ពលរដ្ឋ​ត្អូញត្អែរ​ថា​ពិបាក​ធ្វើ​កសិកម្ម​តាម​មាត់​ទន្លេ​ដោយសារ​ទឹក​ទន្លេ​ស្រក​ជាង​រាល់​ឆ្នាំ

ដោយ អ៊ុក សាវបូរី
2015-08-23
Share
កសិករ កសិករ​ភ្ជួរ​ដី​សម្រាប់​ការដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។
RFA file photo

ពលរដ្ឋ​រស់នៅ​តាម​មាត់​ទន្លេ បាន​ត្អូញ​ថា ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​កសិកម្ម ដោយសារ​ទឹក​ទន្លេ​កាន់​តែ​ស្រក​ទាប​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ ដូច​គ្នា​ដែរ មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធាន​ទឹក ឲ្យ​ដឹង​ថា ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​នេះ កម្ពស់​ទឹក​នៅ​ទាប​ជាង​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​ទឹក​អាច​នឹង​ឡើង​ខ្លាំង​នៅ​ក្នុង​ខែ​កញ្ញា។

ពលរដ្ឋ​ដាំ​ដុះ​ដំណាំ​កសិកម្ម​តាម​មាត់​ទន្លេ​មួយ​ចំនួន បារម្ភ​ថា​នឹង​ខ្វះ​ទឹក ខណៈ​ទឹក​ទន្លេ​ស្រក​ទាប​ជាង​ឆ្នាំ​កន្លង​ទៅ។

កសិករ រឿង រុន រស់នៅ​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ អះអាង​ថា នៅ​ឆ្នាំ​នេះ​គាត់​មិន​ទាន់​បាន​ធ្វើ​ស្រែ​ប្រាំង​នៅ​ឡើយ ដោយសារ​តែ​ទឹក​ទន្លេ​មេគង្គ​ស្រក​ទាប​ជាង​សព្វ​មួយ​ដង។ លោក​បន្ត​ថា ២​ឆ្នាំ​ហើយ​គាត់​ដាំ​ស្រូវ​ប្រាំង​នៅ​ជាប់​មាត់​ទន្លេ ត្រូវ​បូម​ទឹក​ពី​ទន្លេ​ដែល​ជ្រៅ​ខ្លាំង ដើម្បី​ដាក់​ស្រែ​ឲ្យ​ដើម​ស្រូវ​វា​រស់៖ «ទឹក​ឡើង​មក​អត់​ទាន់​បាន​ចូល​បឹង​ផង ធ្វើ​ស្រែ​ដាំ​ស្រូវ​អត់​បាន​ទេ។ ឥឡូវ​នេះ​ទឹក​ស្រក​នៅ​បាត​ទន្លេ​ឯណោះ​ទៅ​វិញ​អស់​ហើយ»

ដូច​គ្នា​ដែរ កសិករ យឹម យ៉ាន់ រស់នៅ​ភូមិ​ព្រែកសឹង្ហ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា ទឹក​ទន្លេ​បាសាក់​ក្រោម​មិន​ទាន់​ហូរ​ចូល​ដល់​ស្រែ​គាត់​ទេ។ ផ្ទុយ​ពី​ឆ្នាំ​មុន នៅ​ខែ​សីហា ដូច​គ្នា គាត់​បាន​ព្រោះ​ស្រូវ​រួច​រាល់​អស់​ទៅ​ហើយ ប៉ុន្តែ​ឆ្នាំ​នេះ​កម្ពស់​ទឹក​ទាប និង​ជម្រៅ​ទឹក​ជ្រៅ​ក្នុង​ទន្លេ គាត់​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​ធ្វើ​ស្រែ​ប្រាំង ព្រោះ​តម្លៃ​ត្រាក់ទ័រ​ភ្ជួរ​ដី​គេ​ទារ​ថ្លៃ​ទ្វេដង​មក​ពី​ដី​រឹង​ខ្លាំង​ភ្ជួរ​មិន​មុត ហើយ​គាត់​ត្រូវ​ទិញ​ប្រេង​ច្រើន ដើម្បី​បូម​ទឹក​ពី​ទន្លេ​បាសាក់​ដាក់​ស្រូវ និង​ជួល​មនុស្ស​កម្ចាត់​កណ្ដុរ​ដែល​កាត់​ស្រូវ។ លោក​ឲ្យ​ដឹង​ថា នៅ​រដូវ​វស្សា​ឆ្នាំ​នេះ​ទឹក​ឡើង​តិចតួច អាច​ត្រី​នឹង​ខ្សត់​មិន​ខាន៖ «ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​សម្គាល់​ដី​ខ្ញុំ​ធ្លាប់​តែ​វា​លិច​មក​ដល់​ក្បាល​ព្រែក​កន្លែង​ដី​ចម្ការ។ ឥឡូវ​វា​លិច​តែ​នៅ​ចុង​ដី ស្រូវ​បន្តិច​ហ្នឹង។ ហើយ​រយៈពេល​ដែល​ប៉ាន់ស្មាន​ថា​រំលង​ប្រហែល ១​ខែ​ទៀត ដែល​ទឹក​ត្រូវ​ឡើង ហើយ​យក​មក​ប៉ាន់​ដែល​ទឹក​ឡើង​មក​ដល់​ក្បាល​ដី​ដូច​ឆ្នាំ​ទៅ វា​ខុស​គ្នា​ឆ្ងាយ»

ពាក់ព័ន្ធ​ការ​លើក​ឡើង​របស់​កសិករ​ពី​កម្ពស់​ទឹក​ទន្លេ​ទាប​ជាង​រាល់​ឆ្នាំ លំបាក​ដល់​ការ​ដាំ​ដុះ​នោះ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា ពន្យល់​ថា ទឹក​ទន្លេ​បាន​ឡើង​លើក​ទី​១ កាល​ពី​ខែ​មុន ហើយ​ទើប​ស្រក​ទៅ​វិញ ៤ ទៅ ៥​ថ្ងៃ​នេះ។ លោក​ថា មក​ដល់​ពេល​នេះ កម្ពស់​ទឹក​នៅ​ទាប​ជាង​ឆ្នាំ​មុន បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា។ លោក​បន្ត​ថា ក្រសួង​ធនធាន​ទឹក កំពុង​តាមដាន​កម្ពស់​ទឹក ព្រោះ​អាកាសធាតុ​ប្រែប្រួល បាន​ផ្សារភ្ជាប់​នឹង​ទឹក​ទន្លេ​ឡើង​ឬ​ចុះ​នោះ​ដែរ។ ប៉ុន្តែ​លោក​អះអាង​ថា ទឹក​នឹង​ឡើង​នៅ​លើក​ទី​២ នៅ​ក្នុង​អំឡុង​ចុង​ខែ​កញ្ញា ទៅ​ដើម​ខែ​តុលា៖ «ប៉ុន្តែ​ការ​ធ្លាក់​ភ្លៀង គឺ​នៅ​មាន​ក្នុង​កម្រិត​មធ្យម​នៅ​ឡើយ មិន​ទាន់​មាន​ច្រើន​ទេ ដោយសារ​ឥទ្ធិពល​របស់​ព្យុះ​ហ្គោនី​ដែល​កំពុង​តែ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន គឺ​ព្យុះ​នេះ​មួយ​ផ្នែក​ទាញ​ស្រូប​យក​ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប។ អ៊ីចឹង​ការ​ធ្លាក់​ភ្លៀង គឺ​វា​នៅ​ក្នុង​កម្រិត​មធ្យម លុះត្រា​តែ​ព្យុះ​នេះ​វា​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​បន្តិច ហើយ​ឥទ្ធិពល​របស់​វា​លែង​គ្រប​ដណ្ដប់​លើ​ឥទ្ធិពល​របស់​ប្រព័ន្ធ​ទាប ទើប​ការ​ធ្លាក់​ភ្លៀង​នឹង​បន្ត​ឡើង​វិញ។ អ៊ីចឹង​ទេ គឺ​ស្ថានភាព​កម្ពស់​ទឹក​លើក​ទី​១ គឺ​ទាប​ជាង​ឆ្នាំ​មុន ហើយ​ក៏​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ ហើយ​ស្ថានភាព​កម្ពស់​ទឹក​អតិបរិមា​លើក​ទី​២ យើង​កំពុង​តែ​ធ្វើ​ការ​តាម​ដាន»

លោក ចាន់ យុត្ថា បន្ត​ថា នៅ​ក្នុង​ទន្លេ​ខ្លះ​ក៏​មាន​ការ​ចាក់​ដី​ចូល​ទន្លេ ដើម្បី​ពង្រីក​ដី​លើ​គោក​របស់​ក្រុមហ៊ុន​កាស៊ីណូ​មួយ​ចំនួន។ បញ្ហា​កើត​ឡើង​នោះ ក្រសួង​ធនធាន​ទឹក បាន​ចាត់​មន្ត្រី​ចុះ​អង្កេត ដើម្បី​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណា​ដែល​មាន​ក្បាល​ដី​ត​ភ្ជាប់​មក​ដល់​មាត់​ទន្លេ មិន​ត្រូវ​ចាក់​ដី​លុប​ទន្លេ​ទេ ត្រូវ​រក្សា​ទុក​ច្រាំង​ទន្លេ​ឲ្យ​បាន​ល្អ​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល ដែល​ចេញ​ច្បាប់​ឲ្យ​រក្សា​ការពារ​ច្រាំង​ទន្លេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល