ពលរដ្ឋ​អះអាង​ថា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​មិន​មាន​អ្នក​ទប់ស្កាត់

ដោយ សេក បណ្ឌិត
2019.04.29
ភ្លើង​ឆេះ​ព្រៃ​រនាម បាត់ដំបង ២០១៦ ៨៥៥ តំបន់​ភ្លើង​ឆេះ​ព្រៃ​រនាម​នៅ​វាល​ដូន​អំ នៃ​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប ស្រុក​ឯកភ្នំ អះអាង​ថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹកជា​ច្រើន​ថ្ងៃ​ហើយ ដែល​បណ្ដាល​ឱ្យ​ហិនហោច​អស់​ព្រៃ​រាប់ពាន់​ហិកតារ នៅ​ជាប់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង ដោយ​មិន​មាន​អាជ្ញាធរ​ណា មាន​វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ។ តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង លើកឡើង​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​ធនធាន​មច្ឆា​ជាតិ​ថយ​ចុះ​កាន់តែ​ឆាប់ និង​បាន​ប៉ះពាល់​ដល់​ការ​រក​ប្រាក់ចំណូល​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ។

ប្រជាពលរដ្ឋ​នៅ​រស់​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ស្រុក​ឯក​ភ្នំ អ្នកស្រី ម៉ៅ រ៉េត ថ្លែង​នៅ​ថ្ងៃ​ទី​២៨​ មេសា​ថា ភ្លើង​ឆេះ​ព្រៃ​រាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ចាប់ពី​មាត់​ទន្លេសាប​ក្នុង​ភូមិ​ក្បាល​តោល រហូតដល់​ជាប់​ព្រំប្រទល់​ខេត្ត​ពោធិ៍សាត់ មាន​រយៈ​ពេល​​ប្រមាណ​ ២​សប្ដាហ៍​​ហើយ ដោយ​មិនទាន់​រលត់​ទៅ​វិញ​នៅឡើយ​ទេ។ អ្នកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ព្រួយ​បារម្ភ​​ខ្លាច​​ភ្លើង​​ឆេះ​​ហិនហោច​​អស់​​ព្រៃ​​លិច​​ទឹក ហើយ​នាំ​ឱ្យ​បាត់បង់​ដល់​ជម្រក​ត្រី​ពង​កូន និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​របស់​ពួកគាត់​កាន់តែ​ខ្លាំង៖ «បើ​ឆេះ​ឆ្នាំនេះ​ទៀត​អស់​ឈើ​ព្រៃ ហើយ​ពួក​ខ្ញុំ​មិន​ដឹង​ជា​យ៉ាងម៉េច​ទេ ហើយ​ប្រជាជន​ក្នុង​មូលដ្ឋាន​គ្នា​ពិបាកចិត្ត​ណាស់ ទី​១​អត់​មាន​ឈើ​តោង​ផ្ទះ ហើយ​បើ​អត់​ឈើ​តោង​ទេ​ពួក​ខ្ញុំ​មិន​ដឹង​បាន​អី​តោង​ផ្ទះ បើ​ខ្យល់​នៅ​រដូវវស្សា​ខ្លាំង​យ៉ាង​នេះ គឺ​ខ្យល់​ចំ​ត្រង់ណា​បាក់​ផ្ទះ​ត្រង់​នោះ។ យើង​តូចតាច​មិន​និយាយ​ទេ ខ្ញុំ​ស្នើ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ព្រៃរនាម។ ព្រោះ​សព្វថ្ងៃ​នៅ​ក្នុង​មូលដ្ឋាន​ខ្ញុំ​មិន​មាន​អាជ្ញាធរ​ណា​ជួយ​ពលរដ្ឋ​ទេ គឺ​ពលរដ្ឋ​ច្រៀង​ខ្លួនឯង​រាំ​ខ្លួន»

ចំណែក​ពលរដ្ឋ​នៅ​បឹង​ទន្លេសាប​ម្នាក់ លោក អ៊ន អឿន ថ្លែង​ថា ភ្លើង​ឆេះ​រាល់​ពេញ​ព្រៃ ហើយ​បណ្ដាល​សត្វ​ពស់ អណ្ដើក និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​តំបន់​នោះ​ងាប់​ស្អុយ​ពេញ​ព្រៃ ព្រោះ​នៅ​តំបន់​បឹង​ទន្លេសាប​អាកាសធាតុ​ក្ដៅ​ហួតហែង ហើយ​គ្មាន​អាជ្ញាធរ​ណា​ទៅ​ពន្លត់ភ្លើង​នៅឡើយ​ទេ៖ «និយាយ​មិន​ភ័យ​យ៉ាងម៉េច បើ​អស់​ឈើ​រលីង​ហើយ ព្រោះ​កាលពី​ឆេះ​មុន​ម្ដង​ហើយ​ឆេះ​ឈើ​ងាប់​អស់ ហើយ​ដល់​ឈើ​នោះ​ងាប់​ភ្លើង​ឆេះ​ទៀត បើ​មិន​ជឿ​ទេ​មក​មើល​ទៅ​យប់​ឡើង​ភ្លឺ​ពេញ​ព្រៃ​អស់ហើយ​ភ្លើង​ឆេះ តែ​ថ្ងៃ​តិច​យើង​មើល​អណ្ដាតភ្លើង​អត់​ឃើញ​ទេ ពេលយប់​បាន​ឃើញ ហើយ​វា​កម្ដៅ​ថ្ងៃ​ផង ហើយ​នឹង​កម្ដៅ​ភ្លើង​ឆេះ​ផង​សឹងតែ​នៅផ្ទះ​អត់​ចង់បាន»

ឆ្លើយតប​នឹង​បញ្ហា​នេះ​អភិបាលស្រុក​ឯក​ភ្នំ លោក ម៉ិល សុផល មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ខាង​ស្រុក​មិនទាន់​ទទួល​ដំណឹង​ជុំវិញ​ភ្លើង​ឆេះ​នេះ​នៅឡើយ​ទេ។ ទោះជា​យ៉ាងណា​លោក​អភិបាលស្រុក​រូប​នេះ បាន​ស្ដីបន្ទោស​ទៅ​ខាង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប ថា មិន​ប្រញាប់​ផ្ដល់​ដំណឹង​នេះ​មក​ខាង​សាលា​ដើម្បី​រក​វិធី​ទប់ទល់​មិន​ឱ្យ​ភ្លើង​ឆេះ​បន្ត​ទៅ​កន្លែង​ផ្សេង៖ «សហគមន៍​ឆេះ​អ៊ីចឹង​គាត់​អត់​រាយការណ៍​មក​អាជ្ញាធរ​ទេ គាត់​រាយការណ៍​ទៅ​ខាង​ព័ត៌មាន​ដើម្បី​ឱ្យ​អូន​ឯង​សួរ​មក​បង ប៉ុន្តែ​ម៉ែឪ​សហគមន៍​នឹង​គឺ​អាជ្ញាធរ​ម៉េច​គាត់​មិន​រាយការណ៍​មក​ម៉ែឪ ដើម្បី​មាន​វិធានការណ៍ គាត់​រាយការណ៍​ទៅ​វិទ្យុ​អាស៊ីសេរី​ភ្លាម​អ៊ីចឹង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២៨ មេសា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល។

តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង លោក ហ៊ុត ហាន លើក​ឡើង​ថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​កើត​ឡើងជា​រៀងរាល់​ឆ្នាំ ក៏​ប៉ុន្តែ​​ឆ្នាំ​នេះ​​ភ្លើង​​ឆេះ​​ហិនហោច​​ព្រៃ​​ច្រើន​ជាង​​ឆ្នាំ​​មុនៗ​។​ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​សុទ្ធតែ​បាន​ដឹង​បញ្ហា​នេះ ប៉ុន្តែ​មាន​វិធានការ​​ទប់​ស្កាត់​​នោះ​​ទេ ដោយ​បណ្ដោយ​ឱ្យ​ភ្លើង​ឆេះ​ព្រៃ​តាម​អំពើ​ចិត្ត៖ «វា​អត់​មាន​ឃើញ​កន្លែង​ណា​មាន​ព្រៃ​ក្រាស់​​ទេ​​ឥឡូវ គឺ​​វា​​ចាប់​ផ្ដើម​​ល្ហល្ហេវ​​អស់​​ភាគ​ច្រើន​ភ្លើង​ឆេះ​នោះ ព្រោះ​វា​ឆេះ​ហួសពេក​ដល់​អ៊ីចឹង​ទៅ វា​​មិន​​មាន​​កន្លែង​​ព្រៃ​​ក្រាស់​​ទេ ពី​​ដើម​មក​​​ព្រៃ​​​ក្រាស់​​​គ្រប់​​កន្លែង តែ​​ឥឡូវ​​វា​​ល្ហល្ហេវ​​ដោយសារ​​មាន​​ឈ្មួញ​ និង​​អាជីវករ​​មួយ​​ចំនួន​​រុករាន​​ទន្ទ្រាន​​យក​​ដី​​ព្រៃ​​លិច​​ទឹក​​ធ្វើ​ជា​​កម្មសិទ្ធិ»

លោក​បន្ត​ថា ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប​ក្នុង ខេត្ត​បាត់ដំបង​មាន​ផ្ទៃដី​រាប់ម៉ឺន​ហិកតារ ស្ថិតនៅ​ស្រុក​មោងឬស្សី សង្កែ ថ្មគោល និង​ស្រុក​ឯក​ភ្នំ ដែល​ជា​ជម្រក​សំខាន់​របស់​សត្វ​ស្លាប និង​មច្ឆា​ជាតិ។ លោក​កត់សំគាល់​ថា ភ្លើង​ឆេះ​ព្រៃ​ជា​មូលហេតុ​ធ្វើ​​ឱ្យ​​ចំនួន​​សត្វ​​ស្លាប និង​ត្រី​ថយ​ចុះ​ឆាប់រហ័ស ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​របរ​ធ្វើ​នេសាទ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​នៅ​ជុំវិញ​បឹង​ទន្លេសាប ព្រោះ​ពួកគាត់​រស់នៅ​ពឹងផ្អែក​លើ​របរ​នេសាទ​ត្រី​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។ លោក​ថា​សារ​​ប្រជាពលរដ្ឋ​​កាប់ឆ្ការ​ព្រៃ​ផ្លូវ​សម្រាប់​ធ្វើ​នេសាទ​នៅ​រដូវវស្សា និង​អ្នក​លួច​ដុត​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។