ប្រឡាយបឹងសាឡាង ទើបស្ដារកាយកំណកភក់ និងសំរាមបានពីរសប្ដាហ៍ ត្រូវមនុស្សមួយចំនួនរស់នៅអមប្រឡាយយកសំរាមថង់ប្លាស្ទិក ស្នោ បោះចូលទឹកប្រឡាយធ្វើឲ្យប្រឡាយកខ្វក់វិញ។ បញ្ហាសំរាមនេះ ត្រូវអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស៊ូ សាវុត ឲ្យដឹងថា មានមនុស្សប្រមាណពី ៦០% ទៅ ៧០% បានយល់ដឹងពីការថែទាំបរិស្ថាន។
សាលារាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់បឹងសាឡាង អំពាវនាវថា នឹងផាកពិន័យចំពោះបុគ្គលណាដែលបោះសំរាមចូលទឹក មិនស្តាប់ការអប់រំណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីប្រឡាយបឹងសាឡាង ដែលសាលារាជធានីភ្នំពេញទើបចំណាយថវិកាជាច្រើនស្ដារកំណកភក់ និងសំរាមបានពីរសប្ដាហ៍ ស្រាប់តែមានស្នោ និងថង់ប្លាស្ទិកអណ្ដែតត្រៀបត្រាស្ទើរពេញប្រឡាយបឹងសាឡាង។
មន្ត្រីសណ្ដាប់ធ្នាប់ និងសន្តិសុខសង្កាត់បឹងសាឡាង លោក អួន សារ៉ន ថ្លែងថា គាត់ចុះអប់រំអ្នករស់នៅអមប្រឡាយបឹងសាឡាង ក្រោយពីប្រឡាយបានស្ដាររួចរាល់ ដើម្បីឲ្យមនុស្សទាំងនោះចេះទុកដាក់សំរាមកុំបោះចូលប្រឡាយ។ គ្រាន់តែលោកខានចុះអប់រំ ៣ថ្ងៃ គាត់ឃើញមានសុទ្ធតែស្នោ និងថង់ប្លាស្ទិកអណ្ដែតក្នុងទឹកប្រឡាយ។ លោកបន្តថា ក្រៅពីនោះមានខោអាវហូរតាមលូទឹកស្អុយ ធ្លាក់ចូលទឹកប្រឡាយបន្ថែមទៀត។ បញ្ហានេះហើយដែលសាលាសង្កាត់ នឹងអនុវត្តការផាកពិន័យ បើអ្នករស់នៅ និងរកស៊ីជួលផ្ទះអមប្រឡាយ មិនគោរពការណែនាំបន្តទៀត៖ «បើអត់គោរពទៅតាមគោលការណ៍របស់សាលាសង្កាត់បឹងសាឡាង ទេ ខ្ញុំមានវិធានការ ដើម្បីឲ្យឡានខណ្ឌចុះមកធ្វើអន្តរាគមន៍»។
បញ្ហាខ្វះការយល់ដឹងពីការថែទាំបរិស្ថាននេះ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស៊ូ សាវុត ថ្លែងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ក្នុងសិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំភពផែនដីការយល់ដឹងថ្មី និងទំនាក់ទំនងរបស់ផែនដី និងមនុស្សក្នុងសតវត្សទី២១ ថាការយល់ដឹងរបស់ពលរដ្ឋខ្មែរពីបញ្ហាបរិស្ថានមានដំណើរការយឺត។ បញ្ហានេះ កើតចេញពីភាពក្រីក្រជាកត្តាចម្បង ដែលធ្វើឲ្យពលរដ្ឋមិនសូវយល់ដឹងពីបរិស្ថាន និងមិនជួយចូលរួមថែទាំ៖ «បើគាត់ជិះឡាន ២០១៦ ប៉ុន្តែគាត់ចុចកញ្ចក់មក បោះកន្ទុយបារីចោល ខាកស្ដោះមកចេញពីឡាន បោះក្រដាសចេញពីឡាន អ៊ីចឹងមនុស្សហ្នឹងមិនមែនមិនយល់ទេ ប៉ុន្តែមិនចូលរួម»។
ទាក់ទងសំរាមនេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា សាលារាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ បានលើកស្លាកក្បែរប្រឡាយ និងលូ សរសេរហាមចាក់ ឬចោលសំរាម និងមានប្រាប់ពីការផាកពិន័យក្នុងនោះទៀតផង ប៉ុន្តែអ្នកចោលសំរាមនៅតែបោះចោលផ្ដេសផ្ដាស។ លោកថា សាលារាជធានីភ្នំពេញ នឹងអនុវត្តតាមច្បាប់ ប្រសិនបើការចោលសំរាមតាមលូ និងប្រឡាយបន្តមានទៀត។
ប្រជាពលរដ្ឋរស់នៅអមប្រឡាយបឹងសាឡាង អះអាងថា មានអ្នកយួរ និងដឹកសំរាមយកមកបោះចោលនៅទីនោះ។ ពេលខ្លះ ថង់សំរាមធ្លាក់ចូលទឹកប្រឡាយ ពេលខ្លះថង់សំរាមកកនៅមាត់ប្រឡាយ៖ «អ្នកផ្សេងយកមកបោះ ហើយគេជិះម៉ូតូមកពីណាពីណី គេបោះចោលកន្លៀតហ្នឹង ខ្ញុំឃើញប៉ុន្មានដង ព្រោះខ្ញុំស្មានតែគេឈប់នៅហ្នឹង គេមានការអី តែគេដាក់ចោល ហើយគេជិះទៅបាត់ទៅ»។
សង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងបរិស្ថាន លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ពន្យល់ថា ស្នោ និងថង់ប្លាស្ទិកជាសំណល់មួយដែលមិនងាយរលាយទៅក្នុងដីឡើយ ហើយធ្វើឲ្យខូចបរិស្ថានយូរអង្វែង។ លោកថា មនុស្សរស់នៅទីក្រុងយល់ដឹងពីការទុកដាក់សំរាម និងបែងចែកសំរាមរឹងរាវដាក់ក្នុងធុង និងថង់មានពណ៌ខុសគ្នាតាមការណែនាំ។ ប៉ុន្តែអ្នកទើបមកពីជនបទ មិនសូវយកចិត្តទុកដាក់ក្នុងការបោះចោលសំរាមនោះទេ។ ទន្ទឹមនោះ កង្វះធុងសម្រាប់បោះចោលសំរាម ក៏ចោទជាបញ្ហាសំរាមទុកចោលពាសវាលពាសកាលដែរ។ ស្របគ្នានេះ មនុស្សជាច្រើនមករកស៊ីលក់ដូរនៅទីក្រុង ដែលប្រើថង់ប្លាស្ទិកច្រើនក្នុងការវេចខ្ចប់ ហើយបោះចោលពាសពេញ ខណៈក្រុមហ៊ុនប្រមូលសំរាមដឹកយកចេញមិនអស់ទាំងស្រុង ដោយកម្មករប្រមូលយកតែសំរាមក្នុងថង់ ឯសំរាមកំពប់ ឬថង់រហែកមិនប្រមូលជាដើម ទុកសំរាមចោលឲ្យស្អុយរលួយ។ លោកថា នេះជាបញ្ហាចម្បងដែលត្រូវអប់រំ និងចូលរួមទាំងអស់គ្នា មុននឹងធ្វើការផាកពិន័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។