ក្រុម​អ្នក​អភិរក្ស​ថា​នឹង​បន្ត​ផ្សព្វផ្សាយ​អប់រំ​​ពលរដ្ឋ​ដើម្បី​សង្គ្រោះ​សត្វ​ខ្សឹប​ មិន​ឱ្យ​ផុត​ពូជ​ពី​កម្ពុជា​

ដោយ សន ចាន់រដ្ឋា
2019-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សត្វខ្សឹប ឬ សត្វទ្រមាក់អណ្តើក
សត្វខ្សឹប ឬ សត្វទ្រមាក់អណ្តើក
រូបថតពី ទំព័រហ្វេសប៊ុក WCS Cambodia

ក្រុម​អ្នក​អភិរក្ស​សង្ឃឹមថា​សកម្មភាព​អភិរក្ស​អាច​ជួយសង្គ្រោះ​កម្ពុជា​មិន​ឱ្យ​បាត់បង់​ពូជសត្វ​ទ្រមាក់​អណ្ដើក​ឬហៅ​ម្យ៉ាងទៀត​ថា​ សត្វខ្សឹប​ខណៈ​លទ្ធផល​ស្រាវជ្រាវ​នា​ពេល​ថ្មី​ៗ នេះ​បង្ហាញថា​ ពូជសត្វ​ជិត​ផុតពូជ​មួយ​នេះ​បន្ត​ថយ​ចុះ​តាំងពី​ឆ្នាំ​​២០១២​មក​ម៉្លេះ​។

ចំនួន​សត្វខ្សឹប​ ឬសត្វ​ទ្រមាក់​អណ្តើក​បាន​ថយ​ចុះ​ជាង​ពាក់កណ្តាល​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១២​។ របាយការណ៍​ណ៍​របស់​សមាគម​អភិរក្ស​សត្វព្រៃ ​WCS​ សហការ​ជាមួយនឹង​ក្រសួងបរិស្ថាន​រក​ឃើញថា​ចំនួន​សត្វខ្សឹប​ នៅ​ឆ្នាំ​ ២០១២មាន​ចំនួន​ ២១៦ក្បាល​ ដែល​រស់នៅ​តំបន់​ប្រមាណ​ដប់​កន្លែង​ផ្សេងគ្នា​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨ ក្រុម​អ្នក​អភិរក្ស​រក​ឃើញថា ​វត្តមាន​សត្វខ្សឹប​ធ្លាក់​មក​នៅ​ប្រមាណ​មួយ​រយ​ក្បាល ​(១០៤​) ប៉ុណ្ណោះ ​ដែល​បន្ត​មាន​វត្តមាន​នៅក្នុង​តំបន់​ចំនួន៤​ ជុំវិញ​តំបន់​បឹងទន្លេសាប​។

ទីប្រឹក្សា​បច្ចេកទេស​ប្រចាំ​តំបន់​ទំនាប​លិចទឹក​បឹងទន្លេសាប​នៃ​សមាគម​អភិរក្ស​សត្វព្រៃ​លោក​ ស៊ុំ​ ភា​រុ​ណឱ្យ​អាស៊ី​សេរី​ដឹង​ថា​ចំនួន​សត្វខ្សឹប​នៅ​កម្ពុជា​បាន​បន្ត​បាត់បង់​ច្រើន​បំផុត​ក្នុងអំឡុងពេល៣​ ទសវត្ស៍​ចុងក្រោយ​នេះ​។

លោក​បន្ថែម​ថា​ ការបាត់បង់​នេះ​គឺ​បង្ក​ដោយសារ​ការបាត់បង់​ទីជម្រក​និង​ការ​បរបាញ់​ពីសំណាក់​ពលរដ្ឋ​នៅក្នុង​តំបន់​៖ «ការបាត់បង់​ទីជម្រក​សម្រាប់​សត្វខ្សឹប​​ហ្នឹង វា​ពាក់ព័ន្ធ​ទៅជាមួយ​នឹង​ការ​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​ដីធ្លី​របស់​ប្រជាជន​នៅ​តាម​ទំនាប​បឹងទន្លេសាប ​ដែល​ជា​តំបន់​ដី​កសិកម្ម​ ដែល​ភាគច្រើន​ គឺ​តាមរយៈ​ការ​ដាំដុះ​ដំណាំស្រូវ​ ហើយ​អ៊ីចឹង​កំណើន​នៃ​ការ​បម្លែង​ដី​ព្រៃ​ ឬដី​វាលស្មៅ​នៅ​តំបន់​ ដែល​វា​រស់នៅ​ គឺជា​តំបន់​វាលស្មោង​នៅ​ទំនាប​បឹងទន្លេសាប​ ត្រូវ​​បាន​​បម្លែង​​ជា​រៀង​រាល់​​ឆ្នាំ​ ដែល​ផ្ដល់​នូវ​ផល​អវិជ្ជមាន​ដល់​ការរស់រាន​របស់​ប្រភេទ​សត្វ​ហ្នឹង​។ ដូចគ្នា​ដែរ​ការ​​បរ​បាញ់​​ផ្សេង​ៗ ក៏​​ជះ​ឥទ្ធិពល​​ដល់​​ការ​រស់រាន​​របស់​​សត្វ​​ដែរ»។

លោក​ ស៊ុំ​ ភា​រុ​ណសង្កេតឃើញ​ថា​ពលរដ្ឋ​នៅក្នុង​តំបន់​ដែល​សត្វខ្សឹប​រស់នៅ​មិនសូវ​ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​និង​មិនសូវ​មានការ​យល់ដឹង​ជុំវិញ​ការងារ​អភិរក្ស​ដែល​ជាហេតុ​នាំ​ឱ្យ​សត្វខ្សឹប​ក្លាយជា​សត្វ​រងគ្រោះ​ក្នុងចំណោម​សត្វ​ដទៃទៀត​ក្នុង​តំបន់​នោះ​។

អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​បាន​បញ្ចូល​សត្វខ្សឹប​ឬសត្វ​ទ្រមាក់​អណ្ដើក​នេះ​ទៅ​ក្នុង​បញ្ជី​ក្រហម​របស់​ខ្លួន​ក្នុង​ប្រភេទ​សត្វ​ដែល​ជិត​ផុតពូជ​ធ្ងន់ធ្ងរ​។ កំណត់ត្រា​របស់​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​បង្ហាញ​ថា ​វត្តមាន​របស់​សត្វខ្សឹប ​មាន​ចន្លោះ​ពី ២៥០ក្បាល​ ទៅ​មួយ​ពាន់​ក្បាល​តែប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក​។ សត្វខ្សឹប​នេះ​មានតែ​នៅ​ប្រទេស​កម្ពុជា​ ឥណ្ឌា​នេប៉ាល់​ បង់​ក្លា​ដែស​ និង​វៀតណាម​ប៉ុន្តែ​បច្ចុប្បន្ន​វត្តមាន​របស់​សត្វខ្សឹប​បាន​ផុតពូជ​អស់​ទៅហើយ​ពី​ប្រទេស​វៀតណាម​។

ដោយឡែក​នៅ​ប្រទេស​កម្ពុជា​សត្វខ្សឹប​ ឬទ្រមាក់​អណ្ដើក​ មាន​វត្តមាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​​នៅ​​ជុំវិញ​​បឹង​ទន្លេ​សាប ​ដូចជា ​ខេត្តសៀមរាប​ កំពង់ធំ​កំពង់ឆ្នាំង​ បាត់ដំបង​ និង​​ខេត្ត​បន្ទាយមានជ័យ​។ មន្ត្រី​អភិរក្ស​នៃ​សមាគម​អភិរក្ស​សត្វព្រៃ​លោក​ ស៊ុំ​ ភា​រុ​ណ ថ្លែង​ថា ​យោង​តាម​ការ​កត់ត្រា​ចុងក្រោយ​រក​ឃើញថា ​វត្តមាន​របស់​សត្វខ្សឹប​មាននៅ​សេសសល់​ច្រើន​ក្នុង​ខេត្ត​ចំនួន​បី​ប៉ុណ្ណោះ ​គឺ​ខេត្តសៀមរាប​ ខេត្តកំពង់ធំ​ និង​ខេត្ត​កំពង់ឆ្នាំង​។ ដោយឡែក​​សម្រាប់​​ខេត្ត​បាត់ដំបង​ និង​​ខេត្ត​បន្ទាយមានជ័យ ​គឺ​ទី​​ជម្រក​​របស់​​សត្វខ្សឹប​ ​ត្រូវ​​បាន​​បាត់​បង់​​ទាំង​ស្រុង​៖ «ការ​​កត់ត្រា​​រយៈ​ពេល​​ចុង​ក្រោយ​​នេះ​ ដោយ​សារ​តែ​​ទី​ជម្រក​​មួយ​ចំនួន​ ដែល​ជា​តំបន់​វា​ធ្លាប់​មាន​វត្តមាន​បាន​ក្លាយទៅជា​វាលស្រែ​ ឬ​ក៏​​អតីត​​វាល​ស្រែ​ ឬ​ក៏​​អតីត​​វាល​ស្រែ​​ដែល​ប្រជាជន​​ធ្លាប់​ធ្វើ​ ហើយ​​គាត់​​ត្រឡប់​ទៅ​​ធ្វើ​វិញ ​អ៊ីចឹង​បាន​​បាត់បង់​​ទាំង​ស្រុង​»។

បើ​ទោះបីជា​វត្តមាន​សត្វខ្សឹប​បន្ត​បាត់បង់​ជាបន្តបន្ទាប់​យ៉ាងនេះ​ក្តី​ប៉ុន្តែ​ក្រុម​អ្នក​អភិរក្ស​នៅតែ​មាន​សង្ឃឹមថា​ពួកគេ​អាច​អភិរក្ស​និង​ស្តារ​ឡើងវិញ​នូវ​ចំនួន​សត្វខ្សឹប​កុំ​ឱ្យ​បាត់បង់​។

មន្ត្រី​អភិរក្ស​នៃ​សមាគម​អភិរក្ស​សត្វព្រៃ​លោក​ ស៊ុំ​ ភា​រុ​ណ ថ្លែង​ថា ​ក្រុម​អង្គការ​អភិរក្ស​បាន​​ធ្វើ​ការ​ជាមួយ​នឹង​​មន្ត្រី​​ឧទ្យានុ​ក្ស​ ដើម្បី​ធ្វើការ​ចុះ​ល្បាត​ និង​អប់រំ​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន​។ លោក​សង្កេតឃើញ​ថា​តំបន់​ដែល​ក្រុម​អភិរក្ស​បាន​ចុះ​ល្បាត​និង​អប់រំ​ផ្សព្វផ្សាយ​គឺ​ឃើញ​មាន​វត្តមាន​របស់​សត្វខ្សឹប​កើនឡើង​តិចតួច​ផ្ទុយពី​តំបន់​ ដែល​​មិន​​មាន​ការ​​ចុះ​​ល្បាត ​និង​​​ផ្សព្វផ្សាយ​​អប់រំ​ គឺ​​វត្តមាន​សត្វខ្សឹប​​ថយ​​ចុះ​ខ្លាំង​៖ «ក្តី​សង្ឃឹម​របស់​យើង​គឺ​ពង្រឹង​ការងារ​ល្បាត​ពង្រឹង​​ការងារ​​អប់រំ​​ផ្សព្វផ្សាយ​​នៅ​​តាម​ទីកន្លែង​ផ្សេង​ៗ ទៀត ដែល​​យើង​កំណត់​ថា​ ជា​ទី​ជម្រក​សំ​ខាន់​ៗ របស់​វា​ហ្នឹង ​អ៊ីចឹង​យើង​សង្ឃឹមថា​ យើង​អាច​នឹង​យក​ម៉ូដែល​ ដែល​យើង​ជោគជ័យ​នៅ​ខាង​ស្ទោង ​ជីក្រែង​​ហ្នឹង​ យក​ទៅ​ Apply​ (អនុវត្តន៍​) នៅក្នុង​ទី​តាំង​ផ្សេង​ៗ ទៀត​​ហ្នឹង ​គឺ​​យើង​សង្ឃឹម​​សម្រាប់​​ការ​រក្សា​ឱ្យ​មាន​លំនឹង​ ឬក៏​ស្តា​ឡើងវិញ​បន្តិច​ម្ដង​ៗ ជាមួយនឹង​វត្តមាន​​របស់​​សត្វ​​នេះ​»។

លោក​បន្ថែម​ថា ​ចំនួន​សត្វខ្សឹប​ដែល​នៅ​សេសសល់​នា​ពេលនេះ​ គឺ​​មាន​តែ​ក្នុង​​​តំបន់​​ការពារ​​ដែល​​មាន​ស្រាប់​​ប៉ុណ្ណោះ​។ ​ លោក​ថា ​តំបន់​ការពារ​ទាំងនេះ​មាន​ចំនួន៦​ ដែល​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ជា​តំបន់​ការពារ​កាលពី​ឆ្នាំ២០១៦​។  ​អនុក្រឹ​ត្យស្តី​ពី​ការបង្កើត​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប​ចេញ​កាលពីដើម​ ខែឧសភា​ ឆ្នាំ២០១៦​ រដ្ឋាភិបាល​បានសម្រេច​បញ្ចូល​តំបន់​ចំនួន៦​ ស្ថិត​ក្នុង​ខេត្តកំពង់ធំ​និង​ខេត្តសៀមរាប​ ឱ្យ​ក្លាយទៅជា​តំបន់​ការពារ​។ តំបន់​ទាំងនោះ​មាន​ ដូចជា​​តំបន់​សត្វ​ខ្សឹប​ ទ្រា​សាមគ្គី​ សត្វខ្សឹប​ទួលគ្រើល​ សត្វខ្សឹប​បារ៉ាយ ​សត្វខ្សឹប​ចុងដូង​ សត្វខ្សឹប​​ជីក្រែង​ និង​​តំបន់​​ស្ទោង​​ជីក្រែង​។

មន្ត្រី​អភិរក្ស​នៃ​សមាគម​អភិរក្ស​សត្វព្រៃ​អះអាង​ថា ​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​បន្ថែម​ទៀត​ ដើម្បី​​ស្នើ​​បញ្ចូល​​តំបន់​​មួយ​ទៀត ​នៅ​ក្នុង​​ខេត្តពោធិ៍សាត់​ឱ្យ​ក្លាយទៅជា​តំបន់​ការពារ​។ លោក​បញ្ជាក់​ថា ​ប្រសិនបើ​គម្រោង​នេះ​ទទួល​​បាន​ជោគជ័យ​នោះ​ គឺ​ជា​​តំបន់​​សក្តា​នុ​ពល​​មួយ​​ថ្មី​ទៀត ​សម្រាប់​ពង្រីក​ទីជម្រក​របស់​សត្វខ្សឹប​នៅ​ថ្ងៃ​អនាគត​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល