ប្រជា​នេសាទ​ច្រើន​គ្រួសារ​បារម្ភ​បាត់បង់​របរ​ក្រោយ​ការ​ចាក់​លុប​ពង្រីក​ចូល​ផ្ទៃ​ទឹក​ទន្លេ​មេគង្គ នៅ​អរិយក្សត្រ

ដោយ សុជីវី
2022.12.16
ប្រជា​នេសាទ​ច្រើន​គ្រួសារ​បារម្ភ​បាត់បង់​របរ​ក្រោយ​ការ​ចាក់​លុប​ពង្រីក​ចូល​ផ្ទៃ​ទឹក​ទន្លេ​មេគង្គ នៅ​អរិយក្សត្រ ទូកសាឡង់បូមខ្សាច់​របស់​ក្រុមហ៊ុន ឃុន សៀ បូមចាក់ម្ដុំ​ខ្សាច់កណ្ដាល ទន្លេមេគង្គ កាល​ពីថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជា​នេសាទ​ជាច្រើន​គ្រួសារ​ព្រួយបារម្ភ​បាត់បង់​មុខរបរ​នេសាទ និង​ទីកន្លែង​ដាំ​បន្លែបង្ការ តាម​បណ្តោយ​ច្រាំងទន្លេ​មេគង្គ បន្ទាប់ពី​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ នៅតែ​បន្ត​ចាក់​លុប​ផ្ទៃ​ទឹកទន្លេ​មេគង្គ​មួយ​ផ្នែក​ធំ​តាម​បណ្តោយ​ច្រាំងទន្លេ​ត្រើយ​ខាងកើត​ប្រវែង​ជាង ៤​គីឡូម៉ែត្រ នៅ​តំបន់​អរិយក្សត្រ​ខេត្ត​កណ្តាល។

អ្នកភូមិ​ថា គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​នេះ កំពុង​បំផ្លាញ​ទីកន្លែង​នេសាទ​ត្រី​យ៉ាង​សំខាន់​របស់​អ្នកភូមិ និង​ធ្វើ​ឱ្យ​ទិន្នផល​ត្រី​ថយ​ចុះ​ខ្លាំង ប៉ះពាល់​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ប្រជា​នេសាទ។

ប្រជា​នេសាទ និង​អ្នក​ដែល​អាស្រ័យ​ផល​ទឹកទន្លេ​រាប់ពាន់​គ្រួសារ​នៅ​តំបន់​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ស្តាយស្រណោះ​ផ្ទៃ​ទឹកទន្លេ និង​ឆ្នេរ​ទន្លេមេគង្គ​ដុះ​ព្រៃ​លិច​ទឹក​ដោយ​អន្លើៗ មាន​ប្រវែង​ជាង​បណ្តោយ​ខ្ទង់ ៤ គីឡូម៉ែត្រ និង​ជម្រៅ​ចូល​ផ្ទៃ​ទឹក​ចាប់ពី​៤​រយ​ម៉ែត្រ​ទៅ​៥​រយ​ម៉ែត្រ​មាន​ទំហំ ជាង​៧០​ហិកតារ កំពុង​ក្លាយជា​ដីគោក​រាក់​បណ្ដើរៗ គ្រប់គ្រង​ទ្រព្យ​ឯកជន របស់​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ។

អ្នកភូមិ​ថា គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​នេះ កំពុង​បំផ្លាញ​សុភមង្គល​របស់​ពលរដ្ឋ ដែល​មាន​មុខរបរ​នេសាទ​ជាច្រើន​គ្រួសារ បាត់បង់​ទីកន្លែង​នេសាទ។

ប្រជា​នេសាទ​រស់នៅ​ភូមិ​ពោធិ៍ធំ ឃុំ​អរិយក្សត្រ លោក ម៉ុត សាវី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៥ ធ្នូ​ថា កន្លង​ទៅ​គ្រួសារ​លោក​អាច​នេសាទ​ត្រី​លក់ រក​ចំណូល​បាន​ចន្លោះ ១០​ម៉ឺន​រៀល (១០.០០០) ទៅ ១៥ ម៉ឺន​រៀល​(១៥០.០០០) ក្នុង​មួយថ្ងៃ ប៉ុន្តែ​ក្រោយពី​ក្រុមហ៊ុន​ចាក់​ខ្សាច់​លុប​ទន្លេ​ជាង ១ ឆ្នាំ​កន្លង​មក ពួកគាត់​បាន​បាត់បង់​មុខរបរ​នេះ​ទាំងស្រុង​។ រីឯ​ច្រាំង​ទន្លេមេគង្គ ដែល​ពលរដ្ឋ​តែងតែ​ដាំ​បន្លែបង្ការ​លក់ និង​ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំថ្ងៃ ក៏​បាត់បង់​ទាំងស្រុង​ដែរ។

លោក ម៉ុត សាវី៖ «ដល់​ឥលូវ​នេះ​របរ​នេសាទ​បាត់​ទៅ ពួក​ខ្ញុំ​មិន​មាន​ដី​ធំដុំ​ធ្វើស្រែ​ចម្ការ​ទេ ដល់​ឥលូវ​នេះ​មាន​ដី​តែមួយ​ផ្ទះៗ ពឹង​លើ​ការ​នេសាទ​ហ្នឹង ឥលូវ​នេសាទ​អី​ទៀត អស់ហើយ​។ អត់​មាន​របរ​អី​ទៀត​បើ​អស់ហើយ អ្នកភូមិ​នៅ​ទីនោះ​ក្រៅពី​របរ​នេសាទ​អស់ទាំង​អស់»

ក្រុមហ៊ុន ឃុន សៀ អាហរ័ណនីហរ័ណ (Khun Sea Import Export) របស់​ឧកញ៉ា ឃុន សៀ ធ្វើ​ជំនួញ​ផ្នែក​អចលនទ្រព្យ​បន្ត​ប្រើប្រាស់​សាឡាង​ធំៗ​ជាច្រើន​គ្រឿង​ដឹក​ខ្សាច់​ទៅ​ចាក់​លុប​លយ​ចូល​ផ្ទៃ​ទន្លេមេគង្គ​ក្នុង​តំបន់​នោះ​ជា​ថ្មី​ទៀត​ជាង ៤ ខែ​មក​ហើយ ក្នុង​បំណង​បង្កើត​ដីគោក​ធ្វើ​ទីក្រុង​រណប​សាងសង់ អគារ​ខុនដូ ផ្សារ​ទំនើប​និង​កន្លែង​កម្សាន្ត​ទំនើប​ផ្សេងៗ​ទៀត ដែល​មាន​ទីតាំង​ទល់មុខ​កោះ​ពេជ្រ និង​កោះនរា ក្នុង​រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ធ្វើ​របង​លួស និង​មាន​ផ្នែក​ខ្លះ​មាន​ស័ង្កសី ហ៊ុមព័ទ្ធ​ច្រាំងទន្លេ​ជាង​៤​គីឡូម៉ែត្រ​ដោយ​ពង្រាយ​កម្លាំង​សន្តិសុខ​យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន​មិន​ឱ្យ​មនុស្ស​ប្លែក​មុខ​ចេញចូល​តំបន់​នោះ សូម្បីតែ​អ្នកភូមិ​នេសាទ​ត្រី​ក៏​ក្រុមហ៊ុន​ហាមឃាត់​ដែរ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សង្ស័យ​ថា ការ​បូម​ខ្សាច់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​អាង​ទន្លេមេគង្គ នៅ​តំបន់​រកាកោង ក្នុង​ស្រុក​មុខកំពូល មក​បំពេញ​តម្រូវការ​ចាក់​លុប​ទឹកទន្លេ​មេគង្គ​ដ៏​ធំធេង​នេះ អាច​នឹង​បំពាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ បង្ក​ឱ្យ​បាក់​ច្រាំងទន្លេ​ជា​បន្តបន្ទាប់។

លោក ម៉ុត សាវី បន្ថែម​ថា សកម្មភាព​ចាក់​លុប​ផ្ទៃ​ទឹកទន្លេ​ធំធេង​នេះ បាន​ផ្តាច់​ដង្ហើម​សេដ្ឋកិច្ច​ប្រជា​នេសាទ​ទាំងស្រុង នៅ​តំបន់​នោះ ហើយ​បច្ចុប្បន្ន​ពួក​លោក គ្មាន​មុខរបរ​នេសាទ​ចិញ្ចឹមជីវិត​ទៀត​ទេ​។ រីឯ​កម្មករ​ក្រុមហ៊ុន​បាន​ដាក់​សម្ពាធ​ឱ្យ​អ្នកភូមិ លក់​ដី​ថោកៗ​ឱ្យ​ខ្លួន ដើម្បី​ពង្រីក​ផ្ទៃដី​អភិវឌ្ឍន៍ ហើយ​អ្នកភូមិ​ខ្លះទៀត បង្ខំចិត្ត​លក់ ព្រោះ​ភ័យខ្លាច​គេ​រឹបអូស​ដី​ទាំងស្រុង ដោយ​គ្មាន​សំណង។

លោក​ថា ក្រោយពី​បាត់បង់​មុខរបរ​នេសាទ​ត្រី អ្នកភូមិ​មាន​ជីវភាព​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង ហើយ​កំពុង​ពិបាក ដើររក​ការងារ​ផ្សេង​ជំនួស​។ ចំណែកឯ តំណាង​ក្រុមហ៊ុន​ធ្លាប់​ចុះ​ជួប​អ្នកភូមិ​ដោយ​អនុញ្ញាត​ឱ្យ​ពួក​លោក​សំណូមពរ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​នេះ ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ។

លោក ម៉ុត សាវី៖ «លុប​ខ្សាច់​ទន្លេ​ដូច​ផ្តាច់​ជីវិត​ពួក​ខ្ញុំ​អ្នកនេសាទ ក្នុង​មួយថ្ងៃ ១០​ម៉ឺន​រៀល ដល់​យប់ ៣​ម៉ឺន​ទៀត គ្រាន់​ហូប​ដែរ​តាំងពី​ចាស់​ខ្សាច់​មក ពួក​ខ្ញុំ​នេសាទ​នៅ​ទីនេះ ត្រូវ​បាត់​បង់​អស់ អត់​មាន​នរណា​មួយ​នេសាទ​ទៀត​ទេ»។

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា និង​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​លោក ចាន់ យុត្ថា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១៥ ធ្នូ។

ចំណែក​ឧកញ៉ា ឃុន សៀ និង​អភិបាល​ខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ ក៏​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ព្រោះ​ទូរសព្ទ​ហៅ​ចូល​ច្រើនដង​តែ​គ្មាន​អ្នក​លើក។

រីឯ​ជំនួយការ ឧកញ៉ា ឃុន សៀ គឺ​លោក សេង ផេង វិញ​លោក​ធ្លាប់​ផ្តល់​បទ​សម្ភាស​ឱ្យ​កាសែត​ក្នុង​ស្រុក​ថា ក្រុមហ៊ុន​គ្រាន់តែ​ចាក់​ថ្ម​ដើម្បី​លុប​ច្រាំង​ពុំ​មែន​ចាក់​លុប​ទន្លេ​នោះ​ទេ ហើយ​នៅ​ពេល​សាងសង់​ច្រាំងទន្លេ​រួចរាល់ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​គម្រោង​តែម្តង។ លោក​ថា ក្រុមហ៊ុន​បាន​សហការ​ជាមួយ​អ្នកជំនាញ​បរទេស​លើ​ការ​រចនា​ប្លង់​មេ​របស់​គម្រោង។

យុវជន​ម្នាក់​ដែល​ចុះ​អង្កេត​គម្រោង​អភិវឌ្ឍ​នេះ​ព្យាករ​ថា ទិន្នផល​ត្រី ក្នុង​អាង​ទន្លេមេគង្គ និង​ទន្លេសាប​នឹង​បន្ត​ធ្លាក់ចុះ​ក្នុង​ល្បឿន​ដ៏​ឱ្យ​គួរ​ព្រួយបារម្ភ​ហើយ​ចរន្ត​លំហូរ​ទឹក​បែប​ធម្មជាតិ អាច​នឹង​ប្រែប្រួល បណ្តាល​ឱ្យ​លិច​ផ្នែក​ខ្លះ ទីក្រុង​ភ្នំពេញ​នៅ​រដូវវស្សា។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​និង​តស៊ូ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង មើល​ឃើញ​ថា ការ​អភិវឌ្ឍ​មិន​គួរ​លុប​ច្រាំងទន្លេ និង​ចាក់​លុប​ទឹកទន្លេ​មេគង្គ​នោះ​ឡើយ ព្រោះ​មិន​ផ្តល់​ផល​ចម្រើន​ដល់​សង្គមជាតិ​នោះ​ទេ ផ្ទុយទៅវិញ​នឹង​បង្ក​ឧបសគ្គ​រាំងស្ទះ​ដល់​ការ​វិវដ្ត​បែប​ធម្មជាតិ​នៃ​ទន្លេ និង​ជីវសាស្ត្រ​ចម្រុះ​។ លោក​ផ្តល់​ទស្សន​ថា រដ្ឋាភិបាល​គួរ​បង្វែង​គម្រោង​អភិវឌ្ឍន៍​នេះ ទៅ​តំបន់​ផ្សេង។

លោក ហេង គឹមហុង៖ «ការរៀបចំ​ទីក្រុង គួរ​ក្នុង​គោលបំណង​មួយ បង្កើត​ការ​អភិវឌ្ឍ​សោភ័ណភាព មិន​ប៉ះពាល់​ផ្ទៃ​ទន្លេ ធ្វើ​ឱ្យ​បាក់​ច្រាំង​ផ្សេងទៀត បើ​បិទ​កន្លែង​នេះ និង​បាក់​ច្រាំង​កន្លែង​នោះ​។ ដូច្នេះ​រដ្ឋាភិបាល​គួរ​គិត​ឡើងវិញ​ករណីនេះ ហើយ​ធានា​ថា នឹង​មិន​មានការ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន យក​មក​ធ្វើជា​ប្រយោជន៍​ឯកជន»

ចំណែក​នាយក​ប្រតិបត្តិ​អង្កការ​បណ្ដាញ​ការពារ​ទន្លេ​បី​លោក លាង ប៊ុនលាភ ពន្យល់​ថា សង្វាក់​ខ្សែទឹក​ហូរ​ទន្លេមេគង្គ​បន់​បែន​តាម​ធរណីមាត្រ​របស់​ទន្លេ ហើយ​ចរន្តទឹក​លំហូរ​បែប​ធម្មជាតិ អំណោយផល​គាប់ប្រសើរ ដល់​ត្រី​ទឹកសាប​ចិញ្ចឹមជីវិត ហេតុនេះ​ប្រសិនបើ​ទីនោះ កើតមាន​ចរន្តទឹក​ប្រែប្រួល នឹង​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ត្រី​ជាច្រើន​ប្រភេទ។

លោក​បញ្ជាក់​ថា ពេល​នេះ លោក​មិន​ទាន់​ឃើញ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​បង្ហាញ​របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ចាក់ដី​លុប​ទន្លេ​នេះ​ជា​សាធារណៈ​នៅឡើយ​ទេ។

លោក លាង ប៊ុនលាភ៖ «បណ្តាល​ឱ្យ​ត្រី​កន្លែង​រកស៊ី​វា ប្រែប្រួល ព្រោះ​ត្រី​រកស៊ី​ផ្ទៃ​ទឹក​ក្រោម លើ និង​កណ្តាល ដល់ពេល​ទឹក​ហូរ និង​មិន​ហូរ​នឹង​ពាក់ព័ន្ធ​ត្រី​មួយចំនួន​ត្រី ហើយ​ស្លែ​ទៀត​សៀត​ក៏​ជា​ចំណី​ត្រី​។ ដូច្នេះ​រឿង​ហ្នឹងឯង គឺ​វា​ត្រូវតែ​ពាក់ព័ន្ធ»

មក​ទល់​ពេល​នេះ​ទន្លេមេគង្គ​ក្រោម និង​ទន្លេបាសាក់​មាន​កោះ​ធម្មជាតិ​ត្រូវ​បាន​ក្រុមហ៊ុន​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​បក្ស​កាន់អំណាច ពង្រីក​តាមរយៈ​ចាក់ដី​លុប​ទន្លេ ប្រែ​ក្លាយទៅជា​ទីក្រុង​រណប​ចំនួន​២​ហើយ​គឺ កោះ​នរា និង​កោះ​ពេជ្រ​របស់​ឧកញ៉ា ពុង ឃាវសែ។

គម្រោង​សាងសង់​ទីក្រុង​រណប​កោះនរា​ទល់មុខ​ម្តុំ​អរិយ​ក្សត្រ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ដែល​គ្រប់គ្រង​ដោយ​លោក ពុង ឃាវសែ។ ទីក្រុង​រណប​នេះ​ត្រូវ​បាន​ចាក់​ដី​ពង្រីក​កោះនរា​លុប​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ ទទឹង​៤០០​ទៅ​៥០០​ម៉ែត្រ​ចាប់ពី​ច្រាំងទន្លេ និង​បណ្ដោយ​មាន​ប្រវែង​ខ្ទង់ ៤​គីឡូម៉ែត្រ​ដែល​គិត​ជា​ផ្ទៃក្រឡា​ទំហំ ១៧៥​ហិកតារ។

ពេល​នេះ ទីក្រុង​រណប​កោះ​នរា​ក​សាង​បាន​សាងសង់​រួចរាល់​ស្ថាពរ​ហើយ ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ២ ពាន់ ៥​រយ​លាន​ដុល្លារ។

រីឯ​ការ​អភិវឌ្ឍ​របស់​ឧកញ៉ា ឃុន សៀ ដែល​ទន្ទ្រាន​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ក្រោម​ធ្វើជា​ទីក្រុង​លក់​អចលនទ្រព្យ​ខុនដូ និង​លំនៅឋាន​មាន​ផ្ទៃដី​ប្រមាណ​៧០​ហិកតារ​ទល់មុខ​កោះ​នរា និង​កោះ​ពេជ្រ​ក៏​នឹង​ក្លាយជា​ទីក្រុង​រណប​ទី​៣​បន្ទាប់ពី​កោះ​ពេជ្រ​និង​កោះនរា។

ការ​លុប​ទន្លេ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​មិន​ពេញចិត្ត ដោយ​មិន​ហ៊ាន​ងើប​តវ៉ា​បញ្ឈប់​គម្រោង ខ្លាចក្រែង​រដ្ឋាភិបាល​ចាប់​ដាក់គុក​។​បន្ថែម​ពី​នេះ ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​មិនទាន់​បង្ហាញ​ពី​ទំហំ​ថវិកា​វិនិយោគ និង​គម្រោង​កសាង​បញ្ចប់​នៅ​ពេល​ណា​នៅឡើយ​ទេ​ហើយ​ក្រុមហ៊ុន​ក៏​នៅ​មិនទាន់​បណ្តេញ ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ច្រាំងទន្លេ​នៅឡើយ​ទេ ប៉ុន្តែ​គេ​ឃើញ​មាន​តំណាង​ក្រុមហ៊ុន ដើរ​លួងលោម​ប្រាប់​ពលរដ្ឋ​ឱ្យ​លក់​ដី​ថោកៗ​ឱ្យ​ខ្លួន។

អ្នកជំនាញ​បរិស្ថាន​បារម្ភ​ថា បច្ចុប្បន្ន​ត្រី និង​លំហូរ​ទឹក​មិនសូវ​ហូរ​ច្រោះ​ចេញពី​ទន្លេមេគង្គ​ចាក់​ចូល​ទន្លេសាប​នោះទេ ព្រោះ​ការ​ចាក់​ដី​ពង្រីង​ចូល​ទ​ន្លេ​ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​រណប​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហូរ​ពងត្រី នៃ​ខ្សែទឹក​ខាងលើ​ចាក់​មក​ខាងក្រោម បង្ក​ឱ្យ​ត្រី​រាប់​រយ​ប្រភេទ​មិន​អាច​បង្ក​កំណើត​បាន។

លោក លាង ប៊ុនលាភ បន្ថែម​ថា គម្រោង​អភិវឌ្ឍន៍​នេះ ហាក់​មិន​ស្រប​នឹង​អនុក្រឹត្យ​ស្ដីពី ការគ្រប់គ្រង​ធនធានទឹក​កាលពី​ឆ្នាំ ២០០៧ ដែល​តម្រូវ​ឱ្យ​វាស់វែង​ឱ្យ​ច្បាស់លាស់ គិត​ពី​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​របស់​ប្រជាកសិករ​នៅ​តាម​បណ្តោយ​ដង​ទន្លេ​ជា​ចម្បង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។