អាជ្ញាធរ​សង្កាត់​បឹង​សាឡាង​នឹង​ពិន័យ​អ្នក​បោះ​ចោល​សំរាម​ក្នុង​ប្រឡាយ​ទឹក

ដោយ អ៊ុក សាវបូរី
2015-01-30
Share
ប្រឡាយ​បឹង​សាឡាង ៦២០ ប្រឡាយ​បឹង​សាឡាង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៥
RFA/Ouk Savborey

ប្រឡាយ​បឹង​សាឡាង ទើប​ស្ដារ​កាយ​កំណក​ភក់ និង​សំរាម​បាន​ពីរ​សប្ដាហ៍ ត្រូវ​មនុស្ស​មួយ​ចំនួន​រស់នៅ​អម​ប្រឡាយ​យក​សំរាម​ថង់​ប្លាស្ទិក ស្នោ បោះ​ចូល​ទឹក​ប្រឡាយ​ធ្វើ​ឲ្យ​ប្រឡាយ​កខ្វក់​វិញ។ បញ្ហា​សំរាម​នេះ ត្រូវ​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ស៊ូ សាវុត ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រមាណ​ពី ៦០% ទៅ ៧០% បាន​យល់​ដឹង​ពី​ការ​ថែទាំ​បរិស្ថាន។

សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​សង្កាត់​បឹង​សាឡាង អំពាវនាវ​ថា នឹង​ផាក​ពិន័យ​ចំពោះ​បុគ្គល​ណា​ដែល​បោះ​សំរាម​ចូល​ទឹក មិន​ស្តាប់​ការ​អប់រំ​ណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប្រឡាយ​បឹង​សាឡាង ដែល​សាលា​រាជធានី​ភ្នំពេញ​ទើប​ចំណាយ​ថវិកា​ជាច្រើន​ស្ដារ​កំណក​ភក់ និង​សំរាម​បាន​ពីរ​សប្ដាហ៍ ស្រាប់​តែ​មាន​ស្នោ និង​ថង់​ប្លាស្ទិក​អណ្ដែត​ត្រៀបត្រា​ស្ទើរ​ពេញ​ប្រឡាយ​បឹង​សាឡាង។

មន្ត្រី​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្កាត់​បឹង​សាឡាង លោក អួន សារ៉ន ថ្លែង​ថា គាត់​ចុះ​អប់រំ​អ្នក​រស់នៅ​អម​ប្រឡាយ​បឹង​សាឡាង ក្រោយ​ពី​ប្រឡាយ​បាន​ស្ដារ​រួច​រាល់ ដើម្បី​ឲ្យ​មនុស្ស​ទាំង​នោះ​ចេះ​ទុក​ដាក់​សំរាម​កុំ​បោះ​ចូល​ប្រឡាយ។ គ្រាន់​តែ​លោក​ខាន​ចុះ​អប់រំ ៣​ថ្ងៃ គាត់​ឃើញ​មាន​សុទ្ធតែ​ស្នោ និង​ថង់​ប្លាស្ទិក​អណ្ដែត​ក្នុង​ទឹក​ប្រឡាយ។ លោក​បន្ត​ថា ក្រៅ​ពី​នោះ​មាន​ខោ​អាវ​ហូរ​តាម​លូ​ទឹក​ស្អុយ ធ្លាក់​ចូល​ទឹក​ប្រឡាយ​បន្ថែម​ទៀត។ បញ្ហា​នេះ​ហើយ​ដែល​សាលា​សង្កាត់ នឹង​អនុវត្ត​ការ​ផាក​ពិន័យ បើ​អ្នក​រស់នៅ និង​រក​ស៊ី​ជួល​ផ្ទះ​អម​ប្រឡាយ មិន​គោរព​ការ​ណែនាំ​បន្ត​ទៀត៖ «បើ​អត់​គោរព​ទៅ​តាម​គោលការណ៍​របស់​សាលា​សង្កាត់​បឹង​សាឡាង ទេ ខ្ញុំ​មាន​វិធានការ ដើម្បី​ឲ្យ​ឡាន​ខណ្ឌ​ចុះ​មក​ធ្វើ​អន្តរាគមន៍»

បញ្ហា​ខ្វះ​ការ​យល់​ដឹង​ពី​ការ​ថែទាំ​បរិស្ថាន​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ស៊ូ សាវុត ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥ ក្នុង​សិក្ខា​សាលា​ស្ដីពី​ភាព​ជា​អ្នក​ដឹក​នាំ​ភព​ផែនដី​ការ​យល់​ដឹង​ថ្មី និង​ទំនាក់ទំនង​របស់​ផែន​ដី និង​មនុស្ស​ក្នុង​សតវត្ស​ទី​២១ ថា​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ​ពី​បញ្ហា​បរិស្ថាន​មាន​ដំណើរ​ការ​យឺត។ បញ្ហា​នេះ កើត​ចេញ​ពី​ភាព​ក្រីក្រ​ជា​កត្តា​ចម្បង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សូវ​យល់​ដឹង​ពី​បរិស្ថាន និង​មិន​ជួយ​ចូលរួម​ថែទាំ៖ «បើ​គាត់​ជិះ​ឡាន ២០១៦ ប៉ុន្តែ​គាត់​ចុច​កញ្ចក់​មក បោះ​កន្ទុយ​បារី​ចោល ខាក​ស្ដោះ​មក​ចេញ​ពី​ឡាន បោះ​ក្រដាស​ចេញ​ពី​ឡាន អ៊ីចឹង​មនុស្ស​ហ្នឹង​មិន​មែន​មិន​យល់​ទេ ប៉ុន្តែ​មិន​ចូលរួម»

ទាក់ទង​សំរាម​នេះ​ដែរ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​ពាក់ព័ន្ធ បាន​លើក​ស្លាក​ក្បែរ​ប្រឡាយ និង​លូ សរសេរ​ហាម​ចាក់ ឬ​ចោល​សំរាម និង​មាន​ប្រាប់​ពី​ការ​ផាក​ពិន័យ​ក្នុង​នោះ​ទៀត​ផង ប៉ុន្តែ​អ្នក​ចោល​សំរាម​នៅ​តែ​បោះ​ចោល​ផ្ដេសផ្ដាស។ លោក​ថា សាលា​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​តាម​ច្បាប់ ប្រសិន​បើ​ការ​ចោល​សំរាម​តាម​លូ និង​ប្រឡាយ​បន្ត​មាន​ទៀត។

ប្រជាពលរដ្ឋ​រស់នៅ​អម​ប្រឡាយ​បឹង​សាឡាង អះអាង​ថា មាន​អ្នក​យួរ និង​ដឹក​សំរាម​យក​មក​បោះ​ចោល​នៅ​ទីនោះ។ ពេល​ខ្លះ ថង់​សំរាម​ធ្លាក់​ចូល​ទឹក​ប្រឡាយ ពេល​ខ្លះ​ថង់​សំរាម​កក​នៅ​មាត់​ប្រឡាយ៖ «អ្នក​ផ្សេង​យក​មក​បោះ ហើយ​គេ​ជិះ​ម៉ូតូ​មក​ពី​ណា​ពី​ណី គេ​បោះ​ចោល​កន្លៀត​ហ្នឹង ខ្ញុំ​ឃើញ​ប៉ុន្មាន​ដង ព្រោះ​ខ្ញុំ​ស្មាន​តែ​គេ​ឈប់​នៅ​ហ្នឹង គេ​មាន​ការ​អី តែ​គេ​ដាក់​ចោល ហើយ​គេ​ជិះ​ទៅ​បាត់​ទៅ»

សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ពន្យល់​ថា ស្នោ និង​ថង់​ប្លាស្ទិក​ជា​សំណល់​មួយ​ដែល​មិន​ងាយ​រលាយ​ទៅ​ក្នុង​ដី​ឡើយ ហើយ​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​យូរ​អង្វែង។ លោក​ថា មនុស្ស​រស់នៅ​ទីក្រុង​យល់​ដឹង​ពី​ការ​ទុក​ដាក់​សំរាម និង​បែង​ចែក​សំរាម​រឹង​រាវ​ដាក់​ក្នុង​ធុង និង​ថង់​មាន​ពណ៌​ខុស​គ្នា​តាម​ការ​ណែនាំ។ ប៉ុន្តែ​អ្នក​ទើប​មក​ពី​ជនបទ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បោះ​ចោល​សំរាម​នោះ​ទេ។ ទន្ទឹម​នោះ កង្វះ​ធុង​សម្រាប់​បោះ​ចោល​សំរាម ក៏​ចោទ​ជា​បញ្ហា​សំរាម​ទុក​ចោល​ពាស​វាល​ពាស​កាល​ដែរ។ ស្រប​គ្នា​នេះ មនុស្ស​ជាច្រើន​មក​រក​ស៊ី​លក់​ដូរ​នៅ​ទីក្រុង ដែល​ប្រើ​ថង់​ប្លាស្ទិក​ច្រើន​ក្នុង​ការ​វេច​ខ្ចប់ ហើយ​បោះ​ចោល​ពាស​ពេញ ខណៈ​ក្រុមហ៊ុន​ប្រមូល​សំរាម​ដឹក​យក​ចេញ​មិន​អស់​ទាំង​ស្រុង ដោយ​កម្មករ​ប្រមូល​យក​តែ​សំរាម​ក្នុង​ថង់ ឯ​សំរាម​កំពប់ ឬ​ថង់​រហែក​មិន​ប្រមូល​ជាដើម ទុក​សំរាម​ចោល​ឲ្យ​ស្អុយ​រលួយ។ លោក​ថា នេះ​ជា​បញ្ហា​ចម្បង​ដែល​ត្រូវ​អប់រំ និង​ចូលរួម​ទាំងអស់​គ្នា មុន​នឹង​ធ្វើ​ការ​ផាក​ពិន័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល