សមាគម​អភិរក្ស​សត្វ​ព្រៃ និង​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បញ្ជូន​សត្វ​ត្រដក់​ចំនួន ៥ក្បាល ទៅ​រក្សា​ទុក​ នៅ​ខេត្ត​សៀមរាប

ដោយ សន ចាន់រដ្ឋា
2019-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សត្វ​ត្រដក់​ដែល​នឹងបញ្ជូនទៅមជ្ឈមណ្ឌល​អង្គរ​ សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប។
សត្វ​ត្រដក់​ដែល​នឹងបញ្ជូនទៅមជ្ឈមណ្ឌល​អង្គរ​ សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប។
រូបថតដោយ៖ សមាគមអភិរក្សសត្វព្រៃ

សមាគម​អភិរក្ស​សត្វព្រៃ​ និង​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី​បញ្ជូន​សត្វ​ត្រដក់​ចំនួន​ ៥ក្បាល​ទៅកាន់​មជ្ឈមណ្ឌល​អង្គរ​ សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប​ដើម្បី​ចិញ្ចឹម​ និង​ថែរក្សា​។បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ សមាគម​អភិរក្ស​សត្វព្រៃ​ ផ្សាយ​នៅ​ថ្ងៃទី​ ០៩​ ខែឧសភា​ ឱ្យ​ដឹង​ថា​សត្វ​ត្រដក់​ទាំងអស់​នេះ​ ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​រឹបអូស​បាន​កាលពី​ខែមេសា​ និង​ខ្លះទៀត​គឺ​បាន​ពី​ប្រជា​សហគមន៍​ ដែល​យក​សត្វ​ប្រភេទ​នេះ​ ទៅ​ចិញ្ចឹម​។

សមាគម​អភិរក្ស​សត្វព្រៃ​ ឱ្យ​ដឹង​ថា​សត្វ​ត្រដក់​នេះ​ស្ថិត​ក្នុង​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការ​គំរាម​កំហែង​។សត្វ​ត្រដក់​ទាំងនេះ​រង​ការ​គំរាម​កំហែង​ដោយសារ​ការ​នេសាទ​ និង​ការ​បំផ្លិចបំផ្លាញ​នៅ​តំបន់ដីសើម​ ដែល​ជាទី​ជម្រក​ធម្មជាតិ​របស់​វា​។

ក្រៅពី​នេះ​ សត្វ​ត្រដក់​ក៏​រង​ការ​គំរាមកំហែង​ដោយសារ​ការ​បរបាញ់​ និង​ការលក់ដូរ​ទៅក្រៅ​ប្រទេស​ផង​ដែរ​។

ស្ថាប័ន​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​IUCN​ បាន​ដាក់បញ្ចូល​សត្វ​ត្រដក់​នេះ​ទៅ​ក្នុង​បញ្ជី​ក្រហម​របស់​ខ្លួន​ក្នុង​ប្រភេទ​សត្វ​កំពុង​រង​ការ​គំរាមកំហែង​។

របាយការណ៍​ណ៍​របស់​អង្គការ​ IUCN​ ក៏បាន​បង្ហាញថា​សត្វ​ត្រដក់​នេះ​មាន​ចំនួន​ចន្លោះ​ពី​ប្រាំ​ពាន់​ក្បាល​ ទៅ​មួយ​ម៉ឺន​ក្បាល​តែប៉ុណ្ណោះ​។របាយការណ៍​ណ៍​ដដែល​ក៏បាន​រក​ឃើញថា​ សត្វ​ត្រដក់​នេះ​មានតែ​នៅ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ​ដូចជា​កម្ពុជា​ វៀតណាម​ ឡាវ​ ថៃ​ មីយ៉ាន់ម៉ា​ ស្រី​លង្ការ​ ប្រុយ​ណេ​ បង់​ក្លា​ដែស​ ឥណ្ឌា​ឥណ្ឌូ​នេ​ស៊ី​ នេប៉ាល់​ ម៉ាឡេស៊ី​ សិង្ហបុរី​ និង​មាន​ខ្លះ​នៅ​ប្រទេស​ចិន​ ប៉ុន្តែ​បច្ចុប្បន្ន​សត្វ​ត្រដក់​នេះ​បាន​ផុតពូជ​ទៅ​ហើយពី​ប្រទេស​សិង្ហបុរី​ ហើយ​អាច​នឹង​ផុតពូជ​នា​ពេល​ខាងមុខ​ពី​ប្រទេស​ចិន​ផង​ដែរ​។

ទោះ​យ៉ាងណា​បើ​តាម​របាយការណ៍​ណ៍​របស់​អង្គការ​ IUCN​ បង្ហាញថា​ចំនួន​នៃ​សត្វ​ត្រដក់​ភាគច្រើន​គឺ​មាននៅ​កម្ពុជា​ចន្លោះ​ពី​បី​ពាន់​ក្បាល​ ទៅ​ប្រាំពីរ​ពាន់​ក្បាល​។

សត្វ​ត្រដក់​ជា​ប្រភេទ​បក្សី​ដែល​មាន​កម្ពស់​ជាង​មួយ​ម៉ែត្រ​ និង​មាន​ទម្ងន់​ដល់ទៅ​ ប្រាំមួយ​គីឡូក្រាម​។ សត្វ​ប្រភេទ​នេះ​មាន​សម្បូរ​តែ​នៅ​តាម​ដំបន់​ដីសើម​ និង​តែងតែ​ស៊ី​ពពួក​ថនិក​សត្វ​តូច​ៗ សត្វ​បែប​កកេរ​ សត្វ​ត្រី​កង្កែប​ និង​សត្វ​ល្មូន​ជាដើម​ ជា​អាហារ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល