តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​ពី​វិស័យ​រ៉ែ​និង​ប្រេងកាត​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៃ​វេទិកា​យុវជន

ដោយ យ៉ង ចាន់តារា
2017.08.27
ច័ន្ទ សុផល ២០១៧ ៦២២ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ លោក ច័ន្ទ សុផល (ឈរ) ថ្លែង​ក្នុង​វេទិកា​យុវជន​ស្ដីពី​យុទ្ធសាស្ត្រ​របស់​គណបក្ស​នយោបាយ ក្នុង​ការ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ និង​ប្រេងកាត នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Yang Chandara

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា រៀបចំ​វេទិកា​យុវជន​ស្ដីពី “យុទ្ធសាស្ត្រ​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ និង​ប្រេងកាត”។ កម្មវិធី​នេះ​មាន​អ្នក​ចូលរួម​ជិត ៣០០​នាក់ ភាគច្រើន​គឺ​ជា​យុវជន និង​មាន​ព្រះសង្ឃ​មួយ​ចំនួន​ផង។ ចំណុច​ពិភាក្សា​ដ៏​ផុសផុល​ក្នុង​ចំណោម​វាគ្មិន និង​អ្នក​ចូលរួម គឺ​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​ពី​វិស័យ​រ៉ែ និង​ប្រេងកាត។

វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​រៀន​សូត្រ​អំពី​យុទ្ធសាស្ត្រ និង​គោលការណ៍​អនុវត្ត​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រមូល និង​គ្រប់គ្រង​ចំណូល​ពី​ធនធាន​រ៉ែ និង​ប្រេងកាត​របស់​គណបក្ស​នយោបាយ​ដែល​ទើប​ជាប់​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ព្រម​ទាំង​ការ​វិភាគ​ពី​ឥទ្ធិពល​នៃ​ចំណូល​ពី​វិស័យ​នេះ​ទៅ​លើ​អនាគត​សេដ្ឋកិច្ច​កម្ពុជា។

វាគ្មិន​សំខាន់​ក្នុង​កម្មវិធី គឺ​អ្នក​ជំនាញ​សេដ្ឋកិច្ច និង​តំណាង​គណបក្ស​ចំនួន​៣ គឺ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។

ដោយឡែក​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល មិន​បាន​អញ្ជើញ​ចូលរួម​នោះ​ទេ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ចូលរួម​មួយ​ចំនួន​ខក​ចិត្ត​ជា​ខ្លាំង ព្រោះ​ពួក​គេ​មាន​ចម្ងល់​ជាច្រើន​ចង់​ឲ្យ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល បកស្រាយ​ជុំវិញ​រឿង​ការ​គ្រប់គ្រង​វិស័យ​រ៉ែ​នេះ។

ការ​ជជែក​ពិភាក្សា​គ្នា​ភាគច្រើន គឺ​ជុំវិញ​រឿង​អាស្រូវ​នៃ​ការ​បាត់​លុយ​នាំ​ចេញ​ខ្សាច់​ជាង ៧០០​លាន​ដុល្លារ រឿង​ភាព​ទន់​ខ្សោយ​នៃ​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​របស់​អាជ្ញាធរ និង​ការ​ទាញ​យក​ផល​ពី​ធនធាន​រ៉ែ​ប្រេងកាត​នៅ​ពេល​ខាង​មុខ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ គឺ​លោក គឹម សុភា។ លោក​ថ្លែង​ថា កម្ពុជា សម្បូរ​ដោយ​ភោគទ្រព្យ​រ៉ែ ក៏ប៉ុន្តែ​ការ​គ្រប់គ្រង​វិស័យ​នេះ​នៅ​មាន​ភាព​បិទ​បាំង​ច្រើន ពោល​គឺ​ព័ត៌មាន​ស្ដីពី​ការ​រុក​រក និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ នៅ​មិន​ទាន់​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ«ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល ពាក់ព័ន្ធ​គ្នា។ មុន​នឹង​ធ្វើ​អាជីវកម្ម ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម។ ប្រមូល​ពន្ធ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក្រសួង​នេះ​ត្រូវ​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​កំណត់​អត្រា​ពន្ធ។ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ យើង​គួរ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ហើយ​ស្វែងរក​ព័ត៌មាន​បន្ថែម។ រាល់​ថ្ងៃ​នេះ ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន គឺ​សឹង​តែ​គ្មាន​តែ​ម្តង»

ចំណែក​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ វិញ គន្លឹះ​សំខាន់​នៃ​ការ​គ្រប់គ្រង​ចំណូល​ធនធាន​រ៉ែ និង​ប្រេងកាត គឺ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​មួយ​នេះ។

កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ក្រសួង​រ៉ែ និង​ថាមពល ប្រមូល​ចំណូល​ពី​វិស័យ​រ៉ែ​បាន​ចំនួន ១៣​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៧ នេះ ក្រសួង​គ្រោង​ប្រមូល​ចំណូល​ឲ្យ​បាន ២០​លាន​ដុល្លារ។ ចំណូល​ធនធាន​រ៉ែ​នេះ​បាន​មក​ពី​រ៉ែ​ខ្សាច់ ថ្ម​សំណង់ សេវាកម្ម​សាធារណៈ ឧស្សាហកម្ម​អាជីវកម្ម​រ៉ែ ដូចជា​រ៉ែ​លោហៈ និង​រ៉ែ​មាស ជាដើម និង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ចំពោះ​អាជីវកម្ម​រ៉ែ​តូចៗ។

ដោយឡែក​ទាក់ទង​នឹង​រ៉ែ​ប្រេងកាត​វិញ កាល​ពី​ថ្ងៃ​ទី​២៣ សីហា កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា ទើប​នឹង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន គ្រីសអេនើជី (Krisenergy) របស់​សិង្ហបុរី សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ប្លុក A នៃ​ដែន​សមុទ្រ​កម្ពុជា។

ក្រោម​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​ប្រេង​នៅ​ប្លុក A នេះ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) កាន់​កាប់​ភាគហ៊ុន ៩៥​ភាគរយ ចំណែក ៥​ភាគរយ​ទៀត គឺ​ជា​ភាគហ៊ុន​របស់​រដ្ឋាភិបាល​កម្ពុជា។

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​នេះ ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) មាន​រយៈពេល ៦០​ថ្ងៃ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​លើ​ការ​វិនិយោគ​បន្ត ហើយ​បើ​សិន​ជា​ក្រុមហ៊ុន​នេះ​សម្រេច​ចិត្ត​វិនិយោគ​បន្ត​មែន​នោះ តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០១៩ ខាង​មុខ។

ធនធាន​ប្រេងកាត​នៅ​ក្នុង​ប្លុក A ដែល​ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ត្រូវ​ធ្វើ​ផលិតកម្ម​ជំហាន​ដំបូង គឺ​ជំហាន 1 A និង 1 B នោះ មាន​រយៈពេល​ផលិតកម្ម ៩​ឆ្នាំ និង​មាន​សក្ដានុពល​អាច​ផលិត​ប្រេង​ឆៅ​លើស​ពី ៣០​លាន​បារ៉ែល។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ លោក ច័ន្ទ សុផល ថ្លែង​ថា ដើម្បី​ឲ្យ​ចំណូល​ពី​រ៉ែ​ប្រេងកាត​នេះ​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា បាន​លឿន​រហ័ស​នោះ រដ្ឋ​ត្រូវ​តែ​ធានា​អំពី​ផែនការ​គ្រប់គ្រង​ចំណូល​នេះ​ឲ្យ​បាន​ច្បាស់លាស់«ធនធាន​បាន​មក​ច្រើន​អាច​ថា​ធ្វើ​ឲ្យ​មាន​ការ​ពឹងពាក់​លើ​វិស័យ​រ៉ែ​ច្រើន​ខ្លាំង​ពេក ធ្វើ​ឲ្យ​វិស័យ​ផ្សេងៗ​មិន​សូវ​ខ្លាំង។ នេះ​ជា​ហានិភ័យ​មួយ ហើយ​មួយ​ទៀត​បើ​សិន​ជា​យើង​ចាយ​ថវិកា​ដែល​បាន​មក​ពី​ធនធាន​រ៉ែ​ដ៏​ច្រើន​លើសលប់​នេះ​ដោយ​ខ្ជះខ្ជាយ មិន​មាន​ការ​គ្រប់គ្រង​ច្បាស់លាស់ ក៏​វា​អាច​បង្ក​ជា​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​សេដ្ឋកិច្ច​ដែរ។ គេ​ចង់​ឲ្យ​យើង​មាន​ការ​គ្រប់គ្រង និង​ផែនការ​អភិវឌ្ឍន៍​ច្បាស់លាស់ ដឹង​ពី​ចំណុច​អាទិភាព​ដែល​ត្រូវ​វិនិយោគ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច»

ចំណែក​ខាង​អង្គការ​សង្គម​ស៊ីវិល​វិញ ពួក​គេ​ចង់​ឲ្យ​មាន​តម្លាភាព​ចំពោះ​គ្រប់​គម្រោង​រុក​រក និង​ធ្វើ​អាជីវកម្ម​រ៉ែ និង​ប្រេង​នៅ​កម្ពុជា។ តម្លាភាព​នេះ គឺ​ត្រូវ​មាន​ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ។ ពួក​គេ​ជឿជាក់​ថា តាម​រយៈ​តម្លាភាព​នេះ​ចំណូល​ពី​វិស័យ​រ៉ែ និង​ប្រេងកាត នឹង​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ជាតិ​យ៉ាង​សម្បើម ដើម្បី​ទ្រទ្រង់​ការ​ផ្តល់​សេវា​សាធារណៈ និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។