រដ្ឋបាល​ព្រៃ​ឈើ​យក​ដើម​គ្រញូង​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​រក្សា​ទុក​បណ្ដោះអាសន្ន

ដោយ ហង្ស សាវយុត
2016-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​តម្រៀប​កំណាត់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ ដែល​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​នៅ​ក្នុង​តំបន់​អង្គរធំ រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី ខេត្ត​សៀមរាប ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
ក្រុម​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​តម្រៀប​កំណាត់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ ដែល​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​នៅ​ក្នុង​តំបន់​អង្គរធំ រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី ខេត្ត​សៀមរាប ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ករណី​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃ​ឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​របស់​អាជ្ញាធរ​អប្សរា កាប់​រំលំ​ឈើ​គ្រញូង​មួយ​ដើម​មាន​អាយុ​ជាង ២០០​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ នៅ​តែ​ជា​រឿង​ដ៏​ក្តៅ​គគុក ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ ព្រម​ទាំង​មជ្ឈដ្ឋាន​ជាច្រើន​ទៀត​ដែល​លេង​តាម​បណ្ដា​សង្គម​ហ្វេសប៊ុក (Facebook) ផង។

មន្ត្រី​ជំនាញ​ផ្នែក​ការពារ​ព្រៃ​ឈើ ឲ្យ​ដឹង​ថា ច្បាប់​បាន​ចាត់​ទុក​ឈើ​គ្រញូង​ជា​ឈើ​កម្រ ហើយ​មាន​តម្លៃ ប្រសិន​បើ​ជន​ណា​កាប់​បំផ្លាញ គឺ​អាច​នឹង​ត្រូវ​ច្បាប់​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​ទៅ ១០០​លាន​រៀល។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ទីរ​បរិស្ថាន កំពុង​ធ្វើ​កំណត់​ហេតុ​សាក្សី ដើម្បី​ចងក្រង​ជា​ឯកសារ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​ករណី​ដែល​មន្ត្រី​អាជ្ញាធរ​អប្សរា អារ​រំលំ​ឈើ​គ្រញូង​មួយ​ដើម​ដែល​មាន​អាយុ​ជាង ២០០​ឆ្នាំ ក្នុង​ឧទ្យាន​អង្គរធំ​នោះ ថា​តើ​គួរ​តែ​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​ទៅ​តុលាការ ឬ​ក៏​យ៉ាង​ណា?

នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី គឺ​លោក ម៉ុង ប៊ុនលីម។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​វិច្ឆិកា ថា មន្ត្រី​របស់​លោក​ដែល​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន ព្រម​ទាំង​កម្លាំង​យោធា​ខ្លះ បាន​នាំ​យក​ឈើ​គ្រញូង​មុខ​កាត់​ទំហំ ៩​តឹក និង​កម្ពស់ ១៥​ម៉ែត្រ​នោះ ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។ លោក ម៉ុង ប៊ុនលីម បញ្ជាក់​ថា មន្ត្រី​របស់​លោក​ក៏​កំពុង​ធ្វើ​កំណត់​ហេតុ​នានា​ជុំវិញ​ការ​កាប់​រំលំ​ដើម​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ ដើម្បី​ដាក់​ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​បន្ត៖ «ស៊ើប​អង្កេត​នោះ​នឹង​បន្ត​ទៀត កសាង​សំណុំ​រឿង​ដើម្បី​វែក​មុខ​រក​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា អ្នក​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ជាច្រើន​នាក់​បាន​ខឹងសម្បា​យ៉ាង​ខ្លាំង ហើយ​លើក​គ្នា​ទៅ​កាន់​កន្លែង​ដើម​គ្រញូង​មួយ​ដើម ដែល​ពួក​គេ​តែងតែ​គោរព​បូជា។ ក្រុម​អ្នក​ភូមិ​ចោទ​ប្រកាន់​មន្ត្រី​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌​របស់​អាជ្ញាធរ​អប្សរា ថា​ជា​អ្នក​អារ​រំលំ​ដើម​គ្រញូង​នោះ ដោយ​មាន​បុរស​ម្នាក់​ឈ្មោះ ចេវ ផល ជា​អ្នក​បញ្ជា។ ចំណែក​មន្ត្រី​អាជ្ញាធរ​អប្សរា​វិញ បាន​ព្យាយាម​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ដោយ​ការពារ​ខ្លួន។

កំណាត់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ ដែល​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​នៅ​ក្នុង​តំបន់​អង្គរធំ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី ខេត្ត​សៀមរាប ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth
កំណាត់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ ដែល​ត្រូវ​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​រំលំ​នៅ​ក្នុង​តំបន់​អង្គរធំ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី ខេត្ត​សៀមរាប ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hang Savyouth RFA/Hang Savyouth

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ទទួល​ស្គាល់​ថា ឈើ​គ្រញូង​មួយ​ដើម​នៅ​ក្នុង​ឧទ្យាន​អង្គរធំ​នោះ គឺ​ពិត​ជា​មន្ត្រី​ការិយាល័យ​បរិស្ថាន​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃ​ឈើ ទេសភាព​វប្បធម៌​របស់​អាជ្ញាធរ​អប្សរា កាប់​មែន។ មូលហេតុ​ដែល​កាប់​នោះ ដោយសារ​តែ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា មាន​ជន​ខិលខូច​ទៅ​លួច​កាប់​ជិត​ដាច់​ទៅ​ហើយ។

លោក ឡុង កុសល បង្ហាញ​ការ​ជឿជាក់​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​ធ្វើ​ការងារ​ផ្នែក​គ្រប់គ្រង​ព្រៃ​ឈើ​នោះ ក៏​មាន​វិជ្ជាជីវៈ និង​មនសិការ​ខ្ពស់​ដែរ មិន​មែន​ឲ្យ​តែ​ឃើញ​ដើម​គ្រញូង ចេះ​តែ​កាប់ៗ​នោះ​ទេ៖ «បើ​ទុក​នៅ​ទីនោះ​ទៀត បើ​ខ្យល់​ខ្លាំង​ដើម​នោះ​ប្រាកដ​ជា​បាក់ ហើយ​បើ​បាក់ មិន​ដឹង​ថា​ត្រូវ​សង្កត់​មនុស្ស ឬ​ក៏​ទ្រព្យ​សម្បត្តិ​សាធារណៈ​អ្វី​ឡើយ»

លោក ឡុង កុសល បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ការ​កាប់​រំលំ​រួច គឺ​អាជ្ញាធរ​អប្សរា​បាន​ធ្វើ​លិខិត​ស្នាម​ប្រគល់​ឈើ​នោះ​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​គោកចក ត្រឹមត្រូវ។

ក៏ប៉ុន្តែ​ចៅ​សង្កាត់​ស្ដីទី​នៃ​សង្កាត់​គោកចក អ្នកស្រី យឹម ផល្លី បាន​បដិសេធ​ថា កាល​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា​កាប់​ឈើ​គ្រញូង​នោះ មិន​មាន​ប្រាប់​សង្កាត់​ឲ្យ​ដឹង​ទេ។ អ្នកស្រី យឹម ផល្លី បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​ក្រុមប្រឹក្សា​សង្កាត់​គោកចក ឬ​ក៏​មេ​ភូមិ​ណា​មួយ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សកម្មភាព​កាប់​ឈើ​គ្រញូង​ដោយ​មន្ត្រី​អាជ្ញាធរ​អប្សរា​នោះ​ទេ។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឲ្យ​ដឹង​ថា យោង​តាម​ច្បាប់​គ្រប់គ្រង​ព្រៃ​ឈើ និង​បទបញ្ជា​០២ របស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ស្ដីពី​ការ​ទប់ស្កាត់ ការ​បង្ក្រាប ដឹក​ជញ្ជូន ស្ដុក​ទុក និង​នាំ​ចេញ​ឈើ​គ្រញូង បាន​ចាត់​ទុក​ឈើ​ប្រភេទ​នេះ​ជា​ឈើ​កម្រ និង​មាន​តម្លៃ​បំផុត។ ជន​ណា​ដែល​កាប់​ឈើ​គ្រញូង អាច​នឹង​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​ទៅ ១០០​លាន​រៀល។

ទោះ​បី​ជា​យ៉ាង​ណា មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​នឹង​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​ដើម​គ្រញូង​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល