ក្រុម​យុវជន​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​តំបន់​ព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន

ដោយ យ៉ង ចាន់តារា
2017.02.26
យុវជន​ទៅ​ខេត្ត​ព្រះវិហារ ២០១៦ ៨៥៥ ក្រុម​យុវជន​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វាយ.អ.ឌី.ភី (YRDP) ធ្វើ​ទស្សនកិច្ច​សិក្សា​រយៈពេល ៤​ថ្ងៃ នៅ​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

ក្រុម​យុវជន​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​មួយ​ស្តី​អំពី “ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ” ទៅ​កាន់​តំបន់​ព្រៃ “សង្ឃ​សហគមន៍​រុក្ខ​វ័ន” ខេត្ត​ឧត្តរមានជ័យ នៅ​ខែ​មីនា ខាង​មុខ។ អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ មាន​គោលដៅ​ពង្រឹង​ការ​យល់​ដឹង​អំពី​តួនាទី​ស្ត្រី និង​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ពី​សំឡេង​ស្ត្រី​ក្នុង​សហគមន៍​ដើម្បី​ថែរក្សា​ព្រៃ​ឈើ។

ដំណើរ​ទស្សនកិច្ច​សិក្សា​ស្ដីពី “ការ​លើក​កម្ពស់​ស្ត្រី​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ” ទៅ​កាន់​តំបន់​ព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន នៅ​ខេត្ត​ឧត្តរមានជ័យ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែ​មីនា ខាង​មុខ។

កម្មវិធី​នេះ​ផ្ដួចផ្ដើម​ឡើង​ដោយ​បណ្ដាញ​ស្ម័គ្រ​ចិត្ត​នៃ​សហគ្រិនភាព​យុវជន​បៃតង (GYE) ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​សង្គម (KYSD) និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​អ៊ុកហ្វាម (OXFAM)

អ្នក​រៀបចំ​កម្មវិធី លោក ឃី ពិសី បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា កម្មវិធី​នេះ​មាន​គោល​បំណង​ចែក​រំលែក​បទពិសោធន៍​អំពី​បញ្ហា​ប្រឈម និង​ភាព​ជោគជ័យ​របស់​ស្ត្រី​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ និង​បង្កើន​ការ​យល់​ដឹង​អំពី​តួនាទី​របស់​ខ្លួន​តាម​រយៈ​ការ​រៀបចំ​ជា​វេទិកា​ពិភាក្សា​រវាង​អាជ្ញាធរ និង​ប្រជា​សហគមន៍។ ក្រៅ​ពី​នេះ ទស្សនកិច្ច​សិក្សា​នេះ​ក៏​ផ្តល់​ឱកាស​ដល់​យុវជន​វ័យ​ក្មេង​ក្នុង​ការ​សិក្សា​ស្វែងយល់​អំពី​ផល​ប៉ះពាល់ ដែល​បណ្ដាល​មក​ពី​ការ​បាត់បង់​ព្រៃ​ឈើ និង​វិធីសាស្ត្រ​ក្នុង​ការ​ថែរក្សា​ព្រៃ​ឈើ​តាម​រយៈ​ការ​ចុះ​ទៅ​មើល​ស្ថានភាព​ព្រៃ​ជាក់ស្តែង«ពេល​ដែល​យើង​សម្រេច​ចិត្ត​ថា​ជ្រើសរើស​យក​ព្រៃ​សង្ឃ​រុក្ខ​វ័ន យើង​បាន​យល់ និង​បាន​ដឹង​ព័ត៌មាន​នៃ​តំបន់​ហ្នឹង​ថា កន្លែង​ហ្នឹង​គឺ​មាន​បទល្មើស​ព្រៃ​ឈើ​ច្រើន ហើយ​ក៏​យើង​ចង់​ផ្សព្វផ្សាយ​ដល់​សហគមន៍​អន្តរជាតិ ឬ​ក៏​រដ្ឋាភិបាល​ទៅ​កាន់​យុវជន​ឲ្យ​គាត់​ដឹង​ថា សហគមន៍​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មែន​មាន​តែ​ព្រៃ​ឡង់ ឬ​ក៏​អារ៉ែង​ដែល​ពួក​គាត់​ធ្លាប់​តែ​ឮ​នោះ​ទេ។ យើង​មាន​សហគមន៍​ព្រៃ​ឈើ​ផ្សេងៗ​ទៀត​ច្រើន​លើស​ពី​ហ្នឹង​ទៀត ហើយ​ក៏​យើង​ចង់​ជំរុញ​អ្នក​ដែល​នៅ​ក្នុង​មូលដ្ឋាន​តែ​ម្តង ឲ្យ​គាត់​មាន​ស្មារតី​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​របស់​គាត់ មិន​ចាំបាច់​ទាល់​តែ​ថា​មាន​លុយ​ពី​ខាង​ក្រៅ​មក ទើប​គាត់​អាច​ការពារ​បាន​នោះ​ទេ»

លោក​បញ្ជាក់​ថា អ្នក​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ នឹង​មាន​ចំនួន ៦០​នាក់ ដែល​ក្នុង​នោះ​រួម​មាន ប្រជា​សហគមន៍ សកម្មជន​បរិស្ថាន សកម្មជន​ព្រៃ​ឈើ យុវជន និង​សិស្ស​និស្សិត។ យុវជន និង​សិស្ស​និស្សិត តម្រូវ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​បណ្ដាញ​ស្ម័គ្រ​ចិត្ត​នៃ​សហគ្រិនភាព​យុវជន​បៃតង ដែល​ស្ថិត​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បន្ទាប់​មក​ត្រូវ​ឆ្លង​កាត់​ការ​ជ្រើសរើស​ពី​អ្នក​រៀបចំ​កម្មវិធី។ កាលបរិច្ឆេទ​ចុះ​ឈ្មោះ នឹង​ផុត​កំណត់​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា វេលា​ម៉ោង ៥​ល្ងាច ហើយ​មាន​តែ​អ្នក​ជាប់​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ទាក់ទង​ឲ្យ​ចូលរួម

ព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន ត្រូវ​បាន​បង្កើត​ឡើង និង​ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨។ ព្រៃ​នេះ​មាន​ទំហំ​ជាង ១​ម៉ឺន ៨​ពាន់​ហិកតារ (១៨.២៦១​ហិកតារ) ដែល​ផ្ទៃដី​ភាគច្រើន​គ្រប​ដណ្ដប់​លើ​ខេត្ត​ឧត្តរមានជ័យ និង​មួយ​ចំនួន​ទៀត​គ្រប​ដណ្ដប់​លើ​ខេត្ត​សៀមរាប។ ព្រៃ​សហគមន៍​នេះ ជា​ទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​តំបន់​ជុំវិញ និង​មក​ពី​តំបន់​ដទៃ​ទៀត។

ព្រះ​មេគណ​ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​សង្ឃ​សហគមន៍​រុក្ខ​វ័ន ព្រះ​គ្រូ ប៊ុន សាលួត មាន​ព្រះ​ថេរ​ដីកា​ថា បច្ចុប្បន្ន​ព្រៃ​នេះ​កំពុង​រង​ការ​គំរាម​កំហែង​ពី​បទល្មើស​នានា ដូចជា​ការ​លួច​កាប់​ឈើ និង​ការ​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់«រដូវ​នេះ បញ្ហា​ធំ​ជាង​គេ​ទី​មួយ គឺ​ភ្លើង​ព្រៃ ហើយ​បញ្ហា​ទី​ពីរ គឺ​ការ​លួច​កាប់​ឈើ​ប្រណីត។ បញ្ហា​ទី​បី គឺ​ការ​ដាក់​អន្ទាក់​សត្វ។ ត្រង់​ដាក់​អន្ទាក់​សត្វ​មាន​បី​ករណី​ណា​ញោម មាន​ដាក់​អន្ទាក់ ឆក់ និង​លួច​បរបាញ់។ បើ​ករណី​អារ​ឈើ លួច​ឈើ មាន​ឈើ​ប្រណីត​តែ​ម្យ៉ាង​ទេ គឺ​ឈើ​ធ្នង់។ ក្នុង​ព្រៃ​ទាំង​ជាង ១៨.២៦១​ហិកតារ​នេះ បើ​យើង​គិត​ក្នុង​មួយ​ខែ ដើម​ឈើ​យើង​ក៏​បាត់បង់​ក្នុង​បទល្មើស​ព្រៃ​ឈើ​ចាប់​ពី ២០ ទៅ ៣០​ដើម»

ទោះ​បី​ជា​យ៉ាង​ណា ព្រះអង្គ ប៊ុន សាលួត មាន​ព្រះ​ថេរ​ដីកា​ថា ការ​នាំ​យុវជន​ឲ្យ​ស្គាល់​តំបន់​ព្រៃ​នេះ មាន​សារសំខាន់​យ៉ាង​ខ្លាំង ពីព្រោះ​អាច​ឲ្យ​យុវជន​ទទួល​បាន​ចំណេះ​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ព្រៃ​ឈើ និង​យល់​ដឹង​អំពី​កិច្ច​ការពារ​ព្រៃ​ឈើ ហើយ​ពួក​គេ​អាច​យក​ចំណេះ​ដឹង​ទាំងនេះ​ទៅ​ចែក​រំលែក​ដល់​សហគមន៍ និង​សង្គម​របស់​ពួក​គេ​វិញ។

ទាក់ទង​បញ្ហា​ព្រៃ​ឈើ​នេះ​ដែរ កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ ក្រុម​ស្រាវជ្រាវ​នៃ​អង្គការ​ណាសា (NASA) សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​រូបភាព​ជាច្រើន​ថត​ដោយ​ផ្កាយ​រណប​ពី​ទី​អវកាស​មក​ថា ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា កំពុង​បាត់បង់​ក្នុង​ល្បឿន​លឿន​ខ្លាំង ហើយ​កម្ពុជា ស្ថិត​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​អត្រា​ការ​កាប់​ព្រៃ​ឈើ​លឿន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ដោយ​ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៤ កម្ពុជា បាន​បាត់បង់​ព្រៃ​ឈើ​អស់​ជាង ១,៤​លាន​ហិកតារ (,៤៤​លាន​ហិកតារ) ឬ​ជាង ១៤,៤​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។