សង្គម​ស៊ីវិល៖ វៀតណាម​រស់នៅ​លើ​ទឹក​នៅ​ស្ទឹងត្រែង​ប៉ះពាល់​ដល់​បរិស្ថាន​និង​សុខភាព

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សុខភាព​ពលរដ្ឋ ដោយសារ​ជនជាតិ​វៀតណាម តាំង​ទីលំនៅ​តាម​មាត់​ទន្លេ​ក្នុង​ខេត្ត​ស្ទឹងត្រែង ជិត ២០​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​មាន​គោលការណ៍​ជម្លៀស​ពលរដ្ឋ​វៀតណាម ទាំង​នោះ ចេញ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​លើក​ឡើង​ថា ការ​រស់នៅ​តាម​ដង​ទន្លេ​របស់​ជនជាតិ​វៀតណាម ជា​ប្រភព​ចម្បង​នៃ​ការ​ប៉ះពាល់​បរិស្ថាន សុខភាព និង​សោភ័ណភាព​ឆ្នេរ​ទន្លេ​មេគង្គ ជាដើម។

ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ សាទរ​ចំពោះ​យន្តការ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង គ្រោង​ជម្លៀស​ជនជាតិ​វៀតណាម ចេញ​ពី​មាត់​ទន្លេ​ក្នុង​ឃុំ​ព្រះបាទ ក្រុង​ស្ទឹងត្រែង។ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​ទទួល​សេចក្តី​ជូន​ដំណឹង​ជាក់លាក់​ពី​គោលការណ៍​អាជ្ញាធរ​នោះ​ទេ ទាក់ទិន​ការ​ជម្លៀស​ពលរដ្ឋ​វៀតណាម ទាំង​នោះ។

អ្នក​ភូមិ​ចាត់​ទុក​ថា ការ​រស់នៅ​របស់​ជនជាតិ​វៀតណាម បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​គុណភាព​ទឹក ជា​ហេតុ​បណ្ដាល​ឲ្យ​ទឹក​កង្វក់។ ដើម​ហេតុ​ចម្បង​បណ្ដាល​ឲ្យ​ទឹក​កង្វក់ ក៏​បណ្ដាល​មក​ពី​ជនជាតិ​វៀតណាម ទាំង​នោះ ចោល​សំរាម​ក្នុង​ទន្លេ បន្ទោបង់​ចូល​ទន្លេ ការ​ចិញ្ចឹម​សត្វ ការ​ប្រកប​របរ​អាជីវកម្ម​ឈើ​ប្រណិត ជាដើម។

បុរស​ជនជាតិ​វៀតណាម អត់​ពាក់​អាវ កំពុង​ប្រមូល​អេតចាយ​ក្បែរ​ផ្ទះ​នៅ​មាត់​ទន្លេ​ពោរពេញ​ដោយ​គំនរ​សំរាម​នា​ភូមិ​បាចុង ឃុំ​ព្រះបាទ ក្រុង​ស្ទឹងត្រែង ថ្លែង​ហាក់​ដូច​មិន​ភិតភ័យ​ចំពោះ​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ឡើយ។ លោក លេ វ៉ាងនុយ និយាយ​ថា លោក​បាន​មក​រស់នៅ​ស្រុក​ខ្មែរ​ជាង ២០​ឆ្នាំ​ហើយ ថែម​ទាំង​មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ថែម​ទៀត។ បន្ថែម​ពី​នេះ ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​លោក​សព្វថ្ងៃ គឺ​ប្រមូល​សំរាម​ឲ្យ​អង្គការ​ប្រមូល​សំរាម​ខេត្ត​ស្ទឹងត្រែង និង​ឆ្លៀត​ពេល​រក​ស៊ី​បន្ទាប់បន្សំ​ខាង​ក្រៅ​ថែម​ទៀត។ លោក​បន្ត​ថា ផ្ទះ​របស់​លោក​រស់នៅ​សព្វថ្ងៃ គឺ​ជួល​ផ្ទះ​គេ​ក្នុង ១​ខែ​តម្លៃ ៥​ម៉ឺន​រៀល។ លោក​បន្ថែម​ថា ផ្ទះ​របស់​លោក​ពុំ​មាន​បង្គន់​អនាម័យ​សម្រាប់​បន្ទោបង់​នោះ​ទេ។ លោក​ថា គាត់​រស់នៅ​ទីនេះ​ជា​បណ្ដោះអាសន្ន បើ​សិន​អាជ្ញាធរ​ខេត្ត​បណ្ដេញ​ពួក​គេ​ចេញ ពួក​គេ​មិន​ជំទាស់​ទេ៖ «បើ​ផ្ទះ​មាន​បង្គន់ ខ្ញុំ​ធ្វើ​បង្គន់​អាចម៍​នៅ​ក្រោម​ក៏​បាន នៅ​មាត់​ទន្លេ​អត់​ទេ? អត់​មាន​ទេ? ផ្ទះ​គេ គេ​អត់​ធ្វើ​ផង យើង​ធ្វើ​ម៉េច​បាន»

ជនជាតិ​វៀតណាម ម្នាក់​ទៀត​មាន​វ័យ ៧០​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​បាចុង ឃុំ​ព្រះបាទ ក្រុង​ស្ទឹងត្រែង បាន​បង្ហាញ​សៀវភៅ​ស្នាក់នៅ​ដល់​អ្នក​កាសែត លោក ឡេវ យ៉ាំងឡំង លើក​ឡើង​ថា លោក​រស់នៅ​ទីនេះ ១៨​ឆ្នាំ​មក​ហើយ​ដោយ​ប្រកប​របរ​នេសាទ​ក្នុង​ទន្លេ​មេគង្គ។ លោក​បន្ត​ថា លោក​នៅ​មិន​ទាន់​ទទួល​ដំណឹង​ពី​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​នោះ​ទេ គ្រាន់​តែ​ដឹង​ថា អាជ្ញាធរ​នឹង​ផ្តល់​ទីតាំង​ថ្មី​ឲ្យ​គេ​រស់នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត។ ទោះ​យ៉ាង​ណា ពួក​គេ​ត្អូញត្អែរ​ថា គេ​ប្រហែល​មិន​អាច​រស់នៅ​តំបន់​ដាច់​ស្រយាល​បាន​ទេ ពីព្រោះ​ការ​រស់នៅ​របស់​ពួក​គាត់​តាម​មាត់​ទន្លេ គឺ​ជា​ទម្លាប់​ទៅ​ហើយ និង​ងាយ​ស្រួល​រក​ស៊ី៖ «រក​ត្រី តែ​ឥឡូវ​ឈប់​រក​ហើយ ចាស់​ហើយ តែ​កូន​វា​មិន​ឲ្យ​រក​ទៀត​នៅ​ផ្ទះ​អត់​មាន​ធ្វើ​អី​ទេ នៅ​តែ​ផ្ទះ​ទេ គ្រាន់​តែ​ឮ​គេ​និយាយ ប៉ុន្តែ​ខាង​រដ្ឋ​គេ​អត់​និយាយ​ទេ និយាយ​ថា​គេ​ដេញ​នេះ​គេ​ឲ្យ​ទៅ​នៅ​គេ​ចៃដន្យ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​រិះគន់​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​មន្ត្រី​ជំនាញ ដោយ​បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម រស់នៅ​យ៉ាង​អនាធិបតេយ្យ។

អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន រី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មិថុនា ថា អាជ្ញាធរ​បាន​រៀបចំ​ទីតាំង​ជម្លៀស​ជនជាតិ​វៀតណាម ទាំង​នោះ​ទៅ​នៅ​ទីតាំង​ថ្មី​នៅ​គីឡូម៉ែត្រ​លេខ​១៤ ផ្លូវ​ជាតិ​លេខ​៧ ទៅ​ប្រទេស​ឡាវ។ លោក​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​សម្អាត​ទីតាំង​ថ្មី​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា ការ​រស់នៅ​តាម​ដង​ទន្លេ​របស់​ជនជាតិ​វៀតណាម ទាំង​នោះ មាន​ហានិភ័យ ដូចជា​ការ​បាក់​ច្រាំង​ទន្លេ ខ្យល់​ព្យុះ និង​ទឹក​ជំនន់ ជាដើម៖ «បើ​សិន​ថា​គាត់​ចង់​ទៅ​នៅ​ក្នុង​ដី​សម្បទាន យើង​ឲ្យ​ទៅ​នៅ​ក្នុង​ដី​សម្បទាន។ គាត់​មិន​ចង់​ទៅ​ទេ រក​ទិញ​ដី​កន្លែង​ណា​ជា​សិទ្ធិ​របស់​គាត់ តែ​យើង​មាន​គម្រោង​ផែនការ​ដី​សម្រាប់​ពួក​គាត់ យើង​វាស់​សម្រាប់​ពួក​គាត់​អស់​ហើយ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល សាទរ​ចំពោះ​យន្តការ​របស់​អាជ្ញាធរ​ខេត្ត​ទាក់ទិន​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ជនជាតិ​វៀតណាម។ ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ជន​បរទេស ដែល​មក​រស់នៅ​ស្រុក​ខ្មែរ។ បន្ថែម​ពី​លើ​នេះ មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ជនជាតិ​វៀតណាម មក​រស់នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ភាគ​ច្រើន​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ហើយ​ជនជាតិ​វៀតណាម ទាំង​នោះ​ច្រើន​តែ​រក​ស៊ី​ខុស​ច្បាប់ ដូចជា​ការ​ជួញ​ដូរ​ឈើ​ប្រណិត ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​នេសាទ និង​ការ​ប្រកប​របរ​អាជីវកម្ម​ឈើ​ប្រណិត ជាដើម។

ផ្ទះ​ជនជាតិ​វៀតណាម នៅ​ច្រាំង​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​មេគង្គ​ថ្មី ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៥
ផ្ទះ​ជនជាតិ​វៀតណាម នៅ​ច្រាំង​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​មេគង្គ​ថ្មី ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៥ (RFA/Men Sothyr)

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព ប្រសិន​បើ​រក​ឃើញ​ថា ជនជាតិ​វៀតណាម ទាំង​នោះ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ហើយ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​បញ្ជូន​ជនជាតិ​វៀតណាម ទាំង​នោះ ទៅ​ប្រទេស​វៀតណាម វិញ ទោះ​បី​ដឹង​ថា គេ​រស់នៅ​ស្រុក​ខ្មែរ​យូរ​ប៉ុណ្ណា​ក៏ដោយ៖ «យើង​មិន​រើសអើង​ទៅ​លើ​ជាតិ​សាសន៍ តែ​បើ​គាត់​ពួក​គាត់​មក​នៅ​ស្រប​ច្បាប់ ក៏​យើង​ទទួល​ដែរ ប៉ុន្តែ​បើ​អ្នក​ណា​ដែល​នៅ​មិន​ស្រប​ច្បាប់ ពាក់ព័ន្ធ​ទៅ​នឹង​ការិយាល័យ​អន្តោប្រវេសន៍ យើង​ត្រូវ​ចាប់​បញ្ជូន​ទៅ​វិញ»

ទាក់ទិន​ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង កំពុង​បរិភោគ​ទឹក​ដែល​ចម្រោះ​ចេញ​ពី​ទន្លេ​ជា​បញ្ហា​ជះ​ឥទ្ធិពល​ដល់​សុខភាព​ពលរដ្ឋ ស្រប​ពេល​ដែល​ការ​រស់នៅ​របស់​ជនជាតិ​វៀតណាម បាន​ចោល​កាក​សំណល់​រាវ និង​រឹង ថែម​ទាំង​បន្ទោបង់​នៅ​ទន្លេ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ទន្លេ​បី លោក មៀច មាន បារម្ភ​ថា ការ​រស់នៅ​របស់​ជនជាតិ​វៀតណាម នៅ​លើ​ទឹក​តាម​មាត់​ទន្លេ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណភាព​ទឹក បរិស្ថាន​ធម្មជាតិ និង​សុខភាព​ពលរដ្ឋ៖ «ប៉ះពាល់​ទៅ​ដល់​ផ្នែក​បរិស្ថាន​ធម្មជាតិ គឺ​គាត់​អត់​មាន​បង្គន់​អនាម័យ ជុះ​នោម​ទឹក​នៅ​ហ្នឹង​ទាំងអស់ វា​ពិបាក​មែន​ទែន​នៅ​ក្នុង​លក្ខណៈ​បែប​ហ្នឹង»

មន្ត្រី​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក លោក ឡាត់ គី មាន​ប្រសាសន៍​ថា វិធានការ​ក្នុង​ការ​បម្លាស់ទី​លំនៅឋាន​ដោយ​អាជ្ញាធរ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ខេត្ត ដោយ​ឈរ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស មិន​ត្រូវ​រើសអើង​ជាតិ​សាសន៍​នោះ​ទេ៖ «ទាក់ទិន​ជាមួយ​នឹង​យន្តការ​នៃ​ការ​អនុវត្ត​ហ្នឹង បើ​គោលដៅ​នៅ​ក្នុង​ការ​កែលំអ​ទៅ​លើ​ប្រព័ន្ធ​បរិស្ថាន ឬ​ប្រព័ន្ធ​ទឹក​ស្អាត​តាម​ដង​ទន្លេ​អី ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដែល​គិតគូរ​ពិចារណា​ដែរ»

ច្បាប់​អន្តោប្រវេសន៍​មាត្រា​៨ ចែង​ថា ជន​បរទេស​មិន​មែន​អន្តោប្រវេសន៍​អាច​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន ត្រូវ​មាន​ការ​អនុញ្ញាត​ចូល​ជា​មុន​ពី​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ទូត ឬ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​តាម​រយៈ​អាជ្ញាធរ​បទេស​ណា​មួយ ដែល​តំណាង​ឲ្យ​ផល​ប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្រៅ​ប្រទេស។

ចំពោះ​ទិន្នន័យ​ជន​អន្តោប្រវេសន៍​វៀតណាម គណបក្ស​ប្រឆាំង​អះអាង​ថា មាន​ចំនួន​ប្រមាណ ៥​សែន​នាក់ ចំណែក​រដ្ឋាភិបាល​វិញ​អះអាង​ដោយ​យោង​តាម​ជំរឿន​ឆ្នាំ​២០០២ ថា មាន​ចំនួន​តែ​ជាង ១​សែន​នាក់​ប៉ុណ្ណោះ។

អភិបាល​ក្រុង​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម រស់នៅ​តាម​ច្រាំង​ទន្លេ​បច្ចុប្បន្ន​ក្នុង​ឃុំ​ព្រះបាទ ក្រុង​ស្ទឹងត្រែង សព្វថ្ងៃ មាន​ចំនួន​ជាង ៣០០​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។