លោក​អាឡិច​ព្រួយបារម្ភ​ថា​ខ្សែ​អគ្គិសនី​ដែល​រត់​កាត់​តំបន់​អា​រ៉ែង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន

ដោយ ប្រាជ្ញ ចេវ
2017-02-18
Share
អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ៦២០ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Mom Sophon

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ដែល​ជា​អ្នក​ធ្វើ​ការងារ​ទាក់ទង​បរិស្ថាន​តំបន់​អារ៉ែង ព្រួយបារម្ភ​ថា នៅ​ពេល​មាន​ខ្សែ​បញ្ជូន​អគ្គិសនី​កម្លាំង ២៣០​គីឡូវ៉ុល ពី​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​តាតៃ ឆ្លងកាត់​តំបន់​អារ៉ែង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​តំបន់​នេះ។ ប៉ុន្តែ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ខ្សែ​បញ្ជូន​អគ្គិសនី​មិន​ប៉ះពាល់​បរិស្ថាន​តំបន់​អារ៉ែងទេ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ហៅ​លោក អាឡិច និយាយ​ថា ខ្សែ​បញ្ជូន​អគ្គិសនី​កម្លាំង ២៣០​គីឡូវ៉ុល ឆ្លងកាត់​តំបន់​អារ៉ែង នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ដូចគ្នា ទៅ​នឹង​ការសាងសង់​វារីអគ្គិសនី​នៅ​ក្នុង​តំបន់​នេះ​ដែរ។ លោក​ថា យល់ថា គម្រោង​នេះ នឹង​ប៉ះពាល់​ដល់​សត្វព្រៃ​កម្រ និង​ព្រៃឈើ ហើយ​គម្រោង​នេះ​ទៀតសោត​ជា​ការ​បើកផ្លូវ​ឲ្យ ឈ្មួញ​ល្មើសច្បាប់​ចូល​កាប់​បំផ្លាញ​ឈើ​ប្រណិត«សំណួរ​របស់​ខ្ញុំ គឺ​អ៊ីចេះ​តើ យើង​អភិវឌ្ឍ​តំបន់​អារ៉ែង​ទៅ​តំបន់​អេកូ​ទេសចរណ៍​បាន​អត់ បើ​មាន​ខ្សែ​ភ្លើង​ធំ​ប៉ុនណា​ណី​ឆ្លង​កាត់​តាម​តំបន់​ទេសភាព​ស្អាត

ការ​លើក​ឡើង​បែបនេះ របស់​លោក លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​សម្រេច​លើ​គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០​គីឡូវ៉ុល ពី​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​តាតៃ​មក​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ និង​រង់ចាំ​ការ​អនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​ក្រសួង​រ៉ែ និង​ថាមពល លោក វិចទ័រ ហ្តូនា (Victor Jona) ឲ្យ​ដឹង​ថា នៅ​ពេលនេះ​ក្រសួង​កំពុង​សិក្សា​លំអិត​ពី​ចម្ងាយ ផ្លូវ​រត់​កាត់​គម្រោង និង​ការ​ដាក់​បង្គោល​ភ្លើង​ជាដើម។ លោក​បញ្ជាក់​ថា ខ្សែ​បញ្ជូន​អគ្គិសនី​នឹង​រត់​កាត់​តំបន់​អារ៉ែង ហើយ​លោក​យល់ថា មិន​ប៉ះពាល់​បរិស្ថាន​នៅ​ក្នុង​តំបន់​នេះ​ទេ«ខ្សែ​បញ្ជូន​យើង​ដឹង​ហើយ​ខ្សែ​អគ្គិសនី​មាន​ខ្លាំង​អី យើង​គ្រាន់​តែ​អូស​កាត់។ ខ្ញុំ​យល់​ថា គម្រោង​នេះ​មាន​សក្ដានុពល​ល្អ នឹង​ចូលរួម​ការ​ផ្គត់ផ្គង់​ថាមពល​ដល់​ទូទាំង​ប្រទេស​កម្ពុជា»

មន្ត្រី​ជំនាញ​រូប​នេះ បញ្ជាក់​ថា បង្គោល​ខ្សែ​ដែល​ឆ្លងកាត់​តំបន់​អារ៉ែង​ជា​បង្គោល កម្ពស់​ខ្ពស់​មាន​ស្តង់ដារ​ត្រឹមត្រូវ ហើយ​នៅ​សង្ខាង​បង្គោល​ចម្ងាយ​១៥​ម៉ែត្រ ត្រូវ​កាប់​ព្រៃ​ចេញ ជៀសវាង​ការ​រលំ​ដើមឈើ​ត្រូវ​លើ​បង្គោល។ យ៉ាងណា​ក៏​ដោយ​ចុះ ចំពោះ​ព័ត៌មាន​លំអិត​នៃ​ការ​ប៉ះពាល់​បរិស្ថាន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​ក្រសួង​រ៉ែ​និង​ថាមពល លោក វិចទ័រ ហ្តូនា បង្វែរ​សំនួរ​ទៅ​ក្រសួងបរិស្ថាន។

របាយការណ៍​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ បង្ហាញ​ថា គម្រោង​សាងសង់​ខ្សែ​បណ្ដាញ​បញ្ជូន​អគ្គិសនី ២៣០​គីឡូវ៉ុល ភ្ជាប់​ពី​ស្ទឹង​តាតៃ មក​ភ្នំពេញ​ជា​ការ​ភ្ជាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ភាគ​ខាង​នីរតី​កម្ពុជា មាន​សមត្ថភាព​បញ្ជូន​អគ្គិសនី​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និង​ភ្នំពេញ។ គម្រោង​នេះ មាន​ទំហំ​ទុន​វិនិយោគ​ជិត​១៣៧​លាន​ដុល្លារ ដែល​មាន​រយៈពេល​សម្បទាន​២៨​ឆ្នាំ ក្នុង​នោះ​៣​ឆ្នាំ​សម្រាប់​ធ្វើ​ការ​សាងសង់ និង​២៣​ឆ្នាំ​សម្រាប់​ធ្វើ​អាជីវកម្ម។

រីឯ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ឲ្យ​ដឹង​ដែរ​ថា មិនទាន់​ទទួល​របាយការណ៍​វាយតម្លៃ​នៃ​ផល​ប៉ះពាល់​ស្ថាន​ពី​គម្រោង​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​យល់ថា មុន​ពេល​ដែល​រដ្ឋាភិបាល​អនុវត្ត​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​អ្វីមួយ គឺ​មាន​សិក្សា​ពី​ផល​ប៉ះពាល់​រួចហើយ«ខ្ញុំ​អត់​អាច​ឆ្លើយ​ថា​ម៉េច​បាន ប៉ុន្តែ​ជាទូទៅ គម្រោង​អភិវឌ្ឍន៍​សាធារណៈ​ក៏​ដូច​ឯកជន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ត្រូវ​វាយ​តម្លៃ​ធ្វើ​ហេតុ​ប៉ះពាល់​ជា​មុន​សិន»

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច និយាយ​ថា តំបន់​ព្រៃ​ណា​មាន​គម្រោង​អភិវឌ្ឍន៍​តែងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​តំបន់​នោះ​ហិនហោច។

លោក​ផ្ដល់​គំនិត​ដល់​រដ្ឋាភិបាល​គួរ​សាងសង់​បង្គោល​សាងសង់​បង្គោល​ភ្លើង​មិន​កាត់​តំបន់​ភ្នំ​ក្រវាញ និង​តំបន់​អារ៉ែង ដោយ​រត់​បណ្ដោយ​ផ្លូវជាតិ​ជា​រឿង​ល្អ​ជាង។ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ រូប​នេះ​ត្រូវ​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៥ នៅ​ពេល​លោក​ប្រឆាំង​គម្រោង​សាងសង់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង។ ប៉ុន្តែ​២​ឆ្នាំក្រោយ​រដ្ឋាភិបាល​បណ្ដេញ​លោក​ចេញពី​កម្ពុជា​គឺ​នៅ​ឆ្នាំ​២១០៧​នេះ លោក ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ថា មិន​មាន​គម្រោង​សាងសង់​វារីអគ្គិសនី​នៅ​អារ៉ែង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល