អ្នកវិភាគ​ម្នាក់​ចេញ​មុខ​ប្ដឹង​ទាក់ទិន​នឹង​ការ​ចាក់​ដី​រំលោភ​យក​ដៃ​ទន្លេ​កណ្ដាល​ក្រុង​ភ្នំពេញ

ដោយ ហេង រស្មី
2019-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាដៃទន្លេបាសាក់​នៅ​ចន្លោះ​កោះពេជ្រ និង​ផ្សារ អ៊ីអន ដែល​សាធារណជន​បារម្ភ​ពី​ការ​ចាក់​ដី​លុប ហើយ​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អះអាង​ថា ជា​ការ​កែ​លម្អ​ច្រាំង។
រូបភាដៃទន្លេបាសាក់​នៅ​ចន្លោះ​កោះពេជ្រ និង​ផ្សារ អ៊ីអន ដែល​សាធារណជន​បារម្ភ​ពី​ការ​ចាក់​ដី​លុប ហើយ​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អះអាង​ថា ជា​ការ​កែ​លម្អ​ច្រាំង។
រូប៖ ទំព័រ​ព័ត៌មាន VOD

អ្នក​វិភាគ​នយោបាយ​ និង​ អ្នកឃ្លាំមើល​សង្គម​ លោក​ ហ៊ាង គឹមសឿន​ បាន​ចេញ​មុខ​ជា​លើក​ដំបូង​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​របប​ក្រុង​ភ្នំពេញ​ដើម្បី​អោយ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ ករណី​ចាក់​ដី​លប់​ដៃ​ទន្លេ​ធម្មជាតិ​មាន​ទីតាំង​នៅ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ជិត​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ និង​ផ្សារ​ទំនើប អ៊ីអន (AEON)

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក​ ហ៊ាង គឹមសឿន ដែល​អាស៊ី​សេរី​ទទួល​បាន កាល​ពី​ថ្ងៃ​ទី១ មេសា​ម្សិលមិញ ​ បាន​ឱ្យ​ដឹង​ថា​ ការ​ពី​ពេល​ថ្មីៗ នេះ មាន​ការ​អញ្ញាត​ជន​ឱ្យ​ធ្វើ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ដៃ​ទន្លេ​ចតុមុខ​នោះ និង​ទាមទារ​ឲ្យ​តុលាការ​គួរ​តែ​ស្វែង​រក​អញ្ញាត​ជន​ខាងលើ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អ្នក​វិភាគ​នយោបាយ​ និង​អ្នក​ឃ្លាំមើល​សង្គម​ លោក​ ហ៊ាង គឹមសឿន​ ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១ មេសា​ថា ដៃ​ទន្លេ​ជា​សម្បត្តិ​ធម្មជាតិ​សម្រាប់​ចរាចរណ៍​ទូក​នេសាទ​ នឹង​ចរាចរណ៍​ត្រី​ មិន​ត្រូវ​ចាក់​ដី​លុប​នោះ​ទេ៖ «សំខាន់​ទាម​ទារ​ឲ្យ​ព្រះរាជអាជ្ញា​ហ្នឹង​វែក​មុខ​ជន​ ដែល​ជា​អញ្ញាតជន ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​ស៊ើប​អង្កេត ​ដើម្បី​ធ្វើ​ការ​ត​ទល់​គ្នា​ នៅ​ចំពោះ​មុខ​ច្បាប់​ហ្នឹង​ថា ​តើ​អ្នក​ធ្វើ​ការ​ចាក់​ដី​រំលោភ​យក​ដៃ​ទន្លេ​បាសាក់​ហ្នឹង​ថា តើ​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ណា ឬ​មាន​ការ​អនុក្រិត្យ​ពី​រដ្ឋាភិបាល​ ពី​នាយករដ្ឋមន្ត្រី​ឬ​ទេ

អាស៊ី​សេរី​មិន​អាច​ស្នើសុំ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​តុលាការ​របប​ក្រុង​ភ្នំពេញ​ លោក​ លី សុផាន់ណា​បាន​ទេ​ ដោយ​សារ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល។​

ការ​ចាក់​ដី​រំលោភ​យក​ដៃ​ទន្លេ​ធម្មជាតិ​នេះ​ បាន​កើត​មាន​ឡើង​តាំង​ពី​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​របស់​លោក​ឧកញ៉ា ពុង ខៀវសែ​ ដែល​បាន​អភិវឌ្ឍន៍​ទៅ​ជា​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​នេះ​ធ្លាប់​បាន​ផ្ដាច់​ជីវិត​មនុស្ស​ប្រមាណ​ ៣៥០នាក់​ និង​ជាង ៧០០នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ ​កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា​ ឆ្នាំ២០១០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល