បណ្ដាញសហគមន៍ការពារព្រៃឡង់ ៤ខេត្តរិះគន់ក្រសួងបរិស្ថានថា មិនយកចិត្តទុកដាក់ដោះស្រាយញត្តិរបស់ពួកគេ ដែលស្នើ ឲ្យពិនិត្យឡើងវិញការ ផ្ដល់ដីសម្បទានសេដ្ឋកិច្ច ស៊ី បាយអូថេក (Ci-Biotech Co., Ltd.) ជាប់ដែនជម្រកសត្វព្រៃឡង់ ឋិតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ សហគមន៍ព្រៃឡង់បារម្ភថា ប្រសិនបើក្រសួងសាមី នៅតែបណ្ដោយឲ្យក្រុមហ៊ុននេះដំណើរការបន្តទៀត មានន័យថា ក្រសួងបរិស្ថានក៏រួមចំណែកបំផ្លាញទំហំព្រៃឡង់ និងដើមឈើផលិតជ័រទឹកដែលជាឆ្នាំងបាយរបស់ពលរដ្ឋដែរ។
បណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងខេត្តកំពង់ធំ ទាមទារឲ្យក្រសួងបរិស្ថាន បកស្រាយឲ្យបានច្បាស់លាស់ជុំវិញការ ផ្ដល់ដីសម្បទានសេដ្ឋកិច្ច ស៊ី បាយអូថេក ជាប់តំបន់ព្រៃការពារធម្មជាតិ ដែលសំបូរព្រៃស្រោង និងជាទីតាំងជ្រកសត្វព្រៃកម្ររស់នៅ។
កាលពីឆ្នាំ ២០១៥ និងចុងឆ្នាំ ២០១៦ សហគមន៍ព្រៃឡង់ បានដាក់ញត្តិជាលើកទី២ ទៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងស្ថានទួតកូរ៉េខាងត្បូង បំណងឲ្យក្រសួងទាំងនេះ ស៊ើបអង្កេតពីភាពមិនប្រក្រតី អាជីវកម្មឈើរបស់ក្រុមហ៊ុន ស៊ី បាយអូថេក។
សហគមន៍ព្រៃឡង់ ឲ្យដឹងថា កន្លងទៅ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឲ្យ ក្រុមហ៊ុន ស៊ី បាយអូថេក វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ ( ៣៤.០០៧ ) កាលពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
សហគមន៍រកឃើញថា ក្រុមហ៊ុននេះ បានបង្កើតដេរបូអារឈើខ្នាតធំនៅ ចំណុចដំបូកស ក្នុងឃុំបឹងចារ ដើម្បីប្រមូលឈើមូលធំៗ ពីដែនជម្រកសត្វព្រៃឡង់ធ្វើអាជីវកម្មខុសច្បាប់ និងមានអ្នកមានអំណាចខ្លះដឹកជញ្ជូនឈើ ជ្រកក្រោមស្លាកក្រុមហ៊ុននេះជាយូរមកហើយ ពុំមានការស៊ើបអង្កេត។
ក្រុមស្នូលសហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្រ្ភ មានមន្ទិលថា ច្បាប់ស្ដីពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចមិនឲ្យលើសពី ១ម៉ឺនហិកតារនោះទេ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងក្រសួងបរិស្ថានបានផ្តល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន ស៊ី បាយអូថេក ផ្ទៃដីជាង ៣ម៉ឺន ៤ពាន់ហិកតារ។
លោកសង្កេតឃើញថា ផ្ទៃដីជាង ៣ម៉ឺន ៤ពាន់ហិកតារទាំងនោះ ក្រុមហ៊ុន ស៊ី បាយអូថេក នៅមិនទាន់កាត់ឆ្វៀលផលប៉ះពាល់ចេញនោះទេ៖ «ក្រុមហ៊ុន ស៊ី បាយអូរថេក បើយើងពិនិត្យមើលទៅ គឺចាប់ផ្ដើមខុសច្បាប់តាំងពីទទួលបានអាជ្ញាប័ណ្ណ ព្រោះយើងឃើញថា ក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណ ទទួលដាំដើមឈើឡើងវិញ។ និយមន័យថា ដាំដើមឈើឡើងវិញ គឺគេដាំដើមឈើឡើងវិញ ហើយពាក្យថា ដីព្រៃរេចរឹល គម្របព្រៃ ១០ភាគរយ បានគេចាត់ទុកថា ព្រៃរេចរឹល។ កន្លែងនេះហើយ បានយើងថា ក្រុមហ៊ុនចាប់ផ្ដើមខុសច្បាប់ » ។
លោក សុភ័ក្ភ្រ បន្ថែមថា ដីដែលរបបក្រុងភ្នំពេញផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានទំហំជាង ៤ពាន់ហិកតារ។ លោកថា ក្នុងរង្វង់ផ្ទៃដីជាង ៤ពាន់ហិកតារនោះ គឺ ៧០ភាគរយជាព្រៃស្រោងសំបូរ ដើមឈើផលិតជ័រទឹក ក៏មិនត្រូវបានក្រុមហ៊ុនកាត់ឆ្វៀលប៉ះពាល់ចេញដែរ។ លោកសង្កត់ធ្ងន់ថា គោលការណ៍ផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺផ្ដល់តែព្រៃរេចរឹល ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែង ភាគច្រើនក្នុងតំបន់ព្រៃស្រោង។
ក្រុមស្នូលបណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តក្រចេះ លោក ឯក វណ្ណា សង្កេតឃើញថា ក្រុមហ៊ុននេះ មិនបានផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋមូលដ្ឋាននោះទេ ព្រោះសកម្មភាពរបស់ក្រុមហ៊ុនគ្មានអភិវឌ្ឍន៍អ្វីក្រៅពីការធ្វើអាជីវកម្ម កាប់ឈើធំៗ និងរណ្ដៅជ័រទឹករបស់អ្នកភូមិ។ លោកថា កន្លងទៅសហគមន៍ព្រៃឡង់ បានស្នើសុំឲ្យក្រុមហ៊ុនបង្ហាញអាជ្ញាប័ណ្ណ និងរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ក៏ប៉ុន្តែក្រុមហ៊ុនបានបដិសេធ៖ «ទាក់ទងក្រុមហ៊ុននេះ បណ្ដាលឲ្យវិនាសកម្មព្រៃឈើខ្លាំង។ ឥឡូវនេះ គឺអត់មានការដាំដើមឈើទេ គឺសម្រុកតែកាប់តែម្ដង តំបន់ ដែលក្រុមហ៊ុនកាប់សុទ្ធតែឈើធំៗ ភាគច្រើនជាច្បោះជ័រពលរដ្ឋ មើលទៅដូចជាមានភាពលាក់លៀមៗ មិនឲ្យយើងដឹងធ្វើអីពិតប្រាកដទេ»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រ្ភា ចាប់តាំងពីថ្ងៃទី៥ ខែមករា រហូតដល់ថ្ងៃទី៨ ខែមករា តែលោកមិនទទួលទូរស័ព្ទ និងមានពេលខ្លះលោកបានចុចផ្ដាច់ទូរស័ព្ទ។
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ដួង ឆាយសាវុធ ក៏មិនអាចទាក់ទងបានដែរ ព្រោះទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃដដែលនេះ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យ ភាពសង្គមលោក សន ជ័យ ផ្តល់មតិថា កង្វល់ និងការស្នើសុំរបស់សហគមន៍ព្រៃឡង់ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដោះស្រាយ មិនគួរពន្យារពេលនោះទេ។ លោកយល់ថា សហគមន៍តែងតាមដានការអនុវត្តច្បាប់ និងកិច្ចគាំពារធនធានធម្មជាតិរបស់អាជ្ញាធរ ក៏ប៉ុន្តែបើការសំណូមពរ របស់ពូកគេមិនទទួលបានការ យកចិត្តទុកដាក់ដោះស្រាយមានន័យថា អាជ្ញាធរពាក់ព័ន្ធបានរួមចំណែកបំផ្លាញធនធានធម្មជាតិ៖ «សំណូមពរឬសំណើពលរដ្ឋមិនត្រូវបានយកចិត្តទុកដាក់ទេ។ មានន័យថា ក្រសួងបរិស្ថានមិនយកចិត្តទុកដាក់ ហិនហោចធនធានធម្មជាតិ និងព្រៃឈើជាដើម។ អ៊ីចឹងការព្រងើយកន្តើយវា នឹងនាំមកនូវផលប៉ះពាល់ធនធានធម្មជាតិ និងប៉ះពាល់មុខមាត់រដ្ឋាភិបាល ព្រោះការតាំងចិត្តកន្លងមករបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហើយគួរតែដល់ពេលវេលាមួយត្រូវដោះស្រាយបញ្ហានេះ » ។
សហគមន៍ការពារព្រៃឡង់ អំពាវនាវជាថ្មីទៀត ឲ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធដកអាជ្ញាប័ណ្ណក្រុមហ៊ុន ស៊ី បាយអូថេក ព្រោះក្រុមហ៊ុននេះ មិនបានជួយសេដ្ឋកិច្ចពលរដ្ឋនោះទេ ផ្ទុយទៅវិញ ផ្តល់ឱកាសឲ្យឧកញ៉ា និងអ្នកមានអំណាចកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ ប៉ះពាល់ធនធានធម្មជាតិ ជីវភាពពលរដ្ឋ និងរំលោភសិទ្ធិរស់នៅជាមូលដ្ឋានរបស់ពលរដ្ឋជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។