គុណ​ប្រយោជន៍​និង​គុណ​វិបត្តិ​នៃ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ជីវម៉ាស​នៅ​សៀមរាប

គម្រោង​សាកល្បង​អគ្គិសនី​ជនបទ​ដើរ​ដោយ​ថាមពល​ជីវម៉ាស នៅ​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប គឺ​មាន​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន រួម​ទាំង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល របស់​កម្ពុជា បាន​គាំទ្រ​ថា វា​មិន​ត្រឹម​តែ​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ភ្លើង​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​នៃ​ផែនដី​ទៀត​ផង។
ដោយ ហង្ស សាវយុត
2014.02.08
រោង​ម៉ាស៊ីន​ដើរ​ដោយ​ថាមពល​ជីវម៉ាស ៦១០ បន្ទប់​តូចៗ​ជាច្រើន​ដែល​ជា​ផ្នែក​នៃ​រោង​ម៉ាស៊ីន​ដើរ​ដោយ​ថាមពល​ជីវម៉ាស​នៅ​ក្នុង​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប។
Provided Photo

ក៏ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ នៅ​ស្រុក​អង្គរជុំ ខ្លះ​បែរ​ជា​យល់​ថា រោង​ម៉ាស៊ីន​អគ្គិសនី​ជីវម៉ាស​នោះ តែង​បង្ហុយ​ផេះ​អង្កាម ព្រម​ទាំង​ភាយ​ឧស្ម័ន​ចេញ​មក​លើ​ពួក​គេ​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ទៅ​វិញ។

តើ​រោង​ម៉ាស៊ីន​អគ្គិសនី​ជីវម៉ាស​នោះ ពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ឬ​ក៏​បាន​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ?

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន អាយ.អ៊ី.ឌី អ៊ីនវេសថ៍ ខេមបូឌា (IED Invest Cambodia) ដែល​ជា​ម្ចាស់​គម្រោង​សាកល្បង​អគ្គិសនី​ជនបទ ដើរ​ដោយ​ថាមពល​ជីវម៉ាស បាន​បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា រោង​ម៉ាស៊ីន​អគ្គិសនី​នៅ​ស្រុក​អង្គរជុំ តែង​បង្ហុយ​ផេះ​អង្កាម និង​ក្លិន​ឧស្ម័ន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះ។

ការ​បដិសេធ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​អង្គរជុំ និង​ឃុំ​ចារឈូក ខ្លះ​ព្យាយាម​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់​លើ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ ព្រម​ទាំង​ប្រជាពលរដ្ឋ​ខ្លះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជុំវិញ​បញ្ហា​នោះ។

នាយក​គ្រប់គ្រង​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន អាយ.អ៊ី.ឌី គឺ​លោក គី ចាន់ថន។ លោក​បាន​មាន​ប្រតិកម្ម​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅ​លើ​រោង​ម៉ាស៊ីន​អគ្គិសនី ដើរ​ដោយ​ថាមពល​ជីវម៉ាស​ដុត​អង្កាម​នា​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ដោយ​ថា​បាន​បង្ហុយ​ផេះ និង​ភាយ​ក្លិន​ឧស្ម័ន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ដដែល​បាន​បញ្ជាក់​ថា រោង​ម៉ាស៊ីន​អគ្គិសនី​ជីវម៉ាស​នៅ​ស្រុក​អង្គរជុំ គឺ​ជា​ម៉ាស៊ីន​ខ្នាត​តូច​សម្រាប់​ទី​ជនបទ ដោយ​មាន​កម្លាំង ៧០​គីឡូវ៉ាត់ មិន​មាន​អ្វី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទេ។

លោក គី ចាន់ថន បាន​មាន​ប្រសាសន៍​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ រោង​ម៉ាស៊ីន​អគ្គិសនី​ជនបទ​មួយ​នេះ បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​មួយ​កម្រិត ដោយ​បញ្ចុះ​តម្លៃ​ភ្លើង​ដែល​ពី​មុន​ធ្លាប់​តែ​ថ្លៃ ៣.៤០០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង ប៉ុន្តែ​បច្ចុប្បន្ន​ចុះ​មក​នៅ​ត្រឹម ១.៧០០​រៀល៖ «ម៉ាស៊ីន​ភ្លើង​តូច​មួយ​ទេ! មិន​មែន​ជា​ខ្នាត​ផៅវើផ្លាន (Power Plan) រាប់​មេហ្គាវ៉ាត់​ទេ ហើយ​ឥឡូវ​ហ្នឹង​អា​ផេះ​ចេញ​ពី​អង្កាម​មិន​មែន​ជា​ផេះ ដែល​យើង​ដុត​ឡើង​ខ្ទេច​តែ​ម្ដង​នោះ​ទេ។ ផេះ​ហ្នឹង គឺ​មូលៗ អង្កាម​ធ្លាក់​មក​ខ្មៅៗ​រាល់​ថ្ងៃ​ហ្នឹង ប្រជាពលរដ្ឋ​នៅ​តាម​ហ្នឹង​គេ​ឱ្យ​ដឹក​យក​ទៅ​ចាក់​មុខ​ផ្ទះ​គេ ហើយ​គេ​ដឹក​ទៅ​ចាក់​តាម​វាល​ស្រែ ព្រោះ​អា​ហ្នឹង​វា​ជួយ​ធ្វើ​ជី ៥០% ឱ្យ​ដី​វា​ធូរ។ ក្រុមហ៊ុន​ដែល​មក​សាកល្បង​តាំង​ពី​ភ្លើង​តម្លៃ ៣.៤០០ ចុះ​រហូត​ដល់​ជាង ១​ពាន់​រៀល ពិចារណា​មើល គឺ ៣​ខែ​ចុះ ១០០ៗ សុទ្ធតែ​ពន្យល់​គាត់​ទាំងអស់»

រោង​ម៉ាស៊ីន​ដើរ​ដោយ​ថាមពល​ជីវម៉ាស​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ទី​ជនបទ នៃ​ស្រុក​អង្គរជុំ នេះ បាន​ចាប់​ដំណើរ​ការ​កាល​ពី​អំឡុង​ឆ្នាំ​២០១១ ក្រោម​ជំនួយ​គាំទ្រ និង​វិនិយោគ​ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល រួម​និង​អង្គការ​សហប្រជាជាតិ ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម (UNDO)។ ក្រៅ​ពី​នោះ ក្រុមហ៊ុន​មាន​ដៃគូ​ជាច្រើន​ទៀត ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ថាមពល​កកើត​ឡើង​វិញ ព្រម​ទាំង​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​ឱ្យ​អ្នក​ប្រើប្រាស់​ឱ្យ​មាន​ចិរភាព ដូច​ជា​ធនាគារ​ពិភពលោក សហគមន៍​អឺរ៉ុប រដ្ឋាភិបាល​បារាំង និង​ភ្នាក់ងារ​បរិស្ថាន​ជាដើម។

កាល​ពី ៣-៤​ឆ្នាំ​មុន ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​ស្រុក​អង្គរជុំ ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប ធ្លាប់​តវ៉ា​ប្រឆាំង​ចំពោះ​បញ្ហា​អគ្គិសនី​ថ្លៃ ៣.៥០០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង។ ក៏ប៉ុន្តែ ក្រោយ​មក​អ្នក​ភូមិ​អស់​កង្វល់​ពី​រឿង​អគ្គិសនី​ថ្លៃ​ទៀត បន្ទាប់​ពី​គម្រោង​អគ្គិសនី​ដើរ​ដោយ​ថាមពល​ជីវម៉ាស​បាន​កើត​ឡើង ហើយ​លក់​ឱ្យ​ប្រើប្រាស់​ក្នុង​តម្លៃ ១.៧០០​រៀល។ រយៈពេល​ប្រមាណ​ជិត ២​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ភូមិ​ខ្លះ​ក៏​បាន​ចាប់​ផ្ដើម​រអ៊ូរទាំ​ជាមួយ​នឹង​រោង​ម៉ាស៊ីន​អគ្គិសនី​ដែល​ជួយ​ផ្គត់ផ្គង់​ឱ្យ​ប្រើប្រាស់​ក្នុង​តម្លៃ​ថោក​នោះ​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ តំណាង​អ្នក​ភូមិ​ដូនស្វា បាន​នាំ​គ្នា​មក​ទី​រួម​ខេត្ត​សៀមរាប និង​សុំ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​ធ្វើ​ពាក្យ​បណ្ដឹង និង​ជួយ​បង្ហាញ​ពី​មធ្យោបាយ​ខ្លះៗ​ដើម្បី​ដោះស្រាយ ជុំវិញ​ការ​ប៉ះពាល់​បណ្ដាល​មក​ពី​រោង​ម៉ាស៊ីន​អគ្គិសនី​នោះ។

តំណាង​អ្នក​ភូមិ​ដូនស្វា លោក ធាង ថៃ បាន​មាន​ប្រសាសន៍​ថា រោង​ម៉ាស៊ីន​អគ្គិសនី​ជីវម៉ាស​នោះ តែង​បង្ហុយ​ផេះ​អង្កាម និង​ក្លិន​ឧស្ម័ន​មក​លើ​ពួក​គាត់​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ដូច​ជា​បង្ក​ឱ្យ​ឈឺ​ក្បាល និង​វិល​មុខ​ជាដើម។ លោក ធាង ថៃ មិន​ចង់​ឱ្យ​រោង​ម៉ាស៊ីន​នោះ​បន្ត​ដំណើរ​ការ​ទៀត​ទេ៖ «កាល​ណា​តែ​ភ្លើង​នេះ​អត់​បញ្ឆេះ វា​អត់​មាន​ក្លិន​ធុំ​មាន​អី​ទេ សុខភាព​យើង​ធម្មតា​វា​អត់​មាន​ឈឺ​ក្បាល​វិល​មុខ​អី​ទេ»

លោក ធាង ថៃ បាន​អះអាង​ថា បច្ចុប្បន្ន បើ​រោង​ម៉ាស៊ីន​នោះ​ឈប់​ដំណើរ​ការ​ក៏​អ្នក​ភូមិ​មិន​ព្រួយ​បារម្ភ​ពី​ការ​អត់​ភ្លើង​អគ្គិសនី​ប្រើ​ដែរ ពីព្រោះ​គេ​អាច​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ពី​ផ្លូវ​ជាតិ​លេខ​៥ មក​ប្រើប្រាស់​បាន។

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​ខ្លះ​បាន​ទទួល​ស្គាល់​ថា រោង​ម៉ាស៊ីន​អគ្គិសនី​ដែល​ដើរ​ដោយ​ជីវម៉ាស​នោះ គឺ​មាន​ផល​ប្រយោជន៍​ច្រើន​ជាង​ភ្លើង​អគ្គិសនី​ដែល​ត​មក​ពី​ប្រទេស​ថៃ។

លោក សុភាព គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ផ្ទះ​របស់​គាត់​នៅ​ជិត​រោង​ម៉ាស៊ីន​អគ្គិសនី​ជាង​គេ បាន​មាន​ប្រសាសន៍​ថា មួយ​រយៈ​មក​នេះ អគ្គិសនី​ដើរ​ដោយ​ជីវម៉ាស​បាន​ជួយ​គ្រួសារ​របស់​គាត់​ជាច្រើន តាំង​ពី​ថ្លៃ​ប្រើប្រាស់​ថោក ព្រម​ទាំង​គាត់​បាន​ផេះ​អង្កាម យក​ទៅ​ធ្វើ​ជី​សម្រាប់​ដាំ​ដំណាំ​ទៀត​ផង។ លោក សុភាព បញ្ជាក់​ថា អង្កាម​ឆេះ គឺ​មាន​ធុំ​ក្លិន​តិចតួច​មែន ក៏ប៉ុន្តែ​វា​មិន​មាន​ប៉ះពាល់​សុខភាព​ទេ៖ «ផ្ទះ​ខ្ញុំ​នៅ​ក្បែរ​រោង​ម៉ាស៊ីន​ដែរ ក្លិន​វា​មាន​តិចតួច​ដែរ ប៉ុន្តែ​វា​អត់​ប៉ះពាល់​ទេ ព្រោះ​ខ្ញុំ​ដាំ​ជី​ដាំ​អី​កើត អង្កាម​ហ្នឹង​ខ្ញុំ​យក​ដាក់​ជី ដាក់​ស្រែ​ខ្ញុំ​កើត»

អ្នក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សួស ណារិន ដែល​ធ្លាប់​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ជុំវិញ​ការ​ប៉ះពាល់ បាន​មាន​ប្រសាសន៍​ថា លោក​មិន​មាន​ឯកទេស​ខាង​អគ្គិសនី​ទេ ក៏ប៉ុន្តែ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ គឺ​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​ផ្លាស់​ប្ដូរ​ទីតាំង​រោង​ម៉ាស៊ីន​អគ្គិសនី​នោះ ទៅ​ដាក់​ឱ្យ​ឆ្ងាយ​ពី​លំនៅឋាន​បន្តិច។​លោក សួស ណារិន យល់​ថា បើ​សិន​ជា​មាន​បញ្ហា​ដូច្នេះ គួរ​តែ​ក្រុមហ៊ុន​ពិចារណា​លើ​ការ​ផ្លាស់​ប្ដូរ​ទីតាំង។

សាលា​ខេត្ត​សៀមរាប កំពុង​រៀប​ចំ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​រោង​ម៉ាស៊ីន​អគ្គិសនី​ដើរ​ដោយ​ជីវម៉ាស នៅ​ស្រុក​អង្គរជុំ ក្នុង​ពេល​ឆាប់ៗ។

អនុ​ប្រធាន​ការិយាល័យ​ពិនិត្យ​ជាតិ​ពុល​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​សៀមរាប លោក ណម គឹមអ៊ន ដែល​ធ្លាប់​ចុះ​ធ្វើ​ការ​រឿង​នោះ​បាន​មាន​ប្រសាសន៍​ថា គម្រោង​សាកល្បង​អគ្គិសនី​ជនបទ ដែល​ដើរ​ដោយ​ថាមពល​ជីវម៉ាស​នេះ គឺ​ពិភពលោក​កំពុង​មាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​កែច្នៃ ពីព្រោះ​ការ​កែច្នៃ​ថាមពល​ដែល​ដើរ​ដោយ​ជីវម៉ាស គឺ​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ដី​បរិស្ថាន​នៃ​ផែនដី។ ទោះ​យ៉ាង​ណា មន្ត្រី​ដដែល​បាន​សង្ស័យ​ថា ការ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ប្រហែល​បណ្ដាល​មក​ពី​សំឡេង ហើយ​និង​ក្លិន​ចំហេះ​ដែល​ភាយ​ចេញ៖ «បើ​តាម​បច្ចេកទេស​នេះ គឺ​ជា​ការ​កែច្នៃ​សំណល់​ឡើង​វិញ ហើយ​ការ​កែច្នៃ​ឡើង​វិញ​នេះ ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ឱ្យ​ធ្វើ​ជា​ជីវម៉ាស សូម្បី​តែ​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​មាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​កែច្នៃ​សំណល់​ឡើង​វិញ​ដែរ។ សំណល់​ដែល​ផ្ដោត​ធ្វើ​ជីវម៉ាស​នេះ គឺ​អង្កាម​ជួយ​ដល់​កសិកម្ម ដើម្បី​កាត់​បន្ថយ​ការ​សាយ​ភាយ​នៃ​ឧស្ម័ន​ផ្ទាំង​កញ្ចក់ វា​អត់​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​កម្ដៅ​ផែនដី​នោះ​ទេ»

ក្រុមហ៊ុន អាយ.អ៊ី.ឌី ឱ្យ​ដឹង​ថា អគ្គិសនី​ដើរ​ដោយ​ថាមពល​ជីវម៉ាស​នេះ គឺ​មាន​សារសំខាន់​ដែល​អាច​ជួយ​ដល់​កសិករ​ឱ្យ​បាន​ភ្លើង​ប្រើប្រាស់​ក្នុង​តម្លៃ​ថោក ព្រម​ទាំង​អាច​យក​ផេះ អង្កាម​ពី​រោង​ម៉ាស៊ីន​នោះ​ទៅ​ធ្វើ​ជា​ជី​កសិកម្ម​ទៀត​ផង។ នៅ​ពេល​ខាង​មុខ ក្រុមហ៊ុន អាយ.អ៊ី.ឌី មាន​គម្រោង​នឹង​ធ្វើ​អគ្គិសនី​ដូច​នេះ​មួយ​ទៀត នៅ​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។