ក្រុមយុវជន និងអង្គការសង្គមស៊ីវិល ដែលបានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅរសៀលថ្ងៃទី៥ មិថុនា ដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោក ជំរុញឲ្យតុលាការខេត្តកោះកុង ដោះលែងសកម្មជនបរិស្ថាន ៣នាក់នៃអង្គការមាតាធម្មជាតិ។
ពួកគេថ្លែងថា ការចាប់ឃុំខ្លួនសកម្មជនជាយុវជនទាំង ៣នាក់នេះ គឺជាចេតនាគំរាមកំហែងដល់យុវជនដទៃទៀត មិនឲ្យចូលរួមជួយការពារបរិស្ថាន និងធនធានធម្មជាតិ៖ «យើងចង់ ផ្ញើឲ្យ រាជរដ្ឋាភិបាល និងតុលាការខេត្តកោះកុង សូមធ្វើការ ពិចារណាសាជា ថ្មីក្នុងការដោះលែង សកម្មជនចលនា មាតាធម្មជាតិទាំង ៣នាក់ឲ្ យមានសេរីភាពឡើងវិញ ដើម្បីជួបជុំគ្រួសារ បន្តការសិក្សា ហើយនិងធ្វើការការពារធនធានធម្មជាតិ តទៅ ទៀត ពីព្រោះមកទល់នឹងបច្ចុប្បន្ន ពួកគាត់ត្រូវបាន ឃុំខ្លួន ដោយតុលាការខេត្តកោះកុង អស់រយៈពេលជិត ៨ខែហើយ»។
សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិទាំង ៣នាក់រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង។ ពួកគេត្រូវបានតុលាការខេត្តកោះកុង សម្រេចឃុំខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។
ក្រៅពីនេះ ក្រុមយុវជនក៏ស្នើដល់រដ្ឋាភិបាលអនុវត្តស្តង់ដារតែមួយ ចំពោះកិច្ចចូលរួមការពារបរិស្ថាន ដោយមិនត្រូវលើកទឹកចិត្តតែក្រុមយុវជនណាដែលមានសម្ព័ន្ធភាពជិតស្និទ្ធនឹងខ្លួន ហើយធ្វើទុក្ខបុកម្នេញចំពោះសកម្មជន និងយុវជនទាំងឡាយណាដែលមិនគាំទ្រខ្លួន ឬដែលមានជំហរអព្យាក្រឹត្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។