សកម្មជន​តំបន់​អារ៉ែង​ត្រឡប់​ទៅ​ភូមិ​វិញ​ដើម្បី​បំភ្លឺ​ករណី​រង​ការ​គំរាម​សម្លាប់

ដោយ វ៉ែន សុមេធ
2018-05-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​១៥ តុលា ២០១៤
ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​១៥ តុលា ២០១៤
RFA

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង ដែល​រង​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ពី​អាជ្ញាធរ​ឃុំ​ជំនាប់ នៅ​ថ្ងៃ​ទី ០៤ ឧសភា នេះ បាន​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ នៅ​ឯ​ភូមិ​ច្រកឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដើម្បី​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​អំពី​ករណី​គំរាម​សម្លាប់​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​ចំណាត់ការ​របស់​សមត្ថកិច្ច ថា មាន​ភាព​យឺតយ៉ាវ មិន​ឆ្លើយតប​បាន​ទាន់​ពេលវេលា​ចំពោះ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ។

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត ថ្លែងប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​ស្រុក​ថ្មបាំង​បាន​ទាក់ទង​ទៅ​រូបលោក ដើម្បី​ឱ្យ​មក​ឆ្លើយ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក លើ​ពាក្យ​បណ្ដឹង​ដែល​លោក​បាន​ប្ដឹង​ជំទប់​ទី ១ ឃុំ​ជំនាប់ លោក ទិល ចាន់ អំពី​ការ​គំរាមកំហែង​រូបលោក​ដល់​អាយុជីវិត។ ទោះជា​យ៉ាងណា លោក​មិន​បាន​នាំ​ប្រពន្ធ​កូន​ត្រឡប់​មក​ជាមួយគ្នា​នោះ​ទេ ដោយសារ​លោក​នៅ​មាន​កា​រ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ ហើយ​ដំណើរ​វិល​ត្រឡប់​មក​ភូមិ​វិញ​នេះ លោក​ក៏បាន​ពឹង​ពាក់​អ្នក​រាប់អាន​គ្នា ឱ្យ​ជូន​លោក​ត្រឡប់​ទៅវិញ​ដែរ ព្រោះ​លោក​បារម្ភ​ខ្លាច​កើតមាន​បញ្ហា​តាម​ផ្លូវ។ «»

លោក​បញ្ជាក់​ថា លោក​នឹង​ទៅ​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មបាំង នៅ​ថ្ងៃទី៥ ឧសភា ក្រោយ​ពេល​លោក​វិលត្រឡប់​ទៅដល់​ផ្ទះ​ជា​មុន​សិន។ លោក​ទទូច​ឱ្យ​សមត្ថកិច្ច​ដោះស្រាយ​ករណី​នេះ​ឱ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​ឱ្យ​លោក​អាច​នាំ​ប្រពន្ធ និង​កូន​វិលត្រឡប់​ទៅ​គេហដ្ឋាន ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ដូច​ធម្មតា​វិញ។ «»

លោក វ៉ែន អែត គឺជា​សកម្មជន​បរិស្ថាន ជា​សមាជិក​គណៈកម្មការ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង និង​ធ្លាប់​ជា​សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន មុន​នឹង​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ។

គិត​ត្រឹម​ថ្ងៃ​ទី៤ ឧសភា លោក​បាន​រត់​ភៀសខ្លួន​ចេញពី​ភូមិ​អស់​រយៈពេល ២​សប្ដាហ៍​ហើយ បន្ទាប់ពី​រង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​ពី​សំណាក់​ជំទប់​ទី១ ឃុំ​ជំនាប់ លោក ទិល ចាន់ កាលពី​ថ្ងៃ​ទី១៧ ខែ​មេសា កន្លង​ទៅ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សមត្ថកិច្ច​ស្រុក​ថ្មបាំង​បានទេ នៅ​ថ្ងៃ​ទី៤ មេសា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​ចំណាត់ការ​លើ​ពាក្យ​បណ្ដឹង​របស់​លោក វ៉ែន អែត។

មន្ត្រី​ប្រឹក្សា​ច្បាប់​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន ដែល​បាន​តាមដាន​ករណី​នេះ រក​ឃើញ​ថា លោក វ៉ែន អែត រង​ការរើសអើង និង​គំរាមកំហែង​ដល់​អាយុជីវិត ដោយសារ លោក វ៉ែន អែត បាន​ដាក់​ញត្តិ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​សុំ​អន្តរាគមន៍​ពន្លឿន​ការ​ធ្វើ​ស្វ័យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ជង តំបន់​អារ៉ែង។ លោក​ក៏​ជា​សកម្មជន​បរិស្ថាន​ម្នាក់​ដ៏​សកម្ម​ដែល​ធ្លាប់​តស៊ូ​មតិ​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង។ ហើយ លោក វ៉ែន អែត ជា​អតីត​បេក្ខជន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ជំនាប់ និង​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​មូលដ្ឋាន ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ រិះគន់​ការ​បំពេញ​មុខងារ​របស់​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​ជំនាប់ ដែល​យឺតយ៉ាវ​ក្នុង​ការ​ចាត់ការ​បណ្ដឹង​របស់​លោក វ៉ែន អែត ធ្វើ​ឱ្យ​រូបគាត់​ត្រូវ​បង្ខំចិត្ត​រត់​គេច​ខ្លួន​ចេញ​ពី​ផ្ទះ ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព។ «»

លោក​ក៏​ស្នើ​ឱ្យ​សមត្ថកិច្ច​ជួយ​ការពារ​សុវត្ថិភាព​ជូន​លោក វ៉ែន អែត ផង​ដែរ នៅ​ពេល​សកម្មជន​រូប​នោះ​ទៅដល់​គេហដ្ឋាន​វិញ ព្រោះ​ភូមិ​ច្រកឫស្សី ឃុំ​ជំនាប់​នោះ ជា​តំបន់​ព្រៃ និង​ដាច់ស្រយាល ងាយ​នឹង​ទទួលរង​ការ​យាយី ប្រសិនបើ​មានការ​ប៉ុនប៉ង​ណាមួយ​ទៅលើ​រូប​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល