សីតុណ្ហភាព​នឹង​ចុះ​ដល់​១២​អង្សាសេ​ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​២០​ខែ​មករា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ប្រុង​ប្រយ័ត្ន​អំពី​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​ជា​ថ្មី ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ឬ​នៅ​ចុង​រដូវ​រំហើយ​ឆ្នាំ​នេះ។
ដោយ ដែន អយុធ្យា
2014.01.10

សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ដោយ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ចេញ​ផ្សាយ​ថ្ងៃ​ទី​៩ ខែ​មករា ឲ្យ​ដឹង​ថា ចន្លោះ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែ​មករា ស្ថានភាព​សីតុណ្ហភាព​អប្បបរមា​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ម្តង​ទៀត​រហូត​ដល់ ១២ ឬ ១៤​អង្សាសេ។ លោក គានហោ បាន​បញ្ជាក់​ក្នុង​លិខិត​ថា តាម​ការ​ព្យាករ​ពី​អាកាសធាតុ​នេះ គឺ​សីតុណ្ហភាព​អប្បបរមា​នៅ​តាម​រាជធានី-ខេត្ត​មួយ​ចំនួន​មាន​អាកាសធាតុ​ខុសៗ​គ្នា រួម​មាន ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និង​ខេត្ត​មណ្ឌលគិរី មាន​សីតុណ្ហភាព​អប្បបរមា​អាច​ធ្លាក់​ដល់ ១២-១៤​អង្សាសេ។ ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង សីតុណ្ហភាព​អាច​នឹង​ចុះ​ដល់ ១៦-១៨​អង្សាសេ។

រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល សីតុណ្ហភាព​អាច​ចុះ​ដល់ ១៨-២០​អង្សាសេ។ ចំណែក​ខេត្ត​ជាប់​មាត់​សមុទ្រ មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប វិញ សីតុណ្ហភាព​អប្បបរមា​អាច​ស្ថិត​ក្នុង​ចន្លោះ​ពី ២២ ទៅ ២៥​អង្សាសេ។

តាម​ស្ថានភាព​អាកាសធាតុ​ចុះ​ត្រជាក់​នេះ លោក លឹម គានហោ បាន​អំពាវនាវ​ក្នុង​លិខិត​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋ​នានា និង​ប្រជាពលរដ្ឋ ត្រូវ​ត្រៀម​លក្ខណៈ​ទប់ទល់​នឹង​អាកាសធាតុ​ចុះ​ត្រជាក់​ជា​ថ្មី​ពេល​នេះ ជាពិសេស​កងទ័ព​ដែល​កំពុង​ប្រចាំ​ការ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថានភាព​អាកាសធាតុ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។