ពិធី​បុណ្យ​សព​ពលរដ្ឋ​អារ៉ែង​ដែល​ស្លាប់​ដោយសារ​រន្ទះបាញ់​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ

ដោយ អាស៊ីសេរី
2018.05.20
និមិត្ត​សញ្ញា ​អាស៊ីសេរី ៦២២ និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

ពិធី​បុណ្យ​សព​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង ដែល​បាត់​បង់ជីវិត​ដោយសារ​បាតុភូត​រន្ទះបាញ់​នោះ នឹង​ត្រូវ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី២១ ឧសភា​នេះ។ ពលរដ្ឋ​តំបន់​អារ៉ែង និង​សកម្មជន​ដែល​តែង​ចេញចូល​តំបន់​អារ៉ែង សម្ដែង​ក្ដី​ទុក្ខសោក​ជា​ខ្លាំង​ចំពោះ​ការ​បាត់​បង់ជីវិត​អ្នកភូមិ​ទាំង ៥​នាក់​នោះ ដែល​ជា​ហេតុការណ៍​មួយ​ដ៏​រន្ធត់​មិន​ធ្លាប់​កើតមាន​ឡើយ​នៅ​តំបន់​នោះ។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង លោក ហ៊ឹង ពៅ ថ្លែង​ថា អ្នកភូមិ និង​ក្រុម​គ្រួសារ​សព បាន​សម្រេច​បូជាសព​ជនរងគ្រោះ​ចំនួន ៤ នាក់ នៅ​ទីតាំង​ក្បែរ​គ្នា ក្នុង​ពេល​តែមួយ ចំណែក​សព​កុមារ​រងគ្រោះ​ម្នាក់ទៀត ត្រូវ​បាន​បញ្ចុះ​នៅ​ទីតាំង​ដទៃ ស្រប​ទៅ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ជង។ លោក​បញ្ជាក់​ថា ការ​បូជា និង​បញ្ចុះសព​ជនរងគ្រោះ​នេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី២០ ឧសភា នៅ​ភូមិ​ច្រកឫស្សី ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ក្រោម​ទិដ្ឋភាព​ទួញ​យំសោក​ពី​សំណាក់​ក្រុម​គ្រួសារ និង​ភាព​សោកសៅ​ពី​សំណាក់​អ្នក​ដែល​បាន​ទៅ​ចូលរួម៖ «ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​របស់​យើង​សម្ដែង​នូវ​ការ​សោកស្ដាយ​ជា​ខ្លាំង អ៊ីចឹង​គ្មាន​អ្វី​ក្រៅពី​ជួយ​រំលែក​ទុក្ខ​ខ្លះ ជួយ​នេះ​ខ្លះ ជួយ​នោះ​ខ្លះ​ដើម្បី​សម្រួល​ដល់​អារម្មណ៍​របស់​គ្រួសារ​សព​នីមួយៗ កុំ​ឱ្យ​គាត់​គិត​វែងឆ្ងាយ​ពេក ហើយ​និង​ជួយ​កាត់បន្ថយ​នូវ​ការ​សោកស្ដាយ​របស់​គាត់​បាន​ខ្លះៗ​ដែរ ដោយសារតែ​ពួក​យើង​បាន​ឈឺឆ្អាល​ពី​រឿង​ការ​ស្លាប់​របស់​អ្នក​ទាំង ៥ នាក់​នោះ ហើយក៏​យើង​តែងតែ​មាន​សាមគ្គីភាព​ដែរ»

កាលពី​រសៀល​ថ្ងៃទី១៧ ឧសភា កន្លងទៅ ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​កុមារ​ម្នាក់​ផង បាន​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ពេល​ដែល​ពួកគាត់​កំពុង​ជ្រក​ភ្លៀង​ជុំ​គ្នា​ជាមួយ​អ្នកភូមិ​មួយ​ចំនួន​ទៀត ក្រោយ​ជួយ​គ្នា​សង់ផ្ទះ​អ្នកភូមិ​ម្នាក់​នៅ​ភូមិ​ច្រកឫស្សី។ ក្រៅ​ពី​ស្លាប់​មនុស្ស ៥ នាក់​នេះ​ហើយ ក៏​មាន​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​បាន​រង​របួស​ដែរ ដោយ​ម្នាក់​រង​របួស​ស្រាល និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កោះកុង។

លោក ហ៊ឹង ពៅ បញ្ជាក់​ថា កុមារី​ដែល​រង​របួស​ធ្ងន់​នោះ បាន​ធូរស្បើយ​ជាង​មុន និង​ត្រូវ​បញ្ជូន​ត្រឡប់​មក​ភូមិ​វិញ​ហើយ។ លោក​អះអាង​ថា រន្ទះបាញ់​ស្លាប់​មនុស្ស ៥​នាក់​នេះ ជាហេតុ​ការណ៍​ដ៏​អាក្រក់​មិន​ធ្លាប់​កើតមាន​ឡើយ​នៅ​តំបន់​អារ៉ែង។ ប្រធាន​សហគមន៍​រូប​នេះ អះអាង​ថា ជនរងគ្រោះ​ទាំងនោះ លើកលែងតែ​កុមារ​អាយុ ៤​ឆ្នាំ​ចេញ គឺ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ និង​យុវជន​ដ៏​សកម្ម​នៅ​ក្នុង​ភូមិ​ដែល​តែង​ចូលរួម​គ្រប់​សកម្មភាព​របស់​សហគមន៍ ទាំង​ការ​ការពារ​ផលប្រយោជន៍​សហគមន៍ ការ​នាំ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ដែល​ជួយ​បង្កើន​ចំណូល​សម្រាប់​សហគមន៍ និង​ទាំង​ការ​តស៊ូ​មតិ​មិន​ឱ្យ​មានការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​ជាដើម។ លោក​ថា​ការបាត់បង់​អ្នក​ទាំង ៥​នាក់​ក្នុង​នោះ រួមមាន​កុមារ​អាយុ ៤ ឆ្នាំ​នោះ​ផង គឺជា​ការ​បាត់បង់​យ៉ាង​ធំធេង​សម្រាប់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់​អារ៉ែង។

សកម្មជន​បរិស្ថាន អ្នកនាង លីម គីមស័រ ដែល​ចុះទៅ​តំបន់​អារ៉ែង​ជា​ញឹកញាប់​នោះ ថ្លែង​ថា នាង​នៅ​តែ​មាន​អារម្មណ៍​រន្ធត់ និង​ក្ដុកក្ដួល​ចំពោះ​មរណភាព​របស់​អ្នកភូមិ​ទាំង ៥ នាក់​នោះ​ជានិច្ច ពីព្រោះ​ពួកគេ​តែង​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន និង​ព្រៃឈើ និង​ការ​តស៊ូ​មតិ​ផ្សេងៗ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំងមូល។ នាង​បន្ត​ថា ការ​បាត់បង់​អ្នក​ទាំង ៥ ពិសេស​គឺ​មនុស្ស​ពេញវ័យ​ទាំង ៤​នាក់​នោះ គឺជា​បាត់បង់​ធនធានមនុស្ស​ដ៏​ល្អ និង​សំខាន់​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​នៅ​តំបន់​អារ៉ែង៖ «មានតែ​ការ​សោកស្ដាយ​ចំពោះ​ការបាត់បង់​សមាជិក​តស៊ូ​មតិ​ទាំង ៤​នាក់ និង​មានតែ​ការ​អាឡោះអាល័យ​គាត់​ប៉ុណ្ណឹង។ មិន​ចំពោះតែ​ចាស់ៗ​ទាំង ៤ នាក់​នោះ​ទេ សូម្បីតែ​ក្មេង​ដែល​ស្លាប់​ហ្នឹង ទោះបី​គាត់​ជា​កូនក្មេង​មែន ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មាន​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ថត​ជា​វីដេអូ ឬក៏​យើង​មានកម្ម​វិធី​ជួបជុំ​អ្វី​ផ្សេងៗ ក៏​គាត់​ចូលរួម​ជាមួយ​ពួក​យើង​ដែរ»

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​តំបន់អារ៉ែង លោក ហ៊ឹង ពៅ បញ្ជាក់​ថា ថ្វី​ដ្បិត​តែ​ពិធី​បុណ្យ​សព​របស់​អ្នកភូមិ​ទាំង ៥​នាក់​នេះ មាន​ភាព​សោកសង្រេង​ក៏​ពិតមែន ប៉ុន្តែ​វា​បាន​បង្ហាញ​ថា មាន​មនុស្ស​ម្នា និង​ស្ថាប័ន​ជាច្រើន ដូចជា អាជ្ញាធរ អង្គការ​សង្គម​ស៊ីវិល បណ្ដាញ​យុវជន និង​សប្បុរសជន​នានា​ជាច្រើន បាន​ជួយ​ឈឺឆ្អាល និង​រំលែក​ទុក្ខ​ពួកគាត់ តាមរយៈ​ការ​អញ្ជើញ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព និង​ការ​ផ្ដល់​ជា​ជំនួយ​ផ្សេងៗ​ជាដើម។ លោក​ថា នេះ​ជា​ការ​ជួយ​លើកទឹកចិត្ត​យ៉ាង​សំខាន់​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ជង​ផ្សេងទៀត​ឱ្យ​មាន​អារម្មណ៍​រំសាយ​ពី​ទុក្ខ​កង្វល់​បាន​ខ្លះ។ បន្ថែម​ពីលើ​នេះ លោក​ក៏​ស្នើ​ដល់​ពលរដ្ឋ​ទូទៅ​ដែល​មាន​បំណង​ទៅ​កម្សាន្ត​នៅ​តំបន់​អា​រ៉ែ​ង សូម​កុំ​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​ការ​ទៅ​កម្សាន្ត​នៅ​ទីនោះ ព្រោះ​គ្រោះថ្នាក់​ធម្មជាតិ​បែបនេះ ជា​ករណី​កម្រ​បំផុត​នៅ​តំបន់​អារ៉ែង។ លោក​សង្កត់​ធ្ងន់​ថា បើ​លែង​មាន​អ្នក​ទៅ​កម្សាន្ត​នៅ​តំបន់​អារ៉ែង​នោះ ពលរដ្ឋ​ក្នុង​សហគមន៍​នឹង​បាត់បង់​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​សម្រាប់​យក​ទៅ​អភិវឌ្ឍ​សហគមន៍​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។