សង្គម​ស៊ីវិល​រៀបចំ​ទិវា​ព្រៃឈើ​អន្តរជាតិ​ជំរុញ​ឱ្យ លោក ហ៊ុន ម៉ាណែត ទប់ស្កាត់​បទល្មើស​ព្រៃឈើ

ដោយ ទីន ហ្សាការីយ៉ា
2024.03.14
សង្គម​ស៊ីវិល​រៀបចំ​ទិវា​ព្រៃឈើ​អន្តរជាតិ​ជំរុញ​ឱ្យ លោក ហ៊ុន ម៉ាណែត ទប់ស្កាត់​បទល្មើស​ព្រៃឈើ ទិដ្ឋភាពយុវជនចូលរួមប្រារព្ធទិវាព្រៃឈើអន្តរជាតិ នៅប្រទេសកម្ពុជា នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកបណ្ដាញយវុជនកម្ពុជា​ CYN

ក្រុម​អង្គការ​សង្គមស៊ីវិល រៀបចំ​ទិវា​ព្រៃឈើ​អន្តរជាតិ​ឆ្នាំ​២០២៤ ក្រោម​មូលបទ «​និរន្តរភាព​ព្រៃឈើ​ដើម្បី​មនុស្សជាតិ​»​។ ពួកគេ​ស្នើ​ឱ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទប់ស្កាត់​បទល្មើស​អារ​ឈើ ប្រកប​ដោយ​ប្រសិទ្ធភាព។

ការ​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ នៅ​ឆ្នាំ​នេះ មាន​រយៈពេល ១០​ថ្ងៃ ចាប់ពី​ថ្ងៃទី១២ ដល់​ថ្ងៃ​ទី២១ ខែ​មីនា។ ចំណែក​ការ​ប្រារព្ធ​នេះ ដោយមាន​សកម្មភាព ការ​ជួបជុំ​ពលរដ្ឋ​នៅ​តាម​សហគមន៍ និង​ការ​ជួបប្រជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន ការ​តាំង​ពិព័រណ៍​រូបភាព​ព្រៃឈើ មកពី​តំបន់​ការពារ​ផ្សេងៗ​នៅ​កម្ពុជា។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត លោក កើត សារាយ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ខែ​មីនា ថា ការរៀបចំ​ទិវា​ព្រៃឈើ​អន្តរជាតិ នេះ​ធ្វើឡើង​លក្ខណៈ​វិល​ជុំ គឺ​ចាប់ពី​ថ្ងៃទី​១២ ខែ​មីនា មាន​ការ​បង្រៀន​សហគមន៍​តាម​មូលដ្ឋាន ពី​កិច្ចការពារ​ធនធាន​ធម្មជាតិ ហើយ​រហូត​ដល់​ថ្ងៃទី២១ ខែ​មីនា ជួបជុំ​ទ្រង់ទ្រាយ​ធំ​នៅ ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដែល​មាន​អ្នកចូលរួម​ជាង​៥០០​នាក់ ។

ប្រធាន​សមាគម​រូប​នេះ បន្ថែម​ថា ទិវា​ព្រៃឈើ​ឆ្នាំនេះ ធ្វើ​ឡើង​ដោយ​មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦​ស្ថាប័ន រួមមាន សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត និង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ជាដើម។ គោលបំណង​ដើម្បី​អបអរសាទរ​ទិវា​ព្រៃឈើ​អន្តរជាតិ​ឆ្នាំ​២០២៤ និង​ធ្វើ​បច្ចុប្បន្នភាព បង្ហាញ​ពី វិនាសកម្ម​ព្រៃឈើ បញ្ហា​ប្រឈម ក្នុង​កិច្ចការពារ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​បទល្មើស​អារឈើ​នៅ​តំបន់​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក កើត សារាយ៖ «យើង​ឃើញ​ហើយ វិនាស​សកម្ម​ព្រៃឈើ​ពីមួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ មិន​ឈប់ឈរ យើង​ឃើញ​ថា មាន​ការ​កាប់​បំផ្លាញ​ជា​រៀងរាល់ថ្ងៃ នេះ​ជា​ក្ដី​បារម្ភ​មែនទែន​។ ដូច្នេះ សង្ឃឹមថា ការ​ធ្វើ​ទិវា​ព្រៃឈើ​អន្តរជាតិ​នេះ គឺជា​ផ្នែក​មួយ​ក្នុង​ការ​អំពាវនាវ ជាពិសេស ស្ថាប័ន​អាជ្ញាធរ​រដ្ឋ សូម​យកចិត្តទុកដាក់​ឱ្យ​ខ្លាំង ហើយ​អនុវត្ត​ច្បាប់ ឱ្យ​តឹងរ៉ឹង​ចំពោះ ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​របស់​យើង»

ការ​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ​នេះ ស្រប​ពេល​ដែល​គម្រប​ព្រៃឈើ​នៅ​កម្ពុជា បាន​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស ក្រោម​ការ​ដឹកនាំ​ដោយ​អតីត​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ត​ដល់​កូន គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​រយៈពេល ជិត​៤​ទសវត្សរ៍ មកនេះ​។ មូលហេតុ​ដ៏​សំខាន់​ដែល​បណ្ដាល​ឱ្យ​មាន​វិនាសកម្ម​ព្រៃឈើ គឺ​បណ្ដាល​មកពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ។

របាយការណ៍​របស់​សកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) រួម​ជាមួយ​បណ្ដាញ​សហគមន៍​ព្រៃឡង់ (PLCN) ចេញ​កាលពី​ខែមករា ឆ្នាំ​២០២២ រក​ឃើញ​ថា កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​ជិត ២​លាន ៥​សែន ហិកតារ ក្នុង​ចន្លោះ​ឆ្នាំ​២០០១ និង​ឆ្នាំ​២០២០ ឬ​ស្មើនឹង​ប្រមាណ ២៨% នៃ​គម្រប​ព្រៃឈើ​សរុប​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ សង្កេតឃើញ​ថា ការ​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ​ជា​រៀងរាល់​ឆ្នាំ ហាក់​គ្មាន ការ​អើពើ​ពី​សំណាក់​អាជ្ញាធរ ពាក់ព័ន្ធ ដើម្បី​ចាត់​វិធាន​ទប់ស្កាត់​បទល្មើស​អារឈើ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ​។ ជាក់ស្ដែង​លោក​ថា ស្ទើរតែ​រាល់ថ្ងៃ ក្រុម​ជនល្មើស កំពុង​មមាញឹក​អារ​ផ្ដួល​ដើមឈើ​តូច​ធំ រួច​ដុត​កម្ទេច​ចោល ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ក្នុង​តំបន់​ព្រៃឡង់​ជាច្រើន​ហិកតារ ជាពិសេស នៅ​ចំណុច​ភូមិ​ស្ពង់​ជាប់​ព្រំប្រទល់​ភូមិ​ផ្អាវ ក្នុង​ឃុំ​អន្លង់​ភេ ស្រុក​ថាឡាបរិវ៉ាត់ តាម​តែ​អំពើ​ចិត្ត។

លោក អ៊ុក ម៉ៅ៖ «ខ្ញុំ​សោកស្ដាយ​ណាស់​មន្ត្រី​បរិស្ថាន​សព្វថ្ងៃ​នេះ គាត់​ស៊ីប្រាក់ខែ​រាស្ត្រ ការពារ​ព្រៃឈើ​យូរៗ ឈើ​កាន់តែ​អស់ ខ្ញុំ​លែង​ជឿ​ហើយ​។ បង្កើត​មន្ត្រី​បរិស្ថាន​ច្រើន ព្រៃឈើ​កាន់តែ​អស់​ទៅ មានតែ​ប្រជា​សហគមន៍​ខ្ញុំ​ទេ​ដែល​អាច​ទប់ស្កាត់​បាន​។ អ្នក​ការពារ​ព្រៃឈើ​បាន ឡើង​តុលាការ គេ​គំរាមកំហែង​ដូច​រូប​ខ្ញុំ គ្រាន់តែ​ការពារ​ព្រៃ និយាយ​រឿង​ព្រៃ​មិនបាន ធ្វើ​ទុក្ខបុកម្នេញ​រហូត»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន និង​ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ បាន​ទេ​នៅ​ថ្ងៃទី១៣ ខែមីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន អ្នកទទួល។

បទល្មើស​អារឈើ​នៅ​កម្ពុជា ពុំ​មាន​ការ​ថយចុះ​ឡើយ ស្រប​ពេល​ដែល​រដ្ឋាភិបាល អសមត្ថភាព ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ទ្រង់ទ្រាយ​ធំ ដែល​កើត​ចេញពី​សំណាក់​អ្នកមាន​លុយ​មានអំណាច​។ ជាក់ស្ដែង នៅ​ដើមឆ្នាំ​២០២៤​នេះ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា គម្រោង​រ៉េដបូក (Redd+) ចំនួន ២​ខេត្ត គឺ​ខេត្តកំពង់ធំ និង​ខេត្តស្ទឹងត្រែង កំពុង​បរាជ័យ​ក្នុង​ការ​ការពារ​ព្រៃឈើ ដោយមាន​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ ចំណែក នៅ​តំបន់​ខ្លះ មាន​សកម្មភាព ការ​ធ្វើ​អាជីវកម្ម​រ៉ែ យ៉ាង​អនាធិបតេយ្យ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ព្រៃ​អភិរក្ស និង​ជីវភាព​ពលរដ្ឋ។

ទាក់ទិន​រឿង​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ផ្ដល់​អនុសាសន៍​ថា ដើម្បី​ធានា​ដល់​បរិស្ថាន និង​សុចរិត​ភាព​សង្គម​រដ្ឋាភិបាល គួរតែ​មាន​តម្លាភាព និង​គណនេយ្យភាព ហើយ​ប្រកាន់ខ្ជាប់​នូវ​ការ​ការពារ​សង្គម និង​បរិស្ថាន​ឲ្យ​បាន​តឹងរ៉ឹង​។ លើស​ពី​នេះ បញ្ឈប់​ការ​រឹតត្បិត ដល់​មន្ត្រី​សង្គម​ស៊ីវិល យុវជន និង​សហគមន៍​មូលដ្ឋាន ដែល​រស់នៅ​តំបន់​នោះ តាមរយៈ​បើក​ឱ្យ​ពួកគាត់​ចូល​ល្បាត​ព្រៃ​ដោយ​សេរី ពេល​នោះ​ព្រៃឈើ​នឹង​កាត់​បន្ថយ​ការ​ចូល​កាប់​ទន្ទ្រាន​ពី​សំណាក់​ជនល្មើស​តាម​អំពើ​ចិត្ត​ដូច​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។