"ក្រុមហ៊ុន​ធីង៉ា​ដែល​ម្ចាស់​ភាគហ៊ុន​ជា​ជនជាតិ​វៀតណាម ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ឈើ​ឆ្លង​ដែន"

ដោយ ហេង រស្មី
2020.02.17
ធី ង៉ា ព្រៃឡង់ រថយន្ត​កែច្នៃ​ដឹក​ឈើ​មូល ចេញ​ពី​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ ចូល​ការដ្ឋាន​ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍ និង​វិនិយោគ កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ សហគមន៍​ព្រៃ​ឡង់

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) មាន​ជាប់​ពាក់ព័ន្ធ សកម្មភាព​រត់ពន្ធ​ឈើ​ឆ្លងដែន ទៅ​លក់​នៅ​ក្រៅ​ប្រទេស សហការ​ជាមួយ​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ​(Angkor Plywood) ។ សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន​អះអាង​ថា ក្រុមហ៊ុន​នេះ បាន​លួច​បន្លំ​កាប់​ឈើ​ពី​ខាងក្រៅ ដឹក​ចូល​បរិវេណ​ក្រុមហ៊ុន ដើម្បី​លក់​បន្ត​ទៅ​ឱ្យ​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​ប្រមូល​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​ក្រចេះ យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

សកម្មជន​បរិស្ថាន និង សហគមន៍​ព្រៃ​ឡង់​បង្ហាញ​ការ​សោក​ស្រាយ​យ៉ាងខ្លាំង ពី​ភាព​ព្រងើយកន្តើយ​អនុវត្ត​ច្បាប់​ព្រៃឈើ របស់​រដ្ឋាភិបាល បើទោះបីជា​ពួកគេ​បាន​រាយការណ៍ និង​បង្ហាញ​ភស្តុតាង​ជាច្រើន​បញ្ជាក់​ថា ក្រុមហ៊ុន ធី​ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃ​ឡង់​ក្តី មក​ទល់​ពេល​នេះ នៅ​ពុំ​ទាន់​ឃើញ​ស្ថាប័ន​ណាមួយ ចុះ​អនុវត្ត​ច្បាប់ ឬ​ផ្អាក​សកម្មភាព ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ​។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ដែល​ចុះ​អង្កេត​រឿង​នេះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ កុម្ភៈ​ថា ក្រុមហ៊ុន​ធី​ង៉ា​អភិវឌ្ឍន៍ និង​វិនិយោគ ជា​របស់​លោកជំទាវ សេង គាង កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ឈើ​ខ្នាត​ធំ ក្នុង​តំបន់​ព្រៃ​ឡង់ ដើម្បី​ដឹក​លក់​បន្ត​ឱ្យ​លោក ជា ពៅ ម្ចាស់​ក្រុមហ៊ុន​អង្គរ​ប្លាយ​វូដ។ លោក​ថា ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​នេះ មាន​អ្នក​មាន​អំណាច និង​មន្ត្រី​ជាន់ខ្ពស់ ក្នុង​ជួរ​រដ្ឋាភិបាល នៅ​ពី​ក្រោយខ្នង បានជា​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​គណៈកម្មការ​ជាតិ មិន​ហ៊ាន​អនុវត្ត​ច្បាប់​។ លោក ហេង ស្រស់ គិតទុក​ជាមុន​ថា ប្រសិនបើ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ក្រុមហ៊ុន​នេះ​ទេ ជោគវាសនា​ព្រៃ​ឡង់​ដែល​នៅសល់​ឈើ​ខ្លះ នឹង​រលាយ​ហិច​ហោច​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ៖ «សាវតារ​អ្នក​ទាំងអស់​នេះ ត្រូវជា​កូន​ត្រូវជា​ក្មួយ អ្នក​ដែល​មាន​ងារ​ជា​ឧកញ៉ា យើង​មិនទាន់​បញ្ចេញ​ទេ​ថា ពួកគាត់​ជា​កូនចៅ​របស់​អ្នកណា​? ដោយសារ​យើង កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ទៅលើ​ពួកគាត់​ដែរ​។ បើ​គាត់​នៅតែ​បន្ត​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​ទៀត ឬក៏​គាត់​ឈប់​ត្រឹមហ្នឹង​? ប្រសិនជា​គាត់​មិន​ឈប់​ទេ យើង​នឹង​បង្ហាញ​ពី​មហិច្ឆតា​របស់​គាត់ ហើយ​បង្ហាញ​ពី​អ្នក​នៅ​ខាង​ក្រោយខ្នង​របស់​គាត់​។ ប្រហែលជា​គាត់​មាន​អ្នក​អាង និង​អ្នកមាន​ការ​ជួយ​ការពារ​ពី​ខាង​ក្រោយ​ហើយ បានជា​ហ៊ាន​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ»

កាលពី​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០០៨ ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួងកសិកម្ម បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច មាន​ទំហំ​ជាង ៦​ពាន់​ហិកតារ (៦០៦០) ឋិត​នៅ​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ ក្រុមហ៊ុន​នេះ វិនិយោគ ដំណាំ អាកាស្យា និង​ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេងទៀត ដោយ​បែង​ចែក​ជា ៥​អនុ​តំបន់​។ ប៉ុន្តែ​រហូតដល់​មក​ពេលនេះ សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​មិន​ឃើញ អភិវឌ្ឍន៍ និង​ដាំ​ដំណាំ​អ្វី​ជា​ដុំកំភួន​នៅឡើយ​ទេ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ គឺ​លោកជំទាវ សេង គាង និង លោក ជា ពៅ ម្ចាស់​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ កុម្ភៈ។

ចំណែក អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ដោយសារ​ពួក​លោក​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ដដែល​នេះ។

ទិដ្ឋភាព​ឈើ​ឋិត​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ខេត្ត​ព្រះវិហារ ដែល​សហគមន៍​ប្រទះ​ឃើញ កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
ទិដ្ឋភាព​ឈើ​ឋិត​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ខេត្ត​ព្រះវិហារ ដែល​សហគមន៍​ប្រទះ​ឃើញ កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​សហគមន៍

កន្លង​ទៅ តំណាង​ឱ្យ​ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ លោក​មេធាវី ហេង សុទ្ធារ៉ា បាន​ចេញមុខ​បដិសេធ ចំពោះ​សារព័ត៌មាន ក្នុងស្រុក​មួយ​ចំនួន ដែល​បាន​ផ្សាយ ចោទ​ក្រុមហ៊ុន​របស់​លោក​ថា បាន​ឈូស​ឆាយ កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​លក់ យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ខេត្ត​ព្រះវិហា។

មេធាវី​ក្រុមហ៊ុន​បាន​អះអាង​ថា ក្រុមហ៊ុន​របស់​លោក ធ្វើ​សកម្មភាព​ឈូស​ឆាយ​និង​ប្រមូល​ផល អនុផល​ព្រៃឈើ​តែ​នៅ​ក្នុង​រង្វង់​ដែនដី​សម្បទាន​សេដ្ឋកិច្ច ដែល​ក្រសួងកសិកម្ម​អនុញ្ញាត តែប៉ុណ្ណោះ ក្រុមហ៊ុន​មិន​បាន​ធ្វើ​សកម្មភាព កាប់​ឈើ​ពី​ខាងក្រៅ ឬ​ឈូស​ឆាយ​ហួស​ដែន​កំណត់​ឡើយ ហើយ​ឈើ​ដែល​ក្រុមហ៊ុន​ប្រមូល​បាន ក្រុមហ៊ុន​មិនបាន​ដឹក​ឈើ​លក់​ឡើយ គឺ​ដឹកជញ្ជូន​ចូល​រោងចក្រ របស់​ក្រុមហ៊ុន​ផលិត​ជា​គ្រឿង​សង្ហារិម និង​ក្ដារ កុងផ្លាកេ​លក់ ដើម្បី​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​កម្មករ។

រថយន្ត​ប៉ាកុង​ច្នៃ​ដែល​ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ ដែល​សហគមន៍​ប្រទះ​ឃើញ កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រថយន្ត​ប៉ាកុង​ច្នៃ​ដែល​ក្រុមហ៊ុន​ធីង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ ដែល​សហគមន៍​ប្រទះ​ឃើញ កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​សហគមន៍

ឆ្លើយតប​ការលើក​ឡើង​នេះ លោក ហេង ស្រស់ បដិសេធ​ថា ក្រុមហ៊ុន​ទាំងនេះ សុទ្ធ​សឹង​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ សហការ​ជាមួយ​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ ដើម្បី​រត់ពន្ធ​ឈើ​ឆ្លងដែន​ទៅ​ក្រៅ​ប្រទេស​។ លោក​សង្ស័យ​ថា ក្រសួង​កសិកម្ម​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ ដើម្បី​ទទួល​ប្រយោជន៍​ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ ក្នុង​ព្រៃ​អភិរក្ស បែប​អនាធិបតេយ្យ​៖ «កន្លងមក​ប្រសិន​ជា ក្រុម​ឧក្រិដ្ឋជន​មួយ​ណា មិន​បាន​ផ្តល់​នូវ​លាភសក្ការៈ​មិនបាន​ផ្ដល់​នូវ​ជា​ទឹកប្រាក់ ដល់​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ អ្នកនោះ​ត្រូវ​ទទួល​បាន​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​។ ប្រសិនជា​អ្នកណា​មួយ បាន​ផ្ដល់​លាភសក្ការៈ​ដល់​អ្នក​ទាំង​អស់ហ្នឹង គឺ​មិន​ទទួល​បាន​ការ​បង្ក្រាប​ទេ​។ នេះ​គឺ​យើង​មើល​ឃើញ​កន្លងមក ហើយ​ទិដ្ឋភាព​សព្វថ្ងៃ​គឺ វា​អ៊ីចឹង​ឯង»

ប្រធាន​សហគមន៍​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ស្រី ថី ប្រាប់​អាស៊ីសេរី​ថា មហិច្ឆតា​របស់​ក្រុមហ៊ុន​នេះ ដើម្បី​បំផ្លាញ​ទំហំ​ព្រៃ​ឡង់​ទាំងមូល ព្រោះ​សហគមន៍​ប្រទះឃើញ រថយន្ត​កែច្នៃ ៧​គ្រឿង គោយន្ត​រាប់​សិប​គ្រឿង និង​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ឋិត​ក្នុង​ផ្ទៃដី​របស់​ក្រុមហ៊ុន កំពុង​ធ្វើ​អាជីវកម្ម​អារ​ច្រៀក​ឈើ យ៉ាង​គគ្រឹកគគ្រេង​។ លោក​ថា ក្រុម​ល្បាត​សហគមន៍​ប្រទះឃើញ រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​មូល​ធំៗ ចេញពី​ព្រៃ​ឡង់ តម្រង់​ចូល​ក្នុង​ក្រុមហ៊ុន​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ៖ «ឈើ​គេ​បាន​បែង​ចែក​ជា​ពីរ​ចំណែក​។ ឈើ​ទី​១ អារ​ពីរ​ម៉ែត្រ​ហ្នឹង​គេ​ធ្វើ​ឧស ហើយ​ឈើ​ដឹក​ធំៗ​ដាក់​ឡាន គេ​ដាក់​ទៅ​នៅ​អូរ​ឡង់ ហើយ​អារ​ឈើ​មួយ​ដាក់​ឡាន គេ​ទុក​កែច្នៃ​ផ្សេងៗ​។ ឈើ​ល្អ​មាន​ឈើ ធ្នង់ ត្បែង ឈ្លីក ឈើ​ល្អ​ៗ​តើ​។ ប្រសិនបើ​រដ្ឋាភិបាល​មិន​ពង្រឹង​ផ្នែក​ច្បាប់ ឬ​ហាមឃាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ យើង​នឹង​អាច​មាន​ហានិភ័យ​ធំ​ទៀត ដែល​យើង​ការពារ​ព្រៃ​អភិរក្ស​ហ្នឹង»

គេហទំព័រ អូផែន ខបផ័ររ៉េត្ស (open corporates) បង្ហាញ​ពី​រចនាសម្ព័ន្ធ ក្រុមហ៊ុន​ធីង៉ា​អភិវឌ្ឍន៍ និង​វិនិយោគ ដែល​មាន​លោក ជា ពៅ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​។ លោក ឡេង រិទ្ធី ជា​នាយក​ប្រតិបត្តិ និង លោក ផាន់ វ៉ាន់ង៉ា (Phan VAN NGA) ជា​ជនជាតិ​វៀតណាម ជា​ម្ចាស់​ភាគហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។