មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​អ្នក​ចាក់​ដី​លុប​បឹង​ទន្លាប់​ក្នុង​ខេត្ត​តាកែវ

ដោយ ជីវិតា
2023.09.01
មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​អ្នក​ចាក់​ដី​លុប​បឹង​ទន្លាប់​ក្នុង​ខេត្ត​តាកែវ អភិបាលខេត្ត​តាកែវ លោក អ៊ូច ភា។
រូប៖ ហ្វេសប៊ុកលោក អ៊ូច ភា

បឹង​ទន្លាប់ ដែល​ជា​អត្តសញ្ញាណ​ភូមិ​កំណើត​របស់​អ្នកស្រុក​គិរីវង់ ខេត្ត​តាកែវ​ កំពុង​ទទួលរង​ការ​ចាក់​លុប​ឱ្យ​គោក​រាក់ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្ត​បន្ទាប់ ដោយ​បុគ្គល​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ពលរដ្ឋ​ខេត្ត​តាកែវ និង​មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ការពារ​សុវត្ថិភាព​ បឹង​ធម្មជាតិ​នានា ដែល​កំពុង​ប្រឈម​ការ​ចាក់​លុប​ស្ទើរ​តែ​គ្រប់​ខេត្ត/ក្រុង ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់។

ពលរដ្ឋ​រស់​នៅ​ជុំវិញ​បឹង​ទន្លាប់​កំពុង​ព្រួយបារម្ភ ខ្លាច​ក្រែង​បាត់បង់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​បន្ត​បន្ទាប់ ដែល​ពួកគាត់​មាន​ទម្លាប់​ប្រើប្រាស់​ទឹក​បឹង​នេះ តាំង​ពី​បុរាណ​កាល​មក។

បឹង​នេះ ឋិត​ក្នុង​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ មាន​ផ្ទៃ​ទឹក​ធំ​ល្វឹងល្វើយ​ ដែល​អ្នកភូមិ​ជាច្រើន​គ្រួសារ តែងតែ​នេសាទ​ត្រី ទាញ​ទឹក​ធ្វើ​កសិកម្ម និង​ប្រើ​ប្រាស់​ទឹក​ប្រចាំ​ថ្ងៃ​ជាដើម។

ពលរដ្ឋ​រស់​នៅ​ខេត្ត​តាកែវ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ប្រាប់​វិទ្យុអាស៊ីសេរី​ថា ការ​ចាក់​​ដី​បឹង​នេះ​ឱ្យ​គោករាក់ ទំនង​ជា​សង់​ផ្ទះ​វីឡា ដើម្បី​រស់​នៅ​អចិន្ត្រៃយ៍​ជាប់​ផ្ទៃ​បឹង​នោះ ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន ដែល​អ្នក​ស្រុក​រាប់រយ​គ្រួសារ​ប្រើប្រាស់​ទឹក​បឹង​ប្រចាំថ្ងៃ។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដល់​ជន​ប្រព្រឹត្ត និង​កាយ​ដី​ដែល​ចាក់​លុប​បឹង​នេះ​ចេញ​ ដើម្បី​ថែទាំ​ភោគ​ទ្រព្យ​ជាតិ និង​សម្រស់​ធម្មជាតិ៖

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «លុប​បឹង​ទៅ​តើ​ត្រី​ទាំង​អស់ ដែល​ពលរដ្ឋ​រក​បាន​ពី​មុន​មក ទៅ​រាយ​មង​ ទៅ​បង់​សំណាញ់​បាន ដល់​ពេល​លុប​ទៅ​លែង​មាន។ ខ្ញុំ​ជា​ពលរដ្ឋ​សង្ឃឹម​ថា អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ឡើង​វិញ ពាក់ព័ន្ធ​ការ​ចាក់​ដី អ្នក​មាន​លុយ​មាន​អំណាច បាន​គាត់​លុប​បាន»

អ្នកភូមិ​បន្ថែម​ថា សកម្មភាព​ចាក់​ដី​លុប​បឹង​ធម្មជាតិ​នេះ ធ្វើឡើង​ជា​បន្ត​បន្ទាប់​នៅ​រយៈ​ពេល ៣ ខែ​ចុង​ក្រោយ​នេះ ដោយ​ជនល្មើស​បាន​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ ចាក់​ដី​លយ​ចូល​ផ្ទៃ​ទឹក​ចន្លោះ​ពី​៤០​ម៉ែត្រ​ដល់ ជិត ១០០ម៉ែត្រ និង​បណ្ដោយ​ជាង ១០០​ម៉ែត្រ បង្ក​ប៉ះពាល់​អាង​ស្តុក​ទឹក​យ៉ាង​សំខាន់ ដែល​ពលរដ្ឋ​ប្រើប្រាស់​សម្រាប់​ធ្វើ​កសិកម្ម។

បឹង​នេះ​មាន​ទំហំ​រាប់​រយ​ហិកតារ មាន​ផ្ទៃ​ទឹក​ទូលាយ នៅ​ជិត​នឹង​ព្រំដែន​កម្ពុជា-វៀតណាម ដោយ​មាន​បណ្ដាញ​ទឹក​ខ្វាត់ខ្វែង ភ្ជាប់​នឹង​បឹង​ដទៃ​ទៀត។

អ្នកស្រុក​គិរីវង់​បាន​ចាត់​ទុក​បឹង​នេះ ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ ដែល​ពលរដ្ឋ​ក្រីក្រ​ប្រើប្រាស់​ចិញ្ចឹម​ជីវិត ហើយ​ពួកគាត់​អំពាវនាវ​អាជ្ញាធរ​អភិរក្ស​បឹង​នេះ​ឱ្យ​គង់វង្ស។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ស្រុក​គិរីវង់ លោក ងួន ឌីណា បាន​ឡើយ​ទេ នៅ​ថ្ងៃទី​៣១ សីហា។ ចំណែក​អភិបាល​ខេត្ត​តាកែវ លោក អ៊ួច ភា ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ការ​ចាក់​ដី​លុប​បឹង នឹង​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​បឹង​ធម្មជាតិ និង​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់ព័ន្ធ​ និង​កាយ​ដី​ចេញ​ពី​បឹង​វិញ​ឱ្យ​ដូច​ដើម។

លោក ប៉ែន ប៊ុណ្ណារ៍៖ «ដោយសារ​អាជ្ញាយុកាល​ទ្រព្យ​របស់​រដ្ឋ​គ្មាន​កំណត់​ទេ​ បើសិន​ជា​គ្មាន​អនុក្រឹត្យ​អនុបយោគ ហើយ​ទី​០២ ធ្វើ​ខូច​ទ្រង់ទ្រាយ​ដី​រដ្ឋ រដ្ឋាភិបាល​ថ្មី​ នឹង​ត្រូវ​ចាត់​វិធានការ​តាម​ច្បាប់ ព្រោះ​បើ​លោក មិន​ចាត់​វិធានការ​តាមច្បាប់​ទេ នឹង​លោក​នឹង​យក​បុគ្គល​ធំ​ជាង​ច្បាប់។ ផ្ទុយ​ពី​សច្ចប្បណិធាន​របស់​លោក មុន​ចូល​កាន់​តំណែង»

សកម្មភាព​ចាក់​ដី​លុប​បឹងបួ និង​ព្រែក ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល ដោយ​បុគ្គល​មាន​លុយ​មាន​អំណាច កំពុង​កើត​មាន​ស្ទើរតែ​គ្រប់​ខេត្ត-ក្រុង ដោយ​គ្មាន​អាជ្ញាធរ​ណា ​អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ។

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម​ថា អំពើ​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជនល្មើស​រួច​ទោស ក្នុង​ករណី​នេះ ស្ទើរ​ក្លាយ​ជា​ទម្លាប់​ដដែលៗ ដោយ​គ្មាន​យន្តការ​កែ​ប្រែ​នៅ​ឡើយ​ទេ។

លោក​អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ដើម្បី​សុវត្ថិភាព​បរិស្ថាន និង​ប្រយោជន៍​រួម​របស់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។