អាជ្ញាធរ​សង្ស័យ​សព​មនុស្ស​ម្នាក់​អណ្ដែត​ទឹក​ទន្លេ​មេគង្គ​​ខេត្ត​ស្ទឹងត្រែង​ជា​ពលរដ្ឋ​ឡាវ

សន ចាន់រដ្ឋា
2018-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​ទឹក​ជំនន់​នៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៤។
ស្ថានភាព​ទឹក​ជំនន់​នៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៤។
Adhoc Photo

មេបញ្ជាការ​យោធា ខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹង​ថា អាជ្ញាធរ​នៅ​បន្ត​ត្រៀម​កម្លាំងយោធា រាប់​ពាន់នាក់ ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​សៀមប៉ាង និង​ក្រុង​ស្ទឹងត្រែង នៅ​គ្រា​ដែល​ទឹក​ទន្លេ​សេកុង​ស្រក​ចុះ​បន្តិច ក៏ប៉ុន្តែ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​លឿន។

ចំណែក​ឯ​សាកសព​មនុស្ស​ម្នាក់ ដែល​ប្រទះឃើញ​អណ្ដែត​នៅ​ទន្លេ​មេគង្គ នៅ​ខេត្ត​ស្ទឹងត្រែង ថ្មីៗ​នេះ អាជ្ញាធរ​សង្ស័យ​ថា ជា​ពលរដ្ឋ​ឡាវ​ដែល​រងគ្រោះ​ដោយសារ​បាក់​ទំនប់​វារីអគ្គិសនី សេ​ពាន​សេណាមណយ ក្នុង​ប្រទេស​ឡាវ។

មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃទី៣១ កក្កដា មក​ទល់​ពេល​នេះ​កម្លាំងយោធា​ខេត្ត​ស្ទឹងត្រែង​បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងស្រុក​សៀមប៉ាង បាន​ជិត​២​ពាន់​គ្រួសារ ស្មើ​និង​ជាង ៥​ពាន់​នាក់ ហើយ​បច្ចុប្បន្ន​កម្លាំងយោធា​រាប់ពាន់​នាក់​ទៀត នៅ​បន្ត​ឈរជើង​ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជន់​នៅ​ស្រុក​សៀមប៉ាង និង​ក្រុង​ស្ទឹងត្រែង។

មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ ញ៉ន ឲ្យ​ដឹង​ថា សមត្ថកិច្ច​ខេត្ត​កំពុង​សហការណ៍​ជាមួយ​អគ្គ​កុងស៊ុលឡាវ ធ្វើ​កោសល្យវិច័យ សាកសព​មនុស្ស​ម្នាក់ ដែល​អ្នកភូមិ​ប្រទះ​ឃើញ អណ្ដែត​នៅ​ទន្លេ​មេគង្គ ក្នុងស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង កាល​ពី​ពេល​ថ្មីៗ​នេះ​។ លោក​ថា សមត្ថកិច្ច​នៅ​មិនទាន់​សន្និដ្ឋាន​ច្បាស់លាស់ ពី​អត្តសញ្ញាណ​សាកសព​នោះ​នៅឡើយ​ទេ តែ​គេ​សង្ស័យថា ទំនងជា​ពលរដ្ឋ​ឡាវ​ស្លាប់​ដោយសារ​បាក់​ទំនប់​សេពានសេណាមណយ (Xe Pien-Xe Namnoy) នៅ​ទន្លេ​សេកុង ខ្សែទឹក​ខាងលើ អណ្ដែត​មកកាន់​ទន្លេ​មេគង្គ ខេត្ត​ស្ទឹងត្រែង។ លោក​បញ្ជាក់​ថា ពលរដ្ឋ​នៅ​ស្រុក​សៀមប៉ាង​ជិត ២​ពាន់​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន​ទៅកាន់​ទី​ទូល​សុវត្ថិភាព បាន​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ខ្លះ​ហើយ៖ «កម្លាំង​យើង​មាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ផ្ទៃក្នុង​ខេត្ត។ យើង​ជួយ​បាន​ជាង ៣​ពាន់​គ្រួសារ និង​ជិត ២​ពាន់​គ្រួសារ​ជួយ​ជម្លៀស​គាត់ ក្រៅ​ពី​នេះ​គាត់​ជម្លៀស​ខ្លួនឯង»

អាជ្ញាធរ​ឡាវ​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា សាកសព​ដែល​ប្រទះឃើញ​អណ្ដែត​នៅ​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បញ្ជូន​ទៅ​ខេត្ត​អត្តពឺ វិញ​ហើយ រីឯ​សាកសព​ឡាវ​ចំនួន ១០​នាក់ បាន​រក​ឃើញ​នៅ​ទន្លេសេពាន ឬ​ទន្លេសេកុង ផ្នែក​ខាងក្រោម​ទំនប់​វារីអគ្គិសនី​សេពាន សេណាមណយ។ អាជ្ញាធរ​ឡាវ​បាន​ប្រកាស​ស្វែងរក​មនុស្ស​ជាង ១​រយ​នាក់ (១២១) ទៀត ដែល​បាន​បាត់​ខ្លួន បន្ទាប់ពី​កើតមាន​គ្រោះ​មហន្តរាយ​បាក់​ទំនប់។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្យាករណ៍​ថា ទឹកទន្លេ​មេគង្គ​លើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​បន្ត​កើន​ឡើង​ដល់​កម្ពស់​ជិត ១១​ម៉ែត្រ (១០,៨៤ ម​) ខណៈ​កម្រិត​កម្ពស់​ប្រកាស​ប្រុងប្រយ័ត្ន​ចំនួន​ជាង ១០​ម៉ែត្រ (១០,៧០ម)។ ក្រសួង​ថា តំបន់​ទំនាប​នៅ​តាម​ដង​ទន្លេ ត្រូវ​បាន​ទឹក​លិច​ចូល​ជា​បន្តបន្ទាប់​។​

រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក លោក លឹម គានហោ បាន​អនុញ្ញាត​ឲ្យ​ដំឡើង​ម៉ាស៊ីន​បូមទឹក​ចល័ត​ខ្នាត​មធ្យម​១​គ្រឿង ដើម្បី​រំដោះ​ទឹក​ចេញពី​ក្រុង​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី៣១ កក្កដា នៅ​គ្រា​ដែល​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង​កំពុង​លិចលង់​ដោយ​ទឹកទន្លេ​មេគង្គ និង​ទឹកភ្លៀង​ផង។

ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​រស់នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ អង្កេត​ឃើញ​ថា ផលដំណាំ​កសិកម្ម រាប់រយ​ហិកតារ របស់​ពលរដ្ឋ​នៅ​រដូវវស្សា​ឆ្នាំនេះ​បាន​ទទួលរង​ការខូចខាត​ទាំងស្រុង។ លោក​ថា មក​ទល់​ពេល​នេះ​នៅ​មិនទាន់​ឃើញ​អាជ្ញាធរ​ចុះ​វាយតម្លៃ​ទំហំ​ផល​ប៉ះពាល់​នៅឡើយ​ទេ។ លោក​អង្កេត​ឃើញ​ថា នៅ​មុន​ពេល​បោះឆ្នោត​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ពលរដ្ឋ​ដោយ​ទឹកជំនន់ ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​បោះឆ្នោត​រួច អាជ្ញាធរ​ហាក់​មិនសូវ​ខ្វល់​នោះ​ទេ​៖ «អាជ្ញាធរ​នៅ​ពេល​បោះឆ្នោត​រួច​អ៊ីចឹង​ហើយ រាង​ធូរស្បើយ​ខ្លះ កាល​មិនទាន់​បោះឆ្នោត​ជួយ​គគ្រឹកគគ្រេង​ណាស់ ដើម្បី​សន្លឹកឆ្នោត​គេ​ដែរ»

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ អង្កេត​ឃើញ​ទឹកជំនន់​បង្កឡើង​ដោយ​បាក់​ទំនប់​នៅ​ឡាវ និង​ទឹកភ្លៀង​ផង គឺ​ចៀស​មិន​ផុត​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ស្រុក​សៀមប៉ាង នោះ​ទេ ជាពិសេស​គឺ​ផលដំណាំ​កសិកម្ម​រដូវវស្សា​ឆ្នាំនេះ​នឹង​ខូចខាត​ទាំងស្រុង​។ បញ្ហា​នេះ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្តទុកដាក់ ដោះស្រាយ និង​ជំរុញ​ឲ្យ​មានការ​ទទួលខុសត្រូវ៖ «បាក់​ទំនប់​វារីអគ្គិសនី​ទឹក​ឡើង នេះ​ជាហេតុ​មួយ​អាណិត​ពលរដ្ឋ បាត់បង់ ដូចជា​ដំឡូង លិច​តែ​ពីរ​ថ្ងៃ​ខូច​តែម្ដង ជំពាក់​បំណុល​គេ​កាន់តែ​ធ្ងន់ធ្ងរ»

មេឃុំ​សេកុង ស្រុក​សៀមប៉ាង ចាន់ សុខា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី៣១ កក្កដា ថា កាកបាទក្រហម​កម្ពុជា​គ្រោង​នឹង​ចុះ​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ព្រឹក​ថ្ងៃ​ទី១ សីហា។ តែ​លោក​មិន​បញ្ជាក់​លម្អិត​ពី​ការចែក​អំណោយ​ជូន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នោះ​ទេ។ លោក​ថា នៅ​ឃុំ​សេកុង ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​មាន​រាប់​រយ​គ្រួសារ និង​មាន​ជាង ១​រយ​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ៖ «យើង​មិនទាន់​ដឹង​ទេ យើង​កំពុង​រៀបចំ​ចែក​អំណោយ និង​បែក​ចែក យើង​មាន​កម្រិត​មួយ និង​កម្រិត​ពីរ»

កាលពី​សប្ដាហ៍​មុន ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ឡាវ នាំ​ឲ្យ​ទឹកទន្លេ​សេពាន ហក់​ឡើង​លឿន បង្ក​ឲ្យ​បាក់​ទំនប់​វារីអគ្គិសនី សេពាន សេណាមណយ ឋិត​ក្នុងស្រុក​សាណាមសៃ ខេត្ត​អត្តពឺ (Attapeu) ប្រទេស​ឡាវ បង្ក​ឲ្យ​ពលរដ្ឋ​ឡាវ​ស្លាប់​កើន​ឡើង ៣០ និង ជាង ២០​នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ ហើយ​ចំនួន​អ្នក​បាត់​ខ្លួន​ជាង​១០០​នាក់ ប៉ុន្តែ​ប្រភព​ខ្លះ​ថា ចំនួន​បាត់​ខ្លួន​មាន​ច្រើនជាង​នេះ។ គ្រោះ​មហន្តរាយ​នេះ​បង្ក​ប៉ះពាល់​ភូមិ​ចំនួន​១២ និង​មនុស្ស​ជាង ៣​ពាន់​នាក់ (៣០៦០) ស្មើ ៨៥១​គ្រួសារ​បាត់បង់​ទីជម្រក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល