គោ​ក្របី​ជា​ច្រើន​ងាប់​ដោយសារ​ពុល​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​នៅ​កំពង់ឆ្នាំង

នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំគ្នា​វាត​យក​ដី ដោយ​ការ​ប្រើ​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​នៅ​តាម​វាល​ទំនាប ដើម្បី​យក​ដី​ធ្វើ​ចម្ការ ព្រោះ​ទី​នោះ​មិន​មាន​រង​ផល​ប៉ះពាល់​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​ការ​បាញ់​ថ្នាំ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សត្វ​ពាហនៈ​របស់​អ្នក​ភូមិ ដែល​គេ​ធ្លាប់តែ​យក​ទៅ​ឃ្វាល​បំប៉ន​ឲ្យ​ស៊ី​ស្មៅ​នៅ​តំបន់​នោះ បណ្ដាល​ឲ្យ​ពុល​ងាប់​អស់​ជាច្រើន​ក្បាល។
ដោយ មណ្ឌល កែវ
2013-03-09
Share

សត្វ​ពាហនៈ​មាន​គោ និង​ក្របី​ជាច្រើន​ក្បាល បាន​ងាប់​នៅ​ឯ​តំបន់​ដាច់​ស្រយាល​មួយ ស្ថិត​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។

បុរស​អ្នក​ភូមិ​ឈ្មោះ អោក សំអុល ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​កន្សែង ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៩ មីនា ថា សត្វ​គោ​របស់​គាត់​ដែល​គាត់​បាន​យក​ទៅ​ឃ្វាល​នៅ​តំបន់​វាល​សោកម៉ោក ស្ថិត​ក្នុង​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ចំនួន ២​ក្បាល បាន​ពុល​ថ្នាំ​ដែល​គេ​បាញ់​សម្លាប់​ស្មៅ ដើម្បី​យក​ដី​ដាំ​ល្ង បណ្ដាល​ឲ្យ​ងាប់​១​ក្បាល ឯ​មួយ​ក្បាល​ទៀត ត្រូវ​បាន​ពេទ្យ​សត្វ​ប្រចាំ​ភូមិ​ជួយ​សង្គ្រោះ​ទាន់៖ «ខ្ញុំ​ប្រយ័ត្ន​ណាស់​ដែរ តាម​មើល​ថែ​ជាប់​នៅ​តែ​មាន​ភ្លាត់​ស្លាប់​គោ​អស់​១​ក្បាល មួយ​ក្បាល​ទៀត​ពេទ្យ​សត្វ​ជួយ​ទាន់»

ពេទ្យ​សត្វ​ប្រចាំ​ភូមិ គឺ​លោក សាយ ម៉ៅ បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​របស់​លោក​បញ្ជាក់​ថា គោ​ទាំង​២​ក្បាល​ដែល​អ្នក​ភូមិ​ហៅ​លោក​ទៅ​ព្យាបាល​នោះ បាន​រង​ការ​ពុល តែ​លោក​មិន​ដឹង​ថា​តើ​វា​ពុល​ថ្នាំ​អ្វី​នោះ​ទេ។ លោក​គ្រាន់​តែ​ដឹង​ថា ជា​ជាតិ​ពុល​ដែល​អាច​សម្លាប់​សត្វ​គោ​ក្របី​បាន ប្រសិន​បើ​ម្ចាស់​វា​ពុំ​បាន​មើល​វា​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ៖ «តំបន់​ហ្នឹង ជា​តំបន់​គេ​ដាក់​គោ​ក្របី​ណា​បង។ អ្នក​មាន​គោ​ក្របី នៅ​ឯ​ស្រុក​ផ្សេងៗ ដូច​ជា​ស្រុក​បរិបូណ៌ កំពង់ត្រឡាច រហូត​ដល់​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ក៏​មាន​យក​មក​ដាក់​នៅ​តំបន់​នេះ​ដែរ។ អ្នក​ដាំ​ល្ង គេ​បាញ់​ថ្នាំ​តែពីសតែពាស មិន​មែន​បាញ់​ការពារ​ល្ង​ទេ តែ​បាញ់​សម្លាប់​ស្មៅ​ត្រង់​នេះ ម្ដុំ​ត្រង់​នោះ ម្ដុំ​មិន​ដឹង​ជា​គេ​ប្រើ​ថ្នាំ​អី»

ពុំ​មាន​ព័ត៌មាន​ពិត​ប្រាកដ​ពី​ចំនួន​គោ​ក្របី​របស់​អ្នក​ភូមិ​ដែល​ងាប់​ដោយ​ការ​ពុល​ថ្នាំ​សម្លាប់​ស្មៅ​នៅ​វាល​សោកម៉ោក នេះ​ទេ។ ដោយ​សត្វ​គោ​ក្របី​ដែល​អ្នក​ភូមិ​គ្រប់​ទិសទី បាន​យក​មក​ឃ្វាល​បំប៉ន​ឲ្យ​ស៊ី​ស្មៅ​នៅ​តំបន់​នេះ មាន​ចំនួន​ជាច្រើន​ពាន់​ក្បាល។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា តំបន់​សោកម៉ោក គឺ​ជា​វាល​ស្មៅ​ដ៏​ធំ​មួយ​ស្ថិត​ក្នុង​ភូមិ​ពាមសែន ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង និង​ជា​តំបន់​លិច​ទឹក​នា​រដូវ​វស្សា។ តំបន់​នេះ ក៏​ជា​តំបន់​ដែន​អភិរក្ស​ជលផល​ផង​ដែរ​នា​រដូវ​វស្សា។ នា​រដូវ​ប្រាំង ជា​រៀង​រាល់​ឆ្នាំ ប្រជាពលរដ្ឋ​នៅ​តំបន់​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​ខ្លះ​មក​ពី​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​នាំគ្នា​យក​គោ​ក្របី​ទៅ​ឃ្វាល​នៅ​តំបន់​សោកម៉ោក នេះ ព្រោះ​វា​ជា​តំបន់​ដែល​សម្បូរ​ស្មៅ​ខ្ចី សម្រាប់​បំប៉ន​ដល់​គោ​ក្របី​របស់​អ្នក​ស្រុក។

អភិបាល​ស្រុក​បរិបូណ៌ លោក ឃួន សៅរ៉ុម បាន​ឲ្យ​ដឹង​ថា ករណី​សត្វ​គោ​ក្របី​របស់​អ្នក​ភូមិ​ងាប់ ដោយ​សារ​ពុល​ថ្នាំ​សម្លាប់​ស្មៅ​នេះ លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទី​កើត​ហេតុ៖ «កោះ​ហ្នឹង មិន​មែន​ក្នុង​ដែន​រដ្ឋបាល​ស្រុក​បរិបូណ៌ ទេ​បង វា​នៅ​ខាង​ស្រុក​កំពង់លែង។ ក៏ប៉ុន្តែ បង​ប្អូន​អ្នក​ភូមិ​មក​ពី​គ្រប់​ទី ធ្លាប់​តែ​ដាក់​គោ​ក្របី​នៅ​ទី​នេះ តាំង​តែ​ពី​សង្គម​ចាស់​មក​ម្ល៉េះ។ ដល់​អ្នក​ខាង​កំពង់លែង គេ​ដាំ​ល្ង គេ​បាញ់​ថ្នាំ​ធ្វើ​ឲ្យ​ពុល​ងាប់​គោ​ខាង​ខ្ញុំ ឮ​ថា​អស់​២។ ខ្ញុំ​បាន​ទៅ​មើល​ដែរ​នៅ​ទី​នោះ»

លោក​ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​អភិបាល​ស្រុក​កំពង់លែង រួច​ហើយ។ ខាង​ស្រុក​កំពង់លែង បាន​យល់​ព្រម​ហាម​ឃាត់​ចាប់​ពី​ពេល​នេះ​ត​ទៅ មិន​ឲ្យ​អ្នក​ភូមិ​ធ្វើ​ចម្ការ​នៅ​តំបន់​នេះ​ទៀត​ទេ ដោយ​រក្សា​ទុក​តំបន់​នេះ​ជា​តំបន់​សម្រាប់​ឃ្វាល​គោ​ក្របី​របស់​អ្នក​ភូមិ តាម​ទម្លាប់​តាំង​ពី​ដើម​រៀង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល