អាជ្ញាធរ​មិន​ទាន់​អនុវត្ត​សាលដីកា​ចាប់​ខ្លួន​មន្ត្រី​យោធា​ម្នាក់​រឿង​បំផ្លាញ​ព្រៃ​នៅ​មណ្ឌលគិរី​នៅ​ឡើយ

ដោយ ទីន ហ្សាការីយ៉ា
2021-08-05
Share
អាជ្ញាធរ​មិន​ទាន់​អនុវត្ត​សាលដីកា​ចាប់​ខ្លួន​មន្ត្រី​យោធា​ម្នាក់​រឿង​បំផ្លាញ​ព្រៃ​នៅ​មណ្ឌលគិរី​នៅ​ឡើយ
រូប៖ ហ្វេសប៊ុកសាលាឧទ្ធរណ៍ត្បូងឃ្មុំ

សមត្ថកិច្ច​ខេត្ត​មណ្ឌល​គិរី​នៅ​មិនទាន់​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ដែល​ជា​មេ​ខ្លោង​ឈូស​ឆាយ​រំលោភ​យក​ព្រៃ​សហគមន៍​ភូមិ​ពូត្រែង​ជាង ៥០ហិកតារ បើ​ទោះ​បី​ជា​មាន​ដីកា​បញ្ជា​ឱ្យ​ចាប់​ខ្លួន ពី​សាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំ​យ៉ាង​ណា​ក្តី។ មន្ត្រី​សង្គម​ស៊ីវិល​គិត​ថា​ សាលដីកា​របស់​តុលាការ​ជាន់ខ្ពស់​មួយ​នេះ នឹង​គ្មាន​ប្រសិទ្ធភាព​ទេ ប្រសិន​បើ​សមត្ថកិច្ច​មិន​អនុវត្ត​។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ លោក រៀល សុភិន បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ​និង​ឃុំ​ខ្លួន​មន្ត្រី​យោធា​ម្នាក់ ឈ្មោះ ទូច ហឿន បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី៧ កក្កដា ទាក់​ទង​នឹង​ការ​បំផ្លិចបំផ្លាញ​ព្រៃ​សហគមន៍​ភូមិ​ពូត្រែង ក្នុង​ខេត្ត​មណ្ឌលគិរី។ តុលាការ​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​រូប​នេះ​ចំនួន ៣បទ​ល្មើស រួម​មាន បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ក្នុង​សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី កាល​ពី​ឆ្នាំ២០២០។ ទោះ​ជា​យ៉ាង​នេះ​ក្ដី រយៈ​ពេល​ជិត​មួយ​ខែ​មក​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​មន្ត្រី​យោធា​រូប​នេះ តាម​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំ​នៅ​ឡើយ​ទេ។

តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ថ្លែង​ថា លោក ទូច ហឿន កំពុង​រស់នៅ​មាន​សេរីភាព នៅ​គេហដ្ឋាន​របស់​គាត់​ក្នុង​ក្រុង​សែនមនោរម្យ ដោយ​អាជ្ញាធរ​មិន​ទាន់​ចាប់​បញ្ជូន​មន្ត្រី​យោធា​រូប​នេះ​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ខេត្ត​មណ្ឌលគិរី​នៅ​ឡើយ​ទេ៖ «ព្រៃ​ដែល​ខូចខាត​ទាំង​ប៉ុន្មាន​គឺ​ខូច​អស់​ហើយ​ មាន​ន័យ​ថា ​ព្រៃ​រាប​ដល់​ដី​អស់​ហើយ ​តាម​ការ​ពិត​បើ​ផ្លូវ​ច្បាប់​ គឺ​ទូច ហឿន គឺ​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​តែ​ម្ដង រាល់​ការ​ខូចខាត​ព្រៃ​ឈើ ​របស់​ជាតិ​យើង ដីធ្លី​របស់​រដ្ឋ។ គួរតែ​ចាប់​លោក ទូច ហឿន ដាក់​ពន្ធនាគារ តាម​សាល​ដីកា​ហ្នឹង ​ដើម្បី​ឱ្យ​ពលរដ្ឋ​អបអរ​សាទរ​ទូទាំង​ខេត្ត​មណ្ឌលគិរី»

ឆ្លើយ​តប​រឿង​នេះ ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក ឡោ សុខា ថ្លែង​ថា មន្ត្រី​អាវុធហត្ថ គឺ​ជា​អ្នក​អនុវត្ត​សាលដីកា​នេះ ​ព្រោះ​ទាក់ទិន​នឹង​មន្ត្រី​យោធា មិនមែន​ជា​សមត្ថកិច្ច​របស់​អង្គភាព​លោក​ឡើយ៖ «ខាង​លោក​សួរ​ទៅ ​អាវុធ​ហត្ថ​ ព្រោះ​មន្ត្រី​យោធា ​មិន​មាន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ប៉ូលិស ​ត្រូវ​អនុវត្ត​ដីកា​ទេ ព្រោះ​ការ​អនុវត្ត​មន្ត្រី​យោធា គឺ​ខាង​មន្ត្រី​ប៉េអឹម។

អាស៊ីសេរី​នៅ​មិន​ទាន់​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក អេង ហ៊ី និង ​មេបញ្ជាការ​ប៉េអឹម ខេត្ត​មណ្ឌលគិរី ​លោក ហែម បូណារ៉ែល បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី៥ សីហា។

ទោះ​យ៉ាង​ណា ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក ​ការ​លើក​ឡើង​របស់ ​ស្នងការ​ខេត្ត​មណ្ឌលគិរី​ថា ជា​រឿង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ពីព្រោះ​ករណី​មន្ត្រី​យោធា ​ប្រព្រឹត្ត​បទល្មើស​ស៊ីវិល មន្ត្រី​នគរបាល​យុត្តិធម៌​មាន​សិទ្ធិ​ពេញ​លេញ​អនុវត្ត​សាលដីកា​របស់​សាលា​ឧទ្ធរណ៍។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ពន្យល់​ថា ទាំង​មន្ត្រី​ប៉េអឹម និង​នគរបាល​ឱ្យ​តែ​ទទួល​បាន​សាល​ដីកា​ពី​សាលា​ឧទ្ធរណ៍ ត្រូវតែ​អនុវត្ត​តាម​អំណាច​សាលដីកា​នេះ បើ​ពុំ​ដូច្នោះ​ទេ​ សាល​ដីកា​សាលាឧទ្ធរណ៍​នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ។​ លោក​បញ្ជាក់​ថា នគរបាល​ខេត្ត​មណ្ឌលគិរី មាន​សិទ្ធិ​ពេញ​លេញ​តាម​ច្បាប់ ដើម្បី​ចាប់​ខ្លួន​មន្ត្រី​យោធា​ដែល​ប្រព្រឹត្ត​បទល្មើស​ស៊ីវិល​ ស្របតាម​សាលដីកា​របស់​សាលា​ឧទ្ធរណ៍៖ «មន្ត្រី​អនុវត្ត​ច្បាប់​មិន​ប្រកាន់​ថា ​ឥលូវ​យោធា​ប្រព្រឹត្ត​ខុស​នឹង​បទល្មើស ​ព្រហ្មទណ្ឌ ​វា​ទល់​តែ​កង​រាជ​អាវុធ​ហត្ថ​មិនមែន​ទេ​ ស៊ីសង​ការ​អនុវត្ត​ហ្នឹង​គឺ ​សាលា​ដីកា ​ឬ​ក៏​ដីកា​ហ្នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​ណា ​ហើយ​ខាង​ណា​ចាប់​ គឺ​ជា​រឿង​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា​ទេ ​វា​លើក​លែង​តែ ​មន្ត្រី​យោធា ​ប្រព្រឹត្ត​បទ​ល្មើស​យោធា»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ទូច ហឿន ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ សីហា។

ប្រជា​សហគមន៍​ខេត្ត​មណ្ឌលគិរី​ឱ្យ​ដឹង​ថា លោក ទូច ហឿន មាន​រឿង​អាស្រូវ​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ ជា​ពិសេស ពួក​គាត់​ចោទ​លោក​ថា ជា​មេ​ខ្លោង​ឈូស​បំផ្លាញ​ដី​ព្រៃ​សហគមន៍​ភូមិ​ពូ​ត្រែង​ទំហំ ៥៣ហិកតារ ដើម្បី​ធ្វើ​ជា​សម្បត្តិ​បុគ្គល។ ប្រជា​សហគមន៍​សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំ​ដែល​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក ទូច ហឿន ដាក់​ពន្ធនាគារ ប៉ុន្តែ​ពួក​គាត់​ស្នើ​យ៉ាង​ទទូច​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ពន្លឿន​ការ​អនុវត្ត​តាម​សាលដីកា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល