សាលា​ក្រុង​ភ្នំពេញ​គ្រោង​ស្ដារ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​ថ្ងៃ​២៤​សីហា

ជំនន់​ទឹក​ភ្លៀង ជា​រឿយៗ​បាន​ធ្វើ​ឲ្យ​លិចលង់​នៅ​តាម​ផ្លូវ​សំខាន់​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រដូវ​វស្សា​ម្ដងៗ។ ផល​ប៉ះពាល់​ជាច្រើន បាន​កើត​ចេញ​ពី​ការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង​ទាំង​នោះ។ សាលា​រាជធានី​ភ្នំពេញ ដែល​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​នេះ ជូន​ដំណឹង​ថា នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ការ​ជន់​លិច​នេះ។
ដោយ សុ ជីវី
2013.08.21
ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ៦១០ ២០-សីហា-២០១៣៖ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។
RFA/Sek Bandith

សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ស្ដារ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ក្នុង​ក្រុង​នេះ ដើម្បី​បញ្ចៀស​ការ​ជន់​ទឹក​ភ្លៀង​លិចលង់​វិថី​នានា។

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា បាន​អោយ​ដឹង​ថា យុទ្ធនាការ​ស្ដារ សម្អាត ជួសជុល និង​កែលំអ​អណ្ដូង​លូ ឬ​ហៅ​ជាទូទៅ​តាម​ឈ្មោះ​ជា​ភាសា​បារាំង ថា រ៉ឺហ្គែរ (reguère) ទាំងអស់ ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​សីហា ខាង​មុខ។

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ភ្លៀង​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​បាន​ធ្វើ​អោយ​លិចលង់​នៅ​តាម​ដង​វិថី​នានា ដែល​ធ្វើ​អោយ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ការ​រស់​នៅ និង​ការ​ប្រកប​អាជីវកម្ម​ផ្សេងៗ។ ស្រប​គ្នា​នេះ សាលា​រាជធានី​បាន​សង្កេត​ឃើញ​ថា អណ្ដូង​លូ​ភាគ​ច្រើន ត្រូវ​កកស្ទះ​ដោយ​កំណក​ដី សំរាម ទាំង​នៅ​តាម​មាត់ និង​ក្នុង​លូ រួម​ទាំង​ការ​ថែទាំ​សម្អាត​មិន​បាន​ដិត​ដល់​ផង។

នាយក​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ស្ថាប័ន​ពាក់ព័ន្ធ មន្ទីរ​ជំនាញ ផ្នែក​ឯកជន និង​ពលរដ្ឋ​ក្នុង​រាជធានី​ទាំងអស់ មាន​តួនាទី​ចូល​រួម​ក្នុង​ការ​ស្ដារ​អណ្ដូង​លូ នៅ​តាម​តំបន់ និង​មុខ​ផ្ទះ​រៀងៗ​ខ្លួន។ លោក ឌីម៉ង់ បន្ត​ថា យុទ្ធនាការ​នេះ​មិន​តម្រូវ​អោយ​បង់​ប្រាក់​ឡើយ ប៉ុន្តែ​ត្រូវ​ចូល​រួម​កម្លាំង។

លោក ឡុង ឌីម៉ង់៖ «ការ​ដែល​យើង​ធ្វើ​នេះ គឺ​យើង​ចៀសវាង ហើយ​ការ​រៃអង្គាស​ការ​ប្រើ​ថវិកា​អ្វី​ទាំងអស់។ ការ​ដែល​យើង​ស្នើសុំ​អោយ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់ ពីព្រោះ​ការ​ស្ដារ​លូ​នេះ មិន​មែន​គ្រាន់​តែ​អោយ​ប្រជាពលរដ្ឋ​បាន​ដឹង​ទេ ប៉ុន្តែ​ជា​ការ​បញ្ជាក់​អោយ​បាន​ច្បាស់​ថា ក្រោយ​ពី​ការ​ស្ដារ​ទៅ ពួក​គាត់​ជួយ​ថែ​អណ្ដូង​ដែល​នៅ​តាម​មុខ​ផ្ទះ​គាត់​ហ្នឹង​ផង»

លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា ក្នុង​រាជធានី​ភ្នំពេញ ទាំង​មូល មាន​អណ្ដូង​លូ​សរុប​ជាង ៣​ម៉ឺន។

ទាក់ទិន​នឹង​ការ​ស្ដារ​អណ្ដូង​លូ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ដោយ​ទឹក​ភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ នេះ អ្នក​សម្រប​សម្រួល​បណ្ដាញ​គណនេយ្យ​ភាព​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា វិធានការ​សង្គ្រោះ​បន្ទាន់​របស់​សាលា​រាជធានី​ភ្នំពេញ នឹង​ពុំ​អាច​បញ្ចៀស​ការ​ជន់​លិច​បាន​ឡើយ ដ្បិត​បញ្ហា​នៃ​ប្រព័ន្ធ​លូ​កំពុង​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ។

លោក សន ជ័យ៖ «ហើយ​ផែន​ការ​ហ្នឹង​អត់​មាន​ភាព​ច្បាស់​លាស់ ហើយ​រួម​ផ្សំ​នឹង​បញ្ហា​ដទៃ​ទៀត ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ខ្វះ​ការ​យល់​ដឹង​ពី​ការ​ចូល​រួម​ថែ​រក្សា​ប្រព័ន្ធ​លូ​នៅ​តាម​គេហដ្ឋាន​របស់​ខ្លួន។ អ្វី​ដែល​យើង​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ គឺ​បណ្ដាញ​ទឹក​សម្រាប់​បង្ហូរ​ទឹក​ចេញ​ទៅ​ស្តុក​ទឹក​ហ្នឹង បាន​លុប​អស់​ហើយ។ ដូច​ជា​បឹងកក់ បាន​លុប​ហើយ និង​បឹង​សំខាន់ៗ​ដទៃ​ទៀត ក៏​ត្រូវ​បាន​លុប​ដែរ។ អីចឹង​យើង​សង្ស័យ​ថា ការ​រៀប​ចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​នេះ គឺ​នឹង​ជួប​ប្រទះ​នឹង​ការ​លំបាក»

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ផ្ដើម​គម្រោង​រៀបចំ​ប្រព័ន្ធ​បង្ហូរ​លូ​ចាស់ និង​កសាង​ប្រព័ន្ធ​លូ​ថ្មី ដើម្បី​សម្រួល​ជំនន់​ទឹក​ភ្លៀង​ក្រោម​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ តាម​រយៈ​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA)។ តំបន់​ដែល​កំពុង​ដំណើរ​គម្រោង មាន​ខណ្ឌ​ចំការមន ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ប្រាំពីរ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។