សង្គម​ស៊ីវិល​បង្ហាញ​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ឡាវ​ដល់​កម្ពុជា

ដោយ រាជ វិញ្ញូ
2017-02-23
Share
នេសាទ ស្ទឹងត្រែង ៨៥៥ ២០១៦ ពលរដ្ឋ​នេសាទ​នៅ​ដង​ទន្លេ​មេគង្គ​លើ ឋិត​នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Men Sothyr
RFA/Men Sothyr

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បាក់បេង (Pak Beng) ដែល​ជា​គម្រោង​ខ្នាត​ធំ​លំដាប់​ទី​៣ របស់​ប្រទេស​ឡាវ នឹង​ធ្វើ​ឱ្យ​ដង​ទន្លេ​មេគង្គ​កម្ពុជា រង​ផល​ប៉ះពាល់​យ៉ាង​ច្រើន ដូចជា​ផ្នែក​បរិស្ថាន គុណភាព​ទឹក និង​ជីវចម្រុះ​សំខាន់​នានា។ សង្គម​ស៊ីវិល​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ថវិកា​ឱ្យ​បាន​ច្រើន ចុះ​ប្រមូល​ទិន្នន័យ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៃ​ដង​ទន្លេ​មេគង្គ​របស់​ខ្លួន ដែល​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​វារីអគ្គិសនី​របស់​ប្រទេស​ឡាវ នេះ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បាក់បេង មាន​កម្លាំង ៩១២​មេហ្កាវ៉ាត់ ដែល​ជា​ទំនប់​វារីអគ្គិសនី​ខ្នាត​ធំ​លំដាប់​ទី​៣ របស់​ប្រទេស​ឡាវ បន្ទាប់​ពី​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayaburi) និង​ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong)។ គម្រោង​ថ្មី​នេះ​មាន​ទីតាំង​នេះ​ឋិត​នៅ​ចំណាយ ១,៤២៣​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ​រវាង​ប្រទេស​ជាប់​ពាក់ព័ន្ធ និង​អង្គការ​អន្តរជាតិ​នានា។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា NGO Forum លោក តឹក វណ្ណារ៉ា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ទំនប់​វារីអគ្គិសនី​របស់​ប្រទេស​ឡាវ ដែល​គ្រោង​សាងសង់​នៅ​លើ​តួ​មេ​នៃ​ទន្លេ​មេគង្គ​នេះ នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ទៅ​ដល់​ប្រជាជន​កម្ពុជា និង​ប្រជាជន​រស់​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ទាំង​មូល។

លោក​បញ្ជាក់​ថា ផល​ប៉ះពាល់​ទាំង​នោះ រួម​មាន​ធនធាន​ជលផល លំហូរ​ទឹក​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​រដូវ​ប្រាំង ជីវចម្រុះ រួម​ទាំង​សត្វ​ផ្សោត បរិស្ថាន​នៃ​ទន្លេ និង​គុណភាព​ទឹក​ជា​ដើម៖ «សិក្សា​អំពី​បញ្ហា​ស្មុគស្មាញ ជីវចម្រុះ និង​បរិស្ថាន​ទន្លេ​មេគង្គ​សិន ក្រោយ​ពី​ការ​សិក្សា​ហើយ ចាំ​យើ​មក​ពិភាក្សា​ថា តើ​គម្រោង​ហ្នឹង​គួរ​បញ្ឈប់ ឬ​បន្ត»

​លោក​បន្ត​ថា ការ​ទាញ​យក​ទឹក​ទន្លេ​មក​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​តាម​ដង​ទន្លេ រួម​ទាំង​សត្វ​ស្រុក និង​សត្វព្រៃ ក៏​ប្រឈម​នឹង​ផល​ប៉ះពាល់​ដែរ ជាពិសេស​ការ​ធ្វើ​កសិកម្ម​នានា ក្នុង​រដូវ​ប្រាំង នឹង​ជួប​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់ ស្រោចស្រព​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​កន្លង​មក​ក្នុង​រដូវប្រាំង ទន្លេ​មេគង្គ​កម្ពុជា បាន​ក្លាយ​ជា​អាង​ស្ទើរ​តែ​គ្មាន​ទឹក រហូត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្លាប់​ស្នើ​ឱ្យ​ប្រទេស​ចិន បើក​ទំនប់​ទឹក បង្ហូរ​មក​អាង​ទន្លេ​មេគង្គ​ក្រោម។

កិច្ចព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ តម្រូវ​ឱ្យ​ប្រទេស​តាម​ដង​ទន្លេ​ត្រូវ​ជូន​ដំណឹង​ទៅ​ដល់​ប្រទេស​ជា​សមាជិក​ខ្លួន​មុន​សាងសង់​ទំនប់​វារីអគ្គិសនី។ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ប្រទេស​ឡាវ បាន​ផ្ញើ​ឯកសារ​ជា​ផ្លូវការ​ស្ដីពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បាក់បេង របស់​ខ្លួន​ទៅ​កាន់​គណៈកម្មការ​ទន្លេ​មេគង្គ ដែល​ជា​ប្រទេស​ពាក់ព័ន្ធ ដូចជា​កម្ពុជា និង​វៀតណាម ជាដើម ហើយ​មក​ដល់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦ ទើប​ឯកសារ​នោះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ។ ក្រោយ​ពី​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​រួច​មក ក្រុម​ប្រទេស​ជា​សមាជិក​គឺ​មាន​រយៈពេល ៦​ខែ ដើម្បី​ពិគ្រោះ​យោបល់​ពី​ផល​ប៉ះពាល់ ប្រមូល​មតិ និង​ការ​ព្រួយ​បារម្ភ​ពី​ពលរដ្ឋ រួច​ហើយ​ត្រូវ​បញ្ជូន​ឯកសារ​នោះ​ទៅ​កាន់​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​លេខាធិការដ្ឋាន​នៅ​ក្នុង​ប្រទេស​ឡាវ ដើម្បី​បញ្ជូន​បន្ត​ទៅ​រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ទំនប់​វារីអគ្គិសនី ដើម្បី​សិក្សា​បន្ត​ថា នឹង​សាងសង់ ឬ​មិន​សាងសង់។

ទោះ​ជា​យ៉ាង​ណា លោក តឹក វណ្ណារ៉ា បញ្ជាក់​ថា នីតិវិធី​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ មិន​ដែល​មាន​ប្រសិទ្ធភាព​ឡើយ ជាក់ស្ដែង​ដូច​ករណី​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង របស់​ប្រទេស​ឡាវ កន្លង​មក របាយការណ៍​របស់​ប្រទេស​ជា​សមាជិក​ដែល​លើក​ឡើង​អំពី​ក្ដី​កង្វល់ និង​ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ផល​ប៉ះពាល់​ផ្សេងៗ មិន​ត្រូវ​បាន​យក​ទៅ​គិត​ពិចារណា មុន​នឹង​ធ្វើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ​ទេ។

​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា អំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក ជាពិសេស​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​បាក់បេង មួយ​រយៈ​ពេល​សិន ដើម្បី​ធ្វើ​ការ​សិក្សា​រួមគ្នា​មួយ​ឱ្យ​បាន​ស៊ីជម្រៅ និង​លំអិត​អំពី​ផល​ប៉ះពាល់​ផ្សេងៗ រួម​ទាំង​ផល​ប៉ះពាល់​ជីវចម្រុះ ដែល​នឹង​កើត​ឡើង​ក្រោយ​គម្រោង​នេះ​បញ្ចប់។

ក្រៅ​ពី​នោះ រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ចំណាយ​ថវិកា​ឱ្យ​បាន​ច្រើន ដើម្បី​អនុញ្ញាត​ឱ្យ​ស្ថាប័ន​មួយ​ចំនួន​ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកល​វិទ្យា​ភូមិន្ទ​កសិកម្ម អាជ្ញាធរ និង​គណៈកម្មការ​ទន្លេ​មេគង្គ និង​អាជ្ញាធរ​ទន្លេ​សាប​ជាដើម សហការ​គ្នា​ចុះ​សិក្សា​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​ឱ្យ​បាន​ច្បាស់លាស់​មួយ ថា​តើ​អាង​ទន្លេ​មេគង្គ​របស់​ប្រទេស​កម្ពុជា មាន​ធនធាន និង​ជីវចម្រុះ​អ្វី​ខ្លះ​ដើម្បី​យក​ទិន្នន័យ​ទាំង​នោះ​ទៅ​បង្ហាញ​ប្រទេស​ឡាវ និង​ប្រទេស​ជា​សមាជិក​ផ្សេង​ទៀត ក្នុង​ការ​ហាមឃាត់​ប្រទេស​ឡាវ មិន​ឱ្យ​អភិវឌ្ឍ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​បាក់បេង។

ជាមួយ​គ្នា​នោះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ថ្លែង​ថា តាម​គោលការណ៍​ដែល​ព្រមព្រៀង​គ្នា​រវាង​ប្រទេស​ជា​សមាជិក​ទាំង​៤ នៃ​ទន្លេ​មេគង្គ គឺ​មុន​នឹង​មាន​ការ​អភិវឌ្ឍ​គម្រោង​វារីអគ្គិសនី​ណា​មួយ​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ គឺ​ត្រូវ​តែ​ធ្វើការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន៖ «គ្រោង​នឹង​អភិវឌ្ឍ​វារីអគ្គិសនី​អី​ផ្សេង​នៅ​អាង​ទន្លេ​មេគង្គ ស្នើ​ឱ្យ​មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ឱ្យ​បាន​ម៉ត់ចត់»

​លោក​បន្ត​ថា រយៈពេល​កន្លង​មក​ក៏​មាន​កិច្ចប្រជុំ​ស្ដីពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​វារីអគ្គិសនី​បាក់បេង នៅ​ក្នុង​ប្រទេស​ឡាវ ដែរ។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​លើក​ឡើង​ថា ថ្វី​ត្បិត​លោក​មិន​មាន​ព័ត៌មាន​លំអិត​ដែល​អាច​និយាយ​អំពី​ទំហំ​នៃ​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ផ្សេងៗ​នៃ​ទន្លេ​មេគង្គ​កម្ពុជា បច្ចុប្បន្ន ដែល​អាច​រង​ផល​ប៉ះពាល់​ពី​គម្រោង​វារីអគ្គិសនី​របស់​ឡាវ ប៉ុន្តែ​កន្លង​មក ភាគី​កម្ពុជា តែងតែ​លើក​ឡើង​អំពី​មតិ​យោបល់​ប្រាប់​ភាគី​ប្រទេស​ឡាវ។

លោក សៅ សុភាព ថ្លែង​ទៀត​ថា កម្ពុជា​តែង​ប្រកាន់ខ្ជាប់​ដើម្បី​ស្នើ​ឱ្យ​ប្រទេស​ដែល​មាន​គម្រោង​អភិវឌ្ឍ​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ ត្រូវ​តែ​គិតគូរ​ឱ្យ​បាន​ម៉ត់ចត់​អំពី​ផល​ប៉ះពាល់​មុន​ធ្វើ​ការ​អភិវឌ្ឍ។ ទោះ​ជា​យ៉ាង​ណា លោក​ថា គម្រោង​អភិវឌ្ឍន៍​វារីអគ្គិសនី​ឈ្មោះ​បាក់បេង របស់​ប្រទេស​ឡាវ កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល