សង្គម​ស៊ីវិល​សាទរ​រដ្ឋាភិបាល​ដែល​សម្រេច​អភិវឌ្ឍ​ឆ្នេរ​និង​រង់ចាំ​មើល​ការ​អនុវត្ត​ជាក់ស្តែង

ដោយ ដែន អយុធ្យា
2016.01.25
ឆ្នេរ​ជ័យ​ជម្នះ​ព្រះសីហនុ ៦២០ ឆ្នេរ​ជ័យ​ជម្នះ​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រុះរើ​របង​ដែក​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​មាន​ទីតាំង​ទល់​មុខ​សាលា​ខេត្ត កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

អ្នក​វិភាគ​ឯករាជ្យ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អះអាង​ថា នឹង​គាំទ្រ​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេច​ដាក់​ចេញ​គោលការណ៍ ៥​ចំណុច ស្ដីពី​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ។ ពួក​គេ​ជំរុញ​អាជ្ញាធរ ឲ្យ​អនុវត្ត​គោលការណ៍​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា លោក​អាច​នឹង​គាំទ្រ​សកម្មភាព​រដ្ឋាភិបាល​ទៅ​លើ​ចំណាត់​ការ​ទាំង ៥​ចំណុច ស្ដីពី​ការ​គ្រប់គ្រង អភិវឌ្ឍ​តំបន់​ឆ្នេរ និង​អភិរក្ស​បឹង​ធម្មជាតិ​នា​ខេត្ត​ព្រះសីហនុ ប្រសិន​បើ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព។

លោក​ថា កន្លង​មក រាល់​បទបញ្ជា ឬ​សេចក្តី​សម្រេច​ផ្សេងៗ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ ស្តី​អំពី​ការ​ថែ​រក្សា និង​អភិវឌ្ឍ​សម្បត្តិ​ជាតិ មាន​ឆ្នេរ ដី​កោះ ភ្នំ បឹង​ធម្មជាតិ និង​ព្រៃ​ឈើ​ជាដើម រដ្ឋាភិបាល​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ៖ «ការ​ចេញ​បទបញ្ជា រួច​ហើយ​ធ្វើ​ម៉េច​កុំ​ឲ្យ​លេច​ចេញ​នូវ​សកម្មភាព​សាងសង់​ឡើង​វិញ។ ខ្ញុំ​សង្កេត​ឃើញ​ថា ការ​សង់​ផែ​របស់​ក្រុមហ៊ុន​ដែល​ប៉ះពាល់​ធំ​មួយ​ទៀត គឺ​នៅ​លើ​កោះ​រ៉ុង គឺ​ក្រុមហ៊ុន​បាន​ចាក់​ដុំ​ថ្ម​ធំៗ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​ដើម្បី​សង់​ផែ។ ការ​សាងសង់​ផែ​នេះ គឺ​គេ​មិន​ឲ្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នេរ​នោះ​ទេ»

ចំណែក​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​គាំទ្រ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង ដើម្បី​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ឡើង​វិញ។

ទោះ​យ៉ាង​ណា មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ មិន​គាំទ្រ​ចំណុច​មួយ​ស្ថិត​ក្នុង​លិខិត​របស់​រដ្ឋាភិបាល គឺ​ករណី​ប្រគល់​សិទ្ធិ​ជូន​ក្រុមហ៊ុន សុខា អូតែល (Sokha Hotel) ដើម្បី​អភិវឌ្ឍ​ឆ្នេរ​ធ្វើ​សួនច្បារ​នៅ​ពី​មុខ​ដី​ក្រុមហ៊ុន សុខា តាម​ឆ្នេរ​អូរឈើទាល ឬ​អតីត​ឆ្នេរ​ក្រុមហ៊ុន អារីស្តុន ដោយ​មិន​បាន​និយាយ​ពី​ការ​ដោះស្រាយ​សំណង​ជូន​ក្រុម​អាជីវករ​ជិត ២០​តូប ដែល​មាន​បញ្ហា​តវ៉ា​មិន​ទាន់​ដោះស្រាយ​រួច​កន្លង​មក៖ «សូម​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​អាជីវករ​ជិត ២០​តូប ដែល​ពួក​គាត់​បន្ត​នាំ​គ្នា​តវ៉ា និង​តស៊ូ​សុំ​សិទ្ធិ​លក់​ដូរ​នៅ​ចំណុច​ពី​មុខ​ដី​ក្រុមហ៊ុន សុខា អូតែល អតីត​មុខ​ក្រុមហ៊ុន អារីស្តុន ត្រូវ​រដ្ឋាភិបាល​រក​វិធី​ដោះស្រាយ​ឲ្យ​បាន​សមស្រប ឲ្យ​ពួក​គាត់​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​គ្រួសារ​គាត់​ឲ្យ​បាន​សមស្រប​ឡើង​វិញ»

នៅ​ក្នុង​លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦ ផ្ញើ​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​នាម​រាជ​រដ្ឋាភិបាល បាន​ឯកភាព​លើ​ស្មារតី​នៃ​អង្គ​ប្រជុំ​ចំនួន ៥​ចំណុច​មាន​ដូចជា ករណី​បឹង​ព្រែក​ទប់ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ គឺ​ត្រូវ​ដាក់​បឹង​នេះ​ជា​តំបន់​អភិរក្ស​ដោយ​ព្រះរាជក្រឹត្យ។

ចំណែក​ឆ្នេរ​ឯករាជ្យ ស្ថិត​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ វិញ ត្រូវ​អភិវឌ្ឍ និង​អភិរក្ស​សម្រាប់​សាធារណជន​លំហែ និង​កម្សាន្ត ឲ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ដោយ​នៅ​ចំពោះ​មុខ តម្រូវ​ឲ្យ​ធ្វើ​ការ​រុះ​របាំង របង និង​រៀបចំ​កែ​សម្រួល​ឲ្យ​សាធារណជន អាច​ចេញ​ចូល​ទៅ​កម្សាន្ត​ឆ្នេរ​ខ្សាច់​នៅ​ក្នុង​តំបន់​ឆ្នេរ​នេះ។

លិខិត​រដ្ឋាភិបាល សង្កត់​ធ្ងន់​ថា ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​នៃ​ស្ថានភាព​បច្ចុប្បន្ន​នេះ នៅ​ឆ្នេរ​ឯករាជ្យ គឺ​ឃើញ​មាន​របាំង​រារាំង មិន​អាច​ឲ្យ​សាធារណជន​ចូល​ទៅ​លំហែ និង​កម្សាន្ត​តំបន់​ឆ្នេរ​ខ្សាច់​បាន​ទូលំទូលាយ​ទេ។ ទាក់ទង​នឹង​គម្រោង​វិនិយោគ និង​ការ​កាន់​កាប់​របស់​ឯកជន​នៅ​តំបន់​ឆ្នេរ​ឯករាជ្យ​នេះ គឺ​មន្ត្រី​ជំនាញ ត្រូវ​ពិនិត្យ​ជម្រើស​យក​ដំណោះស្រាយ ២​យ៉ាង គឺ​ទី​១ ត្រូវ​ដក​មក​ធ្វើ​ជា​សម្បត្តិ​គ្រប់គ្រង​ដោយ​រដ្ឋ ដោះស្រាយ​ចេញ​សំណង​ជូន​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន ដើម្បី​រៀបចំ​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ឆ្នេរ​សម្រាប់​សាធារណជន និង​ទី​២ ត្រូវ​ពិចារណា​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ម្ចាស់​វិនិយោគ បន្ត​អភិវឌ្ឍ និង​ប្រើប្រាស់​ឆ្នេរ​ឯករាជ្យ ឲ្យ​ស្រប​តាម​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ ជាពិសេស​សារាចរ​ណែនាំ​លេខ​០១ ចុះ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា និង​ត្រូវ​បើក​ចំហ​ឲ្យ​សាធារណជន អាច​ចេញ​ចូល​ប្រើប្រាស់ និង​កម្សាន្ត​ឆ្នេរ​ខ្សាច់​នៅ​តំបន់​ឆ្នេរ​ឯករាជ្យ​បាន​ដោយ​គ្មាន​របាំង និង​ការ​រារាំង។

ចំពោះ​ឆ្នេរ​អូរត្រេះ មាន​ទីតាំង​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ វិញ ត្រូវ​សិក្សា​អំពី​វិធានការ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​តាម​ដី​ចំណី​ឆ្នេរ និង​ចាប់​ផ្តើម​ធ្វើ​ការ​អប់រំ និង​ផ្សព្វផ្សាយ ព្រម​ទាំង​កំណត់​ពេលវេលា និង​កិច្ចសន្យា​ច្បាស់លាស់​ជាមួយ​អាជីវករ និង​អ្នក​មាន​ទីតាំង​នៅ​តំបន់​ឆ្នេរ​អូរត្រេះ ឲ្យ​រុះរើ​សំណង់​ទាំង​នោះ​ចេញ ដើម្បី​រៀបចំ​ជា​ឆ្នេរ​គំរូ​សាធារណៈ សម្រាប់​បម្រើ​សេវាកម្ម​ទេសចរណ៍ និង​ការ​លំហែ ឬ​ការ​កម្សាន្ត ឲ្យ​ស័ក្តិសម​ជា​ឆ្នេរ​គំរូ ព្រម​ទាំង​សិក្សា​កំណត់​ឲ្យ​មាន​អ្នក​អភិវឌ្ឍ​តំបន់​ឆ្នេរ​អូរត្រេះ ឬ​អ្នក​គ្រប់គ្រង ដើម្បី​ធានា​ការ​គ្រប់គ្រង​ឆ្នេរ​ឲ្យ​មាន​និរន្តរភាព។

បន្ថែម​លើ​នេះ លិខិត​រដ្ឋាភិបាល ក៏​បាន​លើក​យក​ករណី​ឆ្នេរ​អូរឈើទាល នៅ​ទល់​មុខ​ដី​ក្រុមហ៊ុន សុខា អូតែល អតីត​ក្រុមហ៊ុន អារីស្តុន ស្ថិត​ក្នុង​សង្កាត់​៤ ក្រុង​ព្រះសីហនុ ដើម្បី​សមាហរណកម្ម​ផ្លូវ​តាម​បណ្តោយ​ឆ្នេរ​ភ្ជាប់​ពី​ឆ្នេរ​អូរឈើទាល ទៅ​ឆ្នេរ​អូរត្រេះ និង​បើក​ចំហ​ឆ្នេរ​នេះ សម្រាប់​សាធារណជន និង​អ្នក​ទេសចរ​អាច​ចេញ​ចូល​កម្សាន្ត​ឡើង​វិញ គឺ​ត្រូវ​សិក្សា និង​រៀបចំ​វិថី​អូរឈើទាល ឬ​ផ្លូវ​ប្រប​ឆ្នេរ​ចម្ងាយ ៥០​ម៉ែត្រ​ពី​ឆ្នេរ​ខ្សាច់ បន្ត​ទៅ​ទិស​ខាង​ជើង​មាន​ទំហំ​ទទឹង​សមស្រប ដោយ​កាត់​តាម​ដី​ក្រុមហ៊ុន សុខា អូតែល ស្រប​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ក្នុង​នោះ ចំណី​ឆ្នេរ ត្រូវ​រៀបចំ​ជា​សួនច្បារ និង​ឆ្នេរ​ខ្សាច់ ដែល​នៅ​ពី​មុខ​ផ្លូវ​នេះ ត្រូវ​ថែ​រក្សា និង​ការពារ​សម្រាប់​សាធារណជន​លំហែ និង​កម្សាន្ត ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​គ្រប់​ប្រភេទ​នោះ​ទេ។ បញ្ហា​នេះ ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន សុខា អូតែល ចូលរួម​ការពារ និង​ថែ​រក្សា​តំបន់​នេះ។

ចំណែក​ករណី​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ និង​ការ​ដោះស្រាយ​បញ្ហា​សំណង់​ដែល​សង់​លើ​ទឹក​ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​នៅ​កោះ​រ៉ុង ស្ថិត​ក្នុង​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ឯណោះ​វិញ មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន ត្រូវ​សិក្សា​រក​ដំណោះស្រាយ​ប្ដូរ​ទីតាំង​សំណង់​ទាំងឡាយ​ដែល​បាន​បោះ​ទីតាំង​នៅ​លើ​ទឹក​ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​នៅ​កោះ​រ៉ុង ត្រូវ​ប្ដូរ​ឲ្យ​ទៅ​នៅ​លើ​ដី​ផ្នែក​ខាង​ក្នុង​នៃ​កោះ​រ៉ុង និង​ត្រូវ​ស្នើសុំ​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល ដើម្បី​កាត់​ដី​រដ្ឋ​ដែល​នៅ​សល់​ពី​គម្រោង​វិនិយោគ​ផ្នែក​ខាង​ក្នុង​នៃ​កោះ​រ៉ុង សម្រាប់​ជា​ថ្នូរ​ផ្តល់​ជូន​អ្នក​ដែល​ត្រូវ​ឲ្យ​ប្ដូរ​ទីតាំង​នេះ​វិញ។ ករណី​នេះ ក៏​ជា​ការ​ដោះស្រាយ​សំណង់​លើ​ទឹក និង​ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​សមុទ្រ​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​ទាំង​មូល​នៃ​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប។

ដើម្បី​អនុវត្ត​ចំណុច​ទាំង ៥ នេះ​ទទួល​បាន​ជោគជ័យ រាជ​រដ្ឋាភិបាល​បាន​ឯកភាព​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ ដើម្បី​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

ទោះ​ជា​បែប​នេះ​ក្តី លោក កែម ឡី បង្ហាញ​ទស្សនៈ​ថា កន្លង​មក​នេះ រាជ​រដ្ឋាភិបាល​ហាក់​ទុក​បណ្តោយ​ឲ្យ​ឈ្មួញ ឬ​អ្នក​មាន​ទ្រព្យ​ធន​មាន​ងារ​ជា​ឧកញ៉ា ពិសេស​មន្ត្រី​ជាប់​សាច់ញាតិ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ភាគ​ច្រើន​អាច​ធ្វើ​សកម្មភាព​ក្នុង​របរ​ទទួល​ទាន​របស់​ពួក​គេ រំលោភ និង​បំផ្លាញ​ដល់​ធនធាន​ធម្មជាតិ​យ៉ាង​អនាធិបតេយ្យ​នា​ខេត្ត​ព្រះសីហនុ មាន​ដូចជា អនុញ្ញាត​ឲ្យ​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​ឯកជន អាច​ធ្វើ​សកម្មភាព​សង់​សំណង់​រឹងមាំ​ផ្សេងៗ​បំផ្លាញ​ឆ្នេរ​សមុទ្រ រំលោភ​ចំណី​បឹង​ធម្មជាតិ ឬ​បឹង​ស្តុក​ទឹក​សាប​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ និង​សង់​វីឡា​ធំ​ស្កឹមស្កៃ​នៅ​ជាប់​មាត់​បឹង ដោយ​គ្មាន​ការ​ហាម​ឃាត់។

អ្នក​វិភាគ​រូប​នេះ​សង្កត់​ធ្ងន់​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រសិន​បើ​រដ្ឋាភិបាល​ចង់​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ទូទាំង​នគរ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ត្រូវ​តែ​ទប់ស្កាត់​សកម្មភាព​ឃុបឃិត​ពី​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន ដែល​កន្លង​មក​បាន​ឃុបឃិត​រំលោភ​យក​សម្បត្តិ​រដ្ឋ ទៅ​បម្រើ​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ឆ្នេរ​សណ្ឋាគារ សុខា ហ្នឹង គឺ​រដ្ឋាភិបាល​ត្រូវ​បើក​ឲ្យ​បាន​ទូលាយ​សម្រាប់​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ អាច​ប្រើប្រាស់​ឡើង​វិញ ដោយ​មិន​ត្រូវ​បិទ​របង​ឃាំង​ទុក​ជា​លក្ខណៈ​ឯកជន​ដូច​សព្វថ្ងៃ​នេះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ទម្លុះ​បូស​ដែល​ជិត​ធ្លាយ ហើយ​រដ្ឋាភិបាល​ចង់​ព្យាបាល​ឲ្យ​សះ​ជា​មែន​នោះ»

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ក៏​ប្រកាស​សាទរ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ពេល​នេះ។ លោក​ថា បឹង​ធម្មជាតិ​ព្រែក​ទប់ រដ្ឋាភិបាល​ត្រូវ​តែ​រឹប​អូស​ពី​ឯកជន​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ ជាង​នេះ​ទៀត ឆ្នេរ​សមុទ្រ​មាន​ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​ឯករាជ្យ​ជាដើម ក៏​ត្រូវ​រដ្ឋាភិបាល​ទប់ស្កាត់​សកម្មភាព​បុក​គ្រឹះ​សង់​សំណង់​រឹងមាំ និង​អភិវឌ្ឍ​តំបន់​នេះ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ជំនួស​វិញ។

ចំណែក​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​រ៉ុង ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍន៍​កោះ​រ៉ុង (Royal Group) លោក សុខ សុខុម អះអាង​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​ទាន់​បាន​ដោះស្រាយ ឬ​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នោះ​ទេ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ អាជ្ញាធរ និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មិន​ត្រឹម​មិន​បាន​អនុវត្ត​គោល​នយោបាយ​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ទេ ប៉ុន្តែ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថែម​ទាំង​បាន​ប្ដឹង​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​រ៉ុង ទៅ​កាន់​ប្រព័ន្ធ​តុលាការ​ទៀត។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​រាជ​រដ្ឋាភិបាល ជួយ​សម្រប​សម្រួល និង​ជួយ​ដោះស្រាយ​ទំនាស់​ផ្សេងៗ​រវាង​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​រ៉ុង ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យ​បាន​ចំណេញ​ទាំង​សង​ខាង៖ «បច្ចុប្បន្ន សំណុំ​រឿង​នេះ​កំពុង​តែ​ដំណើរ​ការ​នៅ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ដូច្នេះ ក្នុង​នាម​រដ្ឋាភិបាល ត្រូវ​តែ​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន ដើម្បី​បញ្ចប់​ពាក្យ​បណ្ដឹង​ប្រជាពលរដ្ឋ ទាក់ទង​គម្រោង​អភិវឌ្ឍន៍​កោះ​រ៉ុង​នេះ​ចេញ​ពី​ប្រព័ន្ធ​តុលាការ ព្រោះ​ដោយសារ​តែ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្ដឹង​ប្រជាពលរដ្ឋ​ទៅ​ប្រព័ន្ធ​តុលាការ ផ្ទុយ​ពី​កិច្ចសន្យា​ត្រង់​ប្រការ​៤ ចំណុច "គ" និង​ចំណុច "ឃ"»

មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និយាយ​ថា នឹង​តាម​ដាន​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​គោលការណ៍ ៥​ចំណុច ដើម្បី​ឈាន​ដល់​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ពិសេស​ការ​ទប់ស្កាត់​សំណង់​ថ្ម​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន ដែល​សង់​នៅ​តាម​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។