សម្រាស់ហ៊ុមព័ទ្ធចាប់ត្រីក្នុងបឹងទន្លេសាបប្រមាណ ៥០កន្លែង ឋិតនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាមូលហេតុធ្វើឲ្យធនធានមច្ឆជាតិទាំងតូចទាំងធំក្នុងតំបន់នេះ ត្រូវហិនហោច។ អ្នកធ្វើចម្ការក្បែរមាត់ទន្លេ និងប្រជានេសាទខ្លះ រិះគន់អាជ្ញាធរមូលដ្ឋាន និងជំនាញជលផល ថាមិនសូវអើពើទប់ស្កាត់បទល្មើសនេសាទទាំងនេះឡើយ គឺចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៥។
ផ្ទៃទឹកបឹងទន្លេសាបនៅភូមិកណ្ដាល ដែលជនអន្តោប្រវេសន៍វៀតណាម ធ្លាប់តាំងទីលំនៅ និងដាក់ប៊ែរត្រីចិញ្ចឹមក្រោមផ្ទះ បានក្លាយជាទីតាំងហ៊ុមសម្រាស់ជំនួសវិញ បន្ទាប់ពីជនជាតិវៀតណាម ទាំងនោះ ចាកចេញទៅរស់នៅទីតាំងថ្មី កាលពីចុងឆ្នាំ២០១៥។ សម្រាស់ភាគច្រើន បានបង្កប់នៅក្រោមដើមកំប្លោកដែលអណ្ដែតទឹក ហើយជនល្មើសតែងតែហ៊ុមអួនចាប់ត្រីនៅពេលល្ងាច ឬពេលយប់។
ពលរដ្ឋធ្វើចម្ការ និងអ្នកនេសាទខ្លះ ឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ថា សកម្មភាពដាក់សម្រាស់នេះកើតមានតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែពុំមានអាជ្ញាធរ ឬមន្ត្រីជំនាញជលផលចុះទប់ស្កាត់ឡើយ។
អ្នកធ្វើចម្ការម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា អ្នកដាក់សម្រាស់ និងប៊ែរត្រីភាគច្រើន គឺជាជនជាតិវៀតណាម ហើយសម្រាស់ទាំងនោះគេបានហ៊ុមអួនយកត្រីទាំងតូចទាំងធំជាច្រើនដងហើយ។ លោកស្រីបារម្ភថា បើសម្រាស់ និងបទល្មើសនេសាទកើតមានច្រើនដូចសព្វថ្ងៃនេះ ធនធានមច្ឆជាតិនឹងបាត់បង់អស់ ខណៈកសិកររកទិញត្រីធ្វើប្រហុក ឬផ្អកស្ទើរលែងបានហើយនោះ៖ « ឃើញចេះតែឃើញហើយ តែអត់ហ៊ាននិយាយ។ ខ្លាចវាស្អប់ ហើយធ្វើបាបខ្ញុំ។ អ្នកដាក់សម្រាស់ និងប៊ែរហ្នឹងជាជនជាតិវៀតណាម។ វាធ្វើប៊ែរធំៗដាក់ ដោយយកក្រណាត់ឈឹបរុំសងខាងទៅ ហើយយកទៅជ្រមុជកណ្ដាលទន្លេ ហើយយកដើមកំប្លោកគ្របពីលើ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សោម ភិរុណ ដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧ ខែកុម្ភៈ ដោយទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល ប៉ុន្តែកន្លងទៅ លោកធ្លាប់បញ្ជាក់ថា បទល្មើសដាក់សម្រាស់តែងតែកើតមាននៅតាមដងទន្លេមែន ពិសេសនៅរដូវប្រាំងទឹកស្រក ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក៏ចុះកម្ទេចសម្រាស់ទាំងនោះដូចភ្លៀងរលឹមដែរ។
ច្បាប់ស្ដីពីជលផលឆ្នាំ២០០៦ បានហាមឃាត់ដាច់ខាតចំពោះការនេសាទដាក់សម្រាស់ ឬមធ្យោបាយផ្សេងទៀត ដែលធ្វើឲ្យត្រី ឬវារីសត្វកុំ។ ត្រង់មាត្រា១០០ នៃច្បាប់ដដែលបានចែងថា ជនណាដែលប្រព្រឹត្តខុសត្រង់ប្រការនេះ នឹងត្រូវផ្ដន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀលទៅ ៥០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។