កម្មករ​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ត្អូញត្អែរ​រឿង​មិន​បាន​លុយ​ពី​លោក ហ៊ុន សែន

ដោយ អាស៊ីសេរី
2017.09.28
តំណាង​កម្មករ​ទំនប់​វារីអគ្គិសនី​សេសាន អ៊ុច ផាន ២០១៧ ១៤៤០ តំណាង​កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុច ផាន ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Men Sothyr

កម្មករ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខែត្រ​ស្ទឹងត្រែង ជាង​១​ពាន់​នាក់ ត្អូញត្អែរ​រឿង​មិន​ទាន់​បើក​ប្រាក់​ឧបត្ថម្ភ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច​ការ​សន្យា នៅ​គ្រា​ដែល​លោក​មក​សម្ពោធ​ចុច​កុងតាក់​បិទទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ជា​ស្ថាពរ កាល​ពីថ្ងៃទី២៥ កញ្ញា។

កម្មករ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ថ្ងៃទី២៧ កញ្ញា អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​ប្រគល់​ប្រាក់​ជូន​កម្មករ​ជាង ១ពាន់នាក់ ដូច​ការ​សន្យា នៅ​គ្រា​ដែល​លោក​បាន​ថ្លែង​នៅ​ក្នុង​វិធី​បិទទ្វារ​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោមពីរ កាល​ពីថ្ងៃទី២៥ កញ្ញា។

កម្មករ​ធ្វើ​ការ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រំឭក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឧបត្ថម្ភ​ប្រាក់​ជូន​កម្មករ​ក្រុមហ៊ុន​ជាង ១ពាន់នាក់ ដោយ​ក្នុង​ម្នាក់​ទទួល​បាន ២ម៉ឺន​រៀល ហើយ​ប្រាក់​ទាំងនោះ​បាន​ប្រគល់​ជូន​តាមរយៈ​មេការ​ក្រុមហ៊ុន ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ពួកគាត់​នៅ​ពុំ​ទាន់​ទទួល​ប្រាក់​នៅ​ឡើយ​ទេ។ បញ្ហា​នេះ​ក្រុម​កម្មករ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ប្រាក់​ទាំង​នោះ ធ្លាក់​ដល់​ដៃ​មេការ​កិបកេង រួច​ឆ្លើយ​ចោទ​ក្រុមហ៊ុន​ទៅ​វិញ។ លោក​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ស៊ើបអង្កេត​រឿង​នេះ​ជូន​កម្មករ​ផង៖ «ខ្ញុំ​ចាត់​ទុក​ថា ទង្វើ​នេះ​ពុករលួយ​ត្រឹម​មេការ​ហ្នឹង​ម្តង បង្កក​ត្រឹម​មេ​ម៉ៅការ​ហ្នឹង។ ខ្ញុំ​ជឿ​ថា ចែក​យ៉ាង​យូរ​មួយ​ថ្ងៃ ឥឡូវ​ឡើង​៣​ថ្ងៃ​មក​ហើយ»

កម្មករ​ម្នាក់​ទៀត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក​បាន​ឮ​ការ​សន្យា​របស់​លោក ហ៊ុន សែន ដែរ​ថា នឹង​ឧបត្ថម្ភ​ប្រាក់​ជូន​កម្មករ​ម្នាក់ៗ ២ម៉ឺនរៀល តែ​លោក​ពុំ​ទទួល​បាន​នៅ​ឡើយ​ទេ។ លោក​ថា ប្រាក់​ដែល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបត្ថម្ភ​ជូន​ពួកគាត់ មិន​ដឹង​ថា ជា​ប្រាក់​របស់​រដ្ឋាភិបាល ឬ​ក៏​ជា​ប្រាក់​ផ្ទាល់​ខ្លួន​របស់​លោក ហ៊ុន សែន នោះ​ទេ គ្រាន់តែ​លោក​រីករាយ​នៅ​ពេល​ទទួល​ដំណឹង​នេះ៖ «គាត់​ថា ឲ្យ​ម្នាក់​ពីរ​ម៉ឺន មិន​ដឹង​ម៉េច​ដែរ បើ​គាត់​ឲ្យ គឺ​ឲ្យ​ទៅ បើ​មិន​ឲ្យ​មិន​ដឹង​ម៉េច​ដែរ»

មេឃុំ​ស្រែគរ​មក​ពី​គណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ មាន​ប្រសាសន៍​ថា ប្រសិន​ប្រាក់​ទាំង​នោះ មិន​បាន​ដល់​ដៃ​កម្មករ​នោះ​ទេ នឹង​ប៉ះពាល់​ដល់​កិត្តិយស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា អាជ្ញាធរ​ឃុំ​នៅ​ពុំ​ទាន់​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ទេ តែ​លោក​នឹង​ស៊ើបអង្កេត​នៅ​ពេល​ទទួល​ដំណឹង​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​កម្មករ។ លោក​រំឭក​ថា នៅ​គ្រា​ដែល​លោក ហ៊ុន សែន មក​សម្ពោធ​បិទទ្វារ​ទឹក​ជាស្ថាពរ អាជ្ញាធរ​ស្រុក និង​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​លោក​ចូលរួម​ក្នុង​កម្មវិធី​នោះ​ទេ ខណៈ​ឃុំ​ស្រែគរ គឺ​ជា​ឃុំ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​ទំនប់​វារីអគ្គិសនី។ លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការរើសអើង​និន្នាការ​នយោបាយ៖ «កង្វល់​របស់​ពលរដ្ឋ​មាន​បញ្ហា តំណាង​ឲ្យ​ពលរដ្ឋ​ហ្នឹង​ហើយ យើង​សំណូមពរ​បញ្ហា​ប្រឈម​នានា​ក្នុង​ឃុំ​សង្កាត់​របស់​ខ្លួន​ហ្នឹង ឲ្យ​គាត់​ដឹង។ ទស្សនៈ​របស់​ខ្ញុំ​គិត​ថា រើសអើង​ហើយ។ ប៉ុន្តែ​បើសិន​ជា​មិន​ឲ្យ​ទេ ពាក់ព័ន្ធ​ការ​ប្ដឹង​ផ្តល់​ទៀត​ហើយ »

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​សន្យា​ថា ប្រគល់​ប្រាក់​ជូន​កម្មករ តែ​បែរ​ជា​កម្មករ​ពុំ​បាន​ទទួល​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ហើយ​កម្មករ​មាន​សិទ្ធិ​ដាក់​ពាក្យ​ប្ដឹង​រឿង​នេះ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច៖ «នៅ​ពេល​គាត់​ថា ឲ្យ​មាន​ន័យ​ថា លុយ​គាត់​ប៉ុន្តែ​គ្រាន់​តែ​ថា ប្រភព​ដែរ​បាន​ហ្នឹង មិន​ដឹង​ថា បាន​មក​ពី​ណា​យើង​មិន​ទាន់​ដឹង​ដែរ »

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ កម្មករ​ជាង ៥០​នាក់ បាន​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឃុំ​ស្រែគរ រឿង​មេការ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មិន​ទាន់​ទូទាត់​ថ្លៃ​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់​ជាង ១​ឆ្នាំ មាន​ចំនួន​សរុប​ជាង ១​ម៉ឺន​ដុល្លារ។ ក្រុម​កម្មករ​រក​ឃើញ​ថា មេការ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ៣​នាក់ បាន​គេច​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។