កម្ពុជា​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៣​នា​ខេត្ត​កោះកុង​នៅ​ចុង​សប្ដាហ៍​នេះ

ដោយ ដែន អយុធ្យា
2014-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំបន់​ព្រៃ​កោងកាង​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង
តំបន់​ព្រៃ​កោងកាង​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង
RFA File

ប្រទេស​កម្ពុជា ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ជា​លើក​ទី​៣ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ដោយ​មាន​កីឡា​ចំនួន ១៣​ប្រភេទ​ចូល​រួម​ប្រកួត​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា។

មន្ត្រី​រៀបចំ​បុណ្យ​សមុទ្រ​រំពឹង​ថា ចំនួន​ភ្ញៀវ​ចូលរួម​ឆ្នាំ​នេះ​នឹង​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន ព្រោះ​ក្រៅ​ពី​វិស័យ​កីឡា ក៏​មាន​ការ​ប្រគំតន្ត្រី ឬ​សិល្បៈ​បុរាណ សម័យ ជូន​ភ្ញៀវ​ទស្សនា​ក្នុង​រយៈពេល ៣​ថ្ងៃ​ថែម​ទៀត។

អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លឺត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ថា អាជ្ញាធរ​បាន​ត្រៀម​កម្លាំង​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ចូល​រួម​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៣ ដែល​ចូល​មក​ដល់​ចុង​សប្ដាហ៍​នេះ​រួច​ហើយ។  ​លោក​បន្ត​ថា ឆាក​សម្ដែង​សិល្បៈ​បុរាណ សម័យ ពិសេស​ទីតាំង​ប្រកួត​កីឡា​ទាំង​លើ​គោក លើ​អាកាស និង​លើ​ទឹក ក៏​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​ដែរ។

លោក​បន្ថែម​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​បាន​លើក​យក​វិស័យ​កីឡា​ឲ្យ​ដើរ​តួ​សំខាន់​ក្នុង​ការ​ដឹកនាំ​កម្មវិធី។ កីឡា​ទាំង​នោះ​ចែក​ចេញ​ជា ១៣​ប្រភេទ​ផ្សេង​គ្នា មាន​ដូចជា កីឡាប្រដាល់ រត់​ប្រណាំង ហែល​ទឹក​ចម្ងាយ​ឆ្ងាយ និង​លោត​ឆត្រយោង​ពី​លើ​អាកាស​ជាដើម៖ «ទី​១ គឺ​យើង​បាន​រៀបចំ​សោភណភាព​លម្អ​ក្រុង និង​ទីតាំង​រៀបចំ​ពិធី​បាន​ត្រឹមត្រូវ​ជា​ស្រេច។ ទី​២ បាន​រៀបចំ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ដែល​នឹង​ទៅ​ចូលរួម និង​ទី​៣ យើង​បាន​រៀបចំ​ទីកន្លែង​ស្នាក់​នៅ និង​ទីកន្លែង​ទទួល​ទាន​អាហារ​ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ការ​ស្នាក់​នៅ​មាន​របៀប​រៀប​រយ​ល្អ»

ពិធី​បុណ្យ​សមុទ្រ​លើក​ទី​២ ឆ្នាំ​២០១៣ បាន​ចាប់​ផ្ដើម​នៅ​ខេត្ត​កែប និង​មាន​ភ្ញៀវ​ប្រមាណ ១០​ម៉ឺន​នាក់​ចូល​រួម។ ប៉ុន្តែ​ឆ្នាំ​នេះ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង រំពឹង​ថា ចំនួន​ភ្ញៀវ​ចូល​រួម​អាច​នឹង​កើន​ច្រើន​ជាង​ឆ្នាំ​មុន ព្រោះ​ដោយសារ​អាកាសធាតុ​អំណោយ​ផល និង​ទីតាំង​ភូមិសាស្ត្រ​មាន​ចំណាប់​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ហើយ​មាន​ច្រក​ចេញ​ចូល​ជាប់​ប្រទេស​ថៃ។

ត្រង់​ចំណុច​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បញ្ជាក់​ថា ក្នុង​ចំណោម​កីឡា​ទាំង ១៣​ប្រភេទ ក៏​មាន​ប្រភេទ​កីឡា​ខ្លះ ប្រទេស​ថៃ បាន​បញ្ជូន​កីឡាករ​របស់​គេ​មក​ចូល​រួម​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ដើម្បី​អបអរ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ដែរ។

លោក​រំពឹង​ថា អាច​មាន​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ ប្រមាណ ៣​ពាន់​នាក់​ក្នុង ១​ថ្ងៃៗ នឹង​មក​ចូលរួម​ពិធី​បុណ្យ​សមុទ្រ​នា​ខេត្ត​កោះកុង ព្រោះ​ឆ្នាំ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ច្រក​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ៖ «ប្រភេទ​កីឡា​ចូល​រួម​ប្រកួត​នេះ គឺ​បែងចែក​ជា​២ គឺ​មាន​កីឡា​ប្រពៃណី​របស់​ជាតិ និង​កីឡា​ទំនើប។ កីឡា​អត្តសញ្ញាណ​ជាតិ ឬ​ប្រពៃណី​ជាតិ គឺ​មាន​បន្ថែម​កីឡា​ប្រដាល់​សេរី កីឡា​អុក កីឡា​ល្បុក្កតោ​ជាដើម។ រី​ឯ​កីឡា​ទំនើប​មាន​កីឡា​លេង​លើ​ទឹក កីឡា​ហោះហើរ រត់​ប្រណាំង ប្រណាំង​កង់ បាល់​ទះ​លើ​ឆ្នេរខ្សាច់ ហែល​ទឹក ចម្ងាយ​ឆ្ងាយ ៥​គីឡូម៉ែត្រ​នៅ​ក្នុង​សមុទ្រ​ជាដើម»

លោក វ៉ាត់ ចំរើន បន្ថែម​ថា វិស័យ​កីឡា​ឆ្នាំ​នេះ បាន​ដើរតួ​សំខាន់​ក្នុង​ការ​ដឹកនាំ​ពិធី​បុណ្យ​សមុទ្រ និង​ប្រភេទ​កីឡា​ចូល​រួម​ប្រកួត​មាន​ចំនួន​ច្រើន និង​រៀបចំ​ពិធី​បុណ្យ​ធំដុំ​ជាង​ឆ្នាំ​មុន។ ជាង​នេះ លោ​កថា​កីឡាការិនី ស៊ន សៀវម៉ី ដែល​ទើប​បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​កីឡា​អាស៊ី ហ្គេម លើក​ទី​១៧ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ជំរុញ​ឲ្យ​វិស័យ​កីឡា​ប្រទេស​កម្ពុជា ផ្លាស់ប្ដូរ​មុខមាត់​ជា​ថ្មី ក៏​នឹង​អញ្ជើញ​មក​បង្ហាញ​មុខ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ដែរ៖ «កីឡា​ប៉ុន្មាន​ប្រភេទ​ខាង​លើ​ក៏​មាន​កីឡាករ​ថៃ ចូល​រួម​ដែរ។ ដូច្នេះ​ការ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​រៀបចំ​ធំដុំ​ជាង​ឆ្នាំ​មុន ហើយ​ប្រភេទ​កីឡា​ក៏​រៀបចំ​បាន​ច្រើន​ជាង​ឆ្នាំ​មុន​ដែរ»

ពិធី​បុណ្យ​សមុទ្រ​ជា​លើក​ទី​៣​នេះ លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង មាន​ជំនឿ​ថា នឹង​មាន​របៀបរៀបរយ និង​សន្តិសុខ​ល្អ ព្រោះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​ដាក់​ផែនការ​ទុក​ជា​មុន​បាន​ត្រឹមត្រូវ និង​បែង​ចែក​តួនាទី​ទទួល​ខុស​ត្រូវ​នៅ​តាម​គោលដៅ​នីមួយៗ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ប្រទេស​កម្ពុជា បាន​រៀបចំ​បុណ្យ​សមុទ្រ​ជា​លើក​ទី​១ នៅ​ឆ្នាំ​២០១១ នា​ខេត្ត​ព្រះសីហនុ និង​លើក​ទី​២ នៅ​ខេត្ត​កែប នៅ​ឆ្នាំ​២០១៣។ មន្ត្រី​ក្រសួង​ទេសចរណ៍ ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​រៀបចំ​បុណ្យ​សមុទ្រ​នេះ គឺ​ចង់​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​ឆ្នេរ​តំបន់​សមុទ្រ​កម្ពុជា ជូន​ពិភពលោក​បាន​ស្គាល់​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

ទាក់ទិន​ពិធី​បុណ្យ​សមុទ្រ​នេះ លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​កក្កដា ជា​រៀងរាល់​ឆ្នាំ ដែល​ជា​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​នៅ​លើ​សកលលោក ជា​ទិវា​ជាតិ​សម្អាត​ឆ្នេរ។

ផ្ដើម​ពី​បញ្ហា​នេះ ប្រមុខ​ដឹកនាំ​ក៏​បាន​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​មាន​ក្រុមហ៊ុន សហគ្រាស រោងចក្រ អង្គការ​ជាតិ អន្តរជាតិ និង​គ្រឹះស្ថាន​សិក្សា​នានា ឲ្យ​ចូលរួម​បំផុស​ចលនា​សិស្ស​និស្សិត ឬ​បុគ្គលិក​របស់​ខ្លួន​ចូល​រួម​ឲ្យ​បាន​ទាំង​អស់​គ្នា។

ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរសមុទ្រ រួមមាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល