ស្រូវ​ជាង​៦០​ហិកតារ​នៅ​ស្រុក​កណ្ដាលស្ទឹង​កំពុង​ខ្វះ​ទឹក

ស្រូវ​វស្សា​ជាង ៦០​ហិកតារ នៅ​ឃុំ​បាគូ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល កំពុង​ខ្វះ​ទឹក ដោយសារ​ក្រសួង​ធនធាន​ទឹក​បញ្ជា​ឲ្យ​បិទ​ទឹក​ប្រឡាយ​មេ​លេខ ៦៣ ដើម្បី​ជួសជុល។ ប៉ុន្តែ​មន្ត្រី​ធនធាន​ទឹក​អះអាង​ថា ដល់​រដូវ​ជួសជុល​ប្រឡាយ​មេ​នោះ​ហើយ មិន​អាច​ពន្យារ​បើក​ទឹក​ប្រឡាយ​ឲ្យ​ប្រើ​បាន​បន្ត​ទៀត​ទេ។
ដោយ អ៊ុក សាវបូរី
2013-12-08
Share

ប្រជាពលរដ្ឋ​ច្រើន​ភូមិ​ក្នុង​ឃុំ​បាគូ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល សុំ​ឲ្យ​ក្រសួង​ធនធាន​ទឹក ពន្យារ​ការ​បើក​ទឹក​ប្រឡាយ​មេ​លេខ​៦៣ រហូត​ចុង​ខែ​ធ្នូ ចាំ​បិទ​ទឹក​ដើម្បី​ឲ្យ​ស្រូវ​ទុំ។

ពលរដ្ឋ​ភូមិ​ត្បូងក្តី លោក ខៀវ ទឹម ថ្លែង​ថា ស្រូវ​អ្នក​ភូមិ​ក្នុង​ឃុំ​បាគូ ដែល​ស្ទូង​មិន​បាន​ដើម​រដូវ​វស្សា កំពុង​ខ្វះ​ទឹក​ធ្ងន់ធ្ងរ ខណៈ​ការិយាល័យ​ធនធាន​ទឹក​ស្រុក​កណ្ដាលស្ទឹង ប្រញាប់​បិទ​ទឹក​ប្រឡាយ​តាម​គម្រោង​ជួសជុល​ប្រឡាយ​មេ​លេខ​៦៣​នោះ។

លោក​បន្ត​ថា ស្រូវ​គាត់​នឹង​អាច​ប្រមូល​ផល​បាន​ប្រមាណ​តែ ១% ប៉ុណ្ណោះ៖ «ពួក​ខ្ញុំ​សុំ​តវ៉ា​ថា ថ្ងៃ​២៥ ខែ​១២ ឬ​ក៏​ថ្ងៃ​៣០ ប៉ុន្តែ​ការ​បិទ​ហ្នឹង គេ​បិទ​តាំង​ពី​ថ្ងៃ​២៥ ខែ​១១»

កញ្ញា សុគន្ធា បន្ថែម​ថា ស្រូវ​វស្សា​ដែល​ហៀប​ឱន​ដាក់​គ្រាប់ បែរ​ជា​ខ្វះ​ទឹក​មិន​អាច​ឲ្យ​ស្រូវ​ទុំ​ពេញ​ទឹក​បាន ព្រោះ​តែ​ការ​បង្ខំ​បិទ​ទឹក​ដើម្បី​ជួសជុល​ប្រឡាយ​មេ​លេខ​៦៣​នោះ។ កញ្ញា​បន្ត​ថា ការ​ជួសជុល​ត្រូវ​តែ​ធ្វើ​ចាំបាច់​ហើយ ប៉ុន្តែ​សុំ​មេត្តា​ឲ្យ​ស្រូវ​ប្រជាពលរដ្ឋ​ទុំ​សិន ព្រោះ​ទឹក​មាន​ក្នុង​ប្រឡាយ​មិន​មែន​រាំង​ស្ងួត​ទេ៖ «ទឹក​មាន​តែ​មិន​បើ​ឲ្យ។ វា​ខ្វះ​ទឹក និយាយ​ទៅ​ជិត​ដល់​ទុំ​ហើយ វា​ចេញ​មក​ហើយ។ អ្នក​ខ្លះ​ជិត​ទុំ ហើយ​អ្នក​ខ្លះ​ទៀត​ទើប​ចេញ​មក ហើយ​អត់​ទាន់​មាន​គ្រាប់​ទេ»

លោក ព្រំ នឿន នៅ​ភូមិ​ពោធិ៍ដុះ ថ្លែង​ថា ស្រូវ​គាត់​ប្រមាណ ១​ហិកតារ ទំនង​ជា​ស្កក​ព្រោះ​ទឹក​ក្នុង​ស្រែ​ស្ងួត ឯ​ស្រូវ​ទើប​បង្ហើម​ចេញ​ផ្កា​មួយៗ។ លោក​សុំ​ឲ្យ​ការិយាល័យ​ធនធាន​ទឹក​បើក​ទឹក​ជួយ​សង្គ្រោះ​ស្រូវ​ឲ្យ​រស់​សិន ព្រោះ​ពលរដ្ឋ​មិន​បាន​ត្រៀម​ម៉ាស៊ីន​បូម​ទឹក​ដូច​កាល​ពី ១០​ឆ្នាំ​មុន ដែល​ប្រឡាយ​មេ​មិន​ទាន់​សង់ ពេល​នោះ​អ្នក​ភូមិ​ត្រៀម​ម៉ាស៊ីន​បូម​យក​ទៅ​បូម​ទឹក​ពី​ស្ទឹង​កំពង់កន្ទួត ស្រោច​ស្រូវ។

មេ​ឃុំ​បាគូ លោក សុខ បឿន ឲ្យ​ដឹង​ថា ការិយាល័យ​ធនធាន​ទឹក​បាន​បិទ​ទឹក​តាំង​ពី​ថ្ងៃ​២៥ ខែ​វិច្ឆិកា។ លោក​ថា ស្រូវ​ពលរដ្ឋ​ក្នុង​ភូមិ​ពោធិ៍ដុះ ភូមិ​ត្បូងក្តី និង​ភូមិ​វាលកណ្តោល ខ្វះ​ទឹក​ខ្លាំង​ជាង​គេ លើ​ផ្ទៃ​ដី​ស្រូវ​វស្សា ៨០​ហិកតារ។ លោក​ថា អាជ្ញាធរ​ឃុំ​និង​ប្រជាពលរដ្ឋ​បាន​រត់​ទៅ​សុំ​បើក​ទឹក​ពី​មន្ត្រី​ធនធាន​ទឹក​ច្រើន​ដង ប៉ុន្តែ​ខាង​ការិយាល័យ​ធនធាន​ទឹក​មិន​អនុញ្ញាត។

លោក​ថា មាន​ស្រូវ ១០​ហិកតារ ដែល​គេ​ត្រៀម​ច្រូត​កន្លះ​ខែ​ទៀត អាច​ថា​បាន​ស្រូវ​ខ្លះ។ ឯ​ស្រូវ​ជាង ៦០​ហិកតារ​ទៀត គឺ​ខ្វះ​ទាំង​ស្រុង ដោយ​អាជ្ញាធរ​និង​ពលរដ្ឋ​កំពុង​សហការ​ជួល​ម៉ាស៊ីន​បូម​ទឹក​ពី​ប្រឡាយ​ជប៉ុន បញ្ចូល​ស្រែ​ដែល​នៅ​ជិត​ប្រឡាយ​បាន​ខ្លះ។ ចំណែក​ស្រែ​លើ ហើយ​និង​ស្រូវ​ទើប​ស្ទូង​លើក​ទី​២ ទំនង​ជា​ស្កក​ស្រូវ​នោះ​ទាំង​អស់ ព្រោះ​ទឹក​មាន​តែ​មិន​បើក​ឲ្យ​ប្រើ៖ «ហើយ​ស្រូវ ៦០​ប្លាយ​ហិកតារ បើ​សិន​ណា​អាច​សង្គ្រោះ គឺ​បាន​តែ​អ្នក​ជាប់ៗ ជិតៗ មេ​ទឹក​ហ្នឹង គឺ​អាច​បាន​ខ្លះ​ដែរ»

ប្រធាន​ការិយាល័យ​ធនធាន​ទឹក​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល លោក អ៊ុន វុធី ថ្លែង​ថា ការ​បិទ​ទឹក​នេះ​ គឺ​ក្រសួង​ធនធាន​ទឹក​បញ្ជា​ឲ្យ​បិទ​ទឹក​ចាប់​ពី​ដើម​ខែ​វិច្ឆិកា ដើម្បី​ឲ្យ​អង្គការ​ចៃកា (JICA) ជួសជុល​ប្រឡាយ​មេ​លេខ​៦៣។ ប៉ុន្តែ​ស្រូវ​ក្នុង​ស្រែ​នៅ​ស្រុក​កណ្ដាលស្ទឹង មិន​ទាន់​ចេញ​ផ្កា​នៅ​ឡើយ ទើប​ការិយាល័យ​ធនធាន​ទឹក​បន្ត​ឲ្យ​ប្រើ​ទឹក​ប្រឡាយ​នោះ ដល់​ថ្ងៃ​២៥ ខែ​វិច្ឆិកា ដោយសារ​តែ​ការ​ពន្យារ​ឲ្យ​ប្រើ​ទឹក​ប្រឡាយ​នោះ​គាត់​រង​នូវ​ការ​បន្ទោស ព្រោះ​គម្រោង​ជួសជុល​ប្រឡាយ​មេ​លេខ​៦៣ គ្រោង​ធ្វើ​ពី​ខែ​១១ ឆ្នាំ​២០១៣ ដល់​ខែ​មេសា ឆ្នាំ​២០១៤។ ហេតុ​នេះ​ការិយាល័យ​ធនធាន​ទឹក​មិន​អាច​បន្ត​បើក​សន្ទះ​ទឹក​ឲ្យ​អ្នក​ភូមិ​ប្រើ​ទៀត​បាន​ទេ។

លោក អ៊ុន វុធី៖ «ហើយ​ប្រជាជន​ដែល​គាត់​នៅ​ខ្វះខាត​ទឹក ខ្ញុំ​ទៅ​មើល​តាម​ជាក់ស្ដែង​ហើយ គាត់​គ្រាន់​តែ​ស្ទើរ​បន្តិចបន្តួច​ទេ...។ បើ​និយាយ​ពី​បញ្ហា​រឿង​ស្កក វា​អត់​ស្កក​ទេ ក៏​ប៉ុន្តែ​គ្រាន់​ថា វា​ខ្វះខាត​បន្តិចបន្តួច​ទេ ទឹក»

មន្ត្រី​ដដែល​ឲ្យ​ដឹង​ថា ក្រសួង​ធនធាន​ទឹក​បាន​ប្រកាស​ឲ្យ​អ្នក​ភូមិ​ត្រៀម​ទឹក​ទុក​ប្រើប្រាស់​ស្រោចស្រព​តាំង​ពី​ដើម​ឆ្នាំ ដើម្បី​ឲ្យ​កសិករ​រូតរះ​ស្តុក​ទឹក​ទុក ព្រោះ​ទំនប់​មេ​លេខ​៦៣ ទ្រុឌទ្រោម ដែល​ចាំបាច់​ត្រូវ​កែ​លម្អ​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ពង្រីក​ការ​ប្រើប្រាស់​ទឹក​ប្រឡាយ​នោះ​ទៅ​ដល់​រាជធានី​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ឃុំ​បាគូ និង​ប្រជាពលរដ្ឋ​ម្ចាស់​ស្រែ​នៅ​តែ​ព្យាយាម​សុំ​ឲ្យ​ការិយាល័យ​ធនធាន​ទឹក បង្ហូរ​ទឹក​ខ្លះ​តាម​ប្រឡាយ​តូចៗ ដើម្បី​សង្គ្រោះ​ស្រូវ​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។