អ្នក​ភូមិ​ស្រែគរ​និង​ក្បាលរមាស​ស្រុក​សេសាន​ដាក់​ញត្តិ​នៅ​ក្រសួង​រ៉ែ​និង​ថាមពល

ដោយ សុ ជីវី
2017.08.25
អ្នក​ភូមិ​ស្រែគរ ក្បាលរមាស ២០១៧ ៦២២ ពលរដ្ឋ​មក​ពី​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​ក្រសួង​រ៉ែ និង​ថាមពល ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

អ្នក​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស មក​ពី​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចំនួន ៧​នាក់ នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ដោយ​ស្នើសុំ​ផ្ដល់​ដំណោះស្រាយ​មួយ​ចំនួន​ដល់​ពួក​គេ នៅ​ពេល​ដែល​ពលរដ្ឋ​ក្នុង​ភូមិ​ទាំង​ពីរ​នេះ​ចំនួន ១៤៣​គ្រួសារ កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​បិទ​ទ្វារ​ទឹក​ក្នុង​សំណង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

អ្នក​ភូមិ​ដែល​ភាគច្រើន​ជា​ស្ត្រី​មាន​មួយ​ចំនួន​ស្លៀកពាក់​ជា​របៀប​ជនជាតិ​ដើម​ភាគតិច​ព្នង និង​មិន​ពាក់​ទ្រនាប់​ជើង ក្នុង​ដៃ​កាន់​បដា​ដែល​សរសេរ​ពី​សំណូមពរ​មួយ​ចំនួន លើក​បង្ហាញ​នៅ​ខាង​មុខ​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​នោះ​រួម​មាន​បញ្ឈប់​ការ​ជម្លៀស​ចេញ​ដោយ​បង្ខំ វារីអគ្គិសនី​បំផ្លាញ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច និង​បញ្ឈប់​ការ​រើសអើង​ជនជាតិ​ដើម​ភាគតិច ជាដើម។

តំណាង​ម្នាក់ លោក ឡាត់ វិបុល ថ្លែង​ថា នៅ​ក្នុង​ញត្តិ អ្នក​ភូមិ​ស្នើ​ឲ្យ​ក្រសួង​មាន​វិធានការ​ចំនួន ៥​ចំណុច គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​អាច​រស់នៅ​ក្នុង​ភូមិឋាន​ដែល​មាន​តាំង​ពី​ដូនតា​មក បើ​គាត់​ចាកចេញ គឺ​មាន​ន័យ​ថា​ធ្វើ​ឲ្យ​បាត់បង់​អត្តសញ្ញាណ វប្បធម៌ និង​ទំនៀមទម្លាប់​ពួក​គាត់​ទាំងស្រុង៖ «តំបន់​ហ្នឹង​ពួក​គាត់​អត់​អាច​ចាកចេញ​ទៅ​នៅ​ភូមិ​ថ្មី​ទេ ពីព្រោះ​ពួក​គាត់មាន​ខាង​ជំនឿ​បែប​ជនជាតិ​ដើម​ភាគតិច គឺ​គាត់​កាន់​ខាង​ផ្នូរ​ដូនតា​របស់​ពួក​គាត់ គឺ​ពួក​គាត់​អត់​អាច​បាត់​អត្តសញ្ញាណ តែ​កាលណាពួក​គាត់​ចេញ​ទៅ គឺ​វា​បាត់​អត្តសញ្ញាណ​ទាំងស្រុង ហើយ​ជនជាតិ​ភាគតិច គឺ​អាស្រ័យ​ទៅ​លើ​ព្រៃឈើ កាលណា​អត់​មាន​ព្រៃឈើ គឺ​ហាក់​បី​ដូចជា​សម្លាប់​ពួក​គាត់​ទាំងស្រុង។ ខ្ញុំ​សង្ឃឹម​ថា​ក្រសួង គាត់​នឹង​រក​វិធី​រកវិធានការ​ដើម្បី​ដោះស្រាយ​ដល់​ពួក​គាត់»

ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បិទ​ទ្វារ​ទឹក​សាកល្បង​កាល​ពី​ដើម​ខែ​សីហា ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ភូមិ​ស្រែគរ នៅ​តំបន់​ទំនាប​កម្ពស់​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ ខណៈ​ទឹក​ក្នុង​អាង​កើន​ឡើង​កម្រិត ៧១​ម៉ែត្រ​ធៀប​នឹង​នីវ៉ូ​ទឹក​សមុទ្រ។

អ្នក​ភូមិ​ម្នាក់​ទៀត លោកស្រី សារ៉ុន សុខុម លើក​ឡើង​ថា អ្នក​ភូមិ​សុខ​ចិត្ត​រស់នៅ​ក្នុង​ទីតាំង​ចាស់។ លោកស្រី​ស្នើ​អាជ្ញាធរ​កុំ​ឲ្យ​រំខាន​ការ​រស់នៅ​របស់​ពួក​គាត់ តាម​រយៈ​ការ​ដាក់​កង​កម្លាំង​រាំង​ផ្លូវ​ចេញ​ចូល​ភូមិ បញ្ឈប់​ចោទ​ប្រកាន់​អ្នក​ភូមិ​ថា​ចង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍ និង​ស្នើ​រដ្ឋាភិបាល​កាត់​បន្ថយ​កម្លាំង​ថាមពល​អគ្គិសនី​នៅ​ទំនប់​សេសាន​ក្រោម​ពីរ ដែល​លោកស្រី​ថា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​អ្នក​ភូមិ រួម​ទាំង​ធនធាន​ធម្មជាតិ​ក្នុង​ប្រព័ន្ធ​ទន្លេ​ក្នុង​តំបន់៖ «ជា​រួម​ចឹង ខ្ញុំ​មិន​ត្រូវការ​សំណង​អ្វី​ទាំងអស់ សូម្បី ២​ម៉ឺន​ដុល្លារ៥​ម៉ឺន​ដុល្លារ ក៏​ខ្ញុំ​មិន​ចេញ​ពី​ផ្នូរ​ដូនតា​របស់​ខ្ញុំ​ដែរខ្ញុំ​ស៊ូ​ថា​រស់នៅ​កន្លែង​នេះ​រហូត ហើយ​ខ្ញុំ​សូម​សំណូមពរ​ទៅ​រដ្ឋាភិបាល ថា​វារីអគ្គិសនី​ហ្នឹង​វា​ប៉ះពាល់​ដល់ពួក​ខ្ញុំ​មែន ហើយ​សុំ​សំណូមពរ​ឲ្យ​គាត់​កាត់​បន្ថយ ៤០០​មេហ្គាវ៉ាត់​មក​ទុក​ត្រឹម ២៥០​មេហ្គាវ៉ាត់​ហ្នឹង ខ្ញុំ​អាច​រស់​បាន​ហើយ»

មន្ត្រី​ជា​តំណាង​ក្រសួង​រ៉ែ និង​ថាមពល លោក សួ ប៉ុណ្ណារិទ្ធ បាន​ចេញ​មក​ជួប​អ្នក​ភូមិ និង​ទទួល​យក​ញត្តិ​របស់​ពួក​គេ ដោយ​អះអាង​ត្រឹម​ថា នឹង​យក​សំណើ​ពលរដ្ឋ​ទៅ​ជូន​មន្ត្រី​ថ្នាក់​លើ​របស់​លោក។ លោក​ថា មន្ត្រី​ក្រសួង​អាច​នឹង​ចុះ​ទៅ​ភូមិ​ទាំង​ពីរ​នេះ ដើម្បី​ជជែក​ពី​ដំណោះស្រាយ៖ «ទទួល​ញត្តិ​ហ្នឹង គឺ​ដើម្បី​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ខ្ញុំ ដើម្បី​ឆ្លង​យោបល់​គាត់ ហើយ​គាត់​នឹង​សម្រេច​ថា​យ៉ាង​ម៉េចៗ គឺ​ទៅ​ដោះស្រាយ​នៅខេត្ត​ជាមួយ​អាជ្ញាធរ​ខេត្ត»

ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គ្រោង​បិទ​ទ្វារ​ទឹក​ជា​ផ្លូវការ​ទាំងអស់​ចំនួន ១០​ទ្វារ ដើម្បី​ទប់​ទឹក​បញ្ចូល​អាង​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ហើយ​ពេល​នោះ ទឹក​នឹង​ឡើង​ខ្លាំង ដែល​នឹង​ជន់​លិច​ភូមិ​ស្រែគរ ទាំង​ស្រុង។ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ចុះ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ ប្រុង​ប្រយ័ត្ន និង​សម្រេច​ចិត្ត​ជា​ថ្មី​ទាក់ទិន​គម្រោង​ទទួល​យក​សំណង ហើយ​ចាកចេញ​ទៅ​រស់នៅ​ទីតាំង​ថ្មី។

បើ​ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចាកចេញ។ លើស​ពី​នេះ នៅ​ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​ក្រសួង​រ៉ែ និង​ថាមពល អ្នក​ភូមិ​ទាំង ១៤៣​គ្រួសារ​មក​ពី​ភូមិ​ស្រែគរ ឃុំ​ស្រែគរ និង​ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស ក៏​បាន​សុំ​ចុះ​បញ្ជី​សមូហភាព​សហគមន៍ និង​ព្រៃ​សហគមន៍​ពួក​គេ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។