សហគមន៍​ព្រៃ​ឡង់ ​រិះគន់​ក្រសួង​បរិស្ថាន ​មិន​ដោះស្រាយ​ញត្តិ​របស់​ពួកគេ​ ​ ស្នើ​ឲ្យ​ស៊ើបអង្កេត​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ប្រព្រឹត្ត​ខុស​ច្បាប់

ដោយ ស្ងួន អមរា
2019.01.09
ព្រៃឡង់​រង​ការ​កាប់​បន្ត ០១០៨១៩ ៦២២ ដើមឈើ​ផលិត​ជ័រ​ទឹក​របស់​សហគមន៍​ព្រៃឡង់ នៅ​តែ​រង​ការ​កាប់​រំលំ​ជា​បន្ត រហូត​មក​ដល់​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ សហគមន៍

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ ៤ខេត្ត​រិះគន់​ក្រសួង​បរិស្ថាន​ថា មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ញត្តិ​របស់​ពួក​គេ ដែល​ស្នើ ឲ្យ​ពិនិត្យ​ឡើងវិញ​ការ ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ស៊ី បាយអូ​ថេក (Ci-Biotech Co., Ltd.) ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ ឋិត​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ សហគមន៍​ព្រៃ​ឡង់​បារម្ភ​ថា ប្រសិនបើ​ក្រសួង​សាមី ​នៅតែ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នេះ​ដំណើរការ​បន្ត​ទៀត មាន​ន័យ​ថា ក្រសួង​បរិស្ថាន​ក៏​រួម​ចំណែក​បំផ្លាញ​ទំហំ​ព្រៃ​ឡង់ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ដែល​ជា​ឆ្នាំង​បាយ​របស់​ពលរដ្ឋ​ដែរ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ ក្រចេះ ព្រះវិហារ និង​ខេត្ត​កំពង់ធំ ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​ការ ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ស៊ី បាយអូ​ថេក ​ជាប់​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ ​ដែល​សំបូរ​​ព្រៃស្រោង​ ​និង​ជា​ទីតាំង​ជ្រក​សត្វ​ព្រៃ​កម្រ​រស់នៅ។

កាលពី​ឆ្នាំ​ ២០១៥ ​និង​ចុង​ឆ្នាំ ២០១៦ ​សហគមន៍​ព្រៃ​ឡង់ ​បាន​ដាក់​ញត្តិ​ជា​លើក​ទី២ ​ទៅ​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ស្ថាន​ទួត​កូរ៉េ​ខាងត្បូង បំណង​ឲ្យ​ក្រសួង​ទាំង​នេះ ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន ស៊ី បាយអូ​ថេក។

សហគមន៍​ព្រៃ​ឡង់ ​ឲ្យដឹង​ថា​ ​កន្លងទៅ​ ក្រសួង​បរិស្ថាន​ ​និង​ក្រសួង​កសិកម្ម​ ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ ​ក្រុមហ៊ុន ស៊ី បាយអូ​ថេក ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម ​អាកាស្យា ​ឬ​ស្ថានីយ​ស្ដារ​ព្រៃឈើ​ឡើងវិញ​លើ​ផ្ទៃដី​ចំនួន​ជាង​ ៣ម៉ឺន​ហិកតារ ​( ៣៤.០០៧ )​ ​កាលពី​ខែ​មិថុនា ​ឆ្នាំ២០១២ ឋិត​នៅ​ក្នុង​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀម​បូក ​ខេត្ត​ស្ទឹងត្រែង។

សហគមន៍​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ បាន​បង្កើត​ដេរ​បូ​អារ​ឈើ​ខ្នាត​ធំ​នៅ ចំណុច​ដំបូក​ស ​ក្នុង​ឃុំ​បឹង​ចារ ​ដើម្បី​ប្រមូល​ឈើ​មូល​ធំៗ ពី​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ និង​មាន​អ្នក​មាន​អំណាច​ខ្លះ​ដឹក​ជញ្ជូន​ឈើ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​នេះ​ជាយូរមកហើយ ពុំ​មាន​ការស៊ើបអង្កេត​។​

ក្រុម​ស្នូល​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ លោក យឹម សុភ័ក្រ្ភ មាន​មន្ទិល​ថា​ ច្បាប់​ស្ដីពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​ឲ្យ​លើស​ពី​ ១ម៉ឺន​ហិកតារ​នោះ​ទេ ក៏​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង​ក្រសួង​បរិស្ថាន​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ ស៊ី បាយអូ​ថេក ផ្ទៃដី​ជាង ៣ម៉ឺន ៤ពាន់​ហិកតារ។

លោក​សង្កេត​ឃើញ​ថា ផ្ទៃដី​ជាង ៣ម៉ឺន ៤ពាន់​ហិកតារ​ទាំង​នោះ ក្រុមហ៊ុន ស៊ី បាយអូ​ថេក​ នៅ​មិន​ទាន់​​កាត់​ឆ្វៀល​ផល​ប៉ះ​ពាល់​ចេញ​នោះ​ទេ៖ «ក្រុមហ៊ុន ស៊ី បាយអូរថេក បើ​យើង​ពិនិត្យ​មើល​ទៅ គឺ​ចាប់​ផ្ដើម​ខុស​ច្បាប់​តាំង​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ ព្រោះ​យើង​ឃើញ​ថា ក្រុមហ៊ុន​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ ទទួល​ដាំ​ដើម​ឈើ​ឡើង​វិញ។ និយមន័យ​ថា ដាំ​ដើម​ឈើ​ឡើង​វិញ គឺ​គេ​ដាំ​ដើម​ឈើ​ឡើង​វិញ ហើយ​ពាក្យ​ថា ដី​ព្រៃ​រេចរឹល គម្រប​ព្រៃ ១០ភាគ​រយ បាន​គេ​ចាត់​ទុក​ថា ព្រៃ​រេចរឹល។ កន្លែង​នេះ​ហើយ បាន​យើង​ថា ក្រុមហ៊ុន​ចាប់​ផ្ដើម​ខុស​ច្បាប់ »​។​

លោក សុភ័ក្ភ្រ បន្ថែម​ថា ដី​ដែល​របប​ក្រុង​ភ្នំពេញ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀម​បូក ​ខេត្ត​ស្ទឹងត្រែង មាន​ទំហំ​ជាង ៤ពាន់​ហិកតារ។ លោក​ថា​ ​ក្នុង​រង្វង់​ផ្ទៃដី​ជាង​ ៤ពាន់​ហិកតារ​នោះ គឺ ៧០ភាគរយ​ជា​ព្រៃស្រោង​សំបូរ ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ ​ក៏​មិន​ត្រូវ​បាន​ក្រុមហ៊ុន​កាត់​ឆ្វៀល​ប៉ះ​ពាល់​ចេញ​ដែរ។ លោក​សង្កត់​ធ្ងន់​ថា គោលការណ៍​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ផ្ដល់​តែ​ព្រៃ​រេចរឹល ក៏​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង​ ភាគ​ច្រើន​ក្នុង​តំបន់​ព្រៃស្រោង។

ក្រុម​ស្នូល​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​ ​លោក ឯក វណ្ណា សង្កេត​ឃើញ​ថា ក្រុមហ៊ុន​នេះ មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​មូលដ្ឋាន​នោះ​ទេ ព្រោះ​សកម្មភាព​របស់​ក្រុមហ៊ុន​គ្មាន​អភិវឌ្ឍន៍​អ្វី​ក្រៅ​ពី​ការ​ធ្វើ​អាជីវកម្ម កាប់​ឈើ​ធំៗ និង​រណ្ដៅ​ជ័រ​ទឹក​របស់​អ្នក​ភូមិ។ លោក​ថា កន្លង​ទៅ​សហគមន៍​ព្រៃ​ឡង់ បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​អាជ្ញាប័ណ្ណ និង​របាយការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន ក៏​ប៉ុន្តែ​ក្រុមហ៊ុន​បាន​បដិសេធ៖ «ទាក់ទង​ក្រុមហ៊ុន​នេះ បណ្ដាល​ឲ្យ​វិនាសកម្ម​ព្រៃ​ឈើ​ខ្លាំង។ ឥឡូវ​នេះ គឺ​អត់​មាន​ការ​ដាំ​ដើម​ឈើ​ទេ គឺ​សម្រុក​តែ​កាប់​តែ​ម្ដង តំបន់ ដែល​ក្រុមហ៊ុន​កាប់​សុទ្ធតែ​ឈើ​ធំៗ ភាគ​ច្រើន​ជា​ច្បោះ​ជ័រ​ពលរដ្ឋ មើល​ទៅ​ដូច​ជា​មាន​ភាព​លាក់លៀមៗ មិន​ឲ្យ​យើង​ដឹង​ធ្វើ​អី​ពិត​ប្រាកដ​ទេ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​លោក​ នេត្រ ​ភត្រ្ភា ​ចាប់​តាំង​ពី​ថ្ងៃ​ទី៥ ខែ​មករា ​រហូតដល់​ថ្ងៃ​ទី៨ ខែ​មករា តែ​លោក​មិន​ទទួល​ទូរស័ព្ទ និង​មាន​ពេល​ខ្លះ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ លោក ដួង ឆាយសាវុធ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ ភាព​សង្គម​លោក​ សន ​ជ័យ​ ផ្តល់​មតិ​ថា កង្វល់ និង​ការ​ស្នើសុំ​របស់​សហគមន៍​ព្រៃ​ឡង់​ ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ ​មិន​គួរ​ពន្យារ​ពេល​នោះ​ទេ។ លោក​យល់​ថា សហគមន៍​តែង​តាម​ដាន​ការ​អនុវត្ត​ច្បាប់ និង​កិច្ច​គាំពារ​ធនធាន​ធម្មជាតិ​របស់​អាជ្ញាធរ ក៏​ប៉ុន្តែ​បើ​ការ​សំណូម​ពរ ​របស់​ពូក​គេ​មិន​ទទួល​បាន​ការ យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​មាន​ន័យ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ៖ «សំណូម​ពរ​ឬ​សំណើ​ពលរដ្ឋ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ទេ។ មាន​ន័យ​ថា ក្រសួង​បរិស្ថាន​មិន​យក​ចិត្ត​ទុក​ដាក់ ហិនហោច​ធនធាន​ធម្មជាតិ និង​ព្រៃ​ឈើ​ជា​ដើម។ អ៊ីចឹង​ការ​ព្រងើយ​កន្តើយ​វា នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល ព្រោះ​ការ​តាំង​ចិត្ត​កន្លង​មក​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ហើយ​គួរ​តែ​ដល់​ពេល​វេលា​មួយ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ»

សហគមន៍​ការពារ​ព្រៃ​ឡង់ ​អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ស៊ី បាយអូ​ថេក ព្រោះ​ក្រុមហ៊ុន​នេះ មិន​បាន​ជួយ​សេដ្ឋកិច្ច​ពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ ផ្តល់​ឱកាស​ឲ្យ​ឧកញ៉ា និង​អ្នក​មាន​អំណាច​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ប៉ះពាល់​ធនធាន​ធម្មជាតិ ជីវភាព​ពលរដ្ឋ និង​រំលោភ​សិទ្ធិ​រស់នៅ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។