អាដហុក​ចុះ​ស៊ើប​អង្កេត​ករណី​ចោទ​ថា​ក្រុម​កាប់​ឈើ​ព្រួត​គ្នា​វាយ​មន្ត្រី​ឧទ្យានុរក្ស​ព្រៃ​ព្រះ​រកា

ដោយ ហង្ស សាវយុត
2017-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ (ស្ដាំ) ចុះ​ទៅ​ពិនិត្យ​នៅ​ភូមិ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ជា​កន្លែង​ដែល​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​រង​របួស។ រូបថត​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo ADHOC
មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ (ស្ដាំ) ចុះ​ទៅ​ពិនិត្យ​នៅ​ភូមិ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ជា​កន្លែង​ដែល​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​រង​របួស។ រូបថត​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo ADHOC
Photo ADHOC

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ បាន​ចុះ​អង្កេត​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​កក្កដា ទៅ​លើ​ករណី​ដែល​ថា ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់ និង​ប្រជាពលរដ្ឋ​ផង បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​នៃ​មន្ទីរ​បរិស្ថាន​ប្រចាំ​ព្រៃ​ព្រះ​រកា នោះ​ហើយ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​ថា តាម​លោក​សាកសួរ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ នៃ​ស្រុក​ត្បែងមានជ័យ ជាច្រើន​នាក់ គឺ​ពួក​គេ​បដិសេធ​ថា​មិន​មាន​អ្នក​ណា​បាន​ប្រើ​ហិង្សា​វាយ​សំពង​ទៅ​លើ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​នោះ​ទេ។

លោក ឡោ ចាន់ បញ្ជាក់​ថា តាម​ការ​អះអាង​របស់​ពលរដ្ឋ​ជាច្រើន​និយាយ​ថា កាល​ពី​វេលា​ម៉ោង​ជាង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​មាន​គោយន្ត​ចំនួន ៧​គ្រឿង​បាន​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញ​ពី​តំបន់​ព្រៃ​ព្រះ​រកា​នោះ​មែន ហើយ​ពេល​នោះ​បាន​ជួប​ជាមួយ​ក្រុម​ឧទ្យានុរក្ស​បរិស្ថាន​ចំនួន ៧​នាក់​នៅ​តាម​ផ្លូវ។ ក្រុម​ឧទ្យានុរក្ស​បរិស្ថាន​បាន​ចាប់​ឈើ​ទាំងអស់​ទុក ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំងនោះ​យក​គោយន្ត​ទៅ​ផ្ទះ​វិញ។ ស្រាប់​តែ​ក្រុម​អ្នក​កាប់​ឈើ​ទាំងនោះ​បើក​គោយន្ត​មក​ដល់​ផ្លូវ​ជាតិ ក៏​ជួប​ជាមួយ​នឹង​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​អាការៈ​ស្រវឹង​ស្រា​ខ្លាំង ដោយ​បញ្ជា​ឲ្យ​ចាប់​គោយន្ត​នោះ​ទាំងអស់។ ក្នុង​ចំណោម​នោះ មាន​អ្នក​ភូមិ​ម្នាក់​បាន​ទៅ​ជួយ​យក​គោយន្ត​ចេញ បណ្ដាល​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​តប់​មក​លើ​រូប​គាត់ ប៉ុន្តែ​រឿង​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​រង​របួស​នោះ អ្នក​ភូមិ​អះអាង​ថា គេ​មិន​បាន​វាយ​តប់​ទេ គឺ​ដោយសារ​តែ​គាត់​ស្រវឹង​ស្រា​ខ្លាំង ហើយ​ដួល៖ «តែ​ខ្ញុំ​សួរ​ប្រធាន​មន្ទីរ​បរិស្ថាន កាល​ពី​ព្រឹក​មិញ លោក អ៊ា សុខា បាន​ចោទ​ថា​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា។ ចម្លើយ​គឺ​ផ្ទុយ​គ្នា​ពី​ប្រជាពលរដ្ឋ»

សារព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់ រួម​នឹង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ព្រួត​គ្នា​វាយ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ឈ្មោះ យ៉ាន់ ប៊ុនសឿង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្នុង​ពេល​ដែល​កម្លាំង​របស់​ឧទ្យានុរក្ស​ព្រៃ​ព្រះ​រកា បាន​ស្ទាក់​ចាប់​ឈើ​ខុស​ច្បាប់​ដែល​ដឹក​តាម​គោយន្ត​ចំនួន ៧​គ្រឿង​មក។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ត្បែងមានជ័យ លោក អ៊ុង វុឌ្ឍី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា ដើម្បី​សុំ​ការ​ពន្យល់​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដោយសារ​តែ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង ប៉ុន្តែ​គ្មាន​អ្នក​ទទួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល