ពលរដ្ឋ​រស់នៅ​ក្បែរ​ស្ថានីយ​បូម​ទឹក​បឹង​កប់​ស្រូវ​ស្នើសុំ​បម្លែង​ទឹក​ស្អុយ​ឲ្យ​បាត់​ក្លិន

ដោយ អ៊ុក សាវបូរី
2015-08-27
Share
ស្ថានីយ​បូម​ទឹក​កប់​ស្រូវ ៦១០ ការដ្ឋាន​ស្ថានីយ​បូម​ទឹក​ស្អុយ​ចូល​ទៅ​បឹង​កប់​ស្រូវ។
Photo: RFA

ក្រោយ​ពី​ទ្រាំ​ហិត​ក្លិន​ទឹក​ស្អុយ​ដែល​បូម​ទឹក​ជន់​ពី​រាជធានី​ភ្នំពេញ ទម្លាក់​ទៅ​បឹង​កប់​ស្រូវ​មិន​បាន ពលរដ្ឋ និង​អាជ្ញាធរ​ច្រើន​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ស្នើសុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ជួយ​បម្លែង​ទឹក​កខ្វក់​ឲ្យ​ទៅ​ជា​ទឹក​ស្អាត ដើម្បី​បន្ថយ​ក្លិន​ស្អុយ​ក្នុង​ទឹក​បឹង​នោះ។ ការ​ស្នើសុំ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ទឹក​ស្អុយ​បាន​ជះ​ក្លិន​អសោច​ច្រើន​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ បាន​បូម​ទឹក​ជន់​ពី​ក្នុង​ទីក្រុង​ទម្លាក់​ទៅ​បឹង​កប់​ស្រូវ​នោះ។

ពលរដ្ឋ​ភូមិ​ផ្សារលិច សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ លោកស្រី ម៉ាត់ ចាន់ថុន ថ្លែង​ថា គាត់​លំបាក​ទ្រាំ​ខ្លាំង​ណាស់ ព្រោះ​ជះ​ក្លិន​ស្អុយ​ពី​ទឹក​បឹង​កប់​ស្រូវ​នេះ។ គាត់​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ជួយ​បម្លែង​ទឹក​នោះ​ឲ្យ​អាច​ប្រើ​ការ​បាន​ផង និង​អាច​បន្ថយ​ក្លិន​ស្អុយ​ខ្លះ​ផង៖ «ចង់​ថា​ឲ្យ​វា​បាត់​អា​ក្លិន​ហ្នឹង ព្រោះ​អី​សូម្បី​តែ​យប់​ក៏​នៅ​តែ​មាន​ក្លិន​នេះ​នៅ​ជាប់​នឹង​រហូត ហូប​បាយ​ហូប​ទឹក​អី​ក៏​ពិបាក សូម្បី​តែ​ដេក​ក៏​ពិបាក​ដក​ដង្ហើម​ដែរ»

ដូច​គ្នា​ដែរ ពលរដ្ឋ​ភូមិ​ឡកំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ លោក លឹម សុខហេង ថ្លែង​ថា គាត់​ក៏​មាន​បញ្ហា​សុខភាព ដោយសារ​តែ​ក្លិន​ស្អុយ​ពី​ទឹក​បឹង​កប់​ស្រូវ​នេះ​ដែរ។ លោក​ថា ទឹក​បឹង​នេះ​គួរ​តែ​បម្លែង​ឲ្យ​ទៅ​ជា​ទឹក​ធម្មជាតិ​ប្រើប្រាស់​បាន​ដូច​កាល​ពី​មុន៖ «ដូច្នេះ​ខ្ញុំ​សំណូមពរ​ថា​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ខាង​ក្រសួង​ធនធាន​ទឹក ហ្នឹង ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ក្លិន​ស្អុយ​ហ្នឹង​ត្រូវ​មាន​ថ្នាំ​ដាក់ ឬ​មាន​វិធី​ណា​ធ្វើ​ឲ្យ​បាត់​ក្លិន​ស្អុយ កុំ​ឲ្យ​ក្លិន​អសោច​នេះ​ប៉ះ​មក​លើ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ខាង​ហ្នឹង»

គាំទ្រ​ការ​ស្នើសុំ​នោះ ចៅ​សង្កាត់​ព្រែកព្នៅ លោក ពេជ្រ ស៊ីនួន ថ្លែង​ថា អ្នក​ភូមិ​រស់នៅ​ភូមិ​ផ្សារលិច រង​នូវ​ក្លិន​ស្អុយ​ពី​ទឹក​បឹង​កប់​ស្រូវ​ច្រើន​ជាង​ភូមិ​ដទៃ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ជា​ខ្លាំង៖ «ក្នុង​នាម​អាជ្ញាធរ​នេះ ចង់​បាន​ការ​បម្លែង​ទឹក​ពី​ភ្នំពេញ អា​ទឹក​ស្អុយ​បង្ហូរ​មក​បឹង​នេះ ធ្វើ​ម៉េច​បម្លែង​ឲ្យ​វា​ស្អាត​មក​កុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ផ្សារលិច នេះ ព្រែក​ព្នៅ ប្រើប្រាស់​ទឹក​ហ្នឹង​ដែរ​ពី​មុន​មក តែ​ឥឡូវ​វា​ប្រើប្រាស់​អត់​កើត»

ចំណែក​ចៅ​សង្កាត់​ស្វាយប៉ាក លោក ហូ សាម៉ន ថ្លែង​ថា អ្នក​ភូមិ​រស់នៅ​មិន​ឆ្ងាយ​ពី​ស្ថានីយ​បូម​ទឹក​កប់​ស្រូវ​មាន ៣​ខណ្ឌ គឺ​ខណ្ឌ​ឫស្សីកែវ ព្រែកព្នៅ និង​ខណ្ឌ​សែនសុខ។ អ្នក​នៅ​ជុំវិញ​នោះ សុទ្ធតែ​រង​នូវ​ក្លិន​ស្អុយ​ពី​ទឹក​បឹង​ដែល​បាន​បង្ក​ជិត ២​សប្ដាហ៍​មក​នេះ។

បញ្ជាក់​ពី​ការ​ប៉ះពាល់​សុខភាព​ជាក់ស្តែង​ដោយសារ​ហិត​ក្លិន​ស្អុយ មេ​ភូមិ​ត្រពាំងរាំង លោក នឹម សារិន ថ្លែង​ថា គាត់​កំពុង​ចូល​សម្រាក​ព្យាបាល​ជំងឺ ដោយសារ​ហិត​ក្លិន​ស្អុយ​ពី​ទឹក​បឹង​កប់​ស្រូវ​នេះ៖ «ព្រោះ​ខ្ញុំ​កំពុង​នៅ​ក្នុង​ពេទ្យ​ឲ្យ​ជួយ​ព្យាបាល»

ចំពោះ​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ពី​ការ​បម្លែង​ទឹក​ស្អុយ​បឹង​កប់​ស្រូវ​ទៅ​ជា​ទឹក​ស្អាត មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​ប្រើប្រាស់​រួច ឬ​ទឹក​កខ្វក់​ឲ្យ​ទៅ​ជា​ទឹក​ស្អាត ដើម្បី​បង្ហូរ​ចេញ​ទៅ​ក្នុង​បឹង និង​ទន្លេ គឺ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​គម្រោង​ផែនការ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​គ្រោង​ថា​នឹង​សង់​អាង​សម្រាប់​បម្លែង​ទឹក​ស្អុយ​នោះ។ ប៉ុន្តែ​ការ​សិក្សា​បាន​រក​ឃើញ​ប៉ះពាល់​ច្រើន​ដល់​ពលរដ្ឋ ទើប​ផែនការ​នោះ​មិន​ទាន់​កំណត់​បាន​ជាក់លាក់​ថា នៅ​ឆ្នាំ​ណា​នឹង​អាច​អនុវត្ត​ផែនការ​នោះ​បាន៖ «មាន​ការ​ស្នើសុំ​វិនិយោគ​ពី​ខាង​វិស័យ​ឯកជន ដើម្បី​ធ្វើ​អាង​ប្រព្រឹត្តិកម្ម​ទឹក​សំអុយ ទឹក​ប្រើប្រាស់​រួច​ហ្នឹង ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​គេ​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ។ តែ​រាល់​ថ្ងៃ​ប្រជាពលរដ្ឋ​យើង​មិន​ចង់​ប៉ះពាល់​គាត់​ពី​បញ្ហា​ហ្នឹង​ទេ ព្រោះ​យើង​បាន​យក ១០% ពី​ការ​ប្រើប្រាស់​ទឹក​ស្អាត ដើម្បី​មក​លាង​សម្អាត​ការ​ស្ដារ​លូ​ប្រឡាយ​នានា​ផង ប៉ុន្តែ​ទន្ទឹម​នោះ យើង​ធ្វើ​តាម​ដំណាក់​កាល​ពី​បញ្ហា​ធ្វើ​អាង​ប្រព្រឹត្តិកម្ម​ទឹក​នេះ គឺ​ថា​យើង​នឹង​ធ្វើ​ពី​តំបន់​ប៉ែក​ខាង​ជើង​ម្តុំ​បឹង​កប់​ស្រូវ​ហ្នឹង ទៅ​ខាង​ត្បូង​កន្លែង​បឹង​ជើង​ឯក ក៏​សុទ្ធតែ​យើង​ត្រៀម​ធ្វើ​អស់​ហើយ»

មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ពន្យល់​ថា ការ​បូម​ទឹក​រំដោះ​ទឹក​ជន់​លិច​ក្នុង​ទីក្រុង​ទម្លាក់​ទៅ​បឹង​កប់​ស្រូវ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្បែរ​នោះ​រង​នូវ​ក្លិន​ស្អុយ ប៉ុន្តែ​នៅ​ពេល​កម្ពស់​ទឹក​បូម​វា​ច្រើន ឬ​កម្រិត​ទឹក​ក្នុង​លូ​ខ្ពស់ នោះ​ក្លិន​ស្អុយ​មិន​សូវ​ធុំ​ក្លិន​ទេ។ លោក​ថា ការ​បូម​ទឹក​ស្អុយ​អាច​បូម​ដោយ​ភក់ ឬ​កំណក​កាក​សំណល់​ផ្សេងៗ​ដែល​រលួយ​ក្នុង​ទឹក។ លោក​បាន​បញ្ជូន​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​នេះ ចុះ​ពិនិត្យ​ទឹក​ក្នុង​បឹង​កប់​ស្រូវ​នោះ​ហើយ។

បញ្ហា​នេះ​ដែរ អ្នកស្រី ស៊ុន ប៊ុនចាន់តារ៉ា រស់នៅ​ភូមិ​អន្លង់ក្ងាន ខណ្ឌ​សែនសុខ អះអាង​ថា អ្នក​រស់នៅ​ក្បែរ​ស្ថានីយ​បូម​ទឹក​កប់​ស្រូវ មិន​ចង់​ឲ្យ​បញ្ហា​ក្លិន​ស្អុយ​កើត​ឡើង​ទេ ទើប​ស្នើសុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​បម្លែង​ទឹក​ស្អុយ​ឲ្យ​ទៅ​ជា​ទឹក​ស្អាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល