កម្ពុជា​ស្នើ​ឲ្យ​ឡាវ​ពន្យារ​ពេល​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង

ដោយ ទេព សុរ៉ាវី
2014.04.09
វារី​អគ្គិសនី​ដនសាហុង ៦១០ ១២-មីនា-២០១៤៖ ច្រក​ទន្លេ​ហ៊ូសាហុង (Hou Sahong) ដែល​ប្រទេស​ឡាវ គ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។
RFA/Yeang Socheametta

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​សៅរ៍ ទី​៥ មេសា រដ្ឋាភិបាល​កម្ពុជា ស្នើ​ឲ្យ​ប្រទេស​ឡាវ ពន្យារ​ពេល​សាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាន ជីវចម្រុះ សត្វ និង​មនុស្ស​នៅ​ជាប់​ព្រំដែន​កម្ពុជា​ឡាវ។ កម្ពុជា បាន​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ឆ្លង​ដែន​ជា​មុន រួច​បញ្ជូន​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ពិនិត្យ មុន​ពេល​ចាប់​ផ្ដើម​សាងសង់​ទំនប់​នេះ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ គឺ​ជា​ប្រធាន​បទ​ក្តៅ​មួយ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២ នៃ​គណៈកម្មការ​ទន្លេ​មេគង្គ។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ប្រាប់​ថា​ភាគី​កម្ពុជា វៀតណាម និង​ភាគី​ថៃ បាន​ស្នើសុំ​ឲ្យ​ភាគី​ឡាវ សិក្សា និង​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន​ជា​មុន បន្ទាប់​មក​បញ្ជូន​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ​ទៅ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ពិនិត្យ និង​សម្រេច​មុន​ពេល​ដែល​ប្រទេស​ឡាវ ចាប់​ផ្ដើម​សាងសង់​ទំនប់​ដនសាហុង៖ «សេចក្តី​ថ្លែងការណ៍​រួម​នៅ​ទីក្រុង​ហូជីមិញ នោះ ក៏​បាន​និយាយ​ច្បាស់ គឺ​ថា​សូម​ឲ្យ​ធ្វើ​យ៉ាង​ណា​ប្រទេស​ជា​បណ្ដា​សមាជិក​ទាំងអស់​របស់​គណៈកម្មការ​ទន្លេ​មេគង្គ គឺ​សូម​ឲ្យ​ប្រើប្រាស់​នូវ​យន្តការ គឺ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កិច្ច​ព្រមព្រៀង​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​អន្តរជាតិ ឆ្នាំ​១៩៩៥»

ប្រទេស​ចំនួន​៤ រួម​មាន​ប្រទេស​កម្ពុជា វៀតណាម ថៃ និង​ប្រទេស​ឡាវ ជា​ម្ចាស់​ហត្ថលេខី​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៥។ តាម​កិច្ច​ព្រមព្រៀង​នេះ ប្រសិន​បើ​ប្រទេស​ណា​ចង់​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ ពួក​គេ​ត្រូវ​ទទួល​បាន​ការ​ឯកភាព​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​ជា​មុន​សិន។

ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ថៃ បាន​ជំទាស់​នឹង​គម្រោង​សាងសង់​ទំនប់​ដនសាហុង បន្ទាប់​រក​ឃើញ​ថា ការ​សិក្សា​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​សម្រាប់​ទំនប់​វារីអគ្គិសនី​មួយ​នេះ ធ្វើ​ឡើង​ខ្វះ​លក្ខណៈ​ស្តង់ដារ និង​មិន​គ្រប់​ជ្រុងជ្រោយ។ ប៉ុន្តែ​ប្រទេស​ឡាវ ធានា​ថា​ពួក​គេ​មិន​មែន​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​នោះ​ទេ គឺ​សាងសង់​លើ​ច្រក​មួយ​នៃ​ទន្លេ​ធំ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ប្រែប្រួល​កម្រិត​ទឹក​ទន្លេ ដែល​ហូរ​ចាក់​ក្រោម​នោះ​ទេ។

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក ស៊ីន នីនី បញ្ជាក់​ថា ផ្លូវ​ទឹក ឬ​ប្រឡាយ​នៅ​ដនសាហុង មាន​លក្ខណៈ​ពិសេស​ត្រង់​ប្រឡាយ​នេះ​ជ្រៅ​ជាង​គេ​ក្នុង​ចំណោម​ប្រឡាយ​ឯ​ទៀត ដែល​អាច​ឲ្យ​ត្រី​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​បាន​ខួប​ប្រាំង​ខួប​វស្សា ខុស​ប្លែក​ពី​ប្រឡាយ​ឯ​ទៀត ដែល​ត្រី​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​នា​រដូវ​ប្រាំង។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ប្រទេស​ឡាវ ធ្វើ​ទំនប់​ទប់​ប្រឡាយ​ដនសាហុង នោះ គឺ​មាន​ន័យ​ទប់​ផ្លូវ​ចរាចរណ៍​របស់​ត្រី៖ «ហើយ​ភាគី​ឡាវ ហ្នឹង​គាត់​និយាយ​ថា ជីក​ព្រែក​ផ្សេង​ទៅ​ហូសាដាម ដើម្បី​ឲ្យ​ត្រី​ចរាចរ​ទៅ​តាម​នោះ​មិន​ងាយ​ទេ សុទ្ធ​តែ​ភ្នំ សុទ្ធ​តែ​ថ្ម ទៅ​វាយ​បំបែក​ថ្ម​ដើម្បី​ជីក​ឲ្យ​វា​មាន​ជ្រៅ​ដូច​ដងសាហុង វា​មិន​ងាយ​ទេ ហើយ​ទី​២ យើង​ដឹង​ស្រាប់​ហើយ មច្ឆជាតិ និង​សត្វ​ដទៃ​ទៀត ដូច​ជា សត្វ​ព្រៃ វា​មិន​អាច​កែ​ទម្លាប់​វា​បាន​ដោយ​ងាយៗ​ទេ។ ដល់​អ៊ីចឹង​ទៅ ត្រី​វា​ធ្លាប់​តាម​ដងសាហុង នោះ ដូរ​ទៅ​កន្លែង​ថ្មី វា​មិន​ងាយ​ទៅ​បាន​ដែរ ហេតុ​អី ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ទៅ​លើ​មច្ឆជាតិ»

លោក​បញ្ជាក់​ថា កន្លង​មក ប្រទេស​ឡាវ ផ្ញើ​របាយការណ៍​នៃ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​ដនសាហុង ប៉ុន្តែ​របាយការណ៍​នោះ​មិន​មាន​ការ​សិក្សា​លើ​ផល​ប៉ះពាល់​ឆ្លង​ដែន​ចូល​មក​កម្ពុជា ទេ ខណៈ​ទំនប់​នោះ​មាន​ចម្ងាយ​ជិត ២​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា៖ «អ៊ីចឹង​ហើយ​បាន​យើង​ស្នើ​ឲ្យ​ភាគី​ឡាវ ផ្អាក​ការ​សាងសង់​សិន ហើយ​ធ្វើ​ការ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ ជាពិសេស​ផ្ដោត​ទៅ​លើ​ផល​ប៉ះពាល់​ឆ្លង​ដែន​ទឹក​ដី​ខាង​ក្រោម​ដងសាហុង ចូល​មក​ទឹក​ដី​កម្ពុជា»

អ្នក​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា បាន​ស្នើសុំ​ផ្លូវ​ការ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​ការ​សាងសង់​ទំនប់​ដនសាហុង។ ប្រសិន​បើ​ទំនប់​នេះ​សាងសង់ កម្ពុជា ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ទៅ​លើ​ទីតាំង​អន្លង់​ត្រី​ផ្សោត​ឈើ​ទាល នៅ​ខេត្ត​ស្ទឹងត្រែង។ ក្រៅ​ពី​ប្រឈម​នឹង​ការ​ផុត​ពូជ​ប្រភេទ​ត្រី​ផ្សោត ប្រភេទ​ត្រី​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ​ផ្នែក​សេដ្ឋកិច្ច ជាអាទិ៍ ត្រី​រាជ ត្រី​គល់រាំង ត្រី​កែ ត្រី​រំអិល​ពណ៌​ស ជាដើម អាច​នឹង​ផុត​ពូជ៖ «ភាគី​កម្ពុជា យើង​ហាក់​ដូច​ជា​មិន​មាន​ផល​ចំណេញ​ទេ គឺ​អត់​មាន​អី​ទេ បើ​តាម​ខ្ញុំ​មើល ផ្នែក​សេដ្ឋកិច្ច​អី​អត់​មាន​ទេ។ខ្ញុំ​ក្រែង​តែ​ប្រមុខ​រដ្ឋាភិបាល​យើង​យក​នយោបាយ​ការទូត យក​មនោសញ្ចេតនា​នយោបាយ​ជា​ធំ ដោយ​មិន​បាន​គិត​ទៅ​ដល់​ផល​ប៉ះពាល់​ទៅ​លើ​ការ​គ្រប់គ្រង និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ហ្នឹង នោះ​ខ្ញុំ​គិត​ថា​ខាត​ហើយ»

ប្រទេស​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាងហុង កម្លាំង ២៦០​មេហ្គាវ៉ាត់ កាត់​តាម​ប្រព័ន្ធ​មួយ​នៃ​ទន្លេ​មេគង្គ ដែល​មាន​ចម្ងាយ​ជិត ២​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា។ អ្នក​ជំនាញ​បរិស្ថាន និង​អ្នក​ស្រាវជ្រាវ ព្រមាន​ថា ទំនប់​នេះ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ផ្លាស់​ទី​របស់​ត្រី។ អង្គការ​ការពារ​ធនធាន​ធម្មជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ដាប់ប៊លយូ.ដាប់ប៊លយូ.អែហ្វ (WWF) លើក​ឡើង​ថា ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន សម្រាប់​ទំនប់​វារីអគ្គិសនី​ដនសាហុង ធ្វើ​ឡើង​មិន​គ្រប់​ជ្រុង​ជ្រោយ និង​ខ្វះ​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​អាច​ធ្វើ​ឲ្យ​ធនធាន​ជលផល​នៃ​ទន្លេ​មេគង្គ និង​ប្រជាជន​ចំនួន ៦០​លាន​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នៃ​អាង​ទន្លេ​មេគង្គ​ខាង​ក្រោម នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ។

អង្គការ​ទន្លេ​អន្តរជាតិ (International Rivers) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ប្រកាស​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២ មេសា ដោយ​អំពាវនាវ​ឲ្យ​មេ​ដឹក​នាំ​នៃ​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ ទាមទារ​ឲ្យ​ប្រទេស​ឡាវ លុប​ចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នានា​នៅ​លើ​ដង​ទន្លេ​មេគង្គ និង​ឲ្យ​ប្រទេស​ឡាវ លុប​ចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដទៃ​ទៀត ដែល​គ្រោង​សាងសង់​នៅ​ថ្ងៃ​អនាគត។ អង្គការ​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ថា សមាជិក​គណៈកម្មការ​នេះ​ហាក់​ទន់​ភ្លន់​ពេក​ចំពោះ​ប្រទេស​ឡាវ។

អង្គការ​ការពារ​បរិស្ថាន​ដែល​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​នេះ លើក​ឡើង​ថា ប្រទេស​ឡាវ បាន​សម្រេច​ជា​ឯកតោ​ភាគី ជំរុញ​ទៅ​មុខ​លើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី និង​ទំនប់​ដនសាហុង ហើយ​បណ្ដា​មេ​ដឹក​នាំ​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ មិន​ព្រម​ថ្កោលទោស​ចំពោះ​ការ​ប្រញាប់ប្រញាល់​សាងសង់​ទំនប់​ទាំង​នោះ និង​ស្នើសុំ​ឲ្យ​ប្រទេស​ឡាវ ត្រូវ​តែ​ឈប់​គ្រប់គ្រង​ការ​សាងសង់​ទំនប់​នៅ​តាម​ដង​ទន្លេ​មេគង្គ​តាម​ចិត្ត​របស់​ខ្លួន​ទៀត។

អ្នក​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន រក​ឃើញ​ថា សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​កម្ពុជា វៀតណាម ថៃ និង​ប្រទេស​ឡាវ ហាក់​ទន់​ជ្រាយ​លើ​ការ​ពង្រឹង​ការ​អនុវត្ត​លក្ខន្តិកៈ​នៃ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៥ មិន​បាន​រឹងមាំ ឬ​ហាក់​ដូច​ជា​មាន​ការ​ពិបាក​ជជែក​គ្នា​បែប​ការទូត ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ដែល​ចង់​ជំរុញ​ឲ្យ​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដើរ​បាន​មុន។ មួយ​ទៀត លោក​មើល​ឃើញ​ថា ប្រទេស​ថៃ ដែល​ជា​សមាជិក​មួយ​ក្នុង​គណៈកម្មការ​ទន្លេ​មេគង្គ បាន​ធានា​ទិញ​កម្លាំង​អគ្គិសនី​ដែល​ទាញ​បាន​ពី​ទំនប់​ដនសាហុង ទាំងអស់​ពី​ប្រទេស​ឡាវ ឬ​អាច​និយាយ​បាន​ថា ប្រទេស​ថៃ ដើរ​តួ​ជា​អ្នក​ចូល​រួម​រារាំង​មិន​ឲ្យ​ឡាវ សាងសង់​ទំនប់​ដនសាហុង ផង និង​ដើរ​តួ​ជា​អ្នក​ជំរុញ​ឲ្យ​ឡាវ សាងសង់​ទំនប់​នេះ​ផង ដើម្បី​ទិញ​កម្លាំង​អគ្គិសនី​ទាំង​នោះ។ ដូច្នេះ សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ហាក់​ពិបាក​ឈរ​លើ​ជំហរ​តែ​មួយ​ក្នុង​ការ​ការពារ​ដង​ទន្លេ​មេគង្គ ដោយសារ​តែ​ប្រយោជន៍​សេដ្ឋកិច្ច​នៃ​ប្រទេស​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។