អភិបាល​ខេត្ត​ព្រះសីហនុ​ជំរុញ​ការងារ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ

ដោយ ដែន អយុធ្យា
2016.10.07
រង្វល់​មូល​ឯករាជ្យ ៨៥៥ រង្វង់​មូល​ដែល​ត្រូវ​បាន​សាងសង់​ថ្មី​នៅ​ផ្លូវ​ឯករាជ្យ ក្រុង​ព្រះសីហនុ។ រូបថត​ថ្ងៃ​៧ ខែ​តុលា ឆ្នាំ​២០១៦
RFA/Den Ayuthea

រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា កំពុង​ជំរុញ​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ពិសេស​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ ឲ្យ​មាន​សោភណភាព​ដើម្បី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សមុទ្រ ដែល​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦។

​មន្ត្រី​សង្គម​ស៊ីវិល​សាទរ​ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពេល​នេះ ប៉ុន្តែ​ព្រួយ​បារម្ភ​ការ​ស្ថាបនា​នេះ​មាន​ការ​យឺតយ៉ាវ។

​ថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សកម្មភាព​អភិវឌ្ឍន៍​មូលដ្ឋាន​ខេត្ត​នេះ ឲ្យ​មាន​សោភណភាព ឬ​មាន​សួន​ច្បារ​ស្រស់​បំព្រង ពង្រីក​ផ្លូវ​ធ្វើ​ដំណើរ និង​បំពាក់​ភ្លើង​បំភ្លឺ​ជាដើម ដើម្បី​ត្រៀម​រៀបចំ​ធ្វើ​ជា​​ម្ចាស់ផ្ទះ​នៃ​ពិធី​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៦។

មន្ត្រី​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ បាន​បើ​កិច្ច​ប្រជុំ​ជា​បន្តបន្ទាប់​រយៈពេល ២​លើក​រួច​មក​ហើយ​នា​សាលាខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត​ច្រើន​ទៀត។

លោក យន្ត មីន ផ្តល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី ដឹង​ថា រដ្ឋបាល​ខេត្ត​កំពុង​ជំរុញ​ការងារ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ ជាពិសេស​ប្រព័ន្ធ​ផ្លូវ លូ សួនច្បារ និង​បំពាក់​ភ្លើង​បំភ្លឺ​នៅ​គ្រប់​ច្រកល្ហក ពិសេស​តំបន់​ជាប់​ឆ្នេរ​សមុទ្រ​នៃ​ឆ្នេរ​ឯករាជ្យ​ឲ្យ​មាន​សោភណភាព និង​មាន​អនាម័យ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ ចូល​មក​ទស្សនា​ពិធី​បុណ្យ​សមុទ្រ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦។

លោក យន្ត មីន ស្នើ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត សូម​ចូលរួម​ថែរក្សា​អនាម័យ និង​បរិស្ថាន​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន ឲ្យ​មាន​សោភណភាព​ល្អ និង​ត្រូវ​ចូល​រួម​សហការ​គាំទ្រ ការងារ​រៀបចំ​បុណ្យ​សមុទ្រ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត៖ «សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះសម្បែង​នៅ​ជាប់​ដង​ផ្លូវ​ក្រាល​កៅស៊ូ ឬ​ផ្លូវ​ធំ សូម​ចូលរួម​តុបតែង ឬ​លាប​ថ្នាំ​ពណ៌​របស់​លោក​អ្នក​ឲ្យ​បាន​ស្រស់​ស្អាត និង​សំអាត​បរិស្ថាន​នៅ​ជុំវិញ​ទីតាំង​របស់​ខ្លួន​ឲ្យ​មាន​សោភណភាព​ទាំង​អស់​គ្នា ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​នៅ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។ ចំពោះ​ភ្ញៀវទេសចរ​មក​ពី​ទី​ជិត​ឆ្ងាយ​មក​ចូលរួម​បុណ្យ​សមុទ្រ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦ ខាង​មុខ​នេះ សូម​ចូលរួម​សំអាត​អនាម័យ និង​បរិស្ថាន ឲ្យ​បាន​ស្អាត​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ជា​ម្ចាស់ផ្ទះ​ទាំង​អស់​គ្នា​ដែរ»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​គាំទ្រ​ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​មូលដ្ឋាន និង​ការងារ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​មួយ​ចំនួន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ផែនការ​អភិវឌ្ឍ​ឆ្នេរ ឬ​អភិវឌ្ឍ​មូលដ្ឋាន​របស់​រដ្ឋបាល​ខេត្ត​នេះ មិន​ទាន់​តាម​ការ​គ្រោង​ទុក ព្រោះ​សកម្មភាព​ស្ថាបនា​សួនច្បារ ការងារ​ពង្រីក​ផ្លូវថ្នល់​ក្រាល​កៅស៊ូ ស្ថាបនា​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក និង​បំពាក់​ភ្លើង​បំភ្លឺ ហាក់​មាន​ការ​យឺតយ៉ាវ ពិសេស​មូលដ្ឋាន​នេះ​មាន​ភ្លៀង​ធ្លាក់​រំខាន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។

លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ឆ្នេរ​មួយ​ចំនួន នៅ​ថ្ងៃ​ទី​៧ ខែ​តុលា បាន​កត់សម្គាល់​ថា សកម្មភាព​អភិវឌ្ឍន៍​មូលដ្ឋាន និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​ឆ្នេរ​ឯករាជ្យ​ជាដើម ដើម្បី​ស្វាគមន៍​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ មាន​ទីតាំង​ខ្លះ​ទើប​ស្ថាបនា​បាន​ចន្លោះ​ពី ៥០ ទៅ ៦០​ភាគរយ ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​កម្មវិធី​បុណ្យ​សមុទ្រ​កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ហើយ​ភ្លៀង​បន្ត​ធ្លាក់​មក​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ៖ «ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​សួន​ច្បារ​ជាដើម សម្រាប់​ស្វាគមន៍​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ឃើញ​ថា ដំណើរការ​ហាក់​មាន​ការ​យឺតយ៉ាវ និង​មិន​ទាន់​ស្ថាបនា​បាន ៧០​ភាគរយ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។ ខ្ញុំ​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​នេះ​គួរ​ពន្លឿន​សកម្មភាព​ស្ថាបនា​នេះ​ឲ្យ​បាន​ខ្លាំងក្លា ឬ​លឿន​ជាង​នេះ ដើម្បី​ឲ្យ​ទាន់​កាលបរិច្ឆេទ​បុណ្យ​សមុទ្រ​ទៅ​តាម​ការ​គ្រោង​ទុក។ ជាង​នេះ ក៏​ត្រូវ​រៀបចំ​ពហុកីឡាដ្ឋាន​ក្រុម​មឿង ដែល​មាន​ដុះ​ព្រៃ​ទ្រុបទ្រុល​ឲ្យ​មាន​អនាម័យ និង​មាន​បរិស្ថាន ហើយ​បើសិនជា​មាន​ការ​ប្រកួត​កីឡា គឺ​ត្រូវ​យក​ពហុកីឡាដ្ឋាន​នេះ​ដើម្បី​ប្រកួត​កីឡា​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ»

តាម​គម្រោង​របស់​គណៈកម្មការ​រៀប​ចំ​បុណ្យ​សមុទ្រ​បង្ហាញ​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ត្រៀម​រៀបចំ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវ​ស្រងាត់»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី នឹង​ចូល​រួម​ជា​កិត្តិយស បើក​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​នៅ​ខេត្ត​ព្រះសីហនុ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ប្រកាស​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរជាតិ សូម​អញ្ជើញ​មក​កម្សាន្ត​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ឲ្យ​បាន​ច្រើន​កុះករ ដោយ​កម្លាំង​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ត្រៀម​កម្លាំង​ការពារ​សុវត្ថិភាព​ជូន​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។