាធរ​ខេត្ត​ក៏​មាន​គម្រោង​សង់​ស្ថានីយ​ចម្រោះ​ទឹក​ស្អុយ​មួយ​កន្លែង​ទៀត​ដែរ​នៅ​លើ​ផ្ទៃ​ដី​ប្រហែល ៣​ហិកតារ ឋិត​នៅ​ក្នុង​សង្កាត់​ជុំគ្រៀល ក្បែរ​ក្រុង​កំពត ដើម្បី​ចម្រោះ​សម្អាត​ទឹក​ស្អុយ​មុន​នឹង​បង្ហូរ​ទៅ​សមុទ្រ ក៏ប៉ុន្តែ​លោក​ថា គម្រោង​ថ្មី​នេះ​មិន​ដឹង​ថា​នឹង​អាច​ដំណើរ​ការ​បាន​នៅ​ពេល​ណា​ទេ ព្រោះ​អាជ្ញាធរ​ខេត្ត​កំពុង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​អង្គការ​ចៃកា (JICA) របស់​ជប៉ុន រួម​ទាំង​ក្រុមហ៊ុន​ចិន និង​កូរ៉េ ដើម្បី​សិក្សា​គម្រោង​មេ​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។