ខ្យល់​បោកបក់​និង​រលក​ធំៗ​វាយលុក​តំបន់​ឆ្នេរ​តាម​កោះ​ក្នុង​ខេត្ត​ព្រះសីហនុ និង​កោះកុង

ដោយ ថន ថារ៉ូ
2019-01-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​តំបន់​ឆ្នេរអូរឈើទាល ដែល​មាន​រលក​បោកបក់​ខ្លាំង នៅថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៩។
ទិដ្ឋភាព​នៅ​តំបន់​ឆ្នេរអូរឈើទាល ដែល​មាន​រលក​បោកបក់​ខ្លាំង នៅថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៩។
Screenshot

សមត្ថកិច្ច​នគរបាល និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ឆ្នេរ បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​អាកាសធាតុ​ប្រែប្រួល​ខ្លាំង នៅ​តាម​តំបន់​ឆ្នេរសមុទ្រ​មួយ​ចំនួន​ នៃ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង។

ពួកគេ​អះអាង​ថា ការប្រែប្រួល​អាកាសធាតុ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ បណ្ដាល​ឲ្យ​តំបន់​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​ត្រូវ​ខ្យល់ព្យុះ​បោកបក់ និង​រលក​សមុទ្រ​ធំៗ នាំ​ឲ្យ​ខូចខាត​ឆ្នេរ និង​លិច​ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ផង។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កោះរ៉ុង និង​នគរបាល​ប្រចាំការ​នៅ​តាម​ផែ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ បាន​អះអាង​ថា ខ្យល់ព្យុះ និង​រលក​សមុទ្រ​ធំៗ ពិតជា​បាន​បោកបក់​ខ្លាំង នៅ​តាម​តំបន់​ឆ្នេរសមុទ្រ​មាន​ដូចជា​៖ តំបន់​ឆ្នេរ​កោះ​តូច ឆ្នេរ​កោះ​ឋានសួគ៌ ឆ្នេរ​ឡុងសិត ស្ថិត​ក្នុង​សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ព្រមទាំង​តំបន់​ឆ្នេរ​អូរឈើទាល ឆ្នេរ​អូរត្រេះ ឆ្នេរ​ព្រែកត្រែង ស្ថិត​ក្នុង​ក្រុងព្រះសីហនុ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ខ្យល់ព្យុះ និង​រលក​សមុទ្រ​ខាងលើ​នេះ គឺ​បាន​បោកបក់​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ ខែ​មករា​នេះ ដោយ​បាន​រាំងស្ទះ​ដល់​សកម្មភាព របស់​ក្រុមហ៊ុន​ទូក និង​កប៉ាល់​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ចេញទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​ថែម​ទៀត​ផង។

ចំណុច​នេះ សមត្ថកិច្ច​បាន​ផ្អាក​មិន​ឲ្យ​មធ្យោបាយ​ដឹកជញ្ជូន​ទាំងនោះ ធ្វើដំណើរ​ជា​បណ្ដោះអាសន្ន ព្រោះ​មាន​រលក​សមុទ្រ​ធំៗ និង​មាន​កម្ពស់​ខ្ពស់ៗ​បោកបក់​ខ្លាំង​នៅ​លើ​លំហ​សមុទ្រ។

មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​បន្ត​ទៀត​ថា ទូក​និង​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ របស់​ក្រុមហ៊ុន​មួយ​ចំនួន ត្រូវ​អាជ្ញាធរ​ហាមឃាត់ ឬ​ផ្អាក​មិន​ឲ្យ​ដឹង​ភ្ញៀវ​ចេញទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នោះ​ទេ ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ ដើម្បី​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​។

ទាក់ទិន​បញ្ហា​នេះ ទាំង​ម្ចាស់​ក្រុមហ៊ុន​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ ចេញទៅ​កម្សាន្ត​តាម​កោះ និង​អាជីវករ​លក់ដូរ នៅ​តាម​ឆ្នេរសមុទ្រ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ទទួលស្គាល់​ថា ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៩​មក ពិត​ជា​មាន​ខ្យល់ព្យុះ និង​រលក​សមុទ្រ​បោកបក់​ខ្លាំងៗ​នៅ​តាម​ឆ្នេរសមុទ្រ​ពិតមែន។ ជាពិសេស​ចាប់ពី​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ ខែ​មករា គឺ​ទឹកសមុទ្រ​បាន​ជន់​ឡើង​លិច​តំបន់​ឆ្នេរ​មួយ​ចំនួន​ថែម​ទៀត​ផង​

បញ្ហា​នេះ​ដែរ ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ និង​ទូក​ដឹក​ភ្ញៀវ​ចេញទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ខ្លួន ពិតជា​បាន​ផ្អាក​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ ចេញទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​ពិតមែន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយសារ​នៅ​លើ​លំហ​សមុទ្រ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ធំៗ។

ចំណែក​អាជីវករ លក់​ចំណីអាហារ នៅ​តាម​ឆ្នេរ​មួយ​ចំនួន ពិសេស​ឆ្នេរ​អូរ​ឈើទាល​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ភ្លៀង​ផ្គរ ខ្យល់ព្យុះ និង​រលក​សមុទ្រ​ធំៗ បាន​បោកបក់​តាម​ឆ្នេរសមុទ្រ​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ បាន​រំខាន​ដល់​ការ​ប្រកប​របរ​លក់​ដូ​រ របស់​ពួកគេ និង​គ្មាន​ភ្ញៀវ​មក​កម្សាន្ត​តាម​ឆ្នេរ​ច្រើន​នោះ​ទេ។

អាជីវករ​ឆ្នេរ​អូរ​ឈើទាល ថ្លែង​ថា រលក​សមុទ្រ​បាន​បោកបក់​នាំ​ឲ្យ​ខូច​សោភណភាព​ឆ្នេរសមុទ្រ និង​រលំ​ដើមឈើ ដែល​ដុះ​នៅ​តាម​ឆ្នេរសមុទ្រ​មួយ​ចំនួន​ផង​ដែរ៖ «ពីរ​បី​ថ្ងៃ​កន្លង​មក​នេះ គឺ​នៅ​តំបន់​មាត់សមុទ្រ ទឹកសមុទ្រ​ឡើង​ខ្លាំង​មែនទែន ហើយ​រលក​សមុទ្រ​ធំៗ ធ្វើ​ឲ្យ​ឆ្នេរសមុទ្រ​មួយ​ចំនួន​នៅ​តាម​ឆ្នេរ​អូរ​ឈើទាល​បាក់​ដី ឬ​ឆ្នេរ និង​ដើមឈើ នៅ​តាម​តំបន់​ឆ្នេរ​ខ្លះៗ នៅ​ឆ្នេរ​អូរ​ឈើទាល​អាច​ត្រូវ​ដួល​រលំ។ អាកាសធាតុ​រាល់ថ្ងៃ​នេះ ខ្យល់​បោកបក់​ដូច​ព្យុះ​អ៊ីចឹង ហើយ​រលក​សមុទ្រ​មាន​ទំហំ​ធំៗ និង​ទឹកសមុទ្រ​ឡើង​ហួស​ខុស​ពី​ថ្ងៃ​ធម្មតា។ ជាពិសេស​ទឹកសមុទ្រ​ហ្នឹង បើ​នៅតែ​ឡើង​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្យល់​បោកបក់​ខ្លាំង​ដូច​រាល់ថ្ងៃ​នេះ ក្នុង​រយៈពេល​ពី​ពីរ​ទៅ​បី​ថ្ងៃ​ទៀត គឺ​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ទំនងជា​នឹង​ត្រូវ​ខូច​អស់ហើយ»

ដោយឡែក មន្ត្រី​រដ្ឋបាល​ខេត្ត​កោះកុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា តំបន់​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​កោះកុង ពោល​គឺ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា​នេះ ក៏​មាន​ករណី​ទឹកសមុទ្រ​ជោរ​ធំៗ​បោកបក់​ខ្លាំង និង​បណ្ដាល​ឲ្យ​ដាច់​ផ្លូវ ព្រមទាំង​លិចលង់​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤៨៩​អា ស្ថិត​ក្នុង​ភូមិ​បាក់ខ្លង ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា មាន​ខ្យល់​បោកបក់ និង​រលក​សមុទ្រ​បោកបក់​ខ្លាំង នៅ​តាម​ឆ្នេរ​ខេត្ត​កោះកុង​ខាងលើ​នេះ គឺ​អាជ្ញាធរ​គ្រប់​ជំនាញ បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​គោលដៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន ដើម្បី​ឃ្លាំមើល​ស្ថានភាព​ខ្យល់ព្យុះ និង​រលក​សមុទ្រ​បោក​នេះ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាដើម។

ងាក​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​ឯណោះ​វិញ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មករា​នេះ មាន​ទូក​កន្ទុយ​វែង សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ចំនួន ៦​គ្រឿង បាន​លិច នៅ​ក្នុង​លំហ​សមុទ្រ បណ្ដាល​មក​ពី​ខ្យល់ព្យុះ និង​រលក​សមុទ្រ​ធំៗ​បោកបក់​ខ្លាំង។ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ឬ​ភ្ញៀវ​ទេសចរ​នោះ​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​តាម​សមុទ្រ ឬ​បណ្ដា​កោះ​នានា​។ ជាងនេះទៀត ក៏បាន​រំលឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវ​ទេសចរ ត្រូវ​ផ្អាក​សកម្មភាព​ដឹក​ភ្ញៀវ​ចេញទៅ​កម្សាន្ត​តាម​បណ្ដា​កោះ ជា​បណ្ដោះអាសន្ន​សិន ដោយ​រង់ចាំ​ស្ថានភាព​ខ្យល់ និង​រលក​សមុទ្រ ប្រែ​មក​សភាព​ស្ងប់​ដូច​ធម្មតា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល