កម្ដៅ​​ នឹង​ឡើង​ដល់​ជាង ៤០អង្សា​សេ ហើយ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​នឹង​កើត​ឡើង​ញឹក​ញាប់​នៅ​សប្ដាហ៍​នេះ

ដោយ មាន ឫទ្ធិ
2019-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​ពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ ឋិត​នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo Provided
ផ្ទះ​ពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ ឋិត​នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូន​ដំណឹង​ថា ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី៣០ មេសា អាកាស​ធាតុ​កម្ដៅ​អតិបរមា នឹង​ឡើង​ចន្លោះ​ពី ៤០ ទៅ ៤១អង្សា​សេ។ ចំណែក​ស្ថានភាព​ទឹក​ភ្លៀង​វិញ កាន់​តែ​ខ្សោយ ប៉ុន្តែ​នឹង​កើន​ឡើង​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​ញឹកញាប់។ ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា ស្ថានភាព​នេះ​ កើត​ឡើង​ដោយសារ​បាតុភូត​អាកាស​ធាតុ​ឈ្មោះ អ៊ែល នីណូ (El Nino) ដែល​នៅ​តែ​បន្ត​អូស​បន្លាយ​គ្រប​ដណ្ដប់​នៅ​ពាក់​កណ្ដាល​ដែន​ដី​នៃ​ពិភពលោក ហើយ​កម្ពុជា ក៏​នៅ​ទទួល​រង​ឥទ្ធិពល​នេះ​ដែរ។

ចំពោះ​មុខ​ស្ថានភាព​បែប​នេះ ក្រសួង​ធនធាន​ទឹក អំពាវនាវ​ដល់​សាធារណជន​ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ ក្នុង​ស្ថានភាព​អាកាស​ធាតុ​ឡើង​កម្ដៅ​ស្ថានភាព​ឡើង​កម្ដៅ ខ្យល់​កន្ត្រាក់ និង​បាតុភូត​រន្ទះ ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព។ ទោះ​យ៉ាង​ណា​ក្តី ក្រសួង​នេះ មិន​ទាន់​សន្មត​ថា ការ​ឡើង​កម្ដៅ​ នឹង​ថយ​ចុះ​មក​វិញ នៅ​ថ្ងៃ​ណា​វិញ​ទេ ប៉ុន្តែ​ឥទ្ធិពល​នេះ នឹង​បណ្ដាល​ឲ្យ​រដូវ​វស្សា​ឆ្នាំ​នេះ​ចូល​មក​យឺត​ ជាង​ឆ្នាំ​ធម្មតា។ ឯ​ការ​ដាំដុះ​ស្រូវ​នៅ​ដើម​រដូវ​វស្សា គួរ​ចាប់​ផ្ដើម​ នៅ​សប្ដាហ៍​ទី៣ នៃ​ខែ​ក្រោយ គឺ​នៅ​ម្ដុំ​ថ្ងៃ​ទី២០ ខែ​ឧសភា។

ទាក់​ទង​នឹង​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះ​ រយៈ​ពេល ៣ថ្ងៃ ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២១ មេសា បាតុភូត​ខ្យល់​កន្ត្រាក់​ បាន​បោក​បក់​វាយ​បំផ្លាញ​ផ្ទះ​រាប់​សិប​ខ្នង​ នៅ​តាម​ខេត្ត​នានា ដូច​ជា នៅ​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ យ៉ាង​ហោច​ណាស់​បោក​បក់​ប៉ើង​ដំបូល​ផ្ទះ​​ទាំង​ស្រុង និង​​ផ្ទះ​ខ្លះ ប៉ើង​ដំបូល​មួយ​ចំហៀង​អស់ ៣០ខ្នង នៅ​​​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់​ធំ បំផ្លាញ​ផ្ទះ​អស់ ៩ខ្នង នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ បំផ្លាញ​សាលារៀន ២ខ្នង ផ្ទះ​ពលរដ្ឋ ១២​​ខ្នង និង​នៅ​ស្រុក​មង្គល​បុរី ខ្យល់​កន្ត្រាក់​បោក​បក់​ឃ្លាំង​ដាក់​សម្ភារៈ នៅ​ផ្សារ​​អូរ​ស្លូត​​ចាស់ ​​​រាប​ដល់​ដី និង​ផ្ទះ​ពលរដ្ឋ​ជាង ១០ខ្នង និង​នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​អំពី​ករណី​រន្ទះ​បាញ់​ស្លាប់​មនុស្ស និង​សត្វ​ពាហនៈ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល