សកម្មជន​ថា កម្មករ​រាប់​រយ​នាក់​សម្រុក​អារ​ឈើ និង​ដឹក​ឈើ​ឱ្យ​ក្រុមហ៊ុន​ធីង៉ា​នៅ​ខេត្ត​ព្រះវិហារ

ដោយ វ៉ែន សុមេធ
2020.03.11
ឈើ ធីង៉ា ២០២០ ៦២២ រថយន្ត​ប៉ាកុង​ច្នៃ​ដែល​ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ ដែល​សហគមន៍​ប្រទះ​ឃើញ កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​សហគមន៍

សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ និង​សកម្មជន​បរិស្ថាន​អះអាង​ថា ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) នៅតែ​បន្ត​លួច​បន្លំ​កាប់​ឈើ​ពី​ខាងក្រៅ ដឹក​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន ដើម្បី​អារ​ច្រៀក​ធ្វើ​អាជីវកម្ម​រួច​ដឹក​ចេញ​ក្រៅ​។ ពួកគេ​អះអាង​ថា បច្ចុប្បន្ន មាន​កម្មករ​រាប់​រយ​នាក់ កំពុង​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ស្ទើរ​គ្រប់​តំបន់​ជាប់​ព្រៃឡង់ និង​មាន​ឈើ​ខ្លះ​ទៀត​ដឹក​ចេញពី​ព្រៃ​ឡង់ ចូល​បរិវេណ​ក្រុមហ៊ុន​នេះ។

មន្ត្រី​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពុង​ចាត់វិធានការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នេះ​ហើយ។

សហគមន៍​ព្រៃឡង់​ថា ឈើ​ប្រភេទ ផ្ចឹក រាំង ឈ្លីក ត្រាច និង​ត្បែង មានមុខ​កាត់​ចាប់ពី​២​តឹក​ឡើង​ទៅ ដុះ​ព័ទ្ធ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​ព្រះវិហារ និង​ដុះ​តាម​ស្រែចម្ការ​របស់​ពលរដ្ឋ​នៅ​ឃុំ​រៀបរយ របស់​ស្រុក​រវៀង កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ ពី​សំណាក់​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន ធី​ង៉ា​អភិវឌ្ឍន៍ និង​វិនិយោគ ដើម្បី​ដឹកជញ្ជូន​ចូល​រោង​អារ​ឈើ​ខ្នាត​ធំ របស់​ក្រុមហ៊ុន​នេះ។

សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១០ មីនា ថា ជា​រៀងរាល់ថ្ងៃ​មាន​គោយន្ត​ជាង ១០០​គ្រឿង និង​រថយន្ត​កែច្នៃ ៥០​គ្រឿង រួម​ទាំង​កម្លាំង​កម្មករ​រាប់រយ​នាក់ កំពុង​សម្រុក​កាប់​ឈើ​គ្រប់​ប្រភេទ​ជាប់​ព្រៃ​ឡង់ ។ លោក​ថា ឈើ​ធំៗ ដែល​ដុះ​តាម​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម ដោយ​ពុំ​មាន​ផ្ដល់​សំណង​អ្វី​ទាំងអស់​។ ចំណែក​ដើមឈើ​ផលិត​ជ័រទឹក​របស់​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​តំបន់​នោះ ក៏​ទទួលរង​ការ​កាប់​បំផ្លាញ​ដែរ៖ «អា​កន្លែង​ណា​ក៏​កាប់​ដែរ អត់​មាន​រើស​ទេ មួយ​ជុំវិញ​វាលស្រែ​កាប់​ទាំងអស់​។ ឡាន​ដឹកជញ្ជូន​ច្រើន​ឡាន គ្រប់​ច្រក​អស់ហើយ​ឡាន ហើយ​យើង​អត់​ទាន់​រាប់​ក្រ​ឡេ​ថង (​គោយន្ត​) រយ​គ្រឿង​ដែល​ក្រ​ឡេ​ថង (​គោយន្ត​) គេ​កាប់​អា​មួយ​ម៉ែត្រ​កន្លះ ទៅ ២​ម៉ែត្រ ដឹក​ដាក់​កន្លែង​ក្រុមហ៊ុន​តែមួយ​ហ្នឹងឯង​។ ឡាន​អា​ប៉ា​កុង​៥០ គ្រឿង​គោយន្ត​បន្ត​កន្ទុយ​គ្នា​ដឹក​ឈើ​។ ប្រសិនបើ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​មិន​ឈឺឆ្អាល​រឿង​ការពារ​ហ្នឹង ប្រហែលជា​មិន​យូរ​ទេ គង់តែ​រលាយ​ហើយ​ព្រៃ​ហ្នឹង​។ អត់​ឱ្យ​ចូល​ទេ តំបន់​ព្រៃ​ក្រាស់ គេ​អត់​ឱ្យ​ចូល​ទេ​។ អ្នក​កាប់​ឈើ​ចូល​បាន ឃើញ​កាឡេថង​ដឹក ចូល​ទៅ​កាប់​បាន​នោះ»

អភិបាលខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ បដិសេធ​មិន​ធ្វើ​អធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​បង្វែរ​ឱ្យ​សួរ​នាយក​រដ្ឋបាល​សាលាខេត្ត​វិញ៖ «បាទ ចាំ​ខ្ញុំ​ឱ្យ​នាយ​រដ្ឋបាល ចួប​នាយក​រដ្ឋបាល​ទៅ គេ​ស្គាល់​ហើយ»

ចំណែក​នាយក​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ លោក យ៉ុង គឹមហឿង ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

រីឯ​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ថ្លែង​ថា អាជ្ញាធរ​ខេត្ត ដែល​ជា​សេនាធិការ​របស់​គណៈកម្មការ​ជាតិ កំពុង​ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​រៀងរាល់ថ្ងៃ ហើយ​លោក​ជំរុញ​ឱ្យ​សហគមន៍​ព្រៃ​ឡង់ ត្រូវ​ផ្តល់​ព័ត៌មាន​នេះ ទៅ​អាជ្ញាធរ​ខេត្ត​ឱ្យ​ចុះ​អន្តរាគមន៍ និង​អនុវត្ត​ច្បាប់​។ លោក​បញ្ជាក់​ថា ឱ្យ​តែ​មាន​បទល្មើស​ព្រៃឈើ មន្ត្រី​ជំនាញ​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់​ទាំងអស់៖ «យើង​ឃើញ​ថា គណៈកម្មការ​ថ្នាក់​ជាតិ ក៏​អាជ្ញាធរ​ហ្នឹង​ក៏​ជា​សមាជិក​គណៈកម្មការ​ដែរ ដូច្នេះ​គាត់​ធ្វើការ​រាល់ថ្ងៃ គាត់​រាយការណ៍​រាល់ថ្ងៃ​។ ចំពោះ​របាយការណ៍​អី​ផ្សេង ខ្ញុំ​មិន​ដឹង​ទេ តែ​ចំពោះ​របាយការណ៍​ដែល​ពាក់ព័ន្ធ​ជាមួយ​ហ្នឹង​គាត់ គឺ​គាត់​បង្ក្រាប​បានជា​បន្តបន្ទាប់​គ្រប់​ខេត្ត​ទាំងអស់​។ បាទ ! សូម​ឱ្យ​គាត់​ទាក់ទង​ទៅ​ផ្ទាល់​ទៅ កាលណា​មាន​បទល្មើស​គឺ​បង្ក្រាប​ហើយ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១០ មីនា។

ចំណែក​ម្ចាស់​ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ គឺ​លោកជំទាវ សេង គាង និង លោក ជា ពៅ ប្រធាន​ក្រុមប្រឹក្សាភិបាល ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច មាន​ទំហំ​ជាង ៦​ពាន់​ហិកតារ (.០៦០) កាលពី​ឆ្នាំ ២០០៨ ឋិត​នៅ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។ ក្រុមហ៊ុន​នេះ វិនិយោគ ដំណាំ អាកាស្យា និង​ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេងទៀត ដោយ​បែង​ចែក​ជា ៥​អនុតំបន់​។ ប៉ុន្តែ​រហូតដល់​មក​ពេលនេះ សហគមន៍​ព្រៃ​ឡង់​ថា ក្រុមហ៊ុន​នេះ​មិន​ឃើញ អភិវឌ្ឍន៍ និង​ដាំ​ដំណាំ​អ្វី​ជា​ដុំកំភួន​នៅ​ឡើយ​ទេ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ មាន​មន្ទិល​ថា ហេតុអ្វី​បានជា​ក្រសួងកសិកម្ម គណៈកម្មការ​ជាតិ និង​រដ្ឋាភិបាល មិន​ចាត់​វិធាន​ច្បាប់ លើ​ក្រុមហ៊ុន​ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​ខ្នាត​ធំ​នេះ​។ លោក​ថា ក្រុមហ៊ុន​ធី​ង៉ា​អភិវឌ្ឍន៍ និង​វិនិយោគ មាន​ម្ចាស់​ភាគហ៊ុន​ជា​ជនជាតិ​វៀតណាម ហើយ​ក្រុមហ៊ុន​នេះ កំពុង​មាន​តម្រូវការ​ឈើ​ចាំបាច់ សម្រាប់​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ព្រោះ​ប្រទេស​វៀតណាម សព្វថ្ងៃ​ខ្វះ​ឈើ​សម្រាប់​ផ្គត់ផ្គង់​ទៅ​បណ្ដា​ប្រទេស​លោក​ខាង​លិច៖ «ចំពោះ​ព្រៃឡង់​ទៀត​សោត គាត់​ថា មិន​ឱ្យ​ចូល​គឺ​សុទ្ធតែ​តំបន់​ស្នូល​ហ្នឹង ព្រៃ​ស្នូល​ហ្នឹង មិនមែន​ស្នូល​សម្រាប់​ពលរដ្ឋ ពុំ​មែន​ស្នូល​អី​ទេ គឺ​សុទ្ធតែ​ស្នូល​សម្រាប់​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន​វា​ឃើញ តំបន់​ព្រៃ​ឡង់ តំបន់​ស្នូល​ហ្នឹងហើយ បាន​វា​ចូល​ទៅ​កាប់ ដឹក​ពី​តំបន់​ស្នូល​ឱ្យ​ក្រុមហ៊ុន។ អ៊ីចឹង​ហើយ ពលរដ្ឋ​ឃើញ​នូវ​ទង្វើ​អាក្រក់​របស់​មន្ត្រី និង​ទង្វើ​អាក្រក់​របស់​ក្រុមហ៊ុន មានតែ​ដាច់ចិត្ត​ឱ្យ​មន្ត្រី​របស់​ខ្លួន​ហ្នឹង​ធ្វើការ​ហាមឃាត់ មិន​ឱ្យ​មានការ​ចូល​ទៅ​ឃើញ​អំពី ទង្វើ​អាក្រក់​របស់​ក្រុម​ឈ្មួញ​ទាំងអស់​ហ្នឹង​។ ទាំង​ឈ្មួញ​ទាំង​ក្រសួង ទាំង​មន្ត្រី​ទាំងអស់​ហ្នឹង សុទ្ធតែ​ចូល​ដៃជើង​ជាមួយគ្នា កាប់​និង​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ព្រៃ​ឡង់ »​

លោក ហេង ស្រស់ បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​មិន​អនុវត្ត​ច្បាប់​លើ ក្រុមហ៊ុន​នេះ​ទេ​មានន័យថា ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ​ទាំងនេះ កំពុង​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ បំផ្លាញ​ព្រៃឈើ​និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ លោក​សង្កេត​ឃើញ​ថា សកម្មភាព​កាប់​ឈើ និង​អាជីវកម្ម​ឈើ​ខ្នាត​ធំ របស់​ក្រុមហ៊ុន​នេះ ពុំ​ឃើញ​មាន ប្រព័ន្ធ​ត្រួត​ពិនិត្យ ឬ​តាមដាន​ឱ្យ​បាន​ដិតដល់​នោះ​ទេ។

សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃ​ឡង់ បង្ហាញ​ការ​សោកស្តាយ ដែល​បាត់បង់​ធនធានធម្មជាតិ​ដ៏​ធំ​សម្បើម​នេះ បើ​ទោះ​បី​ជា​ពួកគេ​រក​ឃើញ ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា ក្រុមហ៊ុន​នេះ កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​ឡង់ និង​ឈើ​នៅ​ជាប់​ព្រៃឡង់​ក្តី ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ​ពុំ​ឃើញ​មាន​ស្ថាប័ន​ណាមួយ ចុះ​អនុវត្ត​ច្បាប់ និង​ស៊ើបអង្កេត​នៅឡើយ​ទេ​។ ពួកគេ​អះអាង​ថា ក្រសួង​កសិកម្ម បាន​រួម​ចំណែក បំផ្លាញ​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ឯកជន ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។