អង់គ្លេស​ផ្តល់​មូលនិធិ​ជិត​ ៦០​ម៉ឺន​ដុល្លារ គាំទ្រ​ដល់​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ

ដោយ ម៉ៅ សុធានី
2022.07.29
អង់គ្លេស​ផ្តល់​មូលនិធិ​ជិត​ ៦០​ម៉ឺន​ដុល្លារ គាំទ្រ​ដល់​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (រូបឯកសារ) ផ្លូវ​ទឹក​ក្នុង​ឧទ្យានជាតិ​វីរៈជ័យ ខេត្ត​រតនគិរី កាល​ពី​ឆ្នាំ​២០១៦។
RFA

រដ្ឋាភិបាល​អង់គ្លេស​បាន​ផ្ដល់​មូលនិធិ​ជិត ៦០ម៉ឺន​ដុល្លារ​អាមេរិក សំរាប់​គាំទ្រ​ដល់​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ (Fauna & Flora International -Cambodia -FFI) រយៈពេល​ ៣ឆ្នាំ ដើម្បី​ពង្រឹង​ជីវភាព និង​ការគ្រប់គ្រង​ការ​អភិរក្ស​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគីរី។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឲ្យ​ដឹង​ថា គោលបំណង​សំខាន់​នៃ​មូលនិធិ​នេះ គឺ​ដើម្បី​ជួយ​ដល់​ការ​អភិរក្ស​ជីវសាស្ត្រ​ដ៏​សំខាន់ៗ ​ក្នុង​តំបន់ និង​ជួយ​ពង្រឹង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​គាំទ្រ​និង​លើកទឹកចិត្ត​ឲ្យ​សហគមន៍​​ជនជាតិ​ដើម​ភាគតិច ចូលរួម​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដែល​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ។

ការប្រកាស​ផ្តល់​ជំនួយ​នេះ ធ្វើឡើង​ក្រោយ​ពី​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ភ្នំពេញ លោក ម៉ាក ថែរ (Marc Thayre) បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ ៦​ថ្ងៃ គឺ ចាប់ពី​ថ្ងៃទី១០ ខែ​កក្កដា ដល់​ថ្ងៃទី​១៥ ខែ​កក្កដា ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព នៅ​តំបន់​ឧទ្យាន​ជាតិ​វីរ​ជ័យ នៅ​ខេត្ត​រតនគីរី និង​បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ជួប​ពលរដ្ឋ​នៅ​តំបន់​នោះ។

អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ (FFI) បាន​ចាប់ផ្ដើម​អនុវត្ដ​គម្រោង​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ តាំង​ពី​ឆ្នាំ២០០៨ ហើយ​គម្រោង​បច្ចុប្បន្ន គឺ​កំពុង​ផ្ដោត​លើ​ការ​ការពារ​ជីវសាស្ត្រ​សំខាន់ៗ និង​ព្រៃ​តំបន់​ត្រូពិក ដែល​កំពុង​រង​ការ​គំរាមកំហែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។