ឧកញ៉ា គង់ ក្រឹង និង​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​ករណី​បទ​ល្មើស​ព្រៃឈើ

ដោយ វ៉ែន សុមេធ
2019.08.15
គង់ ក្រឹង ព្រៃឈើ ៦២២ គណៈកម្មការ​ជាតិ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ទាក់ទិន​បទល្មើស​ព្រៃឈើ​គឺ​ឧកញ៉ា គង់ ក្រឹង (ឆ្វេង) និង​បុរស​ម្នាក់ទៀត ឈ្មោះ ម៉ាត់ ណាស៊ាត (ស្ដាំ) នៅ​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៩​។
Photo courtesy of GRK News Facebook

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ អេង ហ៊ី បាន​ប្រាប់​អាស៊ីសេរី នៅ​យប់​ម៉ោង ៨ ថ្ងៃទី ១៥ សីហា​ថា គណៈកម្មការ​ជាតិ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ទាក់ទិន​បទល្មើស​ព្រៃឈើ​គឺ​ឧកញ៉ា គង់ ក្រឹង និង​បុរស​ម្នាក់ទៀត ឈ្មោះ ម៉ាត់ ណាស៊ាត។ លោក​ថា ការ​ឃាត់ខ្លួន​នេះ ក្រោយពី​មាន​បទបញ្ជា​ផ្ទាល់​ពី​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា និង​មាន​ការ​ចូលរួម​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្រចេះ។

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​សួរចម្លើយ ឧកញ៉ា គង់ ក្រឹង នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ពេញ​មួយថ្ងៃ​នៅ​ថ្ងៃ​ទី១៥ ខែ​សីហា​នេះ ទាក់ទិន​បទល្មើស​ព្រៃឈើ។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បដិសេធ​មិន​បញ្ជាក់ ពី​លទ្ធផល​នៃ​ការសាកសួរ ឧកញ៉ា គង់ ក្រឹង ទាក់ទិន​បទល្មើស​ព្រៃឈើ​បែប​ណា​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី១៥ ខែ​សីហា នេះ ដោយ​លើក​ហេតុផល​ថា ខ្លាច​ប៉ះពាល់​ដល់​សិទ្ធិ​ជនសង្ស័យ​។ លោក​ថា គណៈកម្មការ​ជំនាញ​នឹង​បង្ហាញ​លទ្ធផល​នៅ​ពេល​ក្រោយ បន្ទាប់ពី​ធ្វើ​ការ​ស៊ើបអង្កេត និង​សាកសួរ​ចប់​សព្វគ្រប់។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន កំពុង​ចាំ​អ៊ុត​មើល យ៉ាង​យកចិត្តទុកដាក់ ពី​ប្រសិទ្ធភាព អនុវត្ត​ច្បាប់​ព្រៃឈើ របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ថា​តើ ហ៊ាន​ឃុំខ្លួន​ឧកញ៉ា គង់ ក្រឹង អនុវត្ត​តាម​ច្បាប់ ឬ​យ៉ាង​ទេ?

ឧកញ៉ា គង់ ក្រឹង ត្រូវ​បាន​ក្រុម​សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​ចោទ​ប្រកាន់​ថា ជា​មេខ្លោង​រត់ពន្ធ​ឈើ​ដ៏​ល្បីល្បាញ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ឧកញ៉ា​រូប​នេះ​បាន ប្រមូល​ទិញ​ឈើ​ពី​ក្រុម​កម្មករ និង​ប្រជាពលរដ្ឋ​គ្រប់​តំបន់​នៅ​ខេត្ត​ភាគ​ឦសាន ដែល​ដឹកជញ្ជូន​តាម​ម៉ូតូ រថយន្ត និង​គោយន្ត​ជាដើម​មក​ស្តុក​ទុក​ក្នុង​ដេប៉ូ និង​ផ្ទះ​របស់​លោក​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ រួច​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ និង​ច្រក​របៀង​ដេបី (D3)

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ អះអាង​ថា ឧកញ៉ា​រូប​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ៣​ប្រភេទ​រួមមាន ការ​ប្រមូលទិញ​ឈើ និង​រត់ពន្ធ​ឈើ​ឆ្លងដែន​ខុសច្បាប់ ការ​សូកប៉ាន់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ការ​លួច​បើក​ច្រក​របៀង​ព្រំដែន​សម្រាប់​នាំ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ក្នុងស្រុក​ស្នូល​ខេត្ត​ក្រចេះ។ លោក​ថា អាជ្ញាយុកាល​នៃ​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ មាន​រយៈពេល ១៥ ឆ្នាំ ហើយ​ក្នុង​រង្វង់​ជាង ១៥​ឆ្នាំនេះ តុលាការ និង​គណៈកម្មការ​ជំនាញ​ត្រូវ​ស៊ើបអង្កេត​រក​បទល្មើស​ចាស់ៗ មក​អនុវត្ត​ច្បាប់ បូក​ផ្សំ​បទ​ថ្មីៗ​ទៀត​៖ «អ្វី​ដែល​គាត់​ប្រព្រឹត្ត​ពី​អតីតកាល​មក គេ​ស្រាវជ្រាវ​ឃើញ​ទាំងអស់​អ៊ីចឹង តាម​ផ្លូវ​ច្បាប់​។ ហ្នឹងហើយ​ដែល​ច្បាប់​ចែង ដើម្បី​ទប់ស្កាត់​ថា អ្នកណា​ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ពុំ​មែន​រួចខ្លួន​ទេ ធ្វើ​រួច​មួយ​ឆ្នាំ រួច​ខ្លួន​អត់​ទេ វា ១៥ ឆ្នាំ​បាន​រួច​ខ្លួន​។ កាលណា​យើង​ជាប់​ហើយ យើង​ត្រូវ​ស្រាវជ្រាវ​តាំង​ពី​ដើម​មក»

ទាក់ទិន​ការ​លើកឡើង​នេះ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ លោក ហេង ហ៊ី ឆ្លើយ​ថា បទល្មើស​ចាស់ៗ ពុំ​មែន​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ជំនាញ​ទេ ជា​តួនាទី​អយ្យការ និង​តុលាការ​។ លោក​ថា គណៈកម្មការ​ជំនាញ បាន​ចុះ​ដល់​ទីតាំង​សន្និធិ ឬ​ឃ្លាំង របស់​ឧកញ៉ា គង់ ក្រឹង ពុំ​ឃើញ​មាន​ឈើ​ក្នុង​ឃ្លាំង​ទេ។ លោក​បន្ថែម​ថា គណៈកម្មការ​ជាតិ​កំពុង​ស៊ើបអង្កេត ការ​លួច​បើក​ច្រក​ព្រំដែន​តូចៗ ក្នុងស្រុក​ស្នូល របស់​ឧកញ៉ា​រូប​នេះ​ដែរ៖ «យើង​អត់​ទាន​មាន​រឹបអូស​អី​ទេ ព្រោះ​ពេល​យើង​ចុះទៅ​អត់​ឃើញ​ឈើ​។ កន្លែង​សន្និធិ​មួយ​ចំនួន​តែ​វា អត់​ឈើ។ យើង​ក៏​ដាក់​សំណួរ​ថា តើ​រោង​សន្និធិ សម្រាប់​ចែកចាយ តែ​អត់​ឈើ​ជា​រោង​អី? សំខាន់​គឺ​ស្រាវជ្រាវ​បន្ត អត់​ទី​ទេ ទោះបី​ជម្លៀស​ឈើ​ចេញ​យ៉ាងណា ឱ្យ​តែ​មាន​ភស្តុតាង​។ វា​ពាក់ព័ន្ធ​បទល្មើស ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក៏​ច្បាប់​មាន​ចែង​ដែរ»

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា លោក គង់ ក្រឹង គឺជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ ៥ មានទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ និង​មាន​សណ្ឋាគារ​មួយ​កន្លែង​នៅ​ស្រុក​ស្នួល។ ពួកគេ​អះអាង​ទៀត​ថា ជាច្រើន​ឆ្នាំ​មក​នេះ ឧកញ៉ា​រូប​នេះ បាន​ជះ​លុយ​រាប់​ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែៗ ដើម្បី​សូកប៉ាន់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជា​ថ្នូរ​អនុញ្ញាត​សកម្មភាព​រត់ពន្ធ​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម។ ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​តឹងរ៉ឹង ដល់​ក្រុម​ឧកញ៉ា​រូប​នេះ និង​ក្រុម​ឧកញ៉ា​ដទៃ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។