កសិដ្ឋានកាបូនកម្ពុជាជំរុញឲ្យដាំកូនឈើដើម្បីស្រូបយកឧស្ម័នពុល
2014.08.05
កសិដ្ឋានកាបូនកម្ពុជា (Cambodia Farmland Carbon) ហៅកាត់ថា កាហា្វកា (CAFACA) កំពុងធ្វើសកម្មភាពជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ដោយគម្រោងដាំកូនឈើ ដើម្បីឲ្យស្រូបយកខ្យល់ពុល ឬឧស្ម័នកាបូនិចពីបរិយាកាស។
ក្រៅពីធ្វើឲ្យបរិស្ថានប្រសើរឡើង គម្រោងនេះនឹងជួយបង្កើនកម្រិតជីវភាពសហគមន៍កសិករនៅក្នុងខេត្តចំនួន៥ មានខេត្តព្រៃវែង កំពត កំពង់ស្ពឺ តាកែវ និងខេត្តសៀមរាប តាមរយៈការលក់ធាតុកាបូន។
គម្រោងដាំកូនឈើជាង ៣៥ម៉ឺនដើម នៅក្នុងខេត្តទាំង៥ របស់កសិដ្ឋានកាហ្វាកា នឹងបញ្ចប់នៅក្នុងខែតុលា ហើយកសិដ្ឋាននេះរំពឹងថា នឹងអាចបង្កើនការលក់ធាតុកាបូនរបស់កម្ពុជា ទៅអោយប្រទេសមហាអំណាចមួយចំនួន។
ករណីនេះ កសិដ្ឋានកាហ្វាកា កំពុងជំរុញអោយប្រជាពលរដ្ឋក្នុងសហគមន៍ ដាំដើមឈើឲ្យបានច្រើននៅតាមសាលារៀន វត្តអារាម សងខាងផ្លូវ មាត់ប្រឡាយ ជើងទំនប់ ស្រះសហគមន៍ ជាដើម។
នាយកប្រតិបត្តិអង្គការសេដាក (CEDAC) លោក សំ វិទូ ពន្យល់ថា ដើមឈើត្រូវការដកដង្ហើមផ្ទុយពីមនុស្ស គឺដើមឈើស្រូបយកខ្យល់ពុល ឧស្ម័នកាបូនិច ហើយវាបញ្ចេញខ្យល់អុកស៊ីហ្សែនមកវិញ។ ដើមឈើស្រូបយកឧស្ម័នកាបូនិចនេះទៅក្នុងសាច់ឈើ ហើយដើមឈើវាធំធាត់ដោយសារឧស្ម័ននេះ។ លោកថា ការដាំដើមឈើបានច្រើន វាស្រូបខ្យល់ពុលពីបរិយាកាសកាន់តែច្រើន ហើយប្រទេសកម្ពុជា បានចំណូលពីការលក់ធាតុកាបូន ដែលដើមឈើបានស្រូបនោះ។ លោកថា ដើមឈើ១ដើម អាចស្រូបកាបូនពីបរិយាកាសបាន ១៨គីឡូ ក្នុងរយៈពេល១ឆ្នាំ៖ «អ៊ីចឹងការលក់កាបូនមានន័យថា យើងដាំដើមឈើ ដើម្បីឲ្យដើមឈើហ្នឹងស្រូបនូវឧស្ម័នកាបូនិច ហើយយកទៅស្តុកនៅក្នុងដើម។ អ៊ីចឹងបានគេអាចគណនាថា ហេតុអីបានជាចេញជា ១៨គីឡូ? ដោយសារតែវាស្រូបទៅបង្កើតទៅជាសាច់ឈើ ស្លឹកឈើហ្នឹង គឺ ១៨គីឡូក្នុង១ឆ្នាំ»។
អ្នកគ្រប់គ្រងកសិដ្ឋាន កាហា្វកា លោក ហេង ឬទ្ធា ថ្លែងថា សហគមន៍នឹងលក់កាបូននេះទៅប្រទេសដែលបំភាយខ្យល់ពុលក្នុង ១តោន គឺតម្លៃ ៣ដុល្លារ។ លោកថា តម្លៃ ៣ដុល្លារក្នុង១តោននេះ គឺផ្តល់ជូនទៅសហគមន៍ដែលថែទាំដើមឈើទុកឲ្យវាស្រូបឧស្ម័នកាបូនិច មិនមែនឲ្យពលរដ្ឋកាប់ដើមឈើទេ មិនតែប៉ុណ្ណោះ កាហ្វាកា គាំទ្រឲ្យសហគមន៍មានចំណូលពីផលនៃការទុកឲ្យដើមឈើនៅគង់វង្ស ហើយរាប់យកលុយពីដើមឈើនោះវិញ។ បន្ថែមលើនោះ កាហ្វាកា បានជូនលុយពីការដាំកូនឈើក្នុង១ដើម ៣០០រៀល។ ២ឆ្នាំក្រោយពីដាំដើមឈើដុះល្អ វាស្រូបខ្យល់ពុល ពេលនោះអ្នកដាំដើមឈើ នឹងទទួលបានលុយផ្សេងទៀតពីលក់ធាតុកាបូន។
លោក ហេង ឬទ្ធា៖ «ហើយអាជីវកម្មគាត់មួយចំនួនហ្នឹង វាពាក់ព័ន្ធនឹងការបំពុលបរិយាកាស។ អ៊ីចឹងគាត់មានកាតព្វកិច្ចថាត្រូវតែសម្អាតបរិយាកាស ដែលបំពុលដោយសារអាជីវកម្មរបស់គាត់ ហើយគាត់ក៏ផ្តល់ជាមូលនិធិហ្នឹងមកកាហ្វាកា ហើយកាហ្វាកា យកទៅដាំដើមឈើសម្អាតបរិយាកាសហ្នឹងវិញ។ ខ្ញុំឧទាហរណ៍ ក្រុមហ៊ុនដឹកជញ្ជូនមួយចុះក្នុង១ឆ្នាំ គាត់មានឡាន ១០០គ្រឿង ដើម្បីដឹកជញ្ជូន។ អ៊ីចឹង គាត់បញ្ចេញផ្សែងពុលមក ឧទាហរណ៍ថាក្នុង១ឆ្នាំ ១.០០០តោននៃឧស្ម័នពុល អ៊ីចឹងគាត់ត្រូវមានកាតព្វកិច្ចសម្អាតអាខ្យល់ ១.០០០តោន ដែលគាត់បំពុលហ្នឹងទៅវិញ។ ហើយសម្អាតតាមបែបណា គឺតាមរយៈការដាំដើមឈើ ដើម្បីស្រូបខ្យល់ពុលហ្នឹងមកវិញ»។
លោក ហេង ឬទ្ធា ពន្យល់ថា ខ្យល់ពុលមានឧស្ម័នកាបូនិច ឧស្ម័នមេតាន ជាដើម គឺបានចេញកើតពីផ្សែងហុយពីគ្រឿងយន្ត យន្តហោះ រោងចក្រ ជាដើម។ លោកថា ប្រទេសឧស្សាហកម្មមួយចំនួន កំពុងបំភាយឧស្ម័ននោះទៅបរិយាកាស នាំឲ្យអាកាសធាតុប្រែប្រួល។ ផែនដីឡើងកម្ដៅដោយសារឧស្ម័នពុលទាំងនោះ ទៅទម្លុះស្រទាប់អូហ្សូនដែលជួយបាំងកម្ដៅថ្ងៃ កុំឲ្យផែនដីក្តៅ។ មូលហេតុនេះ កាហ្វាកា នាំសិស្ស អាជ្ញាធរ និងសហគមន៍ ឲ្យដាំដើមឈើ ដើម្បីជួយការពារស្រទាប់អូហ្សូន។
នាយករងវិទ្យាល័យ ជា ស៊ីម រក្សជ័យ លោក សុន សុផាត ឲ្យដឹងថា នៅក្នុងវិទ្យាល័យនេះ បើគិតពីការដាំដើមឈើពីមុន និងកំពុងដាំ សរុបមានចំនួន ១.៥០០ដើម។ លោកថា ដើមឈើចម្រុះ ១.០០០ដើម បានដាំពីមុន គឺបានដុះមានកម្ពស់ធំបន្តិចហើយ។ បើគិតពីដើមឈើនោះស្រូបបានឧស្ម័នពុលពីបរិយាកាស គឺស្រូបបានច្រើនតោនហើយ។ លោក សុន សុផាត បន្តថា ពេលនេះសិស្សសាលាកំពុងដាំដើមអង្កាញ់ចំនួន ៥០០ដើមបន្ថែមទៀត នៅក្រោយអគារសិក្សា៖ «ជាទូទៅ ដាំតាំងពីដំបូងនោះ ខ្ញុំមិនទាន់បានលុយពីកាហ្វាកាហ្នឹងផង ព្រោះខ្ញុំគិតថា នេះជាចំណង់ចំណូលចិត្ត ហើយខ្ញុំចង់បានម្លប់នៅពេលដែលបានឈើវាកើតហើយ បានខ្ញុំគិតថា ទៅយកលុយពីកាហ្វាកាមក ដើម្បីអភិវឌ្ឍសាលាបន្ត»។
សិស្សថ្នាក់ទី១១ វិទ្យាល័យ ជា ស៊ីម រក្សជ័យ ឈ្មោះ ហ៊ុន កែវមុន្នី អះអាងថា ដើមឈើជួយថែរក្សាប្រព័ន្ធអេកូឡូស៊ីលើផែនដី ជួយផ្តល់នូវខ្យល់អុកស៊ីហ្សែន និងស្រូបយកឧស្ម័នកាបូនិច។ លោក ហ៊ុន កែវមុន្នី បន្តថា ក្រោយពីមានកាហ្វាកា ជំរុញឲ្យដាំដើមឈើក្នុងសាលារៀន សិស្ស និងគ្រូ នាំគ្នាថែទាំដើមឈើ ដើម្បីលក់កាបូន៖ «ថ្ងៃនេះខ្ញុំដឹងពីផលប្រយោជន៍នៃការដាំដើមឈើនេះ គឺដាំដើមឈើវាអាចស្រូបយកឧស្ម័នកាបូនិច ហើយវាអាចបញ្ចេញឧស្ម័នអុកស៊ីហ្សែន សម្រាប់មនុស្សដកដង្ហើម។ ជួយកាត់បន្ថយកម្ដៅនៅលើផែនដី ជួយថែរក្សាសីតុណ្ហភាពនៅលើផែនដី និងទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ហើយនិងជួយថែរក្សាប្រព័ន្ធអេកូឡូស៊ីលើផែនដី»។
យុវតី វេ សានី អំពាវនាវសុំឲ្យពលរដ្ឋនាំគ្នាដាំដើមឈើ ហើយកុំកាប់ដើមឈើ ព្រោះវាមានប្រយោជន៍ក្នុងការជួយទប់ដីកុំឲ្យហូរច្រោះ ជួយទាក់ទាញដុំពពកបង្កើតទឹកភ្លៀង ជាដើម៖ «បើសិនម្នាក់ហ្នឹងដាំដើមឈើមួយដើម គឺនៅប្រទេសយើងហ្នឹង គឺពោរពេញទៅដោយដើមឈើ ហើយសុំកុំឲ្យកាប់បំផ្លាញ ត្រូវតាមថែរក្សាដើមឈើ»។
ក្រៅពីសិស្សសាលាដែលដាំដើមឈើក្រោយអគារសិក្សា មានប្រជាពលរដ្ឋនៅស្រុកបាភ្នំ កំពុងដាំកូនអង្កាញ់តាមជើងទំនប់។
បុរសឈ្មោះ គង់ ហឿន នៅភូមិស្ដៅកោង ឃុំស្ពឺក ឲ្យដឹងថា គាត់ដាំដើមអង្កាញ់សងខាងទំនប់ ដើម្បីកុំឲ្យដីខ្នងទំនប់ហូរតាមទឹក។ លោកបន្តថា មេឃក្តៅដើមឈើវាផ្តល់ម្លប់នៅពេលគាត់ចូលជ្រក ការដកដង្ហើមរបស់គាត់ គឺងាយស្រួល៖ «បើមានដើមឈើ យើងមានភាពត្រជាក់ត្រជុំច្រើន បើយើងនៅកណ្ដាលវាលអ៊ីចឹង ដល់យើងអត់ទាន់មានដើមឈើអ៊ីចឹង យើងក្តៅក្រហល់ក្រហាយខ្លាំងដែរ ការដកដង្ហើមរាងថប់ៗដែរ ដូចយើងនៅកណ្ដាលថ្ងៃ អត់មានម្លប់អីជ្រកអ៊ីចឹង។ ដល់មានអីជ្រកទៅ យើងមានអារម្មណ៍ស្រស់ថ្លា ដោយសារយើងមានចំហាយខ្យល់ ហើយនៅក្នុងម្លប់»។
មេឃុំស្ពឺក លោក នេត សារួន ឲ្យដឹងថា ឃុំនេះដាំកូនឈើអង្កាញ់បានជិត ២ម៉ឺនដើម។ ក្រៅពីដើមឈើមានប្រយោជន៍ក្នុងសហគមន៍ ឃុំនេះក៏បានចំណូលពីការលើកទឹកចិត្តឲ្យលក់កាបូន ដែលកាហ្វាកា បានសន្យាទិញក្នុងរយៈពេល ២០ឆ្នាំ៖ «ទី២ គឺបានផលប្រយោជន៍ពេលបានលក់កាបូននេះទៅប្រចាំឆ្នាំ ប្រយោជន៍នោះ គឺបានមកសហគមន៍ ប្រជាពលរដ្ឋត្រូវបានផលហ្នឹង។ ពេលបានលុយយកមកទី១ ជួយកែសម្រួលនៅក្នុងមូលដ្ឋាន ដូចជាថ្នល់ដាច់ ដូចជាលូបាក់បែកអីអ៊ីចឹងទៅ យើងជួសជុល ហើយមួយចំណែកទៀត កសិករយើងដាំហ្នឹងបានផលប្រយោជន៍ទៅគាត់ផ្ទាល់ដែរ បានឈើប្រើ»។
អភិបាលរងស្រុកបាភ្នំ ខេត្តព្រៃវែង លោក ម៉ម កាយ ថ្លែងថា ក្នុងស្រុកនេះ ប្រជាពលរដ្ឋចូលចិត្តដាំដើមអង្កាញ់ និងដើមសង្កែ ដែលផ្តល់ជាម្លប់ជ្រកឲ្យសម្បូរអុកស៊ីហ្សែនផង ជួយទប់ការហូរច្រោះដីផង និងស្រូបយកឧស្ម័នពុលផង។ បន្ថែមលើនោះ វាជួយឲ្យកសិករយកស្លឹកអង្កាញ់ និងស្លឹកសង្កែ ធ្វើជីធម្មជាតិ ហើយដើមវាធ្វើអុស និងគ្រឿងសង្ហារិម៖ «ដោយការសហការរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមានការចូលរួមជួយជ្រោមជ្រែង ក៏ដូចជាការសហការរបស់កាហ្វាកា គម្រោងអាជីវកម្មកាបូនកម្ពុជា ហ្នឹង បាននិងកំពុងដាំចំនួន ១០ម៉ឺនដើម ប៉ុន្តែយើងបាននិងកំពុងដាំហ្នឹងបាន ៨ម៉ឺនហើយ នៅតែ ២ម៉ឺនដើមទៀត យើងនឹងដាំ ក៏ដូចជាបានបណ្ដុះ»។
ពេលបច្ចុប្បន្ន បរិយាកាស និងអាកាសធាតុលើសកលលោក កំពុងប្រែប្រួលខ្លាំង ហើយមានបណ្ដាប្រទេស និងតំបន់មួយចំនួន បានទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះរួចទៅហើយ។ ប្រទេសមហាអំណាច និងស្ថាប័នអន្តរជាតិមួយចំនួន ចាប់ផ្ដើមគាំទ្រ និងលើកទឹកចិត្តកាន់តែខ្លាំងទៅលើសកម្មភាពទាំងឡាយ ដែលជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យបរិយាកាសប្រសើរឡើង។
បញ្ហាទាំងនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា អង្គការសេដាក និងអង្គការ ណ័រដេកូ (NORDECO) នៃប្រទេសដាណឺម៉ាក បានចុះកិច្ចព្រមព្រៀងកាលពីខែមីនា ឆ្នាំ២០១៣ សហការអនុវត្តគម្រោងកាត់បន្ថយបម្រែបម្រួលអាកាសធាតុឈ្មោះថា "កសិដ្ឋានកាបូនកម្ពុជា" ហៅកាត់ថា កាហ្វាកា។
ក្រៅពីការដាំដើមឈើ កសិដ្ឋានកាបូនកម្ពុជា ក៏មានផលិតកម្មជួយគាំពារបរិស្ថាន ដូចជា ចង្ក្រានចម្អិនអាហារមិនបំភាយផ្សែងពុល និងម៉ាស៊ីនថាមពលអគ្គិសនីពីលាមកសត្វ ជាដើម៕