គម្រោង​អភិវឌ្ឍន៍​តាម​ដង​ទន្លេ​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ផ្សោត និង​សន្តិសុខ​ស្បៀង

ដោយ ហេង សកល
2018-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កូន​ផ្សោត​ឈ្មោល​មួយ​ក្បាល​ទម្ងន់ ៩​គីឡូក្រាម ត្រូវ​សហគមន៍​ប្រទះ​ឃើញ​ងាប់ និង​ស្រង់​ឡើង​គោក​នៅ​ឃុំព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ​២០១៨។
កូន​ផ្សោត​ឈ្មោល​មួយ​ក្បាល​ទម្ងន់ ៩​គីឡូក្រាម ត្រូវ​សហគមន៍​ប្រទះ​ឃើញ​ងាប់ និង​ស្រង់​ឡើង​គោក​នៅ​ឃុំព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ​២០១៨។
Photo provided

សហគមន៍​អេកូទេសចរ ឃុំ​ព្រះ​រំកិល ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា អង្គការ WWF បាន​យក​សព​កូន​ផ្សោត​មួយ​ក្បាល ដែល​ទើប​ស្លាប់​ពី​ពេល​ថ្មីៗ​នេះ ទៅ​ពិនិត្យ​រក​មូលហេតុ​នៅ​ខែត្រ​ក្រចេះ និង​ពុំ​ទាន់​បង្ហាញ​លទ្ធផល​នៅឡើយ​ទេ។ ពួកគាត់​អង្កេត​ឃើញ​ថា ទឹកទន្លេ​មេគង្គ​នៅ​អន្លង់​អភិរក្ស​ផ្សោត ឆ្នាំនេះ​ស្រក​ខ្លាំង​ខុសធម្មតា បង្ក​ការ​លំបាក​ដល់​ការស្វែងរក​ចំណី​ចាប់​ត្រី​ជា​អាហារ​របស់​ផ្សោត ធ្វើ​ឲ្យ​សត្វ​ផ្សោត​នៅ​តំបន់​នោះ​លំបាក​រស់នៅ។

សហគមន៍​អេកូទេសចរព្រះ​រំកិល​ចាត់​ទុក ការ​ស្លាប់​កូន​ផ្សោត​មួយ​ក្បាល នៅ​អន្លង់​អភិរក្ស​ឈើទាល គឺជា​ប្រផ្នូល​អាក្រក់​មួយ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​នោះ ត្បិត​ពលរដ្ឋ ភាគច្រើន រក​ប្រាក់​ចំណូល​បាន​ពី​វិស័យ​ទេសចរ មកពី​ការ​ទស្សនា​ផ្សោត។

គណៈកម្មការ​អេកូទេសចរ​ព្រះ​រំកិល លោក ផយ វណ្ណា សម្ដែង​ការ​សោកស្ដាយ ពី​ការ​ស្លាប់​របស់​កូន​ផ្សោត​មួយ​ក្បាល​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​លោក​ចាត់ទុកថា ឥទ្ធិពល​នៃ​ការអភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ដនសាងហុង នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​សហគមន៍ និង​សន្តិសុខ​ស្បៀង​របស់​ប្រជាជន​តាម​ដង​ទន្លេ​មេគង្គ។ លោក​កត់សម្គាល់​ថា ក្រោយ​ពី​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​នៅ​ក្បែរ​នោះ បង្ក​ឲ្យ​ផ្សោត​ជ្រួលច្របល់ និង​តែងតែ​បន្លាស់​ទី​ទៅ​រស់នៅ​ខ្សែទឹក​ខាងលើ និង​ធ្វើដំណើរ​ចុះ​មក​ទីតាំង​ដើម​វិញ នៅ​ពេល​ដែល​ក្រុមហ៊ុន​ផ្អាក​ការ​សាងសង់។ លោក​ថា នៅ​ពេល​ដែល​សត្វ​ផ្សោត​បន្លាស់​ទី​ទៅ​រស់នៅ​កន្លែង​ថ្មី មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន ដែល​ចង់​ទស្សនា​ផ្សោត​នៅ​អន្លង់​ឈើទាល ខក​បំណង បង្ក​ឲ្យ​សហគមន៍​បាត់បង់​ប្រាក់​ចំណូល៖ «ផ្សោត​គ្នា​ទទួល​បញ្ហា​ជាច្រើន​ដែរ ឥឡូវ​ទឹក​ស្រក​ខ្លាំង​ជាង​មុន ហើយ​ផ្សោត​សម្ងំ​រស់នៅ​ខាងលើ​គឺ​ទឹក​រាក់​ហើយ ម្យ៉ាង​ទឹក​ស្រក​ខ្លាំង។ ផ្សោត​បាន​មក​រស់នៅ​ក្នុង​ទឹក​អន្លង់​វិញ តែ​រត់ចេញ​ចូល​រហូត​។ បញ្ហា​ប្រឈម​ច្រើន ផ្ទុះ​ថ្ម​ផង បញ្ហា​នេសាទ និង​អ្នក​បើកបរ​ទូក»

កាលពី​ថ្ងៃ​ទី៩ មីនា សហគមន៍​អេកូទេសចរ​ព្រះ​រំកិល ប្រទះឃើញ​សាកសព​កូន​ផ្សោត​មួយ​ក្បាល​អណ្ដែត​នៅ​អន្លង់​អភិរក្ស​ឈើទាល។ កូន​ផ្សោត​មួយ​ក្បាល​នោះ ជា​ផ្សោត​ឈ្មោល មាន​អាយុ​ជាង ១​សប្ដាហ៍​។ សហគមន៍​សន្និដ្ឋាន​ថា មាន​ឧបសគ្គ​ច្រើន​បាន​យាយី​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ផ្សោត​គឺ ឥទ្ធិពល​នៃ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ដនសាងហុង ដែល​កំពុង​សាងសង់​នៅ​ក្បែរ​ទីតាំង​ជ្រក​ដែល​ផ្សោត​រស់នៅ និង​ការ​ហ៊ុមព័ទ្ធ​នេសាទ​នៅ​ក្បែរ​អន្លង់​អភិរក្ស បង្ក​ភាព​ស្មុគស្មាញ ដល់​ស្វែងរក​ចំណី​ចាប់​ត្រី​ជា​អាហារ​របស់​សត្វ​ផ្សោត។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៃ​អង្គការ WWF លោក អ៊ុន ចក្រី ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី​១២ មីនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នកទទួល។

នាយ​ប្រតិបត្តិ​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ពន្យល់​ថា លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វ​ផ្សោត មាន​ការ​ប្រឈម​ច្រើន​ជាមួយ​លក្ខខណ្ឌ​ធម្មជាតិ ក្នុង​ទឹកទន្លេ ដូចជា​ការ​ប្រែប្រួល​ទឹកទន្លេ ដោយសារ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង បង្ក​ប្រែប្រួល​ទឹក​ដែល​នាំ​ឲ្យ​ផ្សោត​លំបាក​រស់នៅ ឬ​ចិញ្ចឹមជីវិត។ លោក​ថា បើ​ស្ថានភាព​ទឹក​នៅ​អន្លង់​អភិរក្ស​ស្រក​ខ្លាំង នឹង​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ផ្សោត ជាពិសេស​លំបាក​ដល់​ការស្វែងរក​ចំណី​ចាប់​ត្រី​ជា​អាហារ៖ «ការ​បាត់បង់​ផ្សោត​គឺជា​ហេតុ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​អ្នកស្រុក ដែល​អាស្រ័យ​ផល​អេកូទេសចរ ហើយ​នឹង​របប​មិន​ផ្ទាល់​តាម​ការលក់ដូរ និង​ជា​ការ​បង់ទ្រព្យ​សម្បត្តិ​របស់​ជាតិ ព្រោះ​ជា​សត្វ​កម្រ​ក្នុង​ពិភពលោក ដែល​ជា​ធនធានធម្មជាតិ​សំខាន់​ក្នុង​ប្រទេស​យើង»

លោក លាង ប៊ុនលាព បន្ថែម​ថា សត្វ​ផ្សោត​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្វែងរក​ប្រាក់ចំណូល​ដល់​សហគមន៍ តែ​បើ​ផ្សោត​រង​ការ​គំរាមកំហែង​ហើយ​នោះ វា​នឹង​ធ្វើ​ឲ្យ​សហគមន៍​ខាត​ប្រយោជន៍។ លោក​រក​ឃើញ​ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ដនសាហុង ប្រទេស​ឡាវ បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ធនធាន​ធម្មជាតិ​ឆ្លងដែន ដូចជា ការ​បិទ​ច្រក​ចេញចូល​របស់​ត្រី រាំង​ខ្ទប់​ត្រី​មិន​ឲ្យ​ឡើង​ចុះ​បាន​ទាំង​ប្រាំង និង​វស្សា ជាពិសេស​បង្ក​ការ​រំខាន​ដល់​លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វ​ផ្សោត​នៅ​ក្បែរ​នោះ​លំបាក​រស់នៅ និង​ស្វែងរក​ចំណី។ មុន​ឆ្នាំ២០១០ ផ្សោត​នៅ​អន្លង់​អភិរក្ស​ឈើទាល​មាន ៨​ក្បាល តែ​សត្វ​កម្រ​ទាំងនេះ​បាន​បាត់បង់ និង​ស្លាប់​ជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្ន​នៅ​សល់​តែ ៣​ក្បាល ងើប​បង្ហាញខ្លួន និង​បន្ត​រស់នៅ​ក្រោម​កិច្ច​គាំពារ​របស់​ឆ្មាំ​ទន្លេ។ សហគមន៍​ថា ជិត ១០​ឆ្នាំ​មក​ហើយ ផ្សោត​ទាំង​៣​ក្បាល​នោះ ទើបតែ​បន្ត​ពូជ​បាន​មួយ​ក្បាល តែ​ត្រូវ​ងាប់​ទៅវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល