មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​កសាង​សំណង់​រឹង​រំលោភ​យក​ឆ្នេរ​សមុទ្រ​ខេត្ត​កែប

ដោយ ហ៊ុំ ចំរើន
2024.03.12
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​កសាង​សំណង់​រឹង​រំលោភ​យក​ឆ្នេរ​សមុទ្រ​ខេត្ត​កែប ទិដ្ឋភាព​សំណង់​រឹង​ដែល​សង់​រំលោភ​យក​ឆ្នេរសមុទ្រ ក្នុង​ក្រុងកែប ខេត្ត​កែប កាល​ពី​ថ្ងៃ​១០ ខែ​មីនា ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​កែប​ចាត់វិធានការ​ច្បាប់​លើ​អ្នក​សាងសង់​សំណង់​រឹង រំលោភ​យក​ឆ្នេរសមុទ្រ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល​ខុស​ច្បាប់ ប៉ះពាល់​សម្រស់​បរិស្ថាន​ឆ្នេរ​សមុទ្រ។

សកម្មភាព​សង់​សំណង់​រឹង រំលោភ​យក​ឆ្នេរសមុទ្រ ក្នុង​ខេត្ត​កែប​ដោយ​មិន​រក្សាទុក​ទីធ្លា​ឆ្នេរ​សមុទ្រ​ឱ្យ​នៅ​ទំនេរ​បម្រើ​ប្រយោជន៍​សាធារណៈ នៅតែ​កើតមាន​ច្រើន ក្នុង​ក្រុង​កែប ខេត្ត​កែប។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​បាន​ទម្លាក់កំហុស​លើ​អាជ្ញាធរ​ខេត្ត​កែប​ថា បណ្តែតបណ្តោយ​ឱ្យ​មាន​ការ​សង់​សំណង់​រឹង​បំពាន​ឆេរ​សមុទ្រ​ខុសច្បាប់ ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​កែប ដែល​អាជ្ញាធរ​ខេត្ត​នេះ​ប្ដេជ្ញា​ថា នឹង​អភិវឌ្ឍន៍​តំបន់​នោះ រក្សាទុក​ទីធ្លា​សាធារណៈ​បម្រើ​វិស័យ​ទេសចរ និង​បង្កើន​ប្រាក់​ចំណូល​ពលរដ្ឋ។

ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​កែប​ត្រូវ​ដោះស្រាយ​រឿង​នេះ​ជាបន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ នឹង​កើត​មាន​អំពើ​និទ្ទណ្ឌភាព​ជាថ្មី​ទៀត ដោយសារ​ការអនុវត្ត​ច្បាប់​ធូរ​រលុង និង​ខ្វះ​តម្លាភាព។

លោក​ចាត់​ទុក ការ​រំលោភបំពាន​ទ្រព្យសម្បត្តិ​សាធារណៈ​បំផ្លាញ​ផលប្រយោជន៍​សង្គម ប៉ះពាល់​ដល់​សណ្ឋាន​ផ្ទៃ​ទឹក ប្រព័ន្ធ​អេកូឡូស៊ី និង​គុណភាព​ទឹក​សមុទ្រ។

លោក ហេង គឹមហុង៖ «ច្បាប់​នៅ​កម្ពុជា​ធ្វើ​ឱ្យ​មាន​និទ្ទណ្ឌភាព និង​មិន​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ។ ខ្ញុំ​ទទូច​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ កុំ​បណ្តែតបណ្តោយ ដើម្បី​ធានា​ថា គ្មាន​ការ​រំលោភ​ទ្រព្យ​សម្បត្តិ គ្មាន​ការ​កេងប្រវ័ញ្ច​ផល​ប្រយោជន៍​សាធារណៈ ក្នុង​ប្រទេស​កម្ពុជា»។ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក្រោយ​ពី​កើត​មាន​សកម្មភាព​សង់​របង​ថ្ម សណ្ឋាគារ និង​សំណង់​អាគារ រំលោភ​យក​ឆ្នេរកែប​មាន​ប្រវែង​បណ្តោយ​ចន្លោះ ពី ១៥០​ម៉ែត្រ ទៅ ២០០​ម៉ែត្រ តាម​មាត់សមុទ្រ ក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ដែល​ឋិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរកែប សាធារណៈ​កម្រិត​ខ្ពស់ របស់​រដ្ឋាភិបាល។

អ្នកទេសចរ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ដល់ទី​តាំង​ធ្វើ​របង​ថ្ម រំលោភ​យក​ឆ្នេរសមុទ្រ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គម្រោង​សាងសង់​នេះ​ធ្វើ​ឡើងជា​បន្តបន្ទាប់​ជាង ៦​ខែ​កន្លង​ទៅ។

លោក​ថា ឆ្នេរសមុទ្រ​អាជ្ញាធរ​គួរតែ​រក្សាទុក​ដី​សាធារណៈ​ឱ្យ​នៅ​ទំនេរ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត គយគន់​ទេសភាព មិន​គួរ​សង់​សំណង់​រឹង​រាំង​ខ្ទប់​ផ្លូវ​ដើរ តាម​មាត់​ឆ្នេរ​ដូច្នេះ​ទេ។

អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បដិសេធ​​បំភ្លឺ​រឿង​នេះ ដោយ​លោក​ថា វិទ្យុ​អាស៊ីសេរី​គ្មាន​ទីស្នាក់ការ​នៅ​កម្ពុជា។

លោក សោម ពិសិដ្ឋ៖ «ខ្ញុំ​ថា អាច​នឹង​មក​ផ្ទាល់​វិញ ខ្ញុំ​ដូច​អត់​ទាន់​មានអី​អធិប្បាយ​ទេ»

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ការ​សង់​សំណង​ឯកជន រំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​ជា​គំរូ​អាក្រក់ ឆ្លុះបញ្ចាំង​ពី​ភាព​កម្សោយ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត​កែប ជាពិសេស​ខ្វះ​ការ​យកចិត្ត​ទុកដាក់ ថែទាំ​ភោគទ្រព្យ​ជាតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​អនុក្រឹត្យ។

លោក ប៉ែន ប៊ុណ្ណារ៍៖ «បើសិនជា​យើង យក​ឧកញ៉ា​អ្នកធំ ធ្វើ​ជា​គំរូ​ក្នុង​ការ​ទប់ស្កាត់ អ៊ីចឹង​សង្គម​អត់​សូវ​មាន​ការ​ឈឺចាប់​ទេ​។ តែបើ​យើង​ទុក​រហូត​ធ្ងន់ធ្ងរ សង្គម​នឹង​ជួប​នូវ​ការ​ឈឺចាប់»

រដ្ឋធម្មនុញ្ញ​មាត្រា​៥៨ ចែងថា សមុទ្រ ឆ្នេរ​សមុទ្រ បាតសមុទ្រ និង​ក្រោម​បាតសមុទ្រ​គឺជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។ រីឯ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​បានចែង​ឲ្យ​ដាក់ទោស​ទណ្ឌ ចំពោះ​អ្នក​លួច​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​រំលោភ​យក​ឆ្នេរសមុទ្រ ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ទោសពិន័យ​ជា​ប្រាក់​ដប់​ប្រាំ​លាន (១៥​លាន​) រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។